ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រដាល់​3​ប្រភេទ​កំពុង​មាន​ប្រជា​ប្រិយ​ភាព​​ខ្លាំង​ក្នុង​ក្រសែភ្នែក​ទស្សនិកជន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មក​ទល់​ពេល​នេះ គេ​ចាប់អារម្មណ៍​ថា កីឡាប្រដាល់​ចំនួន​៣​ប្រភេទ​កំពុង​ទទួល​​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ក្នុង​ក្រសែភ្នែក​ទស្សនិកជន ដោយ​អាច​និយាយ​បាន​ថា ក្នុង​ចំណោម​កីឡាប្រដាល់​ទាំង​៣​នោះ គឺ​មិន​មាន​អ្នក​មិន​ស្គាល់ និង​មិន​ចាប់អារម្មណ៍​នោះ​ឡើយ…

រាជធានី​ភ្នំពេញ ៖ មក​ទល់​ពេល​នេះ គេ​ចាប់អារម្មណ៍​ថា កីឡាប្រដាល់​ចំនួន​៣​ប្រភេទ​កំពុង​ទទួល​​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ក្នុង​ក្រសែភ្នែក​ទស្សនិកជន ដោយ​អាច​និយាយ​បាន​ថា ក្នុង​ចំណោម​កីឡាប្រដាល់​ទាំង​៣​នោះ គឺ​មិន​មាន​អ្នក​មិន​ស្គាល់ និង​មិន​ចាប់អារម្មណ៍​នោះ​ឡើយ ដោយសារ​តែ​កីឡាប្រដាល់​ទាំង​៣សុទ្ធតែ​ផ្ទុះ​ការ​គាំទ្រ​មិន​អន់​ដូច​គ្នា ។ នៅ​ក្នុង​ពេល​នេះ កោះ​សន្តិភាព​សូម​លើកយក​មក​បង្ហាញ​ពី​កីឡាប្រដាល់​ទាំង​៣​ប្រភេទ​នោះ ជូន​ប្រិ​យ​មិត្ត​បាន​ជ្រាប​ដូច​ខាងក្រោម​។

១-កីឡាប្រដាល់​សាកល ៖ មាន​ប្រវត្តិ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ជា​យូរ​មក​ហើយ ដោយ​កីឡា​មួយ​នេះ កាន់តែ​ទទួល​បាន​នូវ​ការ​ចាប់អារម្មណ៍ បន្ទាប់​ពី​មានការ​បញ្ជូន​កីឡាករ​ឱ្យ​ចេញ​ទៅ​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ ។ បើ​ទោះជា​កីឡាករ​ប្រដាល់​សាកល​មិនសូវ​មាន​ទីផ្សារ​ឡើង​រេញ​ក្រៅពី​ចេញ​ប្រកួត​ធំ​ៗ តែ​កីឡា​មួយ​នេះ នៅ​តែ​មានការ​គាំទ្រ​ខ្លាំង​ពី​ស្រទាប់​មហាជន ដោយ​មាន​យុវជន​មិន​តិច​ទេ ដែល​បាន​ស្ម័គ្រចិត្ត​ធ្វើ​ជា​កីឡាករ ខណៈ​ដែល​កីឡាករ​ម្នាក់​ៗ ក៏​ជា​ធនធាន​នៅ​ផ្នែក​ប្រដាល់​សាកល​ដែល​អាច​និយាយ​បានគឺ​ប្រដំប្រសង​​នឹង​ប្រទេស​ជិតខាង​ដែល​មាន​ប្រដាល់​សាកល​រីក​ចម្រើន ។ កីឡាករ​កម្ពុជាដូច​ជា ឃី​ម ឌី​ម៉ា ជាដើម​ក៏​ធ្លាប់​ដណ្ដើម​បាន​មេដាយមាស​នៅ​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​ជួយលើកមុខ​មាត់​ប្រទេស​កម្ពុជា​ផង​ដែរ ។

កីឡា​នេះ កាន់តែ​មានការ​រីក​ចម្រើន​នៅ​ពេល​សហព័ន្ធ​ត្រូវ​បាន​បំបែក ហើយ​មានការ​រៀបចំ​ការ​ប្រកួត​ជា​ទ្រង់ទ្រាយ​ធំ​រៀង​រាល់​មួយ​ឆ្នាំ​ម្ដង​ដើម្បី​ជ្រើសរើស​ជើងឯក ។ នា​ពេល​កន្លង​មក ប្រដាល់​សាកល​ថែម​ទាំង​មានការ​ប្រកួត​រៀង​រាល់​ស​ប្ដា​ហ៍ផង ដែល​សុទ្ធតែ​ជា​កត្តា​ជំរុញ​ឱ្យ​កីឡាប្រដាល់​សាកល​មានការ​ឈាន​ឡើង​នៅ​កម្ពុជា ។ ប្រដាល់​មួយ​នេះ​តម្រូវ​ឱ្យ​ប្រើ​តែ​ដៃ​មិន​តម្រូវ​ឱ្យ​ប្រើ​ជើង​ដើម្បី​វាយលុក​គូប្រកួត​នោះ​ទេ ដោយ​កីឡា​នេះ​ក៏​តម្រូវ​ឱ្យ​ពាក់​ក្បាំងមុខ និង ពាក់​ហ្គ​ង់ទើប​កីឡាករ​មិនសូវ​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​រាល់ពេល​ប្រកួត ។

ប្រដាល់​សាកល​អាច​ប្រើ​បាន​តែ​ដៃ​មួយ​មុខ​គត់ ហើយ​ការ​វាយ​ដោយ​ដៃ​នោះ​បាន​គឺ​ត្រូវ​វាយ​ចាប់ពី​ត្រឹម​ចង្កេះ​ឡើង​ទៅ​លើ​តែប៉ុណ្ណោះ ប្រសិនបើ​វាយ​ខុស​ពី​កន្លែង​ទាំងនោះ​នឹង​ត្រូវ​ដក​ពិន្ទុ​ឬ​ទទួល​ការ​ព្រមាន​ពី​អាជ្ញាកណ្តាល​ជាក់​ជា​មិន​ខាន ។ ចំណែកឯ​ចំនួន​ទឹក​វិញ ពីដំបូង​ឡើយ​មាន​តែ​៣​ទឹក​ប៉ុណ្ណោះ​សម្រាប់​កីឡាករ​មិនមែន​អាជីព ប៉ុន្តែ​ចាប់តាំងពី​ឆ្នាំ​២០១២​មក កីឡាករ​ប្រដាល់​សាកល​អាជីព​ត្រូវ​ប្រកួត​៦​ទឹក​ពេញ​ហើយ​ក្នុង​មួយ​ទឹក​មាន​រយៈពេល​៣​នាទី ។ ចំពោះ​ការ​ហ្វឹក​ហាត់​របស់​ប្រដាល់​សាកល និង​ប្រដាល់សេរី​គឺ​ដូច​គ្នា​ទេ​គ្រាន់តែ​ខុស​គ្នា​ត្រង់​ថា ការ​ហ្វឹកហាត់​ប្រដាល់​សាកល​ទាមទារ​ឲ្យ​មាន​គ្នា​ពីរ​នាក់​ឡើង​ទៅ​ទើប​ហាត់​បាន ព្រោះ​ដើម្បី​ហាត់​សម​ដៃ​គ្នា
ទៅ​វិញ​ទៅ​មក និង​មិន​ត្រូវការ​ឲ្យ​មាន​សម្ភារ​សម្រាប់​ហ្វឹកហាត់​ច្រើន​ដូច​កីឡាប្រដាល់​សេរី​នោះ​ទេ ។

២-ប្រដាល់សេរី ឬ​ប្រដាល់​ក្បាច់គុន​បុរាណ​ខ្មែរ ៖ មាន​លក្ខណៈ​ស្រ​ដៀង​នឹង​ប្រដាល់​សាកល​ដែរ ដោយ​គ្រាន់តែ​មិន​ពាក់​ក្បាំង​ការពារ​មុខ​និង​ក្បាល​ទេ ហើយ​តម្រូវ​ឱ្យ​វាយ​ដោយ​សេរីដោយ​ប្រើ​ដៃ ជើង កែង និង​ជង្គង់ លើកលែង​វាយ​ពីក្រោយ​ចំ​កញ្ចឹងក និង​ចំ​ប្រដាប់​ភេទ​ជាដើម ។ បើ​តាម​អ្នកជំនាញ​ផ្នែក​ប្រដាល់​បាន​អះអាង​ថា ប្រដាល់សេរី​មាន​ភាព​ពេញ​និយម​ជាង​ប្រដាល់​សាកល ទាំង​ការ​ហ្វឹកហាត់ និង​ចំនួន​អ្នកចូលរួម​ទស្សនា ដោយហេតុ​ថា នៅ​រៀង​រាល់​ការ​ប្រកួត​ប្រដាល់សេរី​មាន​អ្នក​ចូល​ទស្សនា​ច្រើន និង​ម្យ៉ាង​ប្រដាល់សេរី​មាន​ភ្លេង​ប្រគំ​អម​ការ​ប្រកួត​ជា​ការ​ពញ្ញាក់​អារម្មណ៍​ដល់​កីឡាករ​ក៏​ដូច​ជា​អ្នក​ទស្សនា ។

ជា​ពិសេស​ការ​ប្រើ​ជង្គង់ កែង ដៃ និង​ជើង ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ជក់ចិត្ត​ទៅ​តាម​ចង្វាក់ភ្លេង និង​ការ​បញ្ចេញ​ស្នៀត​ពិសេស​ដូច​ជា កែង​បក ឬ​នាគ​វ័ធ​កន្ទុយ​ជាដើម ដែល​ក្បាច់​ទាំងនេះ​ពិបាក​ហាត់ និង​ជា​ក្បាច់​កេរ​ពី​ដូនតា​មក​ម៉្លេះ ។ រីឯ​ការ​ប្រកួត​កីឡាប្រដាល់​សាកល​វិញ​គឺ​មិន​មាន​ភ្លេង​ប្រគំ​អម​នៅ​ពេល​ប្រកួត​នោះ​ទេ ជា​ហេតុ​ធ្វើ​ឲ្យ​ការ​ប្រកួតហាក់​ស្ងប់ស្ងាត់​មិន​ដាស់​ស្មារតី​អ្នក​ប្រដាល់​ឲ្យ​ចូលខ្លួន​ប្រឡូក​ក្នុង​ការ​ប្រកួត តែ​ផ្ទុយ​ទៅ​វិញ​កីឡាករ​ប្រដាល់​សាកល​ត្រូវ​តាំងចិត្ត​ឲ្យ​ស្ងប់​ហើយ​រក​កន្លែង​ចន្លោះ ឬ​ធ្វេសប្រហែស​របស់​គូបដិបក្ខ​ដើម្បី​វាយ និង​ប្រើ​បាន​តែ​ដៃ​ធ្វើ​ឲ្យ​សកម្មភាព​ប្រកួត​មិនសូវ​រស់​រវើក​ដូច​ប្រដាល់សេរី​នោះ​ឡើយ ។

យ៉ាងណាមិញ ប្រដាល់សេរី​គឺ​មានការ​លំបាក​ច្រើន​ទាំង​កាយ និង​ចិត្ត ព្រោះ​ការ​ចាប់ផ្តើម​ដំបូង​ក្រោយ​ពី​ប្រកួត​រួច ២ ឬ​៣ ថ្ងៃ​ក៏​នៅ​តែ​ឈឺខ្លួន ហើយ​ណាមួយ​គ្រួសារ​ភាគច្រើន​ហាក់​មិនសូវ​ឱ្យ​តម្លៃផង ។ កីឡា​នេះ មាន​ចំនួន​៥​ទឹក ហើយ​ក្នុង​មួយ​ទឹក​ៗ​គឺ​មាន​រយៈពេល​៣​នាទី​ឬប្រែប្រួល​ទៅ​តាម​ម៉ោង Live របស់​សង្វៀន​នីមួយ​ៗ​។

៣-ប្រដាល់​ដាក់​ទ្រុង ឬ ប្រដាល់​គុន​ចម្រុះ ៖ ដែល​គេ​និយម​ហៅ​កាត់​ថា MMA (Mixed Martial Arts) ក៏​កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​នៅ​ក្នុង​ស្រទាប់​មហាជន​ផង​ដែរ ។

កីឡា​ដែល​ទើបតែ​មានកំណើត​នេះ ត្រូវ​គេ​ឃើញ​មានការ​និយម​ខ្លាំង​នៅ​ក្នុង​បណ្ដា​ប្រទេស​ជា​ច្រើន​នោះ​ផង ។ កីឡា​នេះ ក្នុង​ពេល​ប្រកួត​ទោះបី​គូប្រកួត​ដួល​នៅ​លើ​រេញ​យ៉ាងណា​ក៏​ដោយ ក៏​កីឡាករ​ម្ខាង​ទៀត​អាច​វាយ​បាន​រហូត​ដល់​គូប្រកួត​សុំ​ចុះចាញ់ ឬ​អាជ្ញាកណ្តាល​បំបែក​ហើយ​អាច​ប្រើ​ជើង ដៃ ជង្គង់ កែង បាន​ទាំងអស់ ខុស​ពី​ប្រដាល់សេរី​ប្រសិនបើ​កីឡាករ​ណាមួយ​ដួល​គឺ​មិន​អនុញ្ញាត​ឲ្យ​វាយ​ថែម​នោះ​ទេ​។

យ៉ាងណា​ក៏​ដោយ ការ​ប្រកួត​MMA នៅ​លើ​សង្វៀន​ទូរទស្សន៍​បាយ័ន គឺ​វា​មាន​ភាព​ខុស​គ្នា​បន្តិច​ពី MMA នៅ​បរទេស ដោយសារ​តែ​មុន​ពេល​ប្រកួត​គឺ​គេ​អនុញ្ញាត​ឲ្យ​កីឡាករ​អាច​ធ្វើការ​រំលឹក​គុណគ្រូ ហើយ​នៅ​ពេល​ដែល​យើង​កំពុង​ប្រកួត​ក៏​មាន​ភ្លេង​ដូច​កីឡាប្រដាល់​គុន​ខ្មែរ​ដែរ​។ កីឡា​នេះ គេ​តម្រូវ​ឱ្យ​ប្រើ​ក្បាច់គុន​ចម្រុះ​គ្នា ដោយ​ក្បាច់​ឃ្លេ និង​ចំបាប់ គឺ​តម្រូវ​ឱ្យ​ប្រើ​ជា​ចាំបាច់ ដោយ​សារ​តែ​លក្ខខណ្ឌ​ជា​រួម គឺកីឡាករ​ធ្វើ​ម៉េច​ក៏​ដោយ​ឱ្យ​តែ​អាច​ធ្វើ​គូប្រកួត​ចុះចាញ់​តែ​គេ​ក៏​មាន​បម្រាម​មួយ​ចំនួន​ដូច​ប្រដាល់​សេរី​ដែរ​ដូច​ជា​ការ​វាយ​ចំ​កញ្ចឹងករ​ពីក្រោយ​និង​ការ​វាយ​ចំ​ប្រដាប់​ភេទ​ជាដើម​គឺ​សុទ្ធតែ​ត្រូវ​បាន​ហាមឃាត់ ។

ជា​រួម គ្រប់​ទម្រង់​នៃ​ការ​វាយ​ប្រយុទ្ធ​នៅ​លើ​សង្វៀន​មិន​ថា​ជា​ការ​ប្រកួត​ប្រដាល់សេរី ឬ​ប្រដាល់​សាកល ឬ​ក្បាច់គុន​ចម្រុះ​នោះ​ទេ ទស្សនិកជន​ខ្មែរ​នៅ​តែ​មានការ​គាំទ្រ​ជា​ដរាប អ្វី​ដែល​កាន់តែ​ពិសេស​នោះ​គឺ​អត្តសញ្ញាណ​របស់​ជាតិខ្មែរ​ក៏​ត្រូវ​បាន​គេ​យក​មក​លាយ​បញ្ចូល​ជាមួយនឹង​សកម្មភាព​នៅ​លើ​សង្វៀន​ថែម​ទៀត​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ