ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ពិត​ទេ? កំលោះក្រមុំធ្វើ​កឋិន ឬ​ទូល​ត្រៃ​កឋិន​អត់​បានឡើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រដូវ​កឋិន​មក​ដល់​ហើយ សូម​យល់​ដឹង ខ្លះ​ៗ​ពី​បុណ្យ​ព្រះពុទ្ធ​សាសនា​មួយ​នេះ ពិសេស​តើ​នៅ​កំលោះ ក្រមុំ នៅ​ក្មេង ធ្វើ​កឋិន ឬ​ទូល​ត្រៃ​កឋិន​បាន ឬ​អត់ ?…

រដូវ​កឋិន​មក​ដល់​ហើយ សូម​យល់​ដឹង ខ្លះ​ៗ​ពី​បុណ្យ​ព្រះពុទ្ធ​សាសនា​មួយ​នេះ ពិសេស​តើ​នៅ​កំលោះ ក្រមុំ នៅ​ក្មេង ធ្វើ​កឋិន ឬ​ទូល​ត្រៃ​កឋិន​បាន ឬ​អត់ ?

សេចក្ដី​ពន្យល់​ក្នុង​វចនានុក្រម​ខ្មែរ​កថិន​(​កៈថិន​)​នាមសព្ទ​(​បា​.)​សំពត់​ដែល​ទាយក​ប្រគេន​ដល់​ភិក្ខុសង្ឃ​ក្នុង​កថិន​កាល គឺ​តាំងពី​ថ្ងៃ​១​រោច​ខែអស្សុជ​ដល់​ថ្ងៃ ១៥​កើត ខែកត្តិក​; ដែល​ហៅ​ថា​បុណ្យ កថិន គឺ​បុណ្យ​ប្រគេន​សំពត់​នេះឯង ។ សព្វ​ថ្ងៃនេះ​ច្រើន​សរសេរ​កឋិន តាម​ព្រះ​ត្រៃ​បិដក។

រូប​តំណាង

ព្រះ​បញ្ញា​មុនី​ញាណ​ហាក់ សៀង​ហៃ នាយក​ប្រតិបត្តិ​អង្គការ​ពុទ្ធសាសនា​ដើម្បី​អប់រំ​នៃ​កម្ពុជា រាជាគណៈ​ថ្នាក់​កិត្តិយស​គង់នៅ​វត្ត​កំផែង និង​ជាទី​ប្រឹក្សា​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ បាន​ពន្យល់​ក្បោះក្បាយ​ថា កឋិន​គឺជា​ពាក្យ​ដែល​ព្រះសង្ឃ​ពោល​ឡើង ហើយ​កឋិន​នេះ​ញាតិ​ញោម​ត្រូវ​ចាំ​ឲ្យ​ច្បាស់​ថា មិនមែន​កើតឡើង​ដោយសារ​ញោម​ទេ ។ សំពត់​ដែល​ធ្វើ​កឋិន​បាន​មាន​បី សង្ឃ​ក្ដី​១ ចីវរ​២ និង​ស្បង់​១ បី​ហ្នឹង​មួយ​ណា​ក៏​បាន ។ គឺជា​កិច្ច​របស់​ភិក្ខុសង្ឃ មិនមែន​ជា​កិច្ច​របស់​ញាតិ​ញោម​ទេ ។

រវល់​តែ​សួរ​លោក តើ​ខ្ញុំ​ករុណា​នាំ​យក ស្អី​ៗ​កើត​កឋិន​អត់ ? ញាតិ​ញោម​សឹងតែ​មិន​មាន​សិទ្ធិ​ក្នុង​ការ​និយាយ​ពាក្យ​កឋិន​ផង ព្រោះ​ពាក្យ​កឋិន​សម្រាប់​លោក​ក្នុង​វិហារ​ដែល​គេ​ហៅ​ថា​សង្ឃ​ប​ច្ច​វគ្គ សង្ឃ​៥​អង្គ​ដែល​គេ​ហៅ​ថា​សង្ឃ​ប​ច្ច​វគ្គ ទើប​អាច​ក្រាល​គ្រង​កឋិន​ហ្នឹង​បាន ។ ហើយ​រឿង​ឡើង មិន​ឡើងជា​កឋិន គឺ​លើ​ព្រះសង្ឃ បើ​ព្រះសង្ឃ​ដាច់​វស្សា ឬ​ក៏​មិន​អាច​ក្រាល​គ្រង​បាន ព្រះសង្ឃ​សូត្រ​ញត្តិ​អត់​ឡើង​ក្នុង​សង្ឃកម្ម​ហ្នឹង អត់​ឡើងជា​រឿង​របស់​លោក ។

រូប​តំណាង

ក្នុង​កិច្ច ផ្សេង​ៗ​ក្នុង​កឋិន​ន​ត្ថា​រ​កិច្ច​មាន​ក្បួនច្បាប់​ច្រើន គឺ​របស់​ព្រះសង្ឃ រឿង​របស់​ញាតិ​ញោម​ដែល​ហៅ​ថា ហែ​កឋិន​អី​នោះ គ្រាន់តែ​និយាយ​បាន ប៉ុន្តែ​រឿង​ពិត​គឺ​ញាតិ​ញោម​ទាំងអស់​គ្រាន់តែ​ជា​អ្នក​ដែល​នាំ​នូវ​ចីវរ​ទាន ឬ​ក៏​សម្ភារ​បរិក្ខារ និយាយ​ឱ្យ​ស្រួល​ទៅ​ហៅ​ថា​រដូវ​កាល​កឋិន​ក៏​ធ្វើ​ចីវរ​ទាន​ក៏​ហៅ​ថា​កឋិនទាន ប៉ុន្តែ​ដើម្បី​ឱ្យ​កើត​ឈ្មោះ​ថា​កឋិន​គឺ​តែ​ព្រះសង្ឃ​ទេ ។

អ៊ីចឹង​ញាតិ​ញោម​កុំ​ឆ្ងល់​អី​ថា​កើត​កឋិន​អត់ មិនកើត​កឋិន​អត់ ? ខ្ញុំ​ករុណា​នៅ​ក្មេង​ធ្វើបុណ្យ​កឋិន​កើត​អត់ ? ខ្ញុំ​ករុណា​មិន​ទាន់​មាន​ប្ដី​ទៅ​ធ្វើ​កឋិន​តិច​អត់​ប្ដី ។ ខ្ញុំ​ករុណា​នៅ​ក្មេង​តិច​ទៅ​ហែ​កឋិន​ងាប់​ស្អែក​ទៅ ?

រូប​តំណាង

ហើយ​មាន​ពាក្យ​ចចាមអារ៉ាម​ខ្លះ​ថា​ក្មេង​មិន​អាច​ទូល​ត្រៃ​បាន​ទេ ទាល់តែ​មនុស្ស​ចាស់ ។​ក្មេង​ទូល​ត្រៃ​ឧបទ្រពចង្រៃ ចេះ​តែ​ថា ម៉េច​ត្រូវ ! ពាក្យ​ចចាមអារ៉ាម គួរ​កុំ​និយាយ​ពាក្យ​ពុំ​បានការ ! រឿង​ល្អ​សោះ រឿង​ធ្វើបុណ្យ​សោះ ហេតុ​អី​ចាំបាច់​និយាយ​ពាក្យ​អពមង្គល ពាក្យ​ឥត​បានការ​ធ្វើ​អី ជា​រឿង​ល្អ​សោះ ទូល​ត្រៃ​ក៏​ល្អ ធ្វើ​កឋិន​ក៏​ល្អ ។ ធ្វើ​កឋិន​មនុស្ស​ក៏​ធ្វើ​បាន ទេវតា​ក៏​ធ្វើ​បាន នរណា​ក៏​ធ្វើ​បាន ប្រុស​ក៏​ធ្វើ​បាន ស្រី​ក៏​ធ្វើ​បាន នៅ​ក្នុង​វិន័យ​លោក គ្រហស្ថ​ក៏​ធ្វើ​បាន លោក​ក៏​ធ្វើ​បាន ។

របស់​ដែល​ញាតិ​ញោម​យក​ទៅ ដើម្បី​ជា​លាភ​របស់​សង្ឃ បរិក្ខារ​ទាំងអស់​ត្រូវ​ចែក​ដល់​ភិក្ខុ ចែក​ដល់​សាមណេរ ។ សាមណេរ​អត់​មាន​សិទ្ធិ​អី​ក្រាល​គ្រង ទៅ​ទាក់ទង​នឹង​កឋិន​ទេ ប៉ុន្តែ​ក៏​ត្រូវ​បាន​ចំណែក​ពី​កឋិន​ដែរ គេ​ហៅ​ថា​សង្ឃ​លាភ​។ របស់របរ​ញាតិ​ញោម​យក​ទៅ បរិក្ខារ ផ្សេង​ៗ តាម​ទំនៀមទម្លាប់ អ្នកខ្លះ​ហែ​ទាំង​គ្រែ ខ្លះ​ហែ​ទាំង​ខ្នើយ ទាំង​ពូក ហែ​ទាំង​ម៉ាស៊ីនត្រជាក់ ក៏​យក​ទៅ គេ​ហៅ​ថា​បរិក្ខារ​កឋិន ។

រូប​តំណាង

ញាតិ​ញោម​ទាំងឡាយ​ស្ដាប់​ឱ្យ​យល់ ឱ្យ​ច្បាស់​ក្នុង​ចិត្ត​ថា អត់​មាន​ទៅ​ប៉ះពាល់​នរណា​ថា​ធ្វើបុណ្យ​កឋិន​មិនកើត ក្មេង​ពេក ឬ​ចាស់​ពេក ឬ​នៅ​កំលោះ​ធ្វើ​មិនកើត​ទេ អត់​បាន​ប្រពន្ធ ឬ​ក្រមុំ​ធ្វើ​ទៅ​អត់​បាន​ប្ដី​ទេ កុំ​ណា ឱ្យ​តែ​ធ្វើបុណ្យ បុណ្យ​ជួយ​ហើយ ធ្វើ​ល្អ ល្អ​ជួយ​ហើយ ។ ធ្វើ​ល្អ​បាន​គូ ឆាប់​ៗ​ក៏​ថា​បាន ។ ពេល​ខ្លះ​ហែ​ទៅ​ជួប​គ្នា​ទៅ ក៏​បាន វា​អត់​ដែល​ខាត​ទេ បុណ្យ​ក៏​បាន ស្អី​ក៏​បាន ។ កុំ​ប្រកាន់​​រឿង​អវិជ្ជមាន រឿង​ខុស រឿង​មិន​ចម្រុងចម្រើន​យក​មក​ដាក់ ។ តាម​ពិត​ពាក្យ​ខ្លះ ពាក្យ​អ្នក​មិន​ចូល​ចិត្ត​បុណ្យ អ្នក​អសប្បុរស កុំ​ទាន់​ធ្វើបុណ្យ នៅ​ក្មេង​ទេ​កុំ​អាល​ទៅ​ធ្វើ​កឋិន ។ មនុស្ស​ណា​ក៏​ត្រូវការ​បុណ្យ តូចតាច​ក៏​ត្រូវការ​បុណ្យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ