ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តោះ​មក​ដឹង និង​ស្គាល់​កាន់តែ​ច្បាស់​ពី​ភ្លេងពិណពាទ្យ​ដែល​ដូនតា​បន្សល់​ទុក

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ភ្លេងបុរាណ​ខ្មែរ​បាន​រក្សា​ទុក​នៅ​និរន្តរ៍ភាព​របស់​ខ្លួន​អាច​ឲ្យ​គេ​ចង​ចាំ​តាម​រយៈ​ឧបករណ៍​៤​ប្រភេទ ដែល​គេ​ប្រើ​ខ្សែ​សម្រាប់​ដេញ កេះ កូត និង​ឧបករណ៍​សម្រាប់​ផ្លុំ និង​វាយ​បង្កើត​ស្នូរ ដែល​ឧបករណ៍​ទាំងនោះ​មាន​ដូច​ជា​៖ ស្គរ…

ខេត្តសៀមរាប ៖ ភ្លេងបុរាណ​ខ្មែរ​បាន​រក្សា​ទុក​នៅ​និរន្តរ៍ភាព​របស់​ខ្លួន​អាច​ឲ្យ​គេ​ចង​ចាំ​តាម​រយៈ​ឧបករណ៍​៤​ប្រភេទ ដែល​គេ​ប្រើ​ខ្សែ​សម្រាប់​ដេញ កេះ កូត និង​ឧបករណ៍​សម្រាប់​ផ្លុំ និង​វាយ​បង្កើត​ស្នូរ ដែល​ឧបករណ៍​ទាំងនោះ​មាន​ដូច​ជា​៖ ស្គរ (​ស្គរដី ស្គរ​សម្ភោរ ស្គរធំ ស្គរ​តូច ស្គរជ័យ​), ឈឹង រនាត (​រនាតឯក រនាតធុង​), ទ្រ ទ្រសោ ទ្រអ៊ូ តាខេ ទ្រឆេ ខ្លុយ ឃឹម ឆាប គង គែន ណៃ មួ​ង ស្រឡៃ ចាប៉ី គង​វង្ស​តូច គង​វង្ស​ធំ ឃ្មោះ ប៉ាន់ កុង​ប៉ឹង ប៉ីអ​។​ល​។

ឧបករណ៍​ប៉ុន្មាន​ប្រភេទ​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​អន្តរជាតិ​ស្គាល់​ខ្មែរ​តាម​រយៈ​ឧបករណ៍​ភ្លេងខ្មែរ​។ ជាមួយនឹង​ឧបករណ៍​ដដែល​នេះ ក៏​ត្រូវ​បាន​យក​មក​បង្ហាញ​ពី​ប្រពៃណី​របស់​ខ្លួន​ដែល​ប្រើ​ក្នុង​ពិធី​បែប​សាសនា​ដូច​ជា ពិធីបុណ្យ​កឋិនទាន បុណ្យផ្កា​ប្រាក់ បុណ្យចូលឆ្នាំ​ថ្មី បុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និង​ការ​សម្ដែង​សិល្បៈ​សម័យ​ជាដើម​។

ភ្លេងខ្មែរ​មាន​ច្រើន​ប្រភេទ ហើយ​ការ​ប្រើប្រាស់​ឧបករណ៍​ភ្លេង និង​ពេលវេលា​នៃ​ការ​លេង​ក៏​មាន​លក្ខណៈ​ខុស​គ្នា​ទៅ​តាម​វង់ភ្លេង​នីមួយ​ៗ​ផង​ដែរ​។ ភ្លេងពិណពាទ្យ គេ​ហៅ​ភ្លេងពិណពាទ្យ ព្រោះ​នៅ​ក្នុង​ក្រុម​ភ្លេង​នោះ​កាល​ដើម​ឡើយ​គេ​និយម​ប្រើ​ពិណ​ចេញ​ផ្តើម​មុនគេ​។ អ្នកខ្លះ​ហៅ​ភ្លេង​នេះ​ច្រឡំ​ជា​ភ្លេង​សៀម តាម​ការ​ពិត​សៀម​យក​ពី​ខ្មែរ​យើង​វិញ​ទេ​។

សៀម​ហៅ​វង្ស​ភ្លេង​នេះ​ថា ជា ប៉ី​ពាទ្យ (​ពិផាត​) ព្រោះ​ក្នុង​ការ​ចាប់ផ្តើម​គេ​ប្រើ ប៉ី ឬ​ស្រឡៃ​នាំមុខ​គេ​។ តាម​ការ​ពិត​ភ្លេងពិណពាទ្យ​មានកំណើត​ចេញពី​ប្រទេស​ឥណ្ឌា​តាំងពី​សម័យ​ព្រេងនាយ​មក​ម្ល៉េះ​។ លុះ​ក្រោយមក​ខ្មែរ​ក៏​បាន​កែសម្រួល និង​ថែមថយ​គ្រឿង​ភ្លេង​ឲ្យ​ក្លាយជា​ភ្លេង​របស់​ខ្មែរ​វិញ។

ខ្មែរ​និយម​ប្រើប្រាស់​ភ្លេងពិណពាទ្យ សម្រាប់​ប្រគុំ​កំដរ​ក្នុង​ឱកាស​ឡើងរោង​លាបំណន់​វត្ថុ​ស័ក្ដិ​សិទ្ធិ ពិធី​បុណ្យសព បម្រើ​ក្នុង​របាំ​ព្រះរាជ​ទ្រព្យ និង​ពិធីបុណ្យ​សាសនា​ជាដើម​។ ម្យ៉ាងទៀត ប្រជា​ជន​ខ្មែរ​យើង​ក៏​និយម​លេងភ្លេង ដើម្បី​កំដរ​សិល្បៈ​ដែល​មាន​អាយុ​ចំណាស់​ដូច​ជា​របាំ​បុរាណ​ផង​ដែរ​។

ពិណពាទ្យ ជា​វង្ស​ភ្លេង​ដែល​លេង​ក្នុង​ការ​កំដរ​របាំ​បុរាណ​ក្នុង​ពិធីបួងសួង (​បន់ស្រន់​លាបំណន់​) ក្នុង​ពិធី​សាសនា (​បុណ្យ​កឋិនទាន បំបួស​នាគ ពុទ្ធ​ពិសា​ក​) ជួនកាល​ប្រើ​ក្នុង​ពិធី​បុណ្យសព​។
សព្វថ្ងៃ​វង់​ពិណពាទ្យ ចែក​ជា​ពីរ​វង្ស គឺ វង់​តូច​មាន​ប្រដាប់​៥​គ្រឿង ចំណែក​វង់​ធំ​មាន​១០​គ្រឿង​។

នៅ​ក្នុង​ព្រះរាជវាំង​មាន​គ្រឿង​ភ្លេងពិណពាទ្យ ជា​ពិសេស​មួយ​បែប​ហៅ​ថា ក្រុម​ភ្លេង​មហោរី​មាន​គ្រឿង​ចម្រុះ​ច្រើន​យ៉ាង​ដល់​ទៅ​១៦​គ្រឿង ដែល​ក្នុង​វង្ស​ភ្លេង​នេះ​មាន​ឧបករណ៍​ដូច​ជា ប៉ី ឈឹង ស​ម្ពោ​រ រនាត គង​វង្ស​តូច ធំ ស្គរជ័យ និង​ស្រឡៃ​។ ដូចនេះ​ក្នុង​នាម​យើង​ជា​កូន​ខ្មែរ​ជំនាន់​ក្រោយ គួរតែ​បន្ត​លើក​ស្ទួយ​ជួយ​ការពារ​មរតក​សិល្បៈ​ភ្លេងខ្មែរ​ឲ្យ​បាន​គង់វង្ស​ស្ថិតស្ថេរ​ជា​រៀង​រហូត​ទៅ កុំ​ឲ្យ​បាត់បង់​តទៅ​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ