ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​មិន​គោរព​ទេ ក្លាយជា​គំរូ​អាក្រក់​មួយ មិន​ងាយ​ដុស​ជ្រះ​ឡើយ

3 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែតុលា ឆ្នាំ​២០២០ លោកស្រី ស្រេង ទៀង អភិបាលស្រុក​ពាមរ​ក៌ បាន​ដឹកនាំ​មន្ត្រី​ជំនាញ…

ខេត្តព្រៃវែង ៖ នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែតុលា ឆ្នាំ​២០២០ លោកស្រី ស្រេង ទៀង អភិបាលស្រុក​ពាមរ​ក៌ បាន​ដឹកនាំ​មន្ត្រី​ជំនាញ និង​កម្លាំង​សមត្ថកិច្ច ចុះ​ទៅ​ហាមឃាត់​លោកស្រី យន់ សុខា ជា​អ្នក​លក់​បាយ​នៅ​ក្នុង​បេន​ចំណតរថយន្ត​ផ្សារ​អ្នក​លឿង ដែល​កំពុងធ្វើការ​សាងសង់​សំណង់​រំលោភ​យក​ដី​បេន​រថយន្ត​។

ពលរដ្ឋ​នៅ​ក្នុង​តំបន់​ទីប្រជុំជន​អ្នក​លឿង​នេះ បានឱ្យ​ដឹង​ថា សកម្មភាព​រំលោភ​យក​ដី​បេន​ចំណត​របស់​អ្នកស្រី យន់ សុខា បាន​ធ្វើ​ឡើងជា​ច្រើន​លើក​ច្រើន​សារ​មក​ហើយ ដោយ​ប្រើ​រូបភាព​សង់​ជា​រោង​លក់​បាយ បន្ទាប់​មក​ក្លាយទៅជា​បន្ទប់​ដាក់​ឥ​វ៉ា​ន់​ចានឆ្នាំង ក្រោយមក​ទៀត​ក៏​ទៅ​ជា​ផ្ទះ​រស់​នៅ​​តែ​ម្តង ។ ហើយ​កន្លង​មក ទាំង​កម្លាំង​សមត្ថកិច្ច អាជ្ញាធរ​ស្រុក និង​ខេត្ត ព្រមទាំង​ព្រះរាជ​អាជ្ញា​ថែម​ទៀត ធ្លាប់​បាន​ចុះ​មក​ហាមឃាត់​ជា​ច្រើន​លើក​ហើយ​ដែរ ប៉ុន្តែ​លទ្ធផល​បាន​ត្រឹមតែ​ត្រូវ​លោកស្រី យន់ សុខា និង​គ្រួសារ​នាំ​គ្នា​ជេរ​បញ្ចោរ​លេង​តែ​ប៉ុណ្ណោះ​។

ជាក់ស្តែង នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែតុលា​នេះ សកម្មភាព​ចុះ​ឃាត់​លោកស្រី យន់ សុខា មិន​ឱ្យ​សាង​សង់​រោង​ថ្មី​ធ្វើ​ពី​ដែក នៅ​ក្នុង​ដី​ចំណត​នេះ នៅ​តែ​មិន​ទទួល​បាន​លទ្ធផល គឺ​បាន​ត្រឹមតែ​ធ្វើ​កិច្ច​សន្យា​ប៉ុណ្ណោះ ឯ​សំណង់​ដែល​ធ្វើ​នោះ​គឺ​ទុក​នៅ​ដដែល មិន​ត្រូវ​បាន​រុះរើ​ចេញ​វិញ​ទេ ព្រោះ​លោកស្រី យន់ សុខា បាន​អះអាង​ថា ខ្លួន​ធ្វើ​ដើម្បី​លក់ដូរ​ដោះស្រាយ​ជីវភាព​ប៉ុណ្ណោះ ហើយ​ពេល​ណា​ច្បាប់​ឱ្យ​រុះ​ចេញ​គាត់​រុះ​ចោល​ភ្លាម​។

ដោយឡែក​អាជ្ញាធរ​ស្រុក​ពាមរ​ក៌​វិញ បានឱ្យ​ដឹង​ថា គ្រួសារ​លោកស្រី យន់ សុខា នេះ គឺ​រឹងរូស​ខុសគេខុសឯង ដោយ​បាន​ព្យាយាម​រំលោភ​យក​ដី​បេន​ចំណតរថយន្ត​នេះ ច្រើន​លើក​មក​ហើយ ពេល​អាជ្ញាធរ​ចុះ​ឃាត់ គ្រួសារ​នេះ​មិន​ស្តាប់​អាជ្ញាធរ​នោះ​ទេ ដោយ​បាន​ស្រែក​ជេរ​បញ្ចោរ​ប្រមាថ​អាជ្ញាធរ និង​សមត្ថកិច្ច​ខ្លាំង​ណាស់ ហើយ​ពេល​ខ្លះ​ក៏​ថត​បង្ហោះ FACEBOOK ចោទ​អាជ្ញាធរ​ថា គាបសង្កត់​ធ្វើ​បាន​គ្រួសារ​គាត់​ជា​ពលរដ្ឋ​ស្លូតត្រង់​ថែម​ទៀត គឺ​ពិបាក​ណាស់​។

លោកស្រី សេង ទៀង អភិបាលស្រុក​ពាមរ​ក៌ បានឱ្យ​ដឹង​ដែរ​ថា រឿង​គ្រួសារ​លោកស្រី យន់ សុខា ព្យាយាម​រំលោភ​យក​ដី​បេន​ចំណតរថយន្ត​ផ្សារ​អ្នក​លឿង​នេះ អាជ្ញាធរ​ស្រុក​បាន​ធ្វើ​របាយការណ៍​បញ្ជូន​ទៅ​អាជ្ញាធរ​ខេត្ត ហើយ​លោក​អភិបាលខេត្ត​ក៏​បាន​បញ្ជូន​រឿង​នេះ​ទៅ​ខាង​តុលាការ ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​ដែរ​ហើយ ប៉ុន្តែ​មក​ដល់​ពេល​នេះ គឺ​ច្រើន​ខែ​មក​ហើយ ខាង​តុលាការ​នៅ​មិន​ទាន់​មាន​ចំណាត់ការ​អ្វី​នោះ​ទេ​។

ដោយឡែក​ប្រជាពលរដ្ឋ​នៅ​ទីប្រជុំជន​អ្នក​លឿង​វិញ បាន​លើក​ឡើង​ថា បេន​ចំណតរថយន្ត​ផ្សារ​អ្នក​លឿង​នេះ គឺ​មាន​តាំងពី​ឆ្នាំ​១៩៨០​មក​ម្ល៉េះ ហើយ​គ្រួសារ​លោកស្រី យន់ សុខា នេះ ទើបតែ​មក​សុំ​ធ្វើ​កូន​តូប​មួយ​ក្នុង​ដី​បេន​នេះ ដើម្បី​លក់​បាយ​ចិញ្ចឹមជីវិត​កាលពី​ឆ្នាំ​១៩៩២​សោះ ឥឡូវ​បែរជា​មក​វាទ​ទី​រំលោភ​យក​ដី​បេន​ទាំងមូល ដោយ​ឥត​ខ្មាស់​អៀន​ទៅ​វិញ ។ ហើយ​ទាំង​សមត្ថកិច្ច និង​អាជ្ញាធរ​ស្រុក​-​ខេត្ត ជា​ច្រើន​ឆ្នាំ​មក​ហើយ​ដោះស្រាយ​មិន​ចេញ រហូត​បញ្ជូន​រឿង​ទៅ​តុលាការ​ទៀត​នៅ​តែ​ស្ងាត់​សូន្យឈឹង ធ្វើ​ឱ្យ​គ្រួសារ​លោកស្រី យន់ សុខា រឹតតែ​បានចិត្ត លែង​ស្តាប់ លែង​ខ្លាច​អាជ្ញាធរ​អស់ហើយ កំពុង​ក្លាយជា​គំរូ​អាក្រក់​មួយ​ប្រចាំ​តំបន់​អ្នក​លឿង​ជាក់ស្តែង​តែ​ម្តង ។
ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ