ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បែង​បោះអង្គញ់​និយម​លេង​រដូវ​បុណ្យចូលឆ្នាំ

8 ឆ្នាំ មុន

យោង​តាម​សៀវភៅ «​ល្បែង​ប្រជាប្រិយ​ខ្មែរ​» លើក​ឡើង​ថា ល្បែង​បោះអង្គញ់ គេ​ឲ្យ​ឈ្មោះ​តាម​វត្ថុ​ដែល​គេ​យក​មក​លេង គឺ​ផ្លែ​អង្គញ់​ដែល​ក្រៀម​ស្ងួត ។ ល្បែង​នេះ គេ​លេង​បាន​ទាំងប្រុស​ទាំងស្រី

យោង​តាម​សៀវភៅ «​ល្បែង​ប្រជាប្រិយ​ខ្មែរ​» លើក​ឡើង​ថា ល្បែង​បោះអង្គញ់ គេ​ឲ្យ​ឈ្មោះ​តាម​វត្ថុ​ដែល​គេ​យក​មក​លេង គឺ​ផ្លែ​អង្គញ់​ដែល​ក្រៀម​ស្ងួត ។ ល្បែង​នេះ គេ​លេង​បាន​ទាំងប្រុស​ទាំងស្រី ទាំងចាស់ទាំងក្មេង នៅ​វេលា​ថ្ងៃ ឬ​វេលា​យប់​ខែភ្លឺ នា​រដូវ​ចូល​ឆ្នាំ ។

ល្បែង​អង្គញ់​គេ​លេង​បាន​តាំងពី​គ្នា​២​នាក់​ឡើង​ទៅ​ដល់​១០​នាក់​ដោយ​ចែក​ចេញ​ជា​ពីរ​ពួក​មាន​ចំនួន​ស្មើគ្នា ដែល​មាន​ស្រី​ម្ខាង ប្រុស​ម្ខាង​ក៏​បាន​ចម្រុះ​គ្នា​ទាំង​សងខាង​ក៏​បាន ។ អង្គញ់​ដែល​គេ​យក​មក​លេង​នេះ ឲ្យ​ឈ្មោះ​ថា «​កោយ​» ចែក​ចេញ​ជា​ពីរ​ផ្នែក​ដែរ គេ​ហៅ​ថា កោយ​ដាំ​មួយ​ពួក កោយ​បោះ​មួយ​ពួក ។ កោយ មួយ​ពួក​ៗ​មាន​ចំនួន​៣ ឬ​ចំនួន​៥ គឺថា​បើ​ដាំ​កោយ​៣ ក៏​បោះ​កោយ​៣ បើ​ដាំ​កោយ​៥ ក៏​បោះ​កោយ​៥ តាម​ចំនួន​អ្នកលេង​មាន​តិច ឬ​ច្រើន ។ «​កោយ​ដាំ​» គឺ​គេ​ដាំ​ភ្ជាប់​ទៅ​នឹង​ដី​មាន​ជួរ​បែក​កន្ធែក​ចេញពី​កោយ​កណ្ដាល​មួយ ដែល​ហៅ​ថា «​មេខ្លោង ឬ​កន្លោង​» ១​ឬ​២ ខាងស្ដាំ ១​ឬ ២​ខាងឆ្វេង​មាន​សណ្ឋាន​ដូច​ក្អែកទឹក​ហើរ ដែល​ឲ្យ​មេខ្យល់​មួយ​នាំមុខ ហើយ​ក្អែកទឹក​ហ្វូង​បែក​គ្នា​ជា​ជួរ​បញ្ឆៀង​ៗ​គ្នា​ពីក្រោយ ។ រីឯ​កោយ​បោះ គឺ​កោយ​ទាំងឡាយ​ដែល​គេ​កាន់​យក​ទៅ​ទី ហើយ​បោះ​ក្ដី ធ្វើ​អ្វី​គ្រប់​បែប​ទៀត​ក្ដី សម្រាប់​រំលំ​កោយ​ដាំ​ទាំង​ប៉ុន្មាន​នោះ ។

ត្រង់​រណ្ដៅ​តូច​ៗ​ដែល​ឆ្កៀល​ដី យក​កន្លែង​ដាំ​កោយ​ឲ្យ​ជាប់​នោះ​គេ​ហៅ​ថា «​រន្ធ ឬ​រន្ធ​កោយ​»​។ គេ​កំណត់​កន្លែង​មួយ​ពីមុខ​កោយ​ដាំ​ប្រមាណ​ជា ៣​ឬ​៤​ម៉ែត្រ សន្មត​ហៅ​ថា​«​ទី​»​គឺជា​ទី​ដែល​គេ​ត្រូវ​បោះ ឬ​ទៅ​ធ្វើ​អ្វីមួយ ពី​ត្រឹមនោះ​តម្រង់​ទៅ​កោយ​ដាំ​វិញ ។ អ្នក​ដែល​ត្រូវ​ឡើង​មុន​គឺ​បាន​ទៅ​បោះ​ពី​ទី​មុនគេ​នោះ​សម្រេច​លើ​ការ​ព្រមព្រៀង​គ្នា ជា​ធម្មតា​គេ​ច្រើន​តែ​អនុញ្ញាត​ឲ្យ​ពួក​អ្នក​ខ្សោយ​ជាង​មាន​សិទ្ធិ​ទៅ​បោះ​មុនគេ ទុកដូចជា​តទី​ឲ្យ​ដែរ ឯការ​ចាញ់​ឈ្នះ​ស៊ីសង​ត្រង់​នរណា​ធ្វើ​ត្រូវ​កោយ​ដាំ​ចប់​សព្វគ្រប់​មុនគេ គឺ​គ្រប់​បែប​គ្រប់​ថ្នាក់ ដែល​របៀប​លេង​អង្គញ់​តម្រូវ​ឲ្យ​ទាំង​ប៉ុន្មាន ។ ប៉ុន្តែ​គេ​ច្រើន​សន្មតគ្នា​បន្ថែម​ឲ្យ​អ្នក​ចាញ់​ធ្វើ ៣​ឬ​៤​ក្ដារ​សិន ហៅ​ថា «​តាម​» ដូច្នេះ​បានជា​មុន​នឹង​លេង គេ​សន្មតគ្នា​ថា តាម​ប៉ុន្មាន​ក្ដារ ? បើ​គេ​សម្រេច​គ្នា​ថា ប៉ុន្មាន​ៗ​ដល់ទី​បំផុត​ត្រូវ​តែ «​តាម​»​ប៉ុណ្ណោះ​ក្ដារ​សិន ។ បើ​ផុតកំណត់​ហើយ នៅ​តែ​មិន​បាន​ធ្វើ​ត្រូវ​អស់​ទៀត​នោះ​ទើប​ទុកជា​ចាញ់ ហើយ​ពួក​ខាង​ឈ្នះ​ត្រូវ​ជោះ​ពួក​ខាង​ចាញ់​តាម​ចំនួន​ដែល​គេ​សន្យា​គ្នា ឧបមា​ថា គេ​សន្យា​ថា កោយ​មួយ​ជោះ​១០ ដូច្នេះ​នរណា​កាន់​កោយ​បោះ​មួយ បើ​ឈ្នះ​ត្រូវ​បាន​ជោះ​គេ ១០ តែបើ​ចាញ់​ក៏​ត្រូវ​គេ​ជោះ​១០​ដែរ ។

ល្បែង​នេះ​មាន​លក្ខខណ្ឌ​តឹងរ៉ឹង​ណាស់ បើ​ធ្វើ​ខុស​បទ​វិន័យ​ណាមួយ​នឹង​ត្រូវ​ទទួល​ពិន័យ​ភ្លាម​មួយ​រំពេច ។ លក្ខខណ្ឌ​ទាំងនេះ និង​បរិយាយ​របៀប​លេង​ខាងក្រោម ។

ល្បែង​អង្គញ់​ចែក​ចេញ​ច្រើន​ជាន់ថ្នាក់​ជា​សង្កាត់​ៗ​មាន ៖
១-​បោះ (​កាន់​បោះ​មក​ពី​ទី តម្រង់​កោយ​ដាំ​)​។
២-​ស៊ីគោល (​បាញ់​ដោយ​ម្រាមដៃ​ដាក់​លើ​ក្បាលជង្គង់​) ។
៣-​ស៊ី​ប៉ា​រ៉េ​ត (​បាញ់​ដោយ​ម្រាមដៃ​ដាក់​ផ្ទាល់​នឹង​ដី​) ។
៤-​ត្រកង (​ប្រមៀល​អង្គញ់​មក​ពី​ទី​) ។
៥-​ចាក់​ខ្ទែ​ក (​ដាក់​អង្គញ់​លើ​ខ្នងជើង​ដើរ​បី​ជំហាន​) ។
៦-​បោះ​ជោះ (​បោះ​សម្រេច​ជា​ចុង​ក្រោយ​បំផុត​) ។

របៀប​លេង​ក្នុង​សង្កាត់ នីមួយ​ៗ​មាន​ដូច​តទៅ ៖
ថ្នាក់ទីមួយ បោះ​=​ពួក​អ្នក​ដែល​ត្រូវ​ឡើង​ទៅ​បោះ គេ​បោះ​តម្រង់​ទៅ​កោយ​ដែល​ដាំ​ណាមួយ កាល​បោះ​ទៅ​ត្រូវ​កោយ​ដាំ​នោះ​ហើយ កោយ​នោះ​ក៏​ខ្ទាត​ចេញពី​រន្ធ​ទៅ កោយ​បោះ​ក៏​នៅ​ក្នុង​រន្ធ​កោយ​ដាំ ហើយ​អ្នក​ដាំ​ទះ​កោយ​បោះ​នោះ​បង្កប់​ថែម​ទៀត យ៉ាងនេះ​គេ​ហៅ​ថា​«​ស្អុយ​»​។ បើ​បោះ​ត្រូវ​កោយ​ណាមួយ​ហើយ បើ​បោះ​កោយ​មួយ​ក្រោយ ទៅ​ត្រូវ​កោយ​ដដែល​ទៀត​គេ​ហៅ​ថា «​ម៉ា​យ​» ។ បើ​អ្នក​បោះ​ប្រព្រឹត្ត​ខុស​វិន័យ​ទាំងនេះ​ហើយ ត្រូវ​អ្នក​ដាំ​ទៅ​បោះ ឯ​អ្នក​បោះ​មក​ដាំ​វិញ​ម្ដង ។ កាលណា​បោះ​ទៅ​ត្រូវ​កោយ​ដែល​ដាំ​ដួល​ទាំងអស់​រួច​ហើយ អ្នក​បោះ​ត្រូវ​ចាប់​បន្ត​ធ្វើ​ស៊ីគោល​តទៅ​ទៀត ។

ថ្នាក់​ទី​២ ស៊ីគោល​=​កាលបើ​បោះ​ត្រូវ​អស់ហើយ​គេ​យក​កោយ​របស់​គេ​ដែល​សំដៅ​ទៅ «​ទី​» ហើយ​អង្គុយច្រហោង​រុញ​ក្បាលជង្គង់​ម្ខាង​ទៅ​មុខ​បន្តិច យក​កោយ​ដាក់​លើ​ក្បាលជង្គង់​នោះ ទាត់​កោយ​ដោយ​មេដៃ ឬ​ច​ង្អុ​កដៃ តម្រង់​ទៅ​កោយ​ដាំ​ណាមួយ ។ បើ​កោយ​ធ្លាក់​ទៅ​នោះ​ធ្លាក់​ជិត​កោយ​ដាំ​ពេក​ប្រមាណ​ជាមួយ​ចំអាម ឬ​កន្លះ​ចំអាម​នោះ អ្នក​ស៊ីគោល​គេ​សួរ​អ្នក​ដាំ​ថា «​វ័ធ ឬ​ណាប់​»​? បើ​អ្នក​ដាំ​ឆ្លើយ​ថា​«​វ័ធ​» អ្នក​ស៊ីគោល​ត្រូវ​វាស់​ជា​ចំអាម​ដោយ​យក​មេដៃ​ដាក់​លើ​កើយ​របស់​ខ្លួន ចង្អុលដៃ​វ័ធ​កោយ​ដាំ​ឲ្យ​ដួល​តែ​ម្ដង ។ បើ​អ្នក​ដាំ​ឆ្លើយ​ថា «​ណាប់​» អ្នក​ស៊ីគោល​គេ​លើក​កោយ​របស់​គេ​គប់​ទៅ​កោយ​ដាំ​នោះ​ឲ្យ​ដួល​តែ​ម្ដង ។ ដូចនេះ​កោយ​ដែល​ស៊ីគោល​ធ្លាក់​ជិត​ពេក​នោះ គេ​ឲ្យ​ឈ្មោះ​ថា «​វ័ធ​-​ណាប់​» ។ បើ​កោយ​ដែល​ស៊ីគោល​ទៅ​ហើយ​ធ្លាក់​ឆ្ងាយ​ពី​កោយ​ដាំ​ជាង​មួយ​ចំអាម​នោះ អ្នក​ស៊ីគោល​ត្រូវ​លុតជង្គង់ ហើយ​យក​កើយ​នោះ មក​ដាក់​លើ​ក្បាលជង្គង់​ផ្ទាត់​តម្រង់​ទៅ​កោយ​ដាំ​បន្ត​ទៅ​ម្ដងទៀត​ទាល់តែ​អស់​កោយ​របស់​ខ្លួន ។ បើ​កោយ​ស៊ីគោល​នោះរ​ត់ទៅ​ប៉ះ​ដូច​ជា​កោយ​ស៊ីគោល​ទៅ​មុន​ធ្លាក់​ត្រង់​កន្លែង​ណាមួយ ហើយ​កោយ​ទៅ​ក្រោយរ​ត់ទៅ​ប៉ះ​កោយ​មុន​នោះ ដល់​ពេល​អ្នក​បាញ់​ទៅ​បាញ់​ម្ដងទៀត​នោះ អ្នក​ដាំ​គេ​ត្រូវ​ពិន័យ​ដូច្នេះ គឺ​កោយ​មុនគេ​ឲ្យ​ផ្ទាត់​ដោយ​ស្រលៀង​ភ្នែក​ម្ខាង គឺ​ឲ្យ​ធ្មេចភ្នែក​ម្ខាង ឯកោ​យ​ក្រោយ​គេ​ឲ្យ​ផ្ទាត់​ដោយ​ខ្វាក់​ភ្នែក គឺ​ឲ្យ​ធ្មេចភ្នែក​ទាំង​សងខាង ។ ដូច្នេះ​ទើប​គេ​ឲ្យ​ឈ្មោះ កោយ​២​នេះ​ថា កោយ​ខ្វាក់ និង​ស្រលៀង​តាម​ទណ្ឌកម្ម​ដែល​គេ​ពិន័យ ស៊ីគោល​ដូច​បាន​រៀបរាប់​មកនេះ​ត្រូវ​កោយ​ដាំ​ដួល​អស់ហើយ គេ​ត្រូវធ្វើ​ស៊ី​ប៉ា​រ៉េ​ត​តទៅ​ទៀត ។

ថ្នាក់​ទី ៣ ស៊ី​ប៉ា​រ៉េ​ត​=​ពួក​អ្នក​ស៊ីគោល​នោះ កាល​បាន​ធ្វើ​ស៊ីគោល​រួច​ហើយ គេ​នាំ​គ្នា​យក​កោយ​ទៅ​ដាក់​ផ្ទាល់​នឹង​ដី ហើយ​បាញ់​ដោយ​ម្រាម មួយ​ម្ដង​ៗ តម្រង់​ទៅ​រក​កោយ​ដាំ រហូត​ដល់​អស់​កោយ ។ ការ​ពិន័យ​មាន វ័ធ ណាប់ ស្រលៀង ខ្វាក់ របៀប​ដូច​ស៊ីគោល​ដែរ ខុស​គ្នា​ត្រង់​ស៊ីគោល​គេ​ធ្វើ​លើ​ក្បាលជង្គង់ ចំណែក​ស៊ី​ប៉ា​រ៉េ​ត ដាក់​កោយ​ផ្ទាល់​នឹង​ដី​តែ​ប៉ុណ្ណោះ ។ លុះ​ធ្វើ​ស៊ី​ប៉ា​រ៉េ​ត​រួច​ហើយ​គេ​ធ្វើ​ត្រកង​តទៅ​ទៀត ។

ថ្នាក់​ទី​៤ ត្រកង ឬ​ត្រ​ឡង​កង​=​ក្រោយ​ដែល​ធ្វើ​ស៊ី​ប៉ា​រ៉េ​ត​ត្រូវ​អស់ហើយ គេ​ចាប់​ធ្វើ​បន្ត​ទៅ​ទៀត គឺ​ត្រកង ។ ត្រកង​នេះ គឺ​គេ​ប្រមៀល​កោយ (​គ្រាប់​អង្គញ់​) ឲ្យ​រមៀល​ដូច​បរ​កង់ ហេតុនេះ​បានជា​គេ​ហៅ​ថា «​ត្រកង ឬ​ត្រ​ឡង​កង​»​។ ត្រកង​មាន​ពីរ​បែប គេ​យកបែប​ណាមួយ​មក​លេង ក៏​បាន​តាមតែ​គេ​ណាត់គ្នា​ហៅ​ថា ត្រកង​ទប់ និង​ត្រកង​ធា​។ ត្រកង​ទប់ គឺ​គេ​ប្រមៀល​កោយ​ទៅ​ហើយ​ត្រូវ​រត់​តាម​ទៅ​យកដៃ​ខ្ទប់​ឲ្យ​ទាន់ មុន​កោយ​នោះ​ដួល ហើយ​មិន​ឲ្យ​ហួស​ម​ខ្លោង​ផង តែបើ​ទប់​មិន​ទាន់ បណ្ដោយ​ឲ្យ​កោយ​ដួល​ស្ងៀម​ខ្លួន​វា ឬ​ទប់​ដែរ តែ​មិន​បាន​យកដៃ​ខ្ទប់​ឲ្យ​ជិត​ល្អ​លើ​កោយ​នោះ​ទេ  នោះ​គេ​ទុកជា​ស្អុយ​មិន​បានការ ពួក​ខាង​ម្ខាង​ត្រូវ​ឡើង​ធ្វើ​ម្ដង ។ បើ​កើយ​នោះ​រត់លឿន​ពេក​ទៅ​ហួស​មេខ្លោង​ឬ​មួយ​ក៏​ទង្គិច​ដួល​កោយ​ដាំ​ណាមួយ​ក៏​ទុកជា​ស្អុយ​ត្រូវ​គេ​«​ឡើង​»​ដែរ​។ ឯ​ត្រកង​ធា​វិញ ពុំ​ពិបាក​រត់​តាម​ខ្ទប់​ទេ តែ​ត្រូវ​មាន​វិន័យ​មិន​ឲ្យ​ហួស​មេខ្លោង និង​ទង្គិច​កោយ​ដាំ​ឡើយ ។ របៀប​ត្រកង ក៏​ដូច​ជា ស៊ីគោល ឬ ស៊ី​ប៉ា​រ៉េ​ត​ដែរ គឺ​ធ្វើ​បាន​ពី​ដំណាក់ គឺ​ត្រកង​ពី​ទី​ទៅ​ដល់​ត្រង់​ណា​ហើយ អាច​តាម​ទៅ​បាញ់​ដល់​ម្រាមដៃ​ផ្ទាល់​នឹង​ដី​តម្រង់​ទៅ​កោយ​ដាំ​ម្ដងទៀត ប្រសិនជា​មាន​រះ​ដួល​កោយ​ដាំ​ម្ដង​ពីរ ឬ បី​, ម៉ា​យ​, ងីងើ​មិន​ដួល កោយ​ដាំ​នោះ គ្រាន់តែ​រង្គើ​ក៏​ត្រូវ​ទទួល​បទ​ពិន័យ​ដូច មុន​ៗ​ដែរ ។

ថ្នាក់​ទី​៥​ចាក់​ខ្ចែ​ក​= ចាក់​ខ្ចែ​ក​មាន​របៀប​ប្លែក ពី​មុន​ៗ គឺ​គេ​ឈាន​មួយ​ជំហាន​គំនិត​ពី​ទី រួច​យក​អង្គញ់​ដាក់​លើ​ខ្នងជើង ហើយ​ឈាន​ពីរ​ជំហាន​ទៅ​មុខ​ទៀត ទើប​រលាស់​ចុងជើង គ្រវាត់​គ្រាប់​អង្គញ់​ទៅ​ឲ្យ​ត្រូវ​កោយ​ដាំ ។ កាលណា​មិន​ត្រូវ​ក៏​ស្អុយ កោយ​បោះ​នោះ ចោល​ទៅ កាលណា​ត្រូវ​អាច​យក​កោយ​ដដែល​នោះ​មក​ធ្វើ​សា​ជា​ថ្មី​បាន​ម្ដងទៀត ។ ប្រសិនជា​ដាក់​កោយ​ខ្នងជើង ហើយ​ឈាន​ពុំ​ទាន់​ដល់​កោយ​ដាំ​ស្រាប់តែ​ជ្រុះ​កោយ​ទៅ នោះ​គេ​ទុកជា​បាក់​ក លៀន​អណ្ដាត គឺ​គេ​ឲ្យ​យក​ទៅ​ធ្វើ​ម្ដងទៀត តែ​ឲ្យ​អ្នក​នោះ​ងើយ​ក​ឡើង​លើ លៀន​អណ្ដាត មិន​ឲ្យ​មើលទៅ​កោយ​ដាំ​ទេ គឺថា​ធ្វើ ប្រថុយ​ៗ​តាម​ស្មាន ។ ចាក់​ខ្ចែ​ក ឥត​ធ្វើ​ពី​ដំណាក់ តាម​ទៅ​ផ្ទាត់​បាន​នៅ​ជិត​កោយ ដាំ​ដូច​ត្រកង ស៊ីគោល​-​ស៊ី​ប៉ា​រ៉េ​ត​ទេ គេ​ធ្វើ​យក​ត្រូវ​ពី​ទី​តែ​ម្ដង ។ កាលបើ​មាន​រះ​, មា​យ​, កប់ គេ​ពិន័យ​ដូច​ធ្វើ អ្វី​ៗ​ពី​មុន​មក​ដែរ ។

ថ្នាក់​ទី​៦​បោះ​ជោះ​=​បោះ​ជោះ​ក៏​ដូច​ជា​បោះ​ពី​ដំបូង​ដែរ វិន័យ​គ្រប់បែបគ្រប់យ៉ាង​ដូច​គ្នា​ទាំងអស់​សុទ្ធសាធ ។ គិត​ទៅ​បោះ​ជោះ​នេះ ហាក់ដូចជា​គ្រាន់តែ​ជា​វិញ្ញាសា​មួយ​សម្រាប់​រង់ចាំ​ពួក​ខាង​យឺត​ជាង ឲ្យ​បាន​ឱកាស​ដេញ​តាម​ប៉ុណ្ណោះ​។ បានជា​ហៅ​ថា បោះ​ជោះ​ព្រោះ​បន្ទាប់​តែ​ពី​បោះ​នេះ​ទៅ ត្រូវ​បាន​ជោះ​ហើយ (​គ្រាន់តែ​រង់ចាំ​ឲ្យ​គេ​តាម​ប៉ុន្មាន​ក្តារ ដែល​បាន​សន្មត​ប៉ុណ្ណោះ​) ។

របៀប​ជោះ គឺ​គេ​យក​អង្គញ់​មួយ​ផ្ទាប់​ទៅ​ដល់​ក្បាលជង្គង់ ហើយ​យក​អង្គញ់​មួយទៀត​វាយ​ជួយ​ពីលើ​រាប់​ចំនួន​តាម​ដែល​គេ​ត្រូវ​ជួស​។ ធ្វើ​បែប​នេះ​ហៅ​ថា «​ជោះ​បាយ​ត្រជាក់​» ។ មួយ​បែប​ទៀត​ហៅ​ថា «​ជោះ​បាយ​ក្ដៅ​» របៀប​នេះ​គេ​ផ្គុំ​អង្គញ់​ពីរ​តម្រួត​គ្នា   គឺ​មួយ​ផ្តេក មួយ​បញ្ឈរ ហើយ​ជោះ ខ្លាំង​ៗ​ទៅ​លើ​ក្បាលជង្គង់ មួយ​ៗ​ឡើង​ក្រហម​សាច់ ទំ​រាំ​តែ​អស់​ចំនួន​៣០​ទៅ​៤០ សឹងតែ​ហើម​ក្បាលជង្គង់​តែ​ម្ដង ជួនកាល​គេ​យក​បំពង់​ឫស្សី​មក​ខោក​ក្បាលជង្គង់​ធ្វើ​ជា​ជោះ​ជំនួស​គ្រាប់​អង្គញ់​ក៏​មាន ។ ឯ​ឈ្មោះ​ពិន័យ​ដែល​ប្រើ​ក្នុង​ល្បែង​អង្គញ់​នេះ​មាន ៩ បែប​៖

១-​ស្អុយ​(​គឺ​ធ្វើ​ខុស​ទុក​កោយ​នេះ​ជា​អសារ​បង់​) ។
២-​មា​យ​(​ត្រូវ​ម្ដង​ហើយ ត្រូវ​ដដែល​ម្ដងទៀត​) ។
៣-​រះ​(​កោយ​បោះ​មួយ​ត្រូវ​កោយ​ដាំ​ម្ដង​ពីរ​)​។
៤-​ងីងើ​(​កោយ​បោះ​រត់​ប៉ះ​កោយ​ដាំ​ឲ្យ​រង្គើ​មិន​ដួល​) ។
៥-​ស្រលៀង -​ខ្វាក់ (​ព្រោះ​កោយ​បោះ​ទង្គិច​គ្នា​) ។
៦- វ័ធ​-​ណាត់ (​កោយ​បោះ​ជិត​កោយ​ដាំ​ពេក​) ។
៧-​បាក់​ក លៀន​អណ្ដាត (​ចាក់​ខ្ទាត​ធ្លាក់​កោយ​កណ្ដាល​ទី​) ។
៨-​កប់​ទះ (​កោយ​ដាំ​ខ្ទាត​ចេញ កោយ​បោះ​នៅ​ក្នុង​រន្ធ​ដាំ​) ។
៩-​ហួស​មេដំបូល (​សម្រាប់​ត្រកង​កុំ​ឲ្យ​ហួស​មេខ្លោង​) ។

បទ​ពិន័យ​លើ​កំហុស​ទាំង​អស់នេះ​មិនជា​ការ​ធ្ងន់​ពិបាក​ប៉ុន្មាន​ទេ មាន​កំហុស​ខ្លះ​គេ​គ្រាន់តែ «​ឡើង​» គឺ​គេ​ទុក​ក្ដារ​នេះ​ជា​អសារ​បង់ ត្រូវ​ផ្ទេរ​ឲ្យ​ពួក​ម្ខាង​ទៀត​ឡើង​ទៅ​ធ្វើ​ម្ដង​ដូច​យ៉ាង ម៉ា​យ រះ កប់​ទះ ជាដើម ប៉ុន្តែ​ទោះជា​ត្រូវ​«​ឡើង​»​ក្ដី ក៏​លើក​ក្រោយ​គេ​អនុញ្ញាត​ឲ្យ​ពួក​នេះ​ទុកជា​ធ្វើ​ត្រូវ​ទាំង​អស់នេះ​ដែរ ។ ឯ​បទ​ពិន័យ​ផ្សេង​ទៀត​ក៏​គ្រាន់តែ​ដាក់​ទណ្ឌកម្ម ឲ្យ​លំបាក​ក្នុង​ការ​ធ្វើ​ប៉ុណ្ណោះ ពុំ​ទាន់​ចាត់​ទុក​ឲ្យ​កោយ​នោះ​ស្អុយ ភ្លាម​ៗ​ទេ ។ ដូច្នេះ​បទ​ពិន័យ​គ្រាន់តែ​ឲ្យ​បាន​សប្បាយ​បាន​យូរ​បន្តិច​ប៉ុណ្ណោះ​ឯង ។

ចំពោះ​គ្រាប់​អង្គញ់​ដូច​គ្នា​នេះ គេ​អាច​យក​ទៅ​លេង​ជា​ល្បែង​មួយទៀត​ហៅ​ថា «​លេង​កេល​» ។ គឺថា គេ​យក​កោយ​ដាំ​ប្រាំ​ដែរ ដាំ​ដង្ហែ​ជាមួយ​ជួរ ហើយ​មាន​គូស​ទី​មួយ​ជា​កន្លែង​សន្មត ដាក់​កោយ​បោះ​៥​ដែរ តែ​ដាក់​ផ្ទាល់​នឹង​ដី គេ​យក​ជើង​កៀស​គឺ​ជើង​ឆ្វេង​ឈរ​ស្ងៀម លូក​ទៅ​មុខ​, ជើង​ស្ដាំ​ថយ​មក​ក្រោយ​ចុច​កែង​ឲ្យ​ជាប់​ទៅ​នឹង​ដី ហើយ​ចុង​ម្រាម​ឆ្កិះ​យ៉ាង​ខ្លាំង​ឲ្យ​កោយរ​ត់ទៅ​ត្រូវ​កោយ​ដាំ ម្ដង​មួយ​ៗ ទាល់តែ​អស់ បើ​កោយ​ណា​មិន​បាន​ត្រូវ​កោយ​ដាំ​ទេ គេ​ទុកជា​ស្អុយ តែបើ​បាន​ត្រូវ​គេ​ឲ្យ​ត្រឡប់​យក​មក​កេល (​ឆ្កិះ​ចុង​ម្រាមជើង​) បាន​ម្ដងទៀត ។ ពួក​ខាង​ណា​ធ្វើ​ត្រូវ​អស់​មុន ឈ្មោះ​ថា ឈ្នះ អាច​ជោះ​អ្នក​ចាញ់​បាន ។

របៀប​លេង​គ្រាប់​អង្គញ់​មួយ​យ៉ាង​ទៀត​គេ​ហៅ​ថា «​បាញ់រង​» គឺ​មាន​អ្នកលេង​ពីរ​ពួក ។ ពួក ម្ខាង​ៗ​មាន​កោយ​១០ រៀងខ្លួន​គឺ​សម្រាប់​ដាំ​៥ បាញ់​៥ ។ គេ​ដាំ​ជួរ​តម្រៀប​គ្នា​ម្ខាង​ម្នាក់ ហើយ យក​កោយ​បាញ់ បាញ់​ទៅ​ក្រុម​ម្ខាង​ទៀត​ម្ដងម្នាក់ ។ ខាង​ណា​បាញ់​រំលំ​របស់​ពួក​ម្ខាង​ទៀត​អស់​មុន​ឈ្មោះ​ថា ឈ្នះ បាន​ជោះ​គេ ឯ​បាញ់​នោះ គឺ​ឈរ​បត់​ក្បាលជង្គង់​ម្ខាង​ដាក់​កោយ​លើ​ក្បាលជង្គង់​បាញ់​នឹង​ម្រាមដៃ​តម្រង់​ទៅ​កោយ​ដាំ​តែ​ម្ដង ។ ល្បែង​អង្គញ់​អាច​រាប់​ចូល​ក្នុង​ពួក​កីឡា ហាត់​ដៃ​ឲ្យ​ត្រង់ ហាត់​ភ្នែក​ឲ្យ​វៃ ហាត់​ស្មារតី​ឲ្យ​មូល ៕