ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពន្ធ​ចំណេញ​មូលធន​២០%​នឹង​មិន​ពន្យារ​តាម​ការ​ស្នើ​របស់​វិនិយោគិន​និង​ពលរដ្ឋ​ទេ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​រដ្ឋាភិបាល​ដែល​មាន​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏​ដូច​ជា​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​ប្រកាស​ពី​ការ​អនុវត្ត​ពន្ធ​លើ​ចំណេញ​មូលធន​នៅ​ដើមឆ្នាំ​ក្រោយ មានការ​រិះគន់​និង​ទទូច​ស្នើ​សុំ​អោយ​អគ្គនាយកដ្ឋាន​ពន្ធដារ ក្រសួង​សេដ្ឋកិច្ច ពន្យារពេល​ក្នុង​ការ​អនុវត្ត ដោយហេតុ​ថា​ពេល ពលរដ្ឋ​និង​វិនិយោគិន កំពុង​ជួប​វិបត្តិ​ដោយសារ​តែ​កូ​វី​ដ​១៩…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​រដ្ឋាភិបាល​ដែល​មាន​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏​ដូច​ជា​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​ប្រកាស​ពី​ការ​អនុវត្ត​ពន្ធ​លើ​ចំណេញ​មូលធន​នៅ​ដើមឆ្នាំ​ក្រោយ មានការ​រិះគន់​និង​ទទូច​ស្នើ​សុំ​អោយ​អគ្គនាយកដ្ឋាន​ពន្ធដារ ក្រសួង​សេដ្ឋកិច្ច ពន្យារពេល​ក្នុង​ការ​អនុវត្ត ដោយហេតុ​ថា​ពេល ពលរដ្ឋ​និង​វិនិយោគិន កំពុង​ជួប​វិបត្តិ​ដោយសារ​តែ​កូ​វី​ដ​១៩ ។

ជា​ការ​ឆ្លើយ​តប​នៅ​ព្រឹក​ថ្ងៃ​ទី​០១ តុលា ២០២០​នេះ មេ​ពន្ធដារ លោក​គង់ វិបុល​បាន​លើក​ឡើង​ថា ពន្ធដារ​នឹង​ចាប់ផ្ដើម​អនុវត្ត​ពន្ធ​នៅ​ដើមឆ្នាំ ២០២០​តាម​អ្វី​ដែល​ជាស​ម្រេច​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បន្ទាប់​ពី​ច្បាប់​នេះ បាន​ពន្យា​ពេល​ជាង​១០​ឆ្នាំ​មក​ហើយ​នោះ ។

លោក គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​ថ្លែង​ថា​ប្រទេស​ជាតិ អាច​រីក​ចម្រើន​ទៅ​បាន​គឺ​ដោយសារ​តែ​មាន​ចំណូល​ពន្ធ ដើម្បី​យក​ចំណូល​ទាំងនោះ មក​បែង ចែក​និង​កសាង​ជាតិ​រួម​មាន​ហេដ្ឋារចនាសម្ព័ន្ធ​នានា ប្រាក់ខែ​គ្រូ បង្រៀន មន្ត្រីរាជការ​ជា​ពិសេស​នោះ គឹ​យក​មក​ជួយ​ដល់​ពលរដ្ឋ​ក្រីក្រ​ដែល​ជួប​ការ​លំបាក​ដូច​សព្វ​ថ្ងៃនេះ​ជាដើម ។

លោក​បាន​និយាយ​បន្ត​ថា សម្រាប់​ពន្ធ​លើ​ចំណេញ​មូលធន ចំនួន ២០% ដែល​នឹង​ចាប់ផ្ដើម​អនុវត្តន៍​នៅ​ឆ្នាំ ២០២១​ខាង​មុខ​នេះ គឺ​ខាង​ពន្ធដារ​អនុវត្តន៍​ចំពោះតែ​អ្នក​ដែល​លក់​អចលនទ្រព្យ​បាន​ចំណេញ​ប៉ុណ្ណោះ ចំណែក​អ្នកលក់​ខាត​ខាង​ពន្ធដារ​មិន​តម្រូវ​អោយ​បង់ពន្ធ​នោះ​ឡើយ ។ ដូច្នេះ​អ្នក​ដែល​លក់​ទៅ​វិញ​ខាត​សូម​ព្រួយបារម្ភ​ថា​ត្រូវ​តែ​បង់ពន្ធ​មក​រដ្ឋ​នោះ​ឡើយ ។ យ៉ាងណា​ក៏​ត្រូវ​ទាមទារ​អោយ​មាន​ឯកសារ​បញ្ជាក់​ថា​បុគ្គល​នោះ ពិតជា​លក់​អចលនទ្រព្យ​ខាត​ពិតមែន ដោយ​យើង​មិន​អាច​យក​តែ​ពាក្យ​គាត់​ថា​ខាត​ហើយ​មិន​អនុវត្តន៍​នោះ​ទេ ។

មេ​ពន្ធដារ​រូប​នេះ​បានអោយ​ដឹង​ថា​ទៀត​ថា កាតព្វកិច្ច​បង់ពន្ធ​គឺ​មាន​សារសំខាន់​ណាស់​ដល់​ការ​អភិវឌ្ឍ​ជាតិ ហើយ​បើសិនជា​មិន​មាន​បង់ពន្ធ​ទេ ពេល​ជួប​បញ្ហា​ដូច​កូ​វី​ដ​១៩​នេះ​អ​ញ្ចឹ​ង រដ្ឋ​មិន​មាន​អ្វី​សម្រាប់​ចំណាយ​និង​ទប់ស្កាត់​វិបត្តិ​សេដ្ឋកិច្ច​ឡើយ ជាក់ស្ដែង​ដូច​ជា​ការ​ឧបត្ថម្ភ​ទៅ​អ្នក​ក្រីក្រ​រាប់​លាន​នាក់​ក៏​បាន​មក​ដោយសារ​តែ​ការ​បង់ពន្ធ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ដែរ ។​សរុប​មក​គឺ​យកពន្ធ​ពី​អ្នករក​ស៊ីចំណេញ​មក​ជួយ​ពលរដ្ឋ​ក្រីក្រ និង​អភិវឌ្ឍន៍​ប្រទេស ។

លោក វ៉ា​ន់ ពុទ្ធិ​ពល អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​ក៏​មាន​ប្រសាសន៍​ផង​ដែរ​ថា តាម​ពិត​ទៅ ច្បាប់​នៃ​ការ​យកពន្ធ​លើ​ចំណេញ​មូលធន​នេះ ត្រូវ​អនុវត្តន៍​តាំងពី​ឆ្នាំ ២០០៧​ម្ល៉េះ​ក៏​ប៉​ន្តែ​កាលនោះ កម្ពុជា​បាន​ជួប​វិបត្តិ​សេដ្ឋកិច្ច​ទើប​ពន្យារពេល​រហូត​មក​ដល់​ឆ្នាំ ២០២១​ខាង​មុខ ។ ចំណែក​ការ​យកពន្ធ​ចំណេញ​មូលធន​នេះ​ដែរ យើង​យក​តែ​២០​ភាគរយ​នៃ​ប្រាក់​ចំណេញ បាន​ន័យ​ថាបើ​គាត់​ចំណេញ ១០០​យើង​យក​តែ​២០​ប៉ុណ្ណោះ ។ អ្នក​ជាប់ពន្ធ អាច​មាន​ច្រើន​ជំរើស​ទៀត ឧទាហរណ៍​ថា គាត់​លក់​ដី​មួយ​កន្លែង​ចំណេញ​ប្រាប់​ច្រើន​ហើយ​គាត់​មិន​ប្រាប់​យើង​ក៏​បាន តែ​យើង​សូម​យក​២០​ភាគរយ​នៃ​ប្រាក់​ដែល​លក់​បាន​ទាំងអស់​មក​គណនា​ដោយ​យក​តែ​២០​ភាគរយ​នៃ​ភាគរយ ។

លោក​បាន​ឧ​ទារ​ហណ៍​ងាយ​ៗ​យល់​ថា បើសិនជា​យើង​លក់​បាន​១០​ម៉ឺន​ដុល្លារ យើង​នឹង​យក​២​ម៉ឺន​ដុល្លារ​មក​គណនា​យកពន្ធ​លើ​ចំណេញ​មូលធន ដោយ​២០​ភាគរយ​នៃ​២​ម៉ឺន​ដុល្លារ​គឺ ៤​ពាន់​ដុល្លារ ។​លោក​ថា​៖« ការ​យកពន្ធ​ចំណេញ​មូលធន​នេះ មិនមែន​មាន​តែ​កម្ពុជា គ្រប់​ប្រទេស​ទាំង​អស់គេ​បាន​អនុវត្តន៍​ហើយ ហើយ​ក៏​យកពន្ធ​ខ្ពស់​ជាង​នេះ​ដែរ ។ ប្រទេស​ខ្លះ​យក​៣០​ភាគរយ ,៤០​ភាគរយ និង​ខ្លះ​ទៀត​ដល់​៥០​ភាគរយ​ឯណោះ » ។

សូម​បញ្ជាក់​ថា កាលពី​ខែ​មុន​នេះ​រដ្ឋាភិបាល​ប្រកាស​ពី​ការ​យកពន្ធ​លើ​ចំណេញ​មូលធន​ចាប់ពី​ឆ្នាំ ២០២១​តទៅ ហើយ​មាន​វិនិយោគិន​និង​ប្រជាពលរដ្ឋ​ជា​ច្រើន​បាន​បញ្ចេញមតិ​ថា​នេះ​គឺជា​ជាន់ក​ពលរដ្ឋ​និង​វិនិយោគិន ហើយ​បាន​ស្នើ​សុំ​អោយ​មានការ​ពន្យារ​ទៅ​ឆ្នាំ​ក្រោយ​ៗ ពោល​គឺ​មើលទៅ​លើ​ស្ថានភាព​សេដ្ឋកិច្ច​ល្អ​ប្រសើរ​សិន ចាំ​អនុវត្តន៍​ក៏​មិន​ហួសពេល​ដែរ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ