ខេត្តមណ្ឌលគិរី ៖ ផ្ទះឈើមួយខ្នងបានរងការខូចខាតទាំងស្រុង ដោយសារតែការរក្សាទុកសាំងមិនត្រឹមត្រូវ ឆាបឆេះកាលពីវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី០១ តុលា ២០២០ នៅចំណុចប៉ារ៉ាស់សាំងម៉ាឡា ស្ថិតនៅភូមិពូទឺត ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
លោក តាត់ យ៉េន អធិការនគរបាលស្រុកពេជ្រាដាបានឲ្យដឹងថា មានករណីភ្លើងឆេះផ្ទះ ០១ខ្នងដែលមានទំហំ ៤ម៉ែត្រ គុណនឹង ៦ម៉ែត្រ សង់ពីឈើប្រក់សង្ក័សី ម្ចាស់ផ្ទះឈ្មោះ កៀវ ចាត ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិភ្នង មុខរបរកសិករ ប្រពន្ធឈ្មោះ ដួន អុច អាយុ៤៧ឆ្នាំ ជនជាតិព្នង មុខរបរកសិកររស់នៅភូមិឃុំកើតហេតុខាងលើ។ លោកអធិការថា សម្ភារខូចខាតរួមមាន៖ ១.ម៉ាស៊ីនត្រង់ស៊ីន័រ០២គ្រឿង, ២.ទូរទឹកកក០១គ្រឿង, ៣.អង្ករ០១ការ៉ុង, ខោអាវ ផួយ មុង កន្ទេល ខ្នើយ។
ក្នុងហេតុការនេះក៏បណ្តាលឲ្យកូនប្រុសម្ចាស់ផ្ទះរងរបួស។ ជនរងគ្រោះមានឈ្មោះ ចាត នឿ ភេទប្រុស អាយុ១៨ឆ្នាំ ក្រុមគ្រួសារបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី។ បើតាមការបញ្ជាក់ពីលោកអធិការ មូលហេតុភ្លើងឆេះនេះបណ្ដាលមកពីដួលកានផ្ទុកសាំង ហូរទៅក្បែរភ្លើងចង្ក្រានក៏ឆាបឆេះបែបនេះតែម្តង៕ ដោយ ៖ សាយ ករុណា
ចែករំលែកព័តមាននេះ