ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​អឹុម សុង​សឺ​ម ស្លា.ប់​ទាំង​វ័យក្មេង ខណៈ​កំពុង​ល្បីឈ្មោះ​ក្នុង​អាជីព​ចម្រៀងច្រៀង​ចំអក​ឱ្យ​អ្នកស្រី​ហួយ មាស សិស្ស​រួម​គ្រូ

8 ឆ្នាំ មុន

ប្រភព​ដើម
លោក​អឹុម សុង​សឺ​ម ចាប់កំណើត​នៅ​ឆ្នាំ​១៩៤៣ នៅ​ឃុំ​កំពង់ព្រះ ស្រុក​សង្កែ ខេត្តបាត់ដំបង ។
លោក​អឹុម ស៊ាន និង​អ្នកស្រី​តាន់ សឿ​ន ជា​អ្នក​ផ្តល់​កំណើត​ឱ្យ​លោក​​អឹុម សុង​សឺ​ម ។
លោក​អឹុម សុង​សឺ​ម ជា​អតីត​សិស្ស​ថ្នាក់​ទី​៣​នៃ​វិទ្យាល័យ​ព្រះ​មុនី​វង្ស ខេត្តបាត់ដំបង ។

ប្រភព​ដើម
លោក​អឹុម សុង​សឺ​ម ចាប់កំណើត​នៅ​ឆ្នាំ​១៩៤៣ នៅ​ឃុំ​កំពង់ព្រះ ស្រុក​សង្កែ ខេត្តបាត់ដំបង ។
លោក​អឹុម ស៊ាន និង​អ្នកស្រី​តាន់ សឿ​ន ជា​អ្នក​ផ្តល់​កំណើត​ឱ្យ​លោក​​អឹុម សុង​សឺ​ម ។
លោក​អឹុម សុង​សឺ​ម ជា​អតីត​សិស្ស​ថ្នាក់​ទី​៣​នៃ​វិទ្យាល័យ​ព្រះ​មុនី​វង្ស ខេត្តបាត់ដំបង ។

ដុះ​ពន្លក​សិល្បៈ​ចម្រៀង​តាំងពី​នៅ​រៀន
បើ​តាម​អ្នកស្រី​កែវ ច័ន្ទ​បូ​រណ៍ ជា​អ្នកនិពន្ធ​ប្រលោមលោក បាន​លើក​ឡើង​ឱ្យ​ដឹង​នៅ​ក្នុងសា្ន​ដៃ​រៀបរៀង​ពី​ប្រវត្តិ​របស់​រាជិនី​សំឡេង​មាស​រស់ សិរី​សុទ្ធា ថា ឪពុក​របស់​អ្នកស្រី​ឈ្មោះ ប៊ុ​ន ថង ជា​សាស្ត្រាចារ្យ និង​ដែល​មាន​ជំនាញ​ខាង​តន្ត្រី ដោយ​ចេះ​លេង​ចាប៉ី ស្គរ និង​ហ្គី​តា​យា​៉​ង​ចំណាន បាន​ជួយ​បណ្តុះ​បណ្តាល​សិស្ស​របស់​គាត់​ជា​ច្រើន​នាក់​ឱ្យ​ក្លាយជា​អ្នកចម្រៀង​ល្បីឈ្មោះ មាន​លោក​អឹុម សុង​សឺ​ម អ្នកស្រី​ហួយ មាស អ្នកស្រី​ប៉ែន រ៉​ន និង​ប្អូន​ទាំង​បី​នាក់ គឺ​អ្នកស្រី​ប៉ែន រ៉​ម អ្នកស្រី​ប៉ែន រ៉ាំ និង​អ្នកស្រី​ប៉ែន ច​ន្ថា ។

នៅ​ពេលទំនេរ​ពី​កិច្ចការ​ជា​សាស្ត្រាចារ្យ​នៅ​វិទ្យាល័យ​អ៊ា​ប ឃុ​ត​នេ​ត​យ៉ង លោក​សាស្ត្រាចារ្យ​ប៊ុ​ន ថង បាន​បង្កើត​ថ្នាក់​បង្រៀន​នៅផ្ទះ​ឱ្យ​សិស្ស​ជួបជុំ​គ្នា​ធ្វើ​លំ​ហាត់​សាលា​ដើម្បី​ឱ្យ​កាន់តែ​រៀន​ពូកែ ហើយ​ជួនកាល​គាត់​នាំ​សិស្ស​ហាត់​លេង​តន្ត្រី និង​ច្រៀង ក្នុង​នោះ​មាន​ទាំង​លោក​អឹុម សុង​សឺ​ម ផង ។ ទទួល​ការ​បណ្តុះបណ្តាល​នោះ​ផង និង​ទេព​កោសល្យ​ពី​ធម្មជាតិ​ផង លោក​អឹុម សុង​សឺ​ម បាន​ទទួល​ចំណាត់ថ្នាក់​លេខ​១ ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​នៅ​ក្រុង​បាត់ដំបង ក្នុង​គ្រា​លោក​នៅ​រៀន​នៅឡើយ ។

ទេព​កោសល្យ​ចម្រៀង​កាន់តែ​លូតលាស់
បន្ទាប់​ពី​នោះ​មក លោក​​អឹុម សុង​សឺ​ម ត្រូវ​ក្រសួង​ឃោសនាការ​ទាក់ទង​ឱ្យ​ចូល​ជា​សមាជិក​ក្នុង​ក្រុម​តន្ត្រី​ឈ្មោះ «​ក្រុម​តន្ត្រី​យោធា​ភិ​រម្យ​» ។
បើ​តាម​អ្នកស្រី​កែវ ច័ន្ទ​បូ​រណ៍ ឱ្យ​ដឹង​ថា លោក​អឹ​ុ​ម សុង​សឺ​ម ច្រៀង​ប្រចាំ​នៅ​រង្គសាល «​ស្ទឹង​ខៀវ​» នា​ខេត្តបាត់ដំបង មុន​ពេល​លោក​បាន​ក្លាយជា​អ្នកចម្រៀង​ល្បីឈ្មោះ​នៅ​ភ្នំពេញ ។

អាជីព​ក្រៅពី​ជា​អ្នកចម្រៀង
ក្រៅពី​អាជីព​ជា​អ្នកចម្រៀង លោក​អឹុម សុង​សឺ​ម បាន​ចូល​ធ្វើ​ជា​យុទ្ធ​ជន​ក្នុង​កងពលតូច​ថ្មើរជើងលេខ​១៣ មាន​ឋានន្តរ​សិ​ក្តិ​ជា​អនុសេនីយ៍ត្រី នៅ​ក្រោយ​ព្រឹត្តិការណ៍​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​១៩៧០ ។

លើស​ពី​នេះ​បើ​តាម​អ្នកស្រី​កែវ ច័ន្ទ​បូ​រណ៍ បង្ហាញ​ថា លោក​អឹុម សុង​សឺ​ម ជា​អតីត​គ្រូបង្រៀន​នៅ​កំ​ពង​ព្រះ បាត់ដំបង ។
អនុស្សាវរីយ៍​ជាមួយ​អ្នកស្រី​រស់ សេរី​សុទ្ធា ពេល​ចាក​ចេញពី​ស្រុក​កំណើត​ទៅ​នៅ​ភ្នំពេញ​ដំបូង នៅ​ចុងឆ្នាំ​១៩៦៧ អ្នកស្រី​រស់ សិរី​សុទ្ធា បាន​ចូល​ជា​សមាជិក​ក្នុង​ក្រុម​តន្ត្រី «​យោធា​ភិ​រម្យ​» នៃ​ក្រសួង​ឃោសនាការ​ជាមួយ​លោក​អឹុម សុង​សឺ​ម ដែរ ។ អ្នកស្រី​រស់ សេរី​សុទ្ធា តែងតែ​ចេញ​ច្រៀង​ជា​សាធារណៈ​ញឹកញាប់​ជា​ដៃគូ​ជាមួយ​លោក​អឹុម សុង​សឺ​ម ។

លោក​​អឹុម សុង​សឺ​ម តែងតែ​ជួយ​ជ្រោមជ្រែង និង​ណែនាំ​ផ្លូវ​ជីវិត​យា​៉​ង​កក់ក្តៅ​ដល់​អ្នកស្រី​រស់ សេរី​សុទ្ធា ទុកដូចជា​សាច់ញាតិ​របស់​លោក​ដែរ ។
អំឡុង​ពេល​នោះ​អ្នកស្រី​រស់ សេរី​សុទ្ធា ជួល​ផ្ទះ​នៅ​ក្បែរ​សាលា​ពៅ​អ៊ុំ ជិត​ផ្ទះ​អ្នកស្រី​ហួយ មាស ។ ពេល​ទៅ​ធ្វើការ​អ្នកស្រី​រស់ សេរី​សុទ្ធា តែងតែ​ជិះ​ត្រីចក្រយាន (​ស៊ី​ក្លូ​) ។ ជួនកាល​លោក​អឹុម សុង​សឺ​ម បាន​យកអាសា​ដោយ​ឱ្យ​អ្នកស្រី​រស់ សេរី​សុទ្ធា ជិះ​រថយន្ត​ទៅ​ជាមួយ​លោក ព្រោះ​ធ្វើការ​នៅ​កន្លែង​ជាមួយ​គ្នា ។

ច្រៀង​ចំអក​អ្នកស្រី​ហួយ មាស ជា​សិស្ស​រួម​ថ្នាក់​សិក្សា និង​រួម​គ្រូសិល្បៈ
ក្នុង​រឿង​រ៉ា​វ​ស្នេហា​បែក​ព្រាត់​របស់​អ្នកស្រី​ហួយ មាស និង​តន្ត្រីករ​ប្រចាំ​វិទ្យុជាតិ លោក​អ៊ុំ សុ​ផា​នុ​រក្ស ដែល​មាន​ចម្រៀង​ឌឺដង ផ្លែផ្កា​គ្នា គឺ​បទ «​សំឡេង​ទ្រខ្មែរ​» ច្រៀង​ដោយ​លោក អ៊ុំ សុ​ផា​នុ​រក្ស​, បទ «​ចិត្ត​ខុស​ពី​មុន​» ច្រៀង​ដោយ​អ្នកស្រី​ហួយ មាស​, បទ «​បក្សី​ក្ងោកមាស​» ច្រៀង​ដោយ​លោក​អឹុម សុង​សឺ​ម​, បទ «​ដំបៅ​ស្នេហ៍​» ច្រៀង​ដោយ​អ្នកស្រី​ម៉ៅ សា​រ៉េ​ត និង​បទ «​កូន​យើង​បាន​អាយុ​៥​ឆ្នាំ​ហើយ​» ច្រៀង​ដោយ​លោក​អាប់​ឌុ​ល សារី …​គឺ​លោក​អឹុម សុង​សឺ​ម មាន​ចំណែក​នៅ​ក្នុង​នោះ​ដែរ ។

លោក​អឹុម សុង​សឺ​ម និង​អ្នកស្រី​ហួយ មាស ធ្លាប់​រៀន​រួម​ថ្នាក់​ជាមួយ​គ្នា ក្រោម​ការ​បង្រៀន​ដោយ​សាស្ត្រាចារ្យ​ប៊ុ​ន ថង ។ លើស​ពី​នេះ​អ្នក​ទាំង​ពីរ​ទទួល​ការ​បណ្តុះបណ្តាល​ផ្នែក​ចម្រៀង​ពី​សាស្ត្រាចារ្យ​ប៊ុ​ន ថង ទៀត ។

នៅ​ពេល​យុវតី​ហួយ មាស ប្រឡង​ឌី​ប្លូ​ម​វគ្គ​ទី​មួយ​ធ្លាក់ នាង​ខកចិត្ត​ជា​ខ្លាំង លែង​មាន​កម្លាំងចិត្ត​ចង់​ចូល​ប្រឡង​លើក​ទី​ពីរ ។ កាលនោះ​លោក​​អឹុម សុង​សឺ​ម ដែល​ជា​សិស្ស​ច្បង បាន​ប្រឡង​ជាប់​ធ្វើ​គ្រូបង្រៀន តែ​លោក​មិន​បាន​ចូល​ធ្វើការ​ខាង​ផ្នែក​នេះ​ទេ បែរជា បន្តការងារ​ខាង​តន្ត្រី​យោធា ក្រសួង​ឃោសនាការ​ទៅ​វិញ ដ្បិត​លោក​ធ្លាប់​បាន​ចូលរួម​ការងារ នៅ​ទីនោះ​តាំងពី​នៅ​រៀន​មក​ម្ល៉េះ ដូច្នេះ​ហើយ​ពុំ​ដាច់​អាល័យ​ពី​កន្លែង​នោះ ។

លុះ​បាន​ដំណឹង​ថា សិស្ស​ប្អូន​ហួយ មាស​បាក់ទឹកចិត្ត កើតទុក្ខ គេច​មុខ មិន​ជួប​នរណា ក៏​ចេញ​ទៅ​តាម​រក​នាង​ឱ្យមក​បង្ហាញ​ទេព​កោសល្យ​របស់​នាង តាម​រយៈ​ក្រុម​តន្ត្រី​ខេត្ត ដែល​ចេញផ្សាយ​ស្នាដៃ​រៀង​រាល់​ស​ប្តា​ហ៍ ដើម្បី​លើក​ស្ទួយ​កម្លាំងចិត្ត​នាង​។

អាស្រ័យ​ប្រការ​នោះ​ហើយ ដែល​នាំ​ឱ្យ​យុវតី ហួយ មាស មានឱកាស​បាន​បញ្ចេញ​ទេព​កោសល្យ​របស់​ខ្លួន ផ្នែក​សំនៀង​វោហារ តាម​និស្ស័យ​សម្បទា​ដែល​នាង​ពេញចិត្ត​បំផុត តាំងពី​កុមារភាព​រហូត​ដល់​បាន​ល្បីឈ្មោះ​ពេញ​ខេត្ត​ទាំងមូល​ក្នុង​រយៈពេល​ដ៏​ខ្លី ។

នៅ​ឆ្នាំ​ដដែល ពេល​លោក​​អឹុម សុង​សឺ​ម​ត្រូវ​ផ្លាស់​ទៅ​នៅ​ភ្នំពេញ ដើម្បី​បណ្តុះ​អាជីព​ជា​តារាចម្រៀង​ប្រចាំ​ប្រទេស លោក​ក៏​បាន​ស្វែងរក​ផ្លូវ ណែនាំ​សិស្ស​ប្អូន​របស់​លោក​ទៅ​សិល្បករ​រៀមច្បង​ផ្នែក​តូរ្យតន្ត្រី និង​វិទ្យុជាតិ​នៅ​ភ្នំពេញ​ដើម្បី​ជួយ​ឱ្យ​ពួក​គេ​អាច​បន្ត​ការ​រីក​ដុះដាល​នៅ ភ្នំពេញ ដូច​លោក​ដែរ ក្នុង​នោះ​មាន​សិស្ស​ប្អូន​ហួយ មាស​, ប៉ែន រ៉​ន និង​រស់ សេរី​សុទ្ធា ដែល​ចេញ​ទៅ​ភ្នំពេញ​បន្តបន្ទាប់​ក្នុង​ឆ្នាំ​តែ​មួយ ។

ក្នុង​អាជីព​ចម្រៀង ពី​ដំបូង​ឡើយ​អ្នកស្រី​ហួយ មាស ច្រើន​ច្រៀង​បទ​ទោល​តែ​ប៉ុណ្ណោះ ហើយ​ប្រសិនបើ​ច្រៀង​ចម្រៀង​ឆ្លើយឆ្លង​វិញ អ្នកស្រី​ច្រើន​តែ​ជ្រើស​ដៃគូ​ជាមួយ​លោក​​អឹុម សុង​សឺ​ម ដែល​ជា​សិស្ស​ច្បង​របស់​ខ្លួន មិនសូវ​ឃើញ​ច្រៀង​ជាមួយ​នរណា​ទៀត​ឡើយ ។ អ្នកស្រី​ហួយ មាស ប្រកាន់​វិន័យ​ខ្ជាប់ខ្ជួន​ណាស់ មិនសូវ​ច្រៀង​ឆ្លើយឆ្លង​ជាមួយ​បុរស​ណា​ទេ រហូត​ដល់​ពេល​រៀប​ការ​មានកូន​ហើយ ទើប​ចាប់​ដៃគូ​ចម្រៀង ផ្សេង​ៗ​ទៀត​ក្រៅពី​លោក​អឹុម សុង​សឺ​ម ។

រវាង​លោក​​អឹុម សុង​សឺ​ម និង​អ្នកស្រី​ហួយ មាស មាន​ភាព​ជិត​ស្និទ្ធ​នឹង​គ្នា​បែប​នោះ តែ​ក្រោយមក​មើល​មុខ​គ្នា​មិន​ចំ​ទៅ​វិញ រឿង​នេះ​ទាក់ទិន​នឹង​រឿង​ស្នេហា​បែក​ព្រាត់​របស់​អ្នកស្រី​ហួយ មាស និង​លោក អ៊ុំ សុ​ផា​នុ​រក្ស ដោយ​លោក​​អឹុម សុង​សឺ​ម កាន់ជើង​លោក អ៊ុំ សុ​ផា​នុ​រក្ស ដែល​ជា​មិត្តភក្តិ​របស់​លោក ។

បើ​តាម​សំដី​កវីនិពន្ធ​នានា​ដែល​នៅ​មានជីវិត​ដូច​ជា​លោក​អ៊ុំ ដ​រ៉ា លោក​ហេ ជុន​សិ និង​លោក​ហេង ហួ​វ៉េ​ង (​ស្លាប់​ឆ្នាំ​២០១២) ឱ្យ​ដឹង​ថា កាលនោះ​ចម្រៀង​ដំបូង​គេ​បំផុត​ដែល​បង្ហើរ​ឡើង​ដើម្បី​បកស្រាយ​ពី​ការ​ឈឺចាប់​របស់​លោក​អ៊ុំ សុ​ផា​នុ​រក្ស នោះ​មាន​ចំណងជើង​ថា «​សំឡេង​ទ្រខ្មែរ​» ច្រៀង​ផ្ទាល់​ដោយ​លោក​អ៊ុំ សុ​ផា​នុ​រក្ស ហៅ​យែ​ល​ផ្ទាល់​តែ​ម្តង ដែល​បទ​នេះ​គឺជា​ស្នាដៃ​និពន្ធ​របស់​កវី​សេក​មាស​ម៉ា ឡៅ​ពី ព្រោះ​កវី​នេះ​កាន់ជើង​លោក​អ៊ុំ សុ​ផា​នុ​រក្ស ហៅ​យែ​ល ។ បទ​នេះ​លោក​ហេង ហួ​វ៉េ​ង ដែល​ជា​ប្រធាន​ក្រុម​តន្ត្រី​ឃោសនាការ​(​វិទ្យុជាតិ​) ជា​អ្នកនិពន្ធ​បទ​ភ្លេង និង​សម្រួល​តន្ត្រី ។

ដោយឡែក និយាយ​ពី​កវី​រៀមច្បង​ពៅ ស៊ី​ផូ វិញ​ជា​អ្នក​កាន់ជើង​អ្នកស្រី​ហួយ មាស ពេល​ឮ​លោក​អ៊ុំ សុ​ផា​នុ​រក្ស​ច្រៀង​រិះគន់​ចំអក​អ្នកស្រី​ហួយ មាស ដោយ​ចោទ​ថា «​ជា​ស្រី​សាវា ស្រី​ក្បត់​ប្តី រត់​ចោល​កូន​» បែប​នេះ លោក​ក៏​និពន្ធ​ចម្រៀង​មួយ​បទ​ឱ្យ​អ្នកស្រី​ហួយ មាស ច្រៀង​បក​ទៅ​វិញ គឺ​បទ «​ចិត្ត​ខុស​ពី​មុន​» ។

បទ «​ចិត្ត​ខុស​ពី​មុន​» និពន្ធ​បទ​ភ្លេង និង​ទំនុកច្រៀង​ដោយ​លោក​ពៅ ស៊ី​ផូ​, សម្រួល​តន្ត្រី​ដោយ​លោក​ហេង ហួ​វ៉េ​ង​, ច្រៀង​ដោយ​អ្នកស្រី​ហួយ មាស ប្រគំ​ថត​ដោយ​វង់ភ្លេង​ឃោសនាការ​។

«​ចិត្ត​ខុស​ពី​មុន​ដែល​អូន​ស្មានថា​សុភាពបុរស នៅ​គ្រា​ដំបូង​បង្អស់​ដែល​អូន​បោះបង់​ចិត្ត​លើ​បង ជឿ​លង់គំនិត ជឿ​ពិត​ថា​ដូច​បំណង ជឿ​ថា​បាន​មក​លើ​ដៃ​បង អស់​សៅហ្មង​ក្នុង​ជីវិត​ថ្មី​…»​។

ទោះជា​យ៉ាងណា​ក្តី ពាក្យពេចន៍​ដែល​អ្នកស្រី ហួយ មាស រៀបរាប់​ដោះសា និង​អង្វរ​លន់តួ​ទាំងនេះ​មិន​បាន​ចូល​ត្រចៀក​លោក​អ៊ុំ សុ​ផា​នុ​រក្ស ឡើយ ប៉ុន្តែ​វា​បែរជា​ធ្វើ​ឱ្យ​លោក​កាន់តែ​ឈឺចិត្ត​ថែម​ទៀត ដោយ​មិន​ទទួល​ការ​ដោះសា​ទាំងនោះ​បន្តិច​ណា​ទេ ។

ភ្លាម​នោះ​លោក​អឹុម សុង​សឺ​ម ជា​អ្នកចម្រៀង​ក្នុង​ក្រុម​តន្ត្រី​វិទ្យុជាតិ​ដែរ ហើយ​ដែល​កាន់ជើង​លោក​អ៊ុំ សុ​ផា​នុ​រក្ស ក៏​បាន​និពន្ធ​ចម្រៀង​វាយបក​វិញ និង​ច្រៀង​ដោយ​ខ្លួន​លោក​ផ្ទាល់​ដើម្បី​ចំអក​ផ្លែផ្កា រិះគន់​អ្នកស្រី​ហួយ មាស ជំនួស​លោក​អ៊ុំ សុ​ផា​នុ​រក្ស ព្រោះតែ​ឈឺចិត្ត​ជួស​មិត្តភក្តិ​។ បទ​នោះ​មាន​ចំណងជើង​ថា «​បក្សី​ក្ងោកមាស​» ។

បទ «​បក្សី​ក្ងោកមាស​» លោក​អឹុម សុង​សឺ​ម បាន​ដាក់​មនោសញ្ចេតនា​ជ្រៅ​ណាស់​ក្នុង​ពេល​ច្រៀង គឺ​ហាក់ដូច​រឿង​នេះ​ជា​រឿង​ផ្ទាល់​របស់​លោក​អីុ​ចឹ​ង ដូច្នេះ​ហើយ​បានជា​ពេល​គេ​ស្តាប់​បទ​នេះ​កាលណា គេ​ហាក់​ឃើញ​រូបភាព​តួ​ប្រុស​ក្នុង​ចម្រៀង​នេះ​កំពុង​ចុកចាប់​ដល់​កម្រិត​កំពូល​។ មិន​ថា​តែ​ពាក្យពេចន៍​ដែល​សង្កត់ធ្ងន់​ចំពោះ​ការ​ខកចិត្ត និង​ចុក​ឈាម​ប៉ុណ្ណោះ​ទេ សូ​ម្បី​តែ​ការ​បញ្ចេញ​សំនៀង​របស់​លោក​​អឹុម សុង​សឺ​ម ក៏​ហាក់​អួល​ណែន​ដើមទ្រូង​យ៉ាង​ជ្រៅ​ដែរ មិនដឹង​ថា​ពេល​កំពុង​ថត​បទ​នេះ​លោក​បញ្ចូល​អារម្មណ៍ និង​ទឹកចិត្ត​ឈឺចាប់​ជ្រៅ​ដល់​កម្រិត​ណា​ឡើយ ។

«​បទ​បក្សី​ក្ងោកមាស​» និពន្ធ​បទ​ភ្លេង និង​ទំនុកច្រៀង​ដោយ​លោក​អឹុម សុង​សឺ​ម​, សម្រួល​តន្ត្រី​ដោយ​លោក​ហេង ហួ​វ៉េ​ង​, ច្រៀង​ដោយ​អឹុម សុង​សឺ​ម ប្រគំ​ថត​ដោយ​វង់ភ្លេង​ឃោសនាការ​។

«​តើ​ដល់​ឆ្នាំ​ណា​ទើប​អូន​ភ្ញាក់ខ្លួន ? កូន​ស្រស់​ស្រី​ស្ងួន​យំ​រក​អូន​ខ្លាំង ចោល​បង និង​កូន​ឱ្យ​វេទនាណាស់ រស់​អត់​រស់​ឃ្លាន​រលាំង​រលះ នេះ​គឺ​កម្មក្រាស់​យើង​ហើយ​ណ៎ា​…»​។

ពាក្យ «​ក្ងោកមាស​» ក្នុង​ទំនុកច្រៀង​នេះ​លោក​​អឹុម សុង​សឺ​ម ចង់​សំដៅ​ន័យ​ពីរ​យ៉ាង ទី​១ គឺ​សំដៅលើ​សត្វ​ក្ងោកមាស ដែល​ជា​បក្សី​មាន​រូប​ល្អឆើត​ចូល​ចិត្ត​បង្អួតរាង​ដាក់​គេឯង ។ ទី​២ គឺ​លោក​ចង់​សំដៅ​ទៅ​ឈ្មោះ​អ្នកស្រី ហួយ មាស តែ​ម្តង ។

បែរមក​លោក​យ៉ង់ ឈៀង ហៅ​សំនៀង​ប្ញ​ទ្ធី ឯណោះ​វិញ ដែល​កាន់ជើង​អ្នកស្រី​ហួយ មាស ពេល​ឮ​លោក​​អឹុម សុង​សឺ​ម ច្រៀង​ជេរ​ដៀល​អ្នកស្រី​ហួយ មាស កប់​ៗ​មាត់​បែប​នេះ លោក​ក៏​និពន្ធ​ចម្រៀង​មួយ​បទ​ក្នុង​បំណង​ឱ្យ​អ្នកស្រី​ហួយ មាស ច្រៀង​បក​ត្រឡប់​ទៅ​វិញ ។

គ្រានោះ​កវី​ដ៏​ល្បីឈ្មោះ សំដី​មុត​ដូច​កាប់​ពូថៅ ហើយ​ដែល​ចូល​ចិត្ត​តែង​និពន្ធ​ពី​ស្នេហា​ផិតក្បត់​នេះ​បាន​និពន្ធ​បទ មួយ​ដែល​មាន​ចំណងជើង​ថា «​ដំបៅ​ស្នេហ៍​»​។ ចៃដន្យ​ស្រាប់តែ​ពេល​នោះ​អ្នកស្រី ហួយ មាស ឈឺ​ច្រៀង​មិនកើត លោក​យ៉ង់ ឈៀង ក៏​ប្រគល់​ទំនុក​នោះ​ទៅ​ឱ្យ​អ្នកចម្រៀង​ជើង​ចាស់​មួយ​រូប​ដែល​លោក​ចូល​ចិត្ត​ជាងគេ ជា​អ្នក​បកស្រាយ​ជំនួស​វិញ នោះ​គឺ​អ្នកស្រី​ម៉ៅ សា​រ៉េ​ត ជា​អ្នកចម្រៀង​ដ៏​ល្បី​ប្រចាំ​វង់ភ្លេង​យោធា​ភិ​រម្យ ហើយ​ដែល​មាន​លោក​សម សា​ខន ប្តី​អ្នកស្រី​ម៉ៅ សា​រ៉េ​ត ជា​មេ​ភ្លេង នៃ​វង់ភ្លេង​យោធា​ភិ​រម្យ ដឹកនាំ​វង់ភ្លេង​នេះ​ប្រគំ​ថត​តែ​ម្តង ។

មរណភាព​ទាំង​វ័យក្មេង និង​កំពុង​ល្បីឈ្មោះ
កសាង​ជីវិត​បាន​ល្បីឈ្មោះ ក្នុង​នាម​ជា​អ្នកចម្រៀង ប៉ុន្តែ​មរណភាព​បាន​បង្អាក់​លោក​​អឹុម សុង​សឺ​ម មិន​ឱ្យ​នៅ​បង្កើន​ប្រជាប្រិយភាព​តទៅ​ទៀត ។ យោង​តាម​សារព័ត៌មាន «​វត្ត​ភ្នំ​» ចេញផ្សាយ​ថ្ងៃ​ទី​២០ មីនា ឆ្នាំ​១៩៧២ ឱ្យ​ដឹង​ថា ជំងឺមហារីក​ក្រពះ បាន​បញ្ចប់ជីវិត​លោក​អឹ​ុ​ម សុង​សឺ​ម ក្នុង​វ័យ​២៩​ឆ្នាំ នា​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​១៩៧២ វេលា​ម៉ោង​៥ និង​៣០​នាទី​ល្ងាច នៅ​គេហដ្ឋាន​របស់​លោក​ក្នុង​ក្រុង​បាត់ដំបង ។

បទ​ចម្រៀង​ថត​ថាស​ចុង​ក្រោយ
បទ​ចម្រៀង​ដែល​លោក​​អឹុម សុង​សឺ​ម ថត​ថាស​ចុង​ក្រោយ​មុន​ពេល​លោក​ទទួលមរណភាព​មាន​បទ «​ឪពុក​ខ្ញុំ​», បទ «​ភ្នំ​ពេជ្រនិល​», បទ «​កំលោះ​-​ក្រមុំ​ហឺ​ុ​ហា​» និង​បទ «​ចាំ​មើល​តែ ផ្លូវ​» ។ ក្នុង​ចំណោម​បទ​ចម្រៀង​ទាំងនោះ បទ «​ចាំ​មើល​តែ​ផ្លូវ​» មាន​ប្រជាប្រិយភាព​ជាងគេ ហើយ​មក​ដល់​បច្ចុប្បន្ន (​ឆ្នាំ​២០១៥) នៅ​តែ​មាន​ប្រជាប្រិយភាព​មិន​ទាន់​សាបរលាប​នៅឡើយ ។

ក្រៅពី​បទ​ចម្រៀង​ទាំងនោះ លោក​អឹ​ុ​ម សុង​សឺ​ម មាន​បទ​ចម្រៀង​ជា​ច្រើន​បទ​ទៀត​ដូច​ជា​បទ «​បក្សី​ក្ងោកមាស​», «​ស្នេហា​ជា​ស្រា​ពុល​» «​ស្រី​ក្បត់​ឥត​ន័យ​», «​សង្ឃឹម​ចុង​ក្រោយ​», «​យប់មិញ​សុបិន​ឃើញ​អូន​», «​ភូមា​ចាក់​កង្កែប (​ច្រៀង​រួម​គ្នា​ជាមួយ​ហែ សុខុម​)», «​ក្រមុំចាស់ (​ច្រៀង​រួម​គ្នា​ជាមួយ​នៅ ណា​រិ​ន​)», បទ «​រំដួល​ក្រចេះ​», «​ឆ្នាំ​មុន​», «​លា​ហើយ​សង្សារ​», «​ស្រណោះ​កន្ទោងខៀវ​», «​សំឡេង​បង​ច្រៀង​», «​បុប្ផា​នៃ​ដួងចិត្ត​», «​ព្រានព្រៃ​ក្លាហាន​», «​អាថ៌​កំបាំង​ស្នេហា​», «​ខ្មៅ​អើយ​ខ្មៅ​(​ច្រៀង​រួម​គ្នា​ជាមួយ​អ្នកស្រី​រស់ សេរី​សុទ្ធា​)», «​ប្រុស​ពេញ​ដី​ស្រី​ពេញ​នគរ​(​ច្រៀង​រួម​គ្នា​ជាមួយ​អ្នកស្រី​រស់ សេរី​សុទ្ធា​», «​ម៉ា​ក់​ថឺ​ង​(​ច្រៀង​រួម​គ្នា​ជាមួយ​អ្នកស្រី​រស់ សេរី​សុទ្ធា​», «​ខូចខ្លួន​ខូច​ប្រាណ​(​ច្រៀង​រួម​គ្នា​ជាមួយ​អ្នកស្រី​រស់ សេរី​សុទ្ធា​», «​សន្យា​ប្រាំពីរ​ថ្ងៃ​(​ច្រៀង​រួម​គ្នា​ជាមួយ​អ្នកស្រី​ហួយ មាស​», «​ផ្កាល្ហុង​(​ច្រៀង​រួម​គ្នា​ជាមួយ​អ្នកស្រី​ហួយ មាស​», «​អូន​ស្ម័គ្រ​បង​ទេ?​(​ច្រៀង​រួម​គ្នា​ជាមួយ​អ្នកស្រី​ហួយ មាស​», «​ប្រយ័ត្ន​ខ្ញុំ​ស្រែក​(​ច្រៀង​រួម​គ្នា​ជាមួយ​អ្នកស្រី​ហួយ មាស​», «​ទៅ​ហើយ​មក​វិញ​(​ច្រៀង​រួម​គ្នា​ជាមួយ​អ្នកស្រី​ហួយ មាស​», និង​បទ​«​រាំវង់​ប្រពៃណី​(​ច្រៀង​រួម​គ្នា​ជាមួយ​អ្នកស្រី​ហួយ មាស​)» ជាដើម ៕