ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តោះមក​ដឹង​ពី​ការ​ត្រៀមខ្លួន​របស់​កីឡា​ករ​​ជន​ពិការ​​​នៅ​​សុ​ី​ហ្គេ​ម​​ខាង​មុខ​នេះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ធ្លាប់តែ​ដឹង​ពី​ការ​ត្រៀមខ្លួន​របស់​កីឡាករ​ដែល​មាន​កាយសម្បទា​ពេញលេញ បង្ហាញ​ពី​ការ​ចាប់អារម្មណ៍​ចំពោះ​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣ ។ ពេល​នេះ យើង​ងាក​មក​ដឹង​ពី​ការ​ត្រៀមខ្លួន​របស់​កីឡាករ​កីឡាការិនី​ជា​ជន​ពិការ​វិញ​ម្ដង ថា​តើ​ពួក​គាត់ បង្ហាញ​ពី​ការ​ចាប់​អារម្មណ៍​ចំពោះ​ព្រឹត្តិការណ៍់​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣ កម្រិត​ណា…

រាជធានី​ភ្នំពេញ ៖ ធ្លាប់តែ​ដឹង​ពី​ការ​ត្រៀមខ្លួន​របស់​កីឡាករ​ដែល​មាន​កាយសម្បទា​ពេញលេញ បង្ហាញ​ពី​ការ​ចាប់អារម្មណ៍​ចំពោះ​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣ ។ ពេល​នេះ យើង​ងាក​មក​ដឹង​ពី​ការ​ត្រៀមខ្លួន​របស់​កីឡាករ​កីឡាការិនី​ជា​ជន​ពិការ​វិញ​ម្ដង ថា​តើ​ពួក​គាត់ បង្ហាញ​ពី​ការ​ចាប់​អារម្មណ៍​ចំពោះ​ព្រឹត្តិការណ៍់​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣ កម្រិត​ណា ខណៈ​ពេល​នេះ ក្រុមកីឡា​ជា​ជន​ពិការ​ទាំងនេះ ក៏​ប្រកាស​ស្វាគមន៍​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម លើក​ទី​១១ នៅ​ប្រទេស​វៀតណាម ដែល​នឹង​ធ្វើ​នៅ​ខែធ្នូ ឆ្នាំ​២០២១​ផង​ដែរ​។

ថ្លែង​ក្រោយ​បញ្ចប់​ការ​ប្រកួត​ជើងឯក​បាល់​ទះ​អង្គុយ​ជន​ពិការ ឆ្នាំ​២០២០ កាលពី​ពេល​ថ្មី​ៗលោក យី វាសនា អគ្គលេខាធិការ​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា​មាន​ប្រសាសន៍​ថា ប្រភេទ​កីឡា​ជន​ពិការ​កម្ពុជា រង់ចាំ​ការ​បើក​បញ្ជី​ទទួល​ចុះ​ឈ្មោះ​របស់​ម្ចាស់ផ្ទះ វៀតណាម នា​ខែធ្នូ ឆ្នាំ​២០២០ សម្រាប់​ព្រឹត្តិការណ៍​កីឡា អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម លើក​ទី​១១ នា​ឆ្នាំ​២០២១ ជា​ជំហាន​ដំបូង​សិន ដើម្បី​ដឹង​ថា តើ​ប្រភេទ​កីឡា​ណាខ្លះ​ត្រូវ​ទៅ​ប្រកួត ដើម្បី​រៀបចំ​ឈ្មោះ​បញ្ជូន​ចេញ​ផង ។

បន្ទាប់​មក​ទើប​ឈាន​ដល់​ការ​កំណត់​លើ​ប្រភេទ​កីឡា​ដែល​ត្រូវ​ចេញ​ប្រកួត​នៅ​ស៊ី​ហ្គេ​ម​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ ខណៈ​ដែល​ការងារ​មួយ​នេះ គឺ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​មក​ទល់​នឹង​ពេល​នេះ​។

លោក​អគ្គលេខាធិការ​បន្ថែម​ថា ចំពោះ​ប្រភេទ​កីឡាបាល់ទះ​អង្គុយ​របស់​កម្ពុជា មិនសូវ​អាក់ខាន​ទេ​ក្នុង​ការ​ចូលរួម​ប្រកួតប្រជែង​ក្នុង​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​កន្លង​ទៅ ហើយ​សម្រាប់​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម លើក​ទី​១០ នៅ​ប្រទេស​ហ្វី​លី​ពី​ន ដែល​ត្រូវ​បាន​លុប​ចោល​ដោយសារ​បញ្ហា​វិបត្តិ​ជំងឺ​កូ​វី​ដ​-១៩ ដោយពេល​នោះ​មាន​៤​ប្រទេស​បាន​ចុះ​ឈ្មោះ​ចូលរួម គឺ​កម្ពុជា ម៉ា​ឡេ​ស៊ី មី​យ៉ា​ន់​ម៉ា និង​ប្រទេស​ថៃ មាន​តែ​៤​ប្រទេស មិន​អាច​បើក​ប្រកួត​គ្នា​បាន តែ​សម្រាប់​ព្រឹត្តិការណ៍​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម លើក​ទី​១១ នៅ​ប្រទេស​វៀតណាម នា​ឆ្នាំ​២០២១​ខាង​មុខ​នេះ គឺ​កម្ពុជា​បាន​ត្រៀម​រួចរាល់ ដោយ​លោក​រំពឹង​ថា កីឡា​ជន​ពិការ​ក្នុង​បណ្ដា​ប្រទេស​អាស៊ាន នឹង​ដាក់​ពាក្យ​ចូល​ប្រកួត​លើស​ពី​៤​ប្រទេស ដើម្បី​អាច​ដំណើរការ​បាន ។

លោក យី វាសនា បាន​លើក​ឡើង​ថា សម្រាប់​ការ​ត្រៀម​របស់​ប្រភេទ​កីឡា​ជន​ពិការ​របស់​គណៈ​កម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា គឺ​ទាំង​គ្រូបង្វឹក និង កីឡាករ​ពិការ​ទាំងអស់​សុទ្ធតែ​ប្តេជ្ញា​ចិត្ត​ខ្ពស់ ជា​ពិសេស​គឺ​គ្រូបង្វឹក គឺ​នឹង​ប្រើ​សមត្ថភាព​ឱ្យ​អស់ពី​លទ្ធភាព​ដើម្បី​ជួយ​កីឡាករ​ពិការ​គ្រប់​ប្រភេទ ជា​ពិសេស​គឺ​កីឡា​ជន​ពិការ​លើ​ប្រភេទ​កីឡាបាល់ទះ​អង្គុយ ឱ្យ​មានការ​រីក​ចម្រើន ។

គ្រូបង្វឹក និង កីឡាករ​ភាគច្រើន បាន​ទាំង​សន្យា​ថា នឹង​ដណ្តើម​មេដាយមាស​ឲ្យ​បាន ក្នុង​ការ​ប្រកួត​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម លើក​ទី​១១ នៅ​ប្រទេស​វៀតណាម នា​ឆ្នាំ​២០២១​ខាង​មុខ​នេះនោះ​ផង ។ ដកស្រង់​សម្ដី​នា​ពេល​នោះ លោក​ថ្លែង​បញ្ជាក់​ថា​«​ខ្ញុំ​សែន​រីករាយ​នៅ​ត្រង់នេះ ដែល​ពួក​គាត់​មាន​ឆន្ទៈ​ខ្ពស់ ការ​លះបង់​គ្រប់​បែប​យ៉ាង​របស់​បងប្អូន​ជា​ជន​ពិការ​ទាំងអស់​ប្តេជ្ញា​ដណ្តើម​យក​មេដាយមាស​មក​ជូន​ជាតិ​»​។

អគ្គលេខាធិការ​រូប​នេះ​បាន​លើក​ឡើង​ទៀត​ថា​«​តាម​ស្តង់ដារ​បច្ចេកទេស​អន្តរជាតិ បាល់ទះ​អង្គុយ​នេះ ១​ក្រុម​មាន​១៤​នាក់ ក្នុង​នោះ​មាន​គ្រូបង្វឹក​២​នាក់ គឺ​គ្រូ​បង្គោល និង​គ្រូ​ជំនួយ ហើយ​តាម​រយៈ​ការ​ប្រកួត​នេះ យើង​នឹង​សម្រិតសម្រាំង​កីឡាករ​ឆ្នើម​ៗ​សម្រាប់​ការ​ប្រកួត​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម ឆ្នាំ​២០២១​ផង និង​បន្ត​ជ្រើសរើស​យុវជន​មាន​ពិការ​ភាព​ពី​គ្រប់​មជ្ឈដ្ឋាន​ទូ​ទាំង​ប្រទេស ដើម្បី​បើក​ឱកាស​ជូន​ដល់​ពួក​គាត់ ឲ្យ​ចូលរួម​ក្នុង​វិស័យ​កីឡា​ជន​ពិការ ដើម្បី​ជាតិ​យើង ដើម្បី​កិត្តិយស​ជន​ពិការ​យើង ដើម្បី​ត្រៀមលក្ខណៈ​ឲ្យ​កាន់តែ​រឹង​មាំ ក្នុង​ដំណើរ​បាញ់​ឆ្ពោះទៅ​ទទួល​រៀបចំ​ព្រឹត្តិ​ការណ៍​កីឡា អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម លើក​ទី​១២ ឆ្នាំ​២០២៣ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រឹត្តិការណ៍​កីឡា​ជន​ពិការ​នេះ នឹង​ប្រារព្ធ​ធ្វើ​ឡើង ក្រោយ​បញ្ចប់​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣ ប្រមាណ​ពី​រស​ប្តា​ហ៍​»​។

អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា​(NPCC) លោក យី វាសនា បន្ត​ថា កីឡា​ច្រើន​ផ្នែក​កំពុង​រៀបចំ​ជើង​ព្រួល​រួច​ស្រេច​សម្រាប់​ប៉ា​រ៉ា​ហ្គេ​ម ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៅ​ឆ្នាំ​២០២៣ ។ លោក​ក៏​រំពឹង​ថា កីឡា​ជន​ពិកា​របស់​កម្ពុជា នឹង​ដណ្ដើម​បាន​មេដាយ​គួរ​ជាទី​មោ​ទ​នៈ នា​ពេល​នោះ​ផង ។

លោក​បាន​ទាំង​ចាត់​ទុក​ថា ប៉ា​រ៉ា​ហ្គេ​ម​ដែល​ធ្វើ​ឡើង​នៅ​វៀតណាម​នៅ​ឆ្នាំ​ក្រោយ នឹង​ក្លាយជា​ការ​ធ្វើតេស្ត​សាក​កម្លាំង​ដ៏​សំខាន់ សម្រាប់​កីឡាករ​ជន​ពិការ​លើ​គ្រប់​វិញ្ញាសា​នោះ​ផង ។ លោក​បន្ត​ថា ជន​ពិការ ច​លករ​ខួរក្បាល ឬ​ពិការ​កម្រិត​ធ្ងន់ ក៏ អាច​លេង​កីឡា​បាន​ដូច​ជន​ពិការ​កម្រិត​ស្រាល និង​មនុស្ស​ធម្មតា​ដែរ ។ ដូច្នេះ​វា​ច្បាស់​ណាស់​ថា កីឡាករ​ជន​ពិការ​គ្រប់​រូប​កំពុង​ត្រៀមខ្លួន​ច្បាស់​លាស់ ដោយ​ក្នុង​នោះ​ក៏​មាន​រៀបរយ​វិញ្ញាសា​ទាំងអស់ និង​ត្រៀម​បញ្ជូន​ធនធាន​ល្អ​ឱ្យ​ចេញ​ហ្វឹកហាត់​នៅ​តាម​បណ្ដា​ប្រទេស​មួយ​ចំនួន ដើម្បី​រៀប​ជើង​ព្រួល​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ