ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនធម្មតាមែន! ប្រុស៣ ស្រីម្នាក់​នាំ​គ្នា​ប្រព្រឹត្ត​​បទ​ល្មើស​ ត្រូវ​សមត្ថកិច្ច​រឹប​អូស​​33​​កញ្ចប់

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ជនសង្ស័យ​៤​នាក់​ក្នុងនោះ​មាន​ស្ត្រី​ម្នាក់ បាន​ត្រូវ​សមត្ថកិច្ច​បង្ក្រាប​ជា​បន្ត​បន្ទាប់ និង​ដកហូត​វត្ថុ​តាង​រួម​មាន​គ្រឿង​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (​ម៉ា​ទឹកកក​ឬ​ICE) ចំនួន​៣៣​​កញ្ចប់​(​ធំ​៣​កញ្ចប់​) ម៉ូតូ​១​គ្រឿង ជញ្ជីងថ្លឹង​គ្រឿងញៀន​១ ទូរស័ព្ទ​ដៃ​៤​គ្រឿង…

ខេត្តស្វាយរៀង ៖ ជនសង្ស័យ​៤​នាក់​ក្នុងនោះ​មាន​ស្ត្រី​ម្នាក់ បាន​ត្រូវ​សមត្ថកិច្ច​បង្ក្រាប​ជា​បន្ត​បន្ទាប់ និង​ដកហូត​វត្ថុ​តាង​រួម​មាន​គ្រឿង​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (​ម៉ា​ទឹកកក​ឬ​ICE) ចំនួន​៣៣​​កញ្ចប់​(​ធំ​៣​កញ្ចប់​) ម៉ូតូ​១​គ្រឿង ជញ្ជីងថ្លឹង​គ្រឿងញៀន​១ ទូរស័ព្ទ​ដៃ​៤​គ្រឿង ឧបករណ៍
ប្រើប្រាស់​គ្រឿងញៀន និង​សម្ភារ​វេច​ខ្ចប់​គ្រឿង​ញៀន​មួយ​ចំនួន​ទៀត ។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ករណី​ទី​១-សមត្ថកិច្ច​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ជា​សុវណ្ណ​រត្ន័ ហៅ​វិត ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរមិន​ពិតប្រាកដ មាន​ទីលំនៅ​ក្នុងភូមិ​ពោធិ៍​តា​ហោ សង្កាត់​ពោធិ៍​តា​ហោ ក្រុង​ស្វាយ​រៀង នៅ​ថ្ងៃ​ទី​៣ ខែតុលា ឆ្នាំ​២០២០ នៅ​នឹង​ផ្ទះ​ជនសង្ស័យ​តែ​ម្តង ។ ជាមួយនឹង​ការ​ចាប់​ឃាត់ខ្លួន​នេះ សមត្ថកិច្ច​ដកហូត​បាន​វត្ថុ​តាង​គ្រឿងញៀន​៦​កញ្ចប់ និង​ទូរស័ព្ទ​ដៃ​១​គ្រឿង ។ ជន​នេះ​ធ្លាប់​ជាប់​ពន្ធនាគារ និង​ទើបតែ​ចេញ​បាន​១​ខែ​មិន​រាងចាល​ត្រូវ​ចាប់ខ្លួន​ម្តងទៀត ។

ករណី​ទី​២-​នៅ​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០២០ វេលា​ម៉ោង​១១​ព្រឹក កម្លាំង​នគរបាល​កា​រិ​យាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត ទទួល​ព័ត៌មាន​ពី​ភ្នាក់ងារ​រាយការណ៍​មក​ថា មានមុខ​សញ្ញា​ជួញដូរ​​គ្រឿងញៀន​ចំនួន​២​នាក់ យក​ថ្នាំ​ញៀន​ពី​ភ្នំពេញ​មក​លក់​ចែកចាយ​នៅ​ខេត្តស្វាយរៀង ហើយ
កំពុង​ជិះ​ម៉ូតូ​១​គ្រឿង​មក​ដល់​ស្រុក​ស្វាយ​ជ្រំ ។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នេះ កម្លាំង​ការិយាល័យ​សហការ​ជាមួយ​កម្លាំង​នគរបាល​ក្រុង​ស្វាយ​រៀង និង​កម្លាំង​នគរបាល​ស្រុក​ស្វាយជ្រំ បាន​ចេញ​ពួនស្ទាក់​លើ​ផ្លូវជាតិ​លេខ​១​ត្រង់​ចំណុច​ភូមិ​ថ្ម​.​ស ឃុំ​តា​សួ​ស ស្រុក​ស្វាយ​ជ្រំ​ក៏​ឃើញ​មុខសញ្ញា​សង្ស័យ​ទាំង​២​នាក់​ជិះ​ម៉ូតូ​មក​ដល់ ។ ពេល​នោះ កម្លាំង​សមត្ថកិច្ច​បាន​ឃាត់​ម៉ូតូ​ឱ្យ​ឈប់​និង​ឃាត់ខ្លួន​មុខសញ្ញា​ទាំង​២​នាក់ ដែល​ម្នាក់​ឈ្មោះ សុខ វី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជា​កម្មករ​រោងចក្រ មាន​ទីលំនៅ​ក្នុងភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត និង​ម្នាក់​ទៀត​ឈ្មោះ សំ ថា​បូ​ទី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជា​កម្មករ​រោងចក្រ​ដូច​គ្នា មាន​ទីលំនៅ​ក្នុងភូមិ​បន្ទាយ ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយ​ទាប ។

ជាមួយនឹង​ការ​ចាប់​ឃាត់ខ្លួន​នេះ សមត្ថកិច្ច​ក៏​បាន​ដកហូត​វត្ថុ​តាង​មាន ម្សៅ​ក្រាម​ពណ៌​ស​សង្ស័យ​ជា​ថ្នាំ​ញៀន​ចំនួន​១១​កញ្ចប់​(​ធំ​១​កញ្ចប់​)ម៉ូតូ​១​គ្រឿង និង​ទូរស័ព្ទ​២​គ្រឿង ហើយ​ជនសង្ស័យ​ត្រូវ​បាន​នាំ​មក​កាន់​ការិយាល័យ​ជំនាញ​ដើម្បី​សាកសួរ ។

តាម​ចម្លើយ​សារភាព​របស់​មុខសញ្ញា​ទាំង​២នាក់​ថា ខ្លួន​ទិញ​ត​ពី​ស្ត្រី​ម្នាក់​នៅ​រាជធានី​ភ្នំពេញទើប​លោក​ឧត្តមសេនីយ៍ត្រី កែវ សុ​ថា ស្នងការរង​នគរបាល​ខេត្ត ទ​ទូល​ផែន​ប្រឆាំង​គ្រឿងញៀន និង​ក្រោម​ការ​សម្រប​ស​ម្រូ​ល​នី​តី​វិធី​ពី​សំណាក់​ឯកឧត្តម ខាំ សុ​ផា​រី ព្រះរាជអាជ្ញា​អម​សាលា​ដំបូ​ង​ខេត្តស្វាយរៀង និង​ឯកឧត្តម សុខ កែវ​បណ្ឌិត ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​កម្លាំង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ពន្លាត​សមត្ថកិច្ច​ដែនដី​បន្ត​ស្រាវជ្រាវ​និង​ឃាត់​ខ្លួន​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ម្នាក់់​បន្ថែម​ទៀត​ឈ្មោះ ម៉ី ស៊ី​ណា​ហេង ភេទ​ស្រី អាយុ​​៣២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​ប៉ប្រក​ខាងជើង សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ជាមួយនឹង​ការ​ចាប់​ឃាត់ខ្លួន​នេះ​ដែរ សមត្ថកិច្ច​ក៏​ដកហូត​សម្ភារ​វត្ថុ​តាង​រួម​មាន ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​ថ្នាំ​ញៀន​ចំនួន​១៦​កញ្ចប់(​ធំ​២​កញ្ចប់​) ជញ្ជីង​ថ្លឹង​ថ្នាំ​ញៀន​១ សម្ភារ​វេច​ខ្ចប់​និង​ឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​ទៀត ។

ជា​លទ្ធផល ឃាត់ខ្លួន​ជនសង្ស័យ​បាន​៣​នាក់(​ស្រី​១​នាក់​) ដកហូត​វត្ថុ​តាង​មាន​គ្រឿងញៀន​ប្រភេទ​​មេ​តំ​ហ្វេ​តា​មីន​ចំនួន​២៧​កញ្ចប់​(​ធំ​៣​កញ្ចប់​)ជញ្ជីង​ថ្លឹង​ថ្នាំ​ញៀន​១ ទូរស័ព្ទ​ដៃ​៣​គ្រឿង រួម​ជាមួយ​ឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន​និង​សម្ភារ​វេច​ខ្ចប់​មួយ​ចំនួន​ទៀត ។

នៅ​ថ្ងៃ​ទី​៧ ខែតុលា ឆ្នាំ​២០២០ វេលា​ម៉ោង​៨ព្រឹក សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​រួម​ទាំង​វត្ថុ​តាង​ទៅ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត ។

សរុប​ទាំង​២​ករណី ឃាត់ខ្លួន​៤​នាក់ ដកហូតគ្រឿងញៀន​បាន​៣៣​កញ្ចប់​(​ធំ​៣​កញ្ចប់​) ជញ្ជីង​ថ្លឹង​គ្រឿងញៀន​១ ទូរស័ព្ទ​ដៃ​៤​គ្រឿង ម៉ូតូ​១​គ្រឿង ឧបករណ៍​ជក់​គ្រឿងញៀន និង​សម្ភារ​វេច​ខ្ចប់​គ្រឿងញៀន​មួយ​ចំនួន​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ