ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ខ្មែរ​មួយ​រូប​ទទួល​​ជោគជ័យ​ត្រចះ​ត្រចង់​ក្នុង​វិស័យ​កីឡា​ស្នូកឃ័រ ​ក្រោយ​ពេល​ទៅ​រស់នៅ​​​កូរ៉េ

3 ឆ្នាំ មុន
  • ភ្នំពេញ

ប្រទេស​កូរ៉េ ៖ អ្នក​នាង ស្រួ​ង ភា​វី ជា​កីឡាការិនី​ស្នូកឃ័រ​កូរ៉េ ដែល​មាន​ដើម​កំណើត​មក​ពី​កម្ពុជា​។ ឆ្នាំ​នេះ​អ្នក​នាង​មាន​អាយុ​៣០​ឆ្នាំ អ្នក​នាង​មានស្រុក​កំណើត​នៅ​ភូមិ​ជនបទ​មួយ ក្នុង​ខេត្ត​ត្បូងឃ្មុំ…

ប្រទេស​កូរ៉េ ៖ អ្នក​នាង ស្រួ​ង ភា​វី ជា​កីឡាការិនី​ស្នូកឃ័រ​កូរ៉េ ដែល​មាន​ដើម​កំណើត​មក​ពី​កម្ពុជា​។ ឆ្នាំ​នេះ​អ្នក​នាង​មាន​អាយុ​៣០​ឆ្នាំ អ្នក​នាង​មានស្រុក​កំណើត​នៅ​ភូមិ​ជនបទ​មួយ ក្នុង​ខេត្ត​ត្បូងឃ្មុំ ហើយ​ប្រហែលជា​ជាង​១០​ឆ្នាំ​មុន​អ្នក​នាង​បាន​មក​ប្រទេស​កូរ៉េ ដើម្បី​រៀប​អាពាហ៍ពិពាហ៍​ជាមួយនឹង​ស្វាមី ដែល​មាន​ទីលំនៅ​នៅ​ទីក្រុង​ឆ​ង​ជូ​នៃ​ខេត្ត​ឈុ​ង​ឆ​ង​ប៊ុ​គ​ដូ​។

ក្រោយ​ពី​បាន​ស្វែងរក​ឃើញ​ភាព​ប៉ិនប្រសព្វ ក្នុង​វិស័យ​កីឡា​នេះ ក្នុង​កំឡុង​ពេល​អ្នក​នាង​និង ស្វាមី​បាន​ទៅ​កម្សាន្ត​នៅ​ទីតាំង​លេង​កីឡា​ស្នូកឃ័រ​មួយ​កន្លែង និង​ក្រោយ​ពី​បាន​ចាប់ផ្តើម​ធ្វើការ​ហ្វឹកហាត់​ក្នុង​កំឡុង​រយៈពេល​២​ឆ្នាំ​នោះ នៅ​ឆ្នាំ​២០១៣​អ្នក​នាង​ទទួល​បាន​ជ័យ​លា​ភី​លេខ​២ ក្នុង​ការ​ប្រកួត​សម្រាប់ កីឡាករ​ថ្មី​ក្នុង​ប្រទេស​។ នៅ​ខែមិថុនា ឆ្នាំ​២០១៨ អ្នក​នាង​ទទួល​បាន​មេដាយ​សំរឹទ្ធ​ក្នុង​កម្មវិធី 3 cushion championship កម្រិត​ពិភពលោក សម្រាប់​នារី នៅ​ប្រទេស​តួ​គី ។ ជាង​នេះ​ទៅ​ទៀត នៅ​ខែតុលា​ឆ្នាំ​២០១៩ អ្នក​នាង​ទទួល​បាន​មេដាយ​សំរឹទ្ធ​ក្នុង​កម្មវិធី 3 cushion championship កម្រិត​ពិភពលោក សម្រាប់​នារី​នៅ​ប្រទេស​អេ​ស្ប៉ា​ញ​ផង​ដែរ ។

ថ្មី​ៗ​នេះ​កីឡាការិនី ស្រួ​ង ភា​វី បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​រៀបរាប់​អំពី​ប្រវត្តិ​ជោគជ័យ​របស់​ខ្លួន​ក្រោយ​ទៅ​រស់នៅ​ប្រទេស​កូរ៉េ​ខាងត្បូង ដោយ​ក្នុង​នោះ​អ្នក​នាង​បាន​បង្ហាញ​ការ​យល់​ឃើញ​ថា​ការ​អប់រំ​គឺជា​កត្តា​សំខាន់​ជាងគេ​ដើម្បី​អភិវឌ្ឍ​ប្រទេស​កម្ពុជា ហើយ​បច្ចុប្បន្ន​អ្នក​នាង​បាន​ធ្វើការ​បរិ​ច្ចាក និង​សកម្មភាព​សប្បុរស​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​កំណើត​របស់​ខ្លួន​ផង​ដែរ។

កីឡាការិនី ស្រួ​ង ភា​វី ដែល​មាន​សម្បុរ​ស ស្រស់​ស្អាត មានស្រុក​កំណើត​នៅ​ភូមិ​ថ្ម​ពេជ្រ​៣ ឃុំ​ថ្ម​ពេជ្រ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ បាន​ប្រាប់​ពី​មូលហេតុ​នៃ​ការ​ចាក​ចេញពី​កម្ពុជា​ទៅ​រស់នៅ​ប្រទេស​កូ​រ៉​ខាងត្បូង​ថា «​ដោយសារ​ជីវភាព​ជា​កសិករ​មិនសូវ​ធូរធារ ទើប​នាង​ខ្ញុំ​សម្រេចចិត្ត​រៀប​ការ​នៅ​អាយុ​១៩​ឆ្នាំ ជាមួយ​ស្វាមី​ជនជាតិ​កូរ៉េ​ខាងត្បូង ដោយ​សង្ឃឹមថានឹង​ជួយ​យិ​ត​យោង​គ្រួ​សារបាន​ល្អ​ជាង​មុន ។ តែ​ក្រោយ​ពី​បាន​មក​ដល់​កូរ៉េ និង​បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​កីឡា​ស្នូកឃ័រ ការ​រស់នៅ​របស់​នាង​ខ្ញុំ​បាន ប្រែប្រួល​ទាំងស្រុង ហើយ​បច្ចុប្បន្ន​នេះ នាង​ខ្ញុំ​កំពុងធ្វើការ​ប្រឡូក​ក្នុង​វិស័យ​នេះ​ក្នុង​នាម​ជា​កីឡាការិនី​អាជីព​» ។

ជាមួយ​គ្នា​នោះ​ផង​ដែរ នៅ​ពេល​សាកសួរ​ថា​តើ​អ្នក​នាង​មាន​អារម្មណ៍​យ៉ាងណា​ដែរ​ពេល ដែល​ទទួល​បាន​ជ័យ​លា​ភី​កីឡា​ការី​មេដាយ​សំរឹទ្ធ​ក្នុង​ការ​ប្រកួត​ស្នូកឃ័រ​លំដាប់​ពិភពលោក នៅ​ទីក្រុង​វ៉ា ឡេ​ន​សៀ ប្រទេស​អេ​ស្ប៉ា​ញ​កន្លង​មក​នោះ កីឡា​ការ​នី ស្រួ​ង ភា​វី បាន​ពោល​ឲ្យ​ដឹង​ថា «​ការ​ទទួល​បាន​ជ័យជម្នះ​នៅ​អេ​ស្ប៉ា​ញ​នោះ គឺ​ជួយ​ឲ្យ​គេ​បាន​ស្គាល់​កម្ពុជា​យើង​កាន់តែ​ច្រើន​ឡើង​លើ​ឆាក​អន្តរជាតិ ខ្ញុំ​រំភើប​រីករាយ​ដោយ​ខ្ញុំ​បាន​ធ្វើ​រឿង​ល្អ​សម្រាប់​កម្ពុជា​» ។

ភាព​ជោគជ័យ​របស់​កីឡា​ការ​នី ស្រួ​ង ភា​វី គឺ​មិនមែន​ជា​រឿង​ដាច់​ដោយឡែក​ផ្ទាល់ខ្លួន​របស់​នាង​នោះ​ទេ ព្រោះតែ​មាន​ដើម​កំណើត​ជា​កូន​ខ្មែរ​មួយ​រូប នាង​ត្រូវ​បាន​មហាជន​កម្ពុជា​ចាត់ទុកជា​និម្មិតរូប​នៃ​មិត្តភាព​រវាង​កម្ពុជា​និង​កូរ៉េ​ផង​ដែរ ព្រោះ​ភាព​ជោគជ័យ​របស់​នាង​គឺជា​ភាព​ជោគជ័យ​និង​មុខមាត់​របស់​ប្រទេស​កម្ពុជា​លើ​ឆាក​អន្តរជាតិ ។

ឆ្លើយ​តប​នឹង​សំណួរ​ចោទសួរ​ថា តើ​អ្នក​នាង​មាន​ចំណាប់អារម្មណ៍​យ៉ាងណា​ដែរ ពេល​បាន​ក្លាយ ជា​និមិត្តរូប​នៃ​មិត្តភាព​រវាង​កម្ពុជា​និង​កូរ៉េ ក៏​ដូច​ជា​ត្រូវ​បាន​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​វេទិការ​ធុរកិច្ច​ជាដើម ក្នុង​កំឡុង​ពេល​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​កម្ពុជា​របស់​ឯកឧត្តម​ប្រធានាធិបតី​សាធារណរដ្ឋ​កូរ៉េ មូ​ន ចេ​អ៊ីន កាលពី​ខែមីនា ឆ្នាំ​២០១៩ នោះ កីឡាការិនី ស្រួ​ង ភា​វី បាន​ពោល​ទាំង​មោទនភាព​ថា «​នាង​ខ្ញុំ​ពិតជា​មាន​កិត្តិយស​យ៉ាង​ខ្លាំង​ដែល​ត្រូវ​បាន​ទទួល​ការ​អញ្ជើញ​ឲ្យ​ចូល​រូ​ម​ក្នុង​កម្មវិធី​ដែល​មានការ​ចូលរួម​ពី​សំណាក់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ឯកឧត្តម មូ​ន ចេ​អ៊ី​ន​។

ខ្ញុំ​យល់​ថា​ទាំងនេះ​ក៏​ដោយសារ​តែ​ប្រជាជន​កូរ៉េ ស្រលាញ់​និង​គាំទ្រ​រូប​នាង​ខ្ញុំ ហើយ​ខ្ញុំ​ក៏​នឹង​ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត​ក្នុង​ការ​ជួយ​ភ្ជាប់​ចំណង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​២​បន្ថែម​ទៀត​។ សម្រាប់​រូប​នាង​ខ្ញុំ​ផ្ទាល់ នាង​ខ្ញុំ​បាន​ខិតខំ​ប្រឹងប្រែង​សិក្សា​ភាសា​កូរ៉េ ហើយ​រាល់ពេល​បាន​ឱកាស​នាង​ខ្ញុំ​តែង​បាន​ណែនាំ​ពី​វប្បធម៌​កម្ពុជា​ជូន​ប្រជាជន​កូរ៉េ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ នាង​ខ្ញុំ​ក៏​តែង តែ​បន្ត​ការ​ហ្វឹកហាត់​កីឡា​ស្នូកឃ័រ​ជាប់​ជា​និច្ច​ផង​ដែរ​»​។

នៅ​ពេល​សាកសួរ​ថា​តើ​អ្នក​នាង​មាន​ពាក្យ​ពេ​ជន៍​អ្វីខ្លះ​សម្រាប់​ផ្តាំផ្ញើ​ទៅ​កាន់​យុវជន​យុវតី ដើម្បី​ទទួល​បាន​ជោគជ័យ និង​សំរេច​ក្តី​សុបិន​របស់​ខ្លួន​ដូច​រូប​អ្នក​នាង ? កីឡាការិនី ស្រួ​ង ភា​វី បាន​លើក​ឡើង​ថា «​យុវជន​យុវតី ជា​ទំពាំង​ស្នង​ឫស្សី មាន​តួនាទី​យ៉ាង​សំខាន់ ក្នុង​កិច្ចការ​សង្គម ដូច្នេះ​ពេលទំនេរ គួរ​ឆ្លៀត​ចូលរួម​លេង​កីឡា​ទៅ​តាម​ចំណូលចិត្ត​របស់​ខ្លួន​ដើម្បី​ឲ្យ​មាន​សុខភាព​ល្អ ។

ហើយ​នាង​ខ្ញុំ​សូម​សំណូមពរ​ដល់​ប្អូន​ៗ យុវជន យុវតី​កម្ពុជា​យើង ទំនេរ​ពី​ការ​រៀនសូត្រ​នៅ​សាលា ត្រូវ​ជៀសវាង គ្រឿងញៀន គ្រឿង​ស្រវឹង ល្បែងស៊ីសង​ពិសេស​សេពគប់​បាបមិត្ត ដែល​នាំ​យើង​ទៅ​រក​ផ្លូវ​មិនល្អ នាំ​ឱ្យ​ខូចអនាគត​ខ្លួន​។ សំខាន់​ជាង​នេះ​ទៅ​ទៀត គឺ​គួរ​ទម្លាប់​ឆ្លៀតពេល​អាន​សៀវភៅ​ឱ្យ​បាន​ច្រើន​ជា​រឿយ​ៗ ព្រោះ​សៀវភៅ​គឺជា​ឃ្លាំង​គំនិត​ជា​សេចក្តី​ពិតជា​ផ្លូវ​នាំ​យើង​ឆ្ពោះទៅ​រកក្តី​សុខសាន្ត​ស្ងប់​ក្នុង​ចិត្ត​ចេះ​បត់បែន​ស្រប​តាម​កាលៈទេសៈ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ