រាជធានីភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលបានបញ្ជាក់ថា ទោះបីជាឆ្នាំនេះមិនមា នការរៀបចំព្រះរាជពិធីបុណ្យអ៊ុំទូក នៅរាជធានីភ្នំពេញក្តី ក៏ប្រជាពលរដ្ឋអាចរៀបចំពិធីអ៊ុំទូកនៅតាមមូលដ្ឋានបានជាធម្មតា ហើយពិធីអកអំបុក នៅទីវត្តអារាម និងផ្ទះធ្វើជាធម្មតា ។
សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីបានបញ្ជាក់នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ ក្នុងពិធីសម្ពោធមជ្ឈមណ្ឌលកម្សាន្តខ្នាតយក្សដំបូងនៅកម្ពុជា «ព្រីនស៍ ម៉ាណ័រ» នៅស្រុកកៀនស្វាយ ខេត្តកណ្តាលថា ទោះបីជាឆ្នាំនេះ ព្រះរាជាពិធីបុណ្យ អ៊ុំទូកសំពះព្រះខែក្តី ក៏ប្រជាពលរដ្ឋអាចមានលទ្ធភាពជាច្រើនក្នុងការរៀបចំចាត់តាំងពិធីអ៊ុំទូក នៅតាមបណ្តាខេត្តបាន ។
សម្រាប់ការរៀបចំអ៊ុំទូកតាមមូលដ្ឋាននេះ សម្តេចតេជោក៏បានឲ្យក្រសួងសុខាភិបាលគិតគូរពីវិធានការទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ នៅតាមបណ្តាខេត្តផងដែរព្រោះថា នៅពេលអ៊ុំ កីឡាករនៅអង្គុយជិតគ្នា ឬបានសេចក្តីថា មនុស្ស ប៉ះគ្នា ។ បើសិនប្រជាពលរដ្ឋរៀបចំការអ៊ុំទូក តើត្រូវមានវិធានការអ្វីខ្លះ ព្រោះយើងពិបាកហាមឃាត់ដែរ ដោយពេលខ្លះគាត់ អូសទូកចូលរួមប្រណាំង ។
ជាមួយគ្នានោះដែរ សម្តេចតេជោ ក៏បានលើកឡើងថា ទោះបីជានៅរាជធានីភ្នំពេញមិនមែនការអ៊ុំទូកក្តី ពិធិអកអំបុកសំពះព្រះខែ នៅតែធ្វើតាមវត្តអារាម តាមផ្ទះដដែល ។ ដូច្នេះត្រូវតែត្រៀមលក្ខណៈទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ។ នៅតាមមូលដ្ឋានជាទម្លាប់របស់គាត់ គឺត្រូវតែអ៊ុំទូក អីញ្ចឹងត្រូវណែនាំ ដើម្បីការពារ ។
សូមជម្រាបថា រដ្ឋាភិបាលបានសម្រេចផ្អាកប្រារព្ធព្រះរាជពិធីបុណ្យអុំទូកប្រពៃណីខ្មែរនៅឆ្នាំនេះទៅតាមការស្នើសុំរបស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ។ លិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រីចេញផ្សាយ នៅថ្ងៃទី១៣ ខែសីហានេះបានលើកឡើងថា រដ្ឋាភិបាលកម្ពុជាបានសម្រេចផ្អាកប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២០នេះ តាមសំណើរបស់លោក គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិ ។
ប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិ លោក ប៊ូ ជុំសេរី មានប្រសាសន៍ថា ដើមចមដែលនាំឱ្យរដ្ឋាភិបាលផ្អាកប្រារព្ធព្រះរាជពិធីបុណ្យអុំទូកនេះ ដោយសារតែរដ្ឋាភិបាលមានការបារម្ភចំពោះការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ដោយសារតែព្រះរាជពិធីបុណ្យនេះនឹងមានមនុស្សប្រមូលផ្តុំច្រើននៅរាជធានីភ្នំពេញ ដែលអាចមានហានិភ័យខ្ពស់ក្នុងការឆ្លង ។
តាមប្រតិទិនបញ្ជាក់ថា ការប្រារព្ធព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប និងសំពះព្រះខែអកអំបុក នឹងប្រព្រឹត្តទៅនៅថ្ងៃទី៣០ និងទី៣១ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០ ។ កន្លងមករដ្ឋាភិបាលក៏ធ្លាប់បានផ្អាកព្រះរាជពិធីប្រណាំងទូកនៅដងទន្លេសាបមុខព្រះបរមរាជវាំង រាជធានីភ្នំពេញផងដែរ ដោយសារមូលហេតុផ្សេងៗ ដូចជា អំឡុងពេលសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ យាងសោយទិវង្គត និងពេលមានវិបត្តិទឹកជំនន់ជាដើម ៕
ចែករំលែកព័តមាននេះ