រាជធានីភ្នំពេញ ៖ ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាកន្លែងសម្រាប់ប្រារព្វពិធីបើកនិងបិទជាផ្លូវការការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ គ្រោងបញ្ចប់ការសាងសង់ជាស្ថាពរនៅខែឧសភា ឆ្នាំ២០២១។
នេះបើតាមការឱ្យដឹងពីលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិកីឡាស៊ីហ្គេម(CAMSOC)ក្នុងឱកាសជូនដំណើរសម្ដេចពិជ័យសេនាទៀ បាញ់ ប្រធានគណៈកម្មាធិការជាតិកីឡាស៊ីហ្គេមឆ្នាំ២០២៣ ក្នុងដំណើរទស្សនកិច្ចពិនិត្យមើលការសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីព្រឹកថ្ងៃទី៥ តុលា។
លោក វ៉ាត់ ចំរើន បានមានប្រសាសន៍បន្តថា ដំណើរទស្សនកិច្ចជាលើកទី២ នាពេលនេះធ្វើឡើងទៅតាមកម្មវិធីគ្រោងទុក ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្ដេចពិជ័យសេនាប្រធានគណៈកម្មាធិការជាតិកីឡាស៊ីហ្គេម អមដំណើរដោយលោកបណ្ឌិតថោង ខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានគណៈកម្មាធិការជាតិកីឡាស៊ីហ្គេម និងអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជាផងដែរ ក្នុងការបង្ហាញពីវឌ្ឍនភាពនៃការកសាងពហុកីឡដ្ឋានជាតិមរតកតេជោដែលជាជំនួយឥតសំណងរបស់ប្រទេសចិន។
នៅក្នុងដំណើរទស្សនកិច្ចនេះផងដែរបានផ្ដោតទៅលើការត្រៀមលក្ខណៈសំខាន់ៗចំនួន២គឺ ទី១-ការសាងសង់ពហុកីឡដ្ឋានធំមានការប្រែប្រួលកាលបរិច្ឆេទក្នុងការសាងសង់បង្ហើយចុងក្រោយដោយខាងក្រុមហ៊ុនសាងសង់ប្រទេសចិនបានបញ្ជាក់ប្រាប់ថា នឹងបញ្ចប់ការសាងសង់នៅខែឧសភា ឆ្នាំ២០២១ ដែលពីមុនថាគ្រោងបញ្ចប់ត្រឹមខែមេសាប៉ុណ្ណោះ ។
ត្រង់ចំណុចនេះខាងក្រុមហ៊ុនសាងសង់បានបញ្ជាក់ថា ការយឺតយ៉ាវនេះដោយសារតែមានការរៀបចំតុបតែងផ្នែកខាងក្នុងច្រើន រាប់តាំងពីការបំពាក់កញ្ចក់កន្លែងបន្ទប់វីអាយភី និងសម្ភារលម្អផ្សេងៗជាច្រើនទៀត ។ នៅពេលការសាងសង់រួចរាល់នឹងមានរៀបចំការប្រកួតកីឡាជាតិលើកទី៤តែម្ដង ។ ទី២-គឺការកសាងបុរីកីឡា ហៅថាភូមិកីឡាដែលអាចផ្ទុកកីឡាករបានរហូតដល់ទៅជាង៧ពាន់នាក់ ហើយត្រូវធ្វើឱ្យទាន់ពេលវេលា ព្រោះវាជាកន្លែងប្រមូលផ្ដុំកីឡាករស្នាក់នៅនិងហូបចុក ព្រមទាំងមានកន្លែងសម្រាប់ប្រកួតមួយចំនួនទៀត។
ជាមួយនឹងរបាយការណ៍ជាក់លាក់របស់ក្រុមហ៊ុនសាងសង់នេះ នឹងធ្វើឱ្យការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ខាងមុខនេះអាចកាត់បន្ថយការចំណាយក្នុងការរៀបចំបានច្រើន ព្រោះមានកន្លែងស្នាក់នៅផ្ដុំគ្នា បើសិនជាស្នាក់នៅសណ្ឋាគារពិតជាមានការចំណាយច្រើន រួមទាំងការដឹកជញ្ជូនជាដើម ។ ចំពោះរបាយការណ៍វឌ្ឍនភាពដ៏ជាក់លាក់ទាំងពីរខាងលើនេះ ធ្វើឱ្យសម្ដេចពិជ័យសេនាមានភាពកក់ក្ដៅ ។
សម្ដេចក៏បានជំរុញដល់ក្រុមហ៊ុនធ្វើការឱ្យបានល្អទៅតាមគម្រោងនិងពេលវេលាដែលបានកំណត់ និងគោរពឱ្យបានត្រឹមត្រូវតាមស្តង់ដាបច្ចេកទេសនៃការសាងសង់ផង និងតាមនិយាមបច្ចេកទេស ប្រភេទកីឡាទាំងអស់ដែលមាននៅក្នុងនោះ។បន្ទាប់ពីនេះទៅ ថ្នាក់ដឹកនាំCAMSOC គ្រោងបន្តដំណើរទៅទស្សនកិច្ចប្រភេទកីឡាលើទឹកមួយចំនួនដែលត្រូវប្រកួតនៅខេត្តកែបនិងកំពត ដើម្បីឱ្យមានភាពកក់ក្ដៅថែមទៀត ។
ដូច្នេះនៅក្នុងឆ្នាំ២០២០នេះ គ្រប់ហេដ្ឋារចនាសម្ព័ន្ធទាំងអស់ត្រូវកំណត់នៅក្នុងផែនការឱ្យបានច្បាស់លាស់ ថាកីឡាណាលេងកន្លែងណា ហើយកន្លែងណាមានស្តង់ដាឬមិនទាន់មានស្តង់ដាត្រូវធ្វើឱ្យហើយទាំងអស់ ។ យើងខ្វល់តែពេលវេលារៀបចំព្រឹត្តិការណ៍ និងការរៀបចំកីឡាឱ្យមានគុណភាពប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ