ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈកម្មការព្រំដែនកម្ពុជា-ថៃ កំណត់ពេលជួបគ្នានៅបាងកក ពីថ្ងៃទី៨ដល់១០កញ្ញាខាងមុខ

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កិច្ច​ប្រជុំ​គណៈ​កម្មកា​រ​ព្រំដែន​កម្ពុជា​-ថៃ (JBC) ដែល​បាន​​​អាក់ខាន​ជិត​១ឆ្នាំ​កន្លងមក​ ហើយ​លើក​ចុង​ក្រោយ​ត្រូវបាន​ភាគីថៃ​ប្រកាស​ពន្យា​រ​ពេល​ដោយមិនកំណត់​នោះ ត្រូវ​បានគេ​ដឹង​ថា ​កិច្ច​ប្រជុំ​នេះ​នឹង​កំណត់​ធ្វើ​​​ពី​ថ្ងៃ​៨ ដល់​​ថ្ងៃទី​១០​ ខែ​កញ្ញា​ ខាងមុខ​ រវាង​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​នៃប្រទេស​​ទាំង​២ ។ តាម​កាសែត​ថៃ​ផ្សាយ​ថ្ងៃ​​២៧ សីហា ​ឱ្យ​ដឹង​ថា រដ្ឋ​មន្ត្រី​ក្រសួង​ការ​ពារជាតិ​​ថៃ លោក​ឧត្ត​ម​សេនីយ៍​ប្រាវីត វង្ស​សុវណ្ណ បានបញ្ជា​ឱ្យ​សមត្ថ​កិច្ច

រាជធានីភ្នំពេញ ៖ កិច្ច​ប្រជុំ​គណៈ​កម្មកា​រ​ព្រំដែន​កម្ពុជា​-ថៃ (JBC) ដែល​បាន​​​អាក់ខាន​ជិត​១ឆ្នាំ​កន្លងមក​ ហើយ​លើក​ចុង​ក្រោយ​ត្រូវបាន​ភាគីថៃ​ប្រកាស​ពន្យា​រ​ពេល​ដោយមិនកំណត់​នោះ ត្រូវ​បានគេ​ដឹង​ថា ​កិច្ច​ប្រជុំ​នេះ​នឹង​កំណត់​ធ្វើ​​​ពី​ថ្ងៃ​៨ ដល់​​ថ្ងៃទី​១០​ ខែ​កញ្ញា​ ខាងមុខ​ រវាង​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​នៃប្រទេស​​ទាំង​២ ។ តាម​កាសែត​ថៃ​ផ្សាយ​ថ្ងៃ​​២៧ សីហា ​ឱ្យ​ដឹង​ថា រដ្ឋ​មន្ត្រី​ក្រសួង​ការ​ពារជាតិ​​ថៃ លោក​ឧត្ត​ម​សេនីយ៍​ប្រាវីត វង្ស​សុវណ្ណ បានបញ្ជា​ឱ្យ​សមត្ថ​កិច្ច​ពាក់​ព័ន្ធ​របស់ខ្លួន​ត្រៀម​​រៀប​ចំ​ការ​ប្រជុំ​គណៈ​កម្មការ​ព្រំដែន​កម្ពុជា​-ថៃ ​(JBC)  លើកទី​៧ ក្នុង​រវាងពីថ្ងៃទី​៨ ដល់​១០កញ្ញា​ ខាង​មុខ ដោយ​ថៃ​ធ្វើជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​នៅ​សណ្ឋាគារ​រ៉េ​ណឺ​ហ្សង់ ​ក្នុង​ទីក្រុង​បាងកក ។ គួរ​បញ្ជាក់ថា ​មុន​នេះ ​ភាគី​ថៃ​បាន​​​ពន្យា​រ​ពេល​កិច្ច​ប្រជុំ​ដែលធ្លាប់​កំណត់​ធ្វើ​ក្នុង​រវាង​​ថ្ងៃ​ទី​២៧-២៨ សីហា ​ដោយ​សារតែ​ថៃ​មាន​បញ្ហា​​ផ្ទៃ​ក្នុង តែ​បាន​ក្រឡាស់​មក​និយាយថា ព្រោះ​​សម្ព័ន្ធ​ភាព​រវាង​ប្រទេស​ទាំង​២ កាល​​ពី​​ដើមខែ​កន្លង​មក​មិនសូវ​ល្អ​ប្រសើរ​ ដោយ​សារ​គណៈ​កម្មាធិការ​បេតិ​កភណ្ឌ​ពិភព​លោក​បាន​ឯក​ភាព​ទទួល​យក​ផែន​ការ​សំរាប់​ពិចារណា​ដល់​ការ​អភិវឌ្ឍបរិ​វេណ​ជុំ​វិញ​​ប្រា​សាទ​ព្រះវិហារ​របស់ខ្មែរ ។

កាសែត​ថៃ​ដដែល​បន្ត​ថា យោង​តាម​របាយ​ការណ៍​​របស់​ក្រសួង​ការពារជាតិ​បាន​ឱ្យ​ដឹង​ថា កិច្ច​សហ​ប្រតិ​បត្តិ​ការរ​រវាង​លោក​ឧត្តម​សេនីយ៍​ប្រាវីត វង្ស​សុវណ្ណ រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​ថៃ និង​លោក​នាយ​ឧត្តមសេនីយ៍​ទៀ បាញ់ រដ្ឋ​មន្ត្រី​ក្រសួង​ការពារជាតិ​កម្ពុជា​តាម​រយៈ​ទូរស័ព្ធ​បាន​ធ្វើ​ឱ្យ​កិច្ច​ប្រជុំ JBC កើតឡើង​ក្នុង​រយៈ​ពេល​ដ៏​ឆាប់​រហ័ស​រវាង​ប្រទេស​ទាំង​២ ។ នៅ​ក្នុង​របាយ​ការណ៍​បានបញ្ជាក់​ទៀ​តថា ក្រប​ខណ្ឌ​​​នៃ​ការ​ចរចា​​របស់ JBC ដែលនឹង​​មាន​នៅ​ក្នុង​កិច្ច​ប្រជុំ​លើក​នេះ បាន​ឆ្លង​កាត់​ការ​យល់​ស្រប​ពី​រដ្ឋ​សភា កាល​ពី​ឆ្នាំមុន ដោយ​មិន​ពាក់​ព័ន្ធ​នឹង​​​កិច្ច​ព្រម​ព្រៀង​ពី​លទ្ធ​ផលនៃ​​កិច្ច​ប្រជុំ​​លើក​មុន​ ដែល​សភា​ថៃ​មិន​ទាន់​អនុម័ត​នោះទេ ។ កម្ពុជា​បាន​ប្រកាស​រួច​ហើយ​ថា ការ​ចរចា​ថ្នាក់​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​អាចធ្វើ​ទៅ​បាន​ ល្គឹក​ណា​សភា​ថៃ​អនុ​ម័ត​លើ​កំណត់​ហេតុ​នៃ​កិច្ច​ប្រជុំ​ទាំង​៣​លើក​រួច​សិន ព្រោះ​ថា បើ​គ្មាន​ការ​អនុម័ត​ទេ​​ការ​ចរចា​ក៏​គ្មាន​ន័យអ្វីដែរ ។ អ្នក​សង្កេត​ការ​ណ៍​កម្ពុជា​​និយាយ​ថា ការ​ពន្យារពេល​របស់សភា​ថៃ​ក្នុង​ការ​ពិភាក្សា​អនុ​ម័ត​នោះ​គឺ​មិនអាច​ទទួល​​យក​បាន​ទេ ហើយ​ការ​ចរចា​ណាមួយ​ក៏​ទៅមិន​រួច​ដែរ ។

ទោះជា​យ៉ាង​ណា​ក៏​ដោយ ក្រប​ខណ្ឌ​នៃកិច្ច​ប្រជុំ​ JBC លើក​​ទី​៧នេះ​នឹង​សង្កត់​ធ្ងន់​លើ​កិច្ច​សហ​ប្រតិបត្តិ​ការ​ផ្នែក​សន្តិ​សុខ​ និង​យោ​ធា​រវាង​ប្រទេស​ទាំង​២ ដូចជា​បញ្ហា​ថ្នាំ​ញៀន​ ស្ថាន​ការណ៍​សន្តិ​សុខ​លើ​ដែន​សមុទ្រ​ ​កិច្ច​សហ​​ប្រតិបត្តិ​ការ​​របស់​​យោ​ធា​​ក្នុង​តំបន់ និង​ការ​ដោះ​មីន​ជា​ដើម ។ ​ជាមួយគ្នា​នេះ​ ក៏​មានការជឿជាក់​ថា ការ​​ពិភាក្សា​ក្នុងកិច្ច​ប្រជុំ​នឹង​មានទិសដៅ​ជា​វិជ្ជ​មាន ព្រោះស្ថាន​ការណ៍​សម្ព័ន្ធ​ភាព​ថ្នាក់ជាតិ​នៃ​ប្រទេស​ទាំង​២ មានទិស​ដៅ​ល្អ​ប្រសើរ ហើយមេ​ដឹកនាំ​នៃ​ប្រទេស​ទាំង​២ ក៏​មាន​គំរោង​នឹង​​ជួប​គ្នា​នៅ​​វេទិកា​អន្ត​រ​ជាតិ​​នា​ពេល​ខាង​មុខ​ផងដែរ ។ ​មុននេះ​១ថ្ងៃ​ កាសែត​បាង​កក​ប៉ុស្តិ៍​​ចេញ​ផ្សាយ​ថ្ងៃ​ទី​២៦ សីហា បាន​​ដក​ស្រង់​សំដី​លោក​អាប់ភីស៊ីត វ៉េ​ចាជីវ៉ា នាយក​រដ្ឋ​មន្ត្រី​ថៃ ដែល​បាន​​ថ្លែង​ថា ការសុំ​​លា​លែង​ពី​តំណែង​របស់​លោក​ថាក់ស៊ីន ​ស៊ី​ណាវ៉ាត្រា ពី​ទីប្រឹក្សា​​ផ្នែក​សេដ្ឋ​​កិច្ច​របស់​កម្ពុជា​ បាន​ត្រួស​ត្រាយ​ផ្លូវ​សំរាប់​ប្រទេស​ថៃ និង​ប្រទេស​កម្ពុជា​ដោះស្រាយ​ជំលោះ តែ​លោក​អាប់​ភីស៊ីត បាន​ព្រលយ​ពាក្យ​ថា លោក​ថាក់ស៊ីន មិនទាន់​ទៅ​ណា​​ឆ្ងាយ​នៅ​ឡើ​យទេ ។ មន្ត្រី​កម្ពុជា​បាន​ច្រាន​ចោល​ចំពោះ​ការ​​​ដែល​ថា លោក​ថាក់​ស៊ីន គឺជា​ដើមចម​នៃ​ជម្លោះ​​គ្នានេះ តែ​បាន​អះ​អាងច្បាស់​​ថា ​មក​ពី​ខាង​សៀម​ឈ្លានពាន​ទឹកដី​កម្ពុជា​តែ​ប៉ុណ្ណោះ ។

លោកអាប់​ភីស៊ីត បន្ត​ថា លោក​ថាក់ស៊ីន បាន​សុំ​បញ្ចប់​តំណែង​របស់លោក​ជាមួយ​កម្ពុជា​មិន​មែន​មានន័យ​ថា លោក​បញ្ចប់​​ការ​ធ្វើ​សកម្ម​ភាព​នយោ​បាយ​នោះទេ ។ ​លោក​អាប់ភីស៊ីត គូស​បញ្ជាក់​ថា ទោះបីជា​បែប​ណា ឥឡូវនេះ​រដ្ឋា​ភិបាល​​របស់​លោក​កំពុង​ព្យា​យាម​ស្តារ​ឡើង​វិញ​នូវទំនាក់ទំនង​រវាងប្រទេស​ថៃ និង​ប្រទេស​កម្ពុជា ព្រម​ទាំង​ដោះស្រាយ​ជំលោះ​នៅ​តំបន់​​ប្រាសាទ​ព្រះវិហារ ។ ទាក់​ទិន​ទៅនឹង​បញ្ហា​ទំនាក់​ទំនង​រវាង​ថៃ​ និង​កម្ពុជា​ផងដែរ លោក​ស៊ូ​ថេប ធឿក​ស៊ូបាន់ ឧប​នាយករដ្ឋ​មន្ត្រី​ថៃ​ថ្លែង​ថា ក្រោយ​ពី​ប្រទេសទាំង​ពីរ​ថៃ-កម្ពុជា​បាន​ដាក់​ឯក​អគ្គ​រាជទូត​ប្រចាំ​ប្រទេស​ទាំង​ពីរ​វិញ ​ទំនាក់ទំនង​ទ្វេ​ភាគី​រវាងប្រទេស​ទាំង​​ពីរ​នឹង​មានលក្ខណៈ​ល្អ​ប្រសើរ​ជាងមុន ។ ​ចំណែក​ទាក់ទិន​ទៅនឹង​ការ​ជួប​ពិភាក្សា​ទ្វេ​ភាគី​រវាង​ថ្នាក់​ដឹកនាំ​ប្រទេសទាំង​២ លោក​ស៊ូថេប ថ្លែង​ថា ឥឡូវនេះ​វា​ស្ថិត​លើ​មេ​ដឹក​នាំ​​ទាំង​២​រង់ចាំ​ពេលវេលា​ និង​កន្លែង​សមស្រប ។ ឯកអគ្គ​រាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ លោក​ជំទាវ​យូ អយ បាន​អញ្ជើញ​ទៅ​ដល់​ទីក្រុង​បាងកក ដើម្បី​បន្ត​ការ​ងារ​របស់​លោក​ជំទាវ​កាលពីថ្ងៃទី​២៥ សីហា ​គឺ​​មួយថ្ងៃ ក្រោយ​ពី​ឯក​អគ្គ​រាជ​ទូត​ថៃ​ប្រចាំ​ប្រទេស​កម្ពុជា លោក Prasat Prasavinitchai បានអញ្ជើញ​មក​ដល់​​រាជ​ធានី​​ភ្នំេពញ​ដើម្បី​​បន្ត​ការ​ងារ​របស់​លោក​ទៀត ៕​