រាជធានីភ្នំពេញ ៖ ទីតាំងម៉ាស្សាមួយកន្លែងបានរងការចោទថា នារីម៉ាស្សាបានលួចយកលុយភ្ញៀវអស់ចំនួន១០០ដុល្លារ ហើយម្ចាស់ប្រាក់បានប្តឹងផ្អើលសមត្ថកិច្ចមកជួយ
អន្តរាគមន៍ កាលពីវេលាម៉ោង១០និង៤០នាទីយប់ ថ្ងៃទី៥ តុលា ឆ្នាំ២០២០ ។ ទីតាំងម៉ាស្សានេះ ស្ថិតនៅតាមបណ្តោយផ្លូវបេតុងច្រកចូលសាលាឯកជនសុវណ្ណភូមិ ដែលមានយីហោកោសជប់ម៉ាស្សា១៩៩ ក្នុងភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។
ភ្ញៀវដែលអះអាងថា បាត់លុយឈ្មោះ រិត ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរជាងជួសជុលរថយន្ដនៅជិតរង្វង់មូលចោមចៅ មានស្រុកកំ ណើតនៅខេត្តកំពង់ស្ពឺ ។ តាមប្រភពព័ត៌មានពីបុរសម្ចាស់ប្រាក់បានអោយដឹងថា នៅមុនពេលកើតហេតុគាត់មិនសូវស្រួលខ្លួន បានទៅកោសជប់នៅហាងម៉ាស្សាខាងលើ ដោយហៅនារីម្នាក់មកកោសខ្យល់ តែមុននឹងកោសខ្យល់នារីម៉ាស្សានោះ បានអោយគាត់ដោះសម្លៀកបំពាក់ព្យួរជិតកន្លែងម៉ាស្សា ហើយអោយរូបគាត់ស្លៀកកន្សែង ។
ប្រភពព័ត៌មានបានបន្តទៀតថា ខណៈពេលកំពុងតែកោសខ្យល់ គាត់បាននិយាយជាមួយនារីម៉ាស្សាខាងលើ ត្រូវរ៉ូវគ្នាបន្តរួមភេទបន្ថែមទៀតអស់តម្លៃ១០ដុល្លារ ខណៈពេលអីៗ…ចប់រួចរាល់ហើយ គាត់ចូលបន្ទប់ទឹកមួយភ្លែតដោយមិនចាប់អារម្មណ៍ទេ ទុកចិត្តទៅលើនារីម៉ាស្សាខាងលើ មិនបានយកខោចូលទៅបន្ទប់ ទឹកជាមួយឡើយ បន្ទាប់មកបានជិះម៉ូតូត្រឡប់ទៅវិញ ។ ពេលទៅដល់ការាស់រថយន្តរបស់គាត់ បានឆែកមើលហោប៉ៅខោ ឃើញមានលុយដុល្លារក្លែងក្លាយចំនួន១០០ដុល្លារទៅវិញ គាត់បានប្រញាប់ប្រញាល់មកកន្លែងម៉ាស្សាវិញ ស្រាប់តែថៅកែហាងម៉ាស្សា និងនារីម៉ាស្សាខាងលើមិនទទួលខុសត្រូវទេ ដោយនិយាយថា ចេញពីកន្លែងគេយូរហើយ តែគាត់បានប្រាប់ថាមិនយូរទេ គាត់ទៅតែមួយភ្លែតហើយប្រញាប់ ប្រញាល់មកភ្លាមៗ ។
ខណៈពេលនោះផងដែរ ថៅកែម៉ាស្សាបានទូរស័ព្ទហៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍ ហើយក៏មានលោកនាយរងប៉ុស្តិ៍ចោមចៅ៣បានមកដល់ក៏សួរនាំតិចតួចហើយត្រឡប់ទៅវិញបាត់ទៅ ។ លុះអ្នកសារព័ត៌មានដឹងរឿងនេះក៏នាំគ្នាមកថតពេញមុខហាង ទើបលោកនាយប៉ុស្តិ៍មកម្តងទៀត នាំនារីម៉ាស្សាដែលជាជនសង្ស័យយកទៅប៉ុស្តិ៍នគរបាលដើម្បីសួរនាំ ។
បន្ទាប់ពីនាំនារីម៉ាស្សាយកទៅសួរនាំ នាងមិនបានសារភាពទេ ហើយសមត្ថកិច្ចព្រមានបញ្ជូនទៅផ្នែកជំនាញបន្ត ទើបភាគីខាងថៅកែម៉ាស្សាសុំសងលុយវិញ តែឱ្យម្ចាស់ប្រាក់ និងនារីម៉ាស្សាជាប់ចោទស្បថស្បែ មុខលោកយាយទូលក្អមនៅប៉ុស្តិ៍ចោមចៅទី៣ផងដែរ ដើម្បីបញ្ជាក់ថា បើនរណាម្នាក់ក្នុងចំណោម២នាក់នេះខុសសូមឱ្យបរាមុខចុះ ។ ពួកគេប្រុសស្រីទាំង២នាក់ ក៏បានអុជធូបស្បថដូចមានក្នុងរូបថតនេះ ដើម្បីបញ្ជាក់ភាពស្មោះត្រង់ ។ ពេលអាសន្នហើយពួកគេក៏ស្បថមែន ។ ឯរឿងពិតបែបណាគ្មានអ្នកណាកំណត់បានឡើយ ៕
ចែករំលែកព័តមាននេះ