ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​វិនិយោគ​បុរី​លំនៅ​ឋាន​មិន​មាន​ទុន​គ្រប់គ្រាន់​នឹង​ប្រឈម​ហានិភ័យ​ខ្ពស់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​វិស័យ​អចលនទ្រព្យ​នា​ពេល​បច្ចុប្បន្ន គេ​សង្កេត​ឃើញ​ថា អ្នក​ដែល​ចាប់អារម្មណ៍ និង​វិនិយោគ​លើ​ការ​អភិវឌ្ឍ​អចលនទ្រព្យ​កាន់តែ​មាន​សន្ទុះ​ខ្លាំង​ឡើង ក្នុង​នោះ​មាន​ទាំង​អ្នក​ដែល​មាន​ទុន​ស្រាប់ និង​អ្នកខ្លះ​ទៀត​បាន​ខ្ចី​ទុន​ពី​ធនាគារ​ដើម្បី​វិនិយោគ ។ បើ​តាម​អ្នកជំនាញ​បាន​លើក​ឡើង​ថា…

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​វិស័យ​អចលនទ្រព្យ​នា​ពេល​បច្ចុប្បន្ន គេ​សង្កេត​ឃើញ​ថា អ្នក​ដែល​ចាប់អារម្មណ៍ និង​វិនិយោគ​លើ​ការ​អភិវឌ្ឍ​អចលនទ្រព្យ​កាន់តែ​មាន​សន្ទុះ​ខ្លាំង​ឡើង ក្នុង​នោះ​មាន​ទាំង​អ្នក​ដែល​មាន​ទុន​ស្រាប់ និង​អ្នកខ្លះ​ទៀត​បាន​ខ្ចី​ទុន​ពី​ធនាគារ​ដើម្បី​វិនិយោគ ។

បើ​តាម​អ្នកជំនាញ​បាន​លើក​ឡើង​ថា ការ​វិនិយោគ​អចលនទ្រព្យ​ដែល​មិន​មាន​ទុន​គ្រប់គ្រាន់​សុទ្ធតែ​ប្រឈម​នឹង​ហានិភ័យ ក៏​ប៉ុន្តែ​សម្រាប់​អ្នក​អភិវឌ្ឍន៍​បុរី​មិន​មាន​ទុន​គ្រប់គ្រាន់ និង​យក​ទុន​ពី​ធនាគារ គឺ​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់ ។

លោក​បណ្ឌិត​គី​ម ហាង អគ្គនាយក​ក្រុមហ៊ុន​ខ្មែរ រៀល​អ៊ី​ស្ទេ​ត បាន​លើក​ឡើង​ថា បច្ចុប្បន្ន​លោក​បារម្ភ​ចំពោះ អ្នក​ដែល​អភិវឌ្ឍន៍​អចលនទ្រព្យ​ដោយ​មិន​មាន​ទុន​គ្រប់គ្រាន់ ។ អ្នកខ្លះ​ចង់​ទិញ​ដី ដើម្បី​ពុះ​ជា​ឡូត៍​ៗ ដើម្បី​លក់​យកចំនេញ ប៉ុន្តែ​គាត់​មិន​មាន​ទុន​គ្រប់គ្រាន់​ក្នុង​ការ​ទិញ​ដី និង​លុយ​សម្រាប់​ចាក់​ដី​ពុះ​ឡូត៍ ក៏​ទៅ​យក​ពី​ធនាគារ​មក​អភិវឌ្ឍន៍ ។ ការ​ធ្វើ​បែប​នេះ ហានិភ័យ​នៃ​បរាជ័យ គឺ​នឹង​មាន​តែ​តិចតួច ប៉ុន្តែ​សម្រាប់​អ្នក​ដែល​ចង់​សង់​បុរី​លក់​ផ្ទះ ដោយ​មិន​មាន​លុយ​គ្រប់គ្រាន់​សូ​ម្បី​តែ​ទិញ​ដី ដើម្បី​អភិវឌ្ឍន៍ គឺ​មាន​ហានិភ័យ​ខ្ពស់ ពីព្រោះ​ថា កញ្ចប់​ថវិកា​ដើម្បី​សង់ផ្ទះ គឺ​ខ្ពស់​ជាង​លុយ​ទិញ​ដី​ទៅ​ទៀត ។ ឧទាហរណ៍​ថា ទិញ​ដី​អស់​៣​លាន ដូច្នេះ​ត្រូវការ​លុយ​១៥​លាន​ទៀត ដើម្បី​សង់​បញ្ចប់ ប៉ុន្តែ​បើសិនជា​គាត់​មិន​មាន​លុយ​ទិញ​ដី​គ្រប់​ផង តើ​គាត់​មាន​លុយ​ឯណា​ទៅ​សង់ផ្ទះ​នោះ ។

លោក​បន្ត​ថា អ្នកទិញ​ផ្ទះ​បច្ចុប្បន្ន​នេះ គឺ​ឆ្លាត​ៗ​ណាស់ មុន​នឹង​ទិញ​ផ្ទះ​ពី​ម្ចាស់​បុរី​ណាមួយ ពួក​គេ​បាន​ស៊ើប​និង​សាកសួរ​ពី​ប្រវត្តិ​អភិវឌ្ឍន៍​អស់ហើយ ដូច្នេះ​ហើយ​ទើប​អ្នកខ្លះ​តែ​មួយ​ថ្ងៃ​លក់​បាន​រាប់រយ​ល្វែង​ចំណែក​អ្នកខ្លះ​ទៀត​មួយ​ឆ្នាំ​លក់​មិន​បាន​១០០​ល្វែង​ផង ។ លោក​ថា​៖« អ្នក​សង់​លំនៅ​ឋាន​នៅ​ពេល​បច្ចុប្បន្ន​នេះ មាន​អ្នក​សង់​ពិត និង​អ្នក​សង់​មិន​មានច្បាប់​មិន​មាន​អាជ្ញាប័ណ្ណ និង​មិន​ច្បាស់លាស់​នូវ​ការ​សាងសង់​របស់​ខ្លួន ។

ជាក់ស្ដែង​អ្នកខ្លះ​ប្រកាស​សង់ផ្ទះ​៣០០​ល្វែង ក៏​ប៉ុន្តែ​ដី​សម្រាប់​សាងសង់​មាន​តែ​ពាក់កណ្ដាល ដូច្នេះ​អ្នក​នោះ​ប្រឈម​នឹង​ហានិភ័យ​បរាជ័យ​ខ្ពស់​ហើយ » ។ លោក​បន្ថែម​ថា ពាក់ព័ន្ធ​ជាមួយនឹង​វិស័យ​អចលនទ្រព្យ​ដែរ កម្ពុជា​គួរតែ​ពន្យារពេល​អនុវត្តន៍​ពន្ធ​លើ​ចំណូល​ធន​ដល់​ឆ្នាំ ២០២៣ ព្រោះថា ក្នុង​ឆ្នាំ​២០២០​នេះ​ជ​ន្ទ​ល់​សេដ្ឋកិច្ច​សំខាន់​ៗ​បាន​រង​ផល​ប៉ះពាល់​ដោយសារ​តែ​កូ​វី​ដ​១៩ ដូច្នេះ​ឆ្នាំ ២០២១​ក៏​មិន​ប្រាកដ​ថា ជ​ន្ទ​ល់​សេដ្ឋកិច្ច​ទាំងនោះ​បាន​រឹង​មាំ​ឡើង​វិញ​ដែរ ។

ក្នុង​ចំណោម​ជ​ន្ទ​ល់​សេដ្ឋកិច្ច​ទាំងនោះ ក៏​មាន​វិស័យ​អចលនទ្រព្យ​និង​ដីធ្លី​ផង​ដែរ ដូច្នេះ​ការ​កំណត់​យកពន្ធ​ពី​វិស័យ​ដីធ្លី ទៅ​ជួយ​វិស័យ​ផ្សេង​គឺ​វា​នៅ​តែ​មាន​ភាព​ផ្អៀង​នៃ​សេដ្ឋកិច្ច និង​ធ្វើ​អោយ​ការ​ទិញ​លក់​ដីធ្លី និង​អចលនទ្រព្យ​កាន់តែ​មាន​ភាព​ពិបាក ។

សូម​បញ្ជាក់​ផង​ដែរ​ថា ការ​ផ្គត់ផ្គង់​បុរី​លំនៅ​ឋាន​នៅ​ក្នុង​ប្រទេស​កម្ពុ​ជានា​ពេល​នេះ​គឺ​នៅ​តែ​បន្តសកម្មភាព​ដដែល​ក្នុង​ដំណាក់​នៃ​វិបត្តិ​ជំងឺ​សកល​កូ​វី​ដ​១៩ ជា​ពិសេស​នៅ​តំបន់​ជាយ​រាជធានី សកម្មភាព​នៃ​ការ​អភិវឌ្ឍ និង​សាងសង់​លំនៅ​ឋាន​នៅ​តែ​សម្រុក​ដដែល ក្នុង​នោះ​បុរី​តូច​ធំ​បាន​សាងសង់​និង​ប្រកាស​លក់​គម្រោង​របស់​ខ្លួន​ជា​បន្តបន្ទាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ