ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាំទេ! ម្ចាស់​មេដាយមាស​ស៊ីហ្គេ​ម​ចូ​វ សុធា​រ៉ា ​ឥឡូវ​យ៉ាង​ណា​ហើយ ក្រោយ​បាត់​មុខ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​វិស័យ​កីឡាចំបាប់ គឺ​មាន​មនុស្ស​តិច​ណាស់​មិន​ស្គាល់​អតីត​កីឡាការិនី ចូ​វ សុធា​រ៉ា ដោយសារ​តែ​នាង​ធ្លាប់​ដណ្ដើម​បាន​មេដាយមាស​ច្រើន​ជំនាន់​ពី​ស៊ី​ហ្គេ​ម ហើយ​ត្រូវ​​បាន​បណ្ដាញសារព័ត៌មាន​ចុះ​ផ្សាយ​ភ្លូកទឹកភ្លូកដី ។ ក្នុង​រយៈពេល​៣​ឆ្នាំ​ចុង​ក្រោយ​នេះ…

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​វិស័យ​កីឡាចំបាប់ គឺ​មាន​មនុស្ស​តិច​ណាស់​មិន​ស្គាល់​អតីត​កីឡាការិនី ចូ​វ សុធា​រ៉ា ដោយសារ​តែ​នាង​ធ្លាប់​ដណ្ដើម​បាន​មេដាយមាស​ច្រើន​ជំនាន់​ពី​ស៊ី​ហ្គេ​ម ហើយ​ត្រូវ​​បាន​បណ្ដាញសារព័ត៌មាន​ចុះ​ផ្សាយ​ភ្លូកទឹកភ្លូកដី ។ ក្នុង​រយៈពេល​៣​ឆ្នាំ​ចុង​ក្រោយ​នេះ នាង​បាន​បាត់​មុខ​ពី​វិស័យ​កីឡា​សូន្យឈឹង ដោយ​ការ​បាត់​មុខ​នេះ គឺ​ដោយសារ​តែ​នាង​លែង​ត្រូវ​បាន​គេ​ចាប់អារម្មណ៍​ដូច​មុន ព្រោះតែ​លែង​មានការ​ប្រកួត ពោល​គឺ​មិនមែន​ផ្ដាច់ខ្លួន​ពី​សហព័ន្ធ​នោះ​ឡើយ ។ នៅ​ក្នុង​ពេល​នេះ​កោះសន្តិភាព នឹង​នាំ​អារម្មណ៍​លោក​អ្នក​មក​ស្វែង​យល់​ពី​ស្ថានភាព​ឯកជន​របស់​នាង ក្រោយ​ពេល​លាឈប់​ពី​កីឡា​ចំបាប់​ទាំងស្រុង​។

ចូ​វ សុធា​រ៉ា បាន​ថ្លែងប្រាប់​កោះសន្តិភាព​ថា នាង​បាន​លាឈប់​ពី​កីឡា​ចំបាប់​ចំនួន​៣​ឆ្នាំ​ហើយ ដោយ​សារ​តែ​នាង​យល់​ថា​ខ្លួន​មាន​វ័យចាស់​ហើយ និង​មាន​បញ្ហា​សុខភាព​មិន​ដូច​មុន​ស្រប​ពេល​ដែល​នាង​ក៏​មាន​ស្វា​មីនោះ​ផង ។ មក​ទល់​ពេល​នេះ នាង​គឺជា​ម្ដាយ​ក្មេង​ប្រុស​វ័យ​ជាង​១០​ខែ ដោយ​នាង​ស្ថិត​នៅ​សរសៃ​ខ្ចី​នៅឡើយ​ទេ ទើប​អ្នក​នាង​មិន​សួ​វ​ទៅ​ណា​មក​ណា ។ អ្នក​នាង​ថា ក្រោយ​ឈប់​ទទួល​ប្រកួត នាង​នៅ​តែ​បម្រើ​ការ​នៅ​ក្នុង​សហព័ន្ធ​ចំបាប់​ដដែល​ទេ ដោយ​ធ្វើ​ជា​ហិ​រញ្ញឹក ដែល​ជា​អ្នកគ្រប់គ្រង​ចំណូល​ចំណាយ និង​ទូទាត់​លុយកាក់​ផ្សេង​ៗ​នៅ​ក្នុង​សហព័ន្ធ​។

យ៉ាងណាមិញ​ការងារ​ថ្មី​នេះ កំពុង​ក្លាយជា​សម្ពាធ​របស់​នាង ដោយសារ​តែ​ការងារ​គិត​បញ្ជី​មិន​មែន​ជា​ការងារ​ដែល​ត្រូវ​ជំនាញ​របស់​ខ្លួន បើ​ទោះជា​ខាង​សហព័ន្ធ​បាន​បញ្ជូន​ឱ្យ​នាង​ទៅ​រៀន​ជំនាញ​រដ្ឋបាល​ដល់​ប្រទេស​ហ្វី​លី​ពី​ន​រហូត​ដល់​ជិត​កន្លះ​ខែ​ក្ដី ។ អ្នក​នាង​ថា អ្វី​ដែល​ស្មុគស្មាញ​សម្រាប់​ការងារ​នេះ គឺ​ការ​រៀបចំ​ឯកសារ​ចំណូល​ចំណាយ និង​ការងារ​គ្រប់គ្រង​ចំណូល​ចំណាយ​តែ​ម្ដង ។ អ្នក​នាង​ពេល​ខ្លះ​មាន​បំណង​ចង់​បោះបង់​ការងារ​នេះ និង​ចង់​ដោះ​ដូរ​តួនាទី​នោះ​ផង ប៉ុន្តែ​ដោយសារ​តែ​ខាង​សហព័ន្ធ​នៅ​មិន​ទាន់​មាន​ធន​ធាន​មនុស្ស​គ្រប់គ្រាន់​ទើប​អ្នក​នាង​នៅ​បន្ត​ជួយ​។

ក្រៅពី​ទទួលខុសត្រូវ​លើ​ការងារ​នេះ អ្នក​នាង​ក៏​ជា​គ្រូបង្វឹក​ផ្នែក​ចំបាប់​ប្រចាំ​សហព័ន្ធ​ផង​ដែរ
ដោយ​ក្នុង​សហព័ន្ធ​គឺ​មាន​កីឡាករ​កីឡាការិនី​ជម្រើសជាតិ​ឈុត​ធំ​១៥​នាក់ និង​ឈុត​តូច​១៥​នាក់ ដែល​សុទ្ធសឹងតែ​ជា​កូនសិស្ស​របស់​នាង​។

ចូ​វ សុធា​រ៉ា បន្ត​ថា ក្នុង​រយៈពេល​នេះ នាង​នៅ​តែ​ជា​បុគ្គលិក​សហព័ន្ធ និង​នៅ​តែ​ជា​គ្រូបង្វឹក​ផ្នែក​កីឡា​ប្រចាំ​នៅ​វិទ្យាល័យ​ផ្សារ​ដើម​ថ្កូវ​ដដែល បើ​ទោះជា​នាង​នៅផ្ទះ​ច្រើន​ជាង ដោយសារ​តែ​កូ​វី​ដ​-១៩​។ អ្នក​នាង​ថា អ្នក​នាង​មិន​អាច​ចូល​ប្រកួត​ណាមួយ​ទៀត​ទេ ដោយសារ​តែ​មានកូន​មើល​ខុស​ត្រូវ ហើយ​វ័យ​ក៏​៣៧​ឆ្នាំ​ក្នុងឆ្នាំនេះ ដែល​កាន់តែ​ចុះ​ខ្សោយ​ជាង​មុន ។

ម្យ៉ាង​មក​ពី​ស្វាមី​របស់​អ្នក​នាង ក៏​មិនសូវ​ចង់​ផង ទើប​អ្នក​នាង​លាឈប់​មិន​ងាក​ក្រោយ​ពី​ក្នុង​វិស័យ​ចំបាប់ ។ អ្នក​នាង​ថា ពី​មុន​ស្វាមី​របស់​អ្នក​នាង ក៏​ជា​កីឡាករ​ផ្នែក​ចំបាប់​ដែរ តែ​ក្រោយមក​ក៏​លាឈប់​ដាច់​តែ​ម្ដង ហើយ​ទៅ​ធ្វើការ​ជា​អ្នកគ្រប់គ្រង​សណ្ឋាគារ ទុក​ឱ្យ​អ្នក​នាង​ត្រាំត្រែង​នៅ​ក្នុង​អាជីព​ជា​គ្រូបង្វឹក និង​ជា​ហិ​រញ្ញឹក​នៅ​ក្នុង​ពេល​នេះ ដើម្បី​បន្ត​តួនាទី​ជាមួយ​សហព័ន្ធ​។ ក្រោយ​ពេល​កូ​វីត​ស្ងប់ស្ងាត់ អ្នក​នាង​ថា ឈុត​ធំ និង​ឈុត​តូច ចាប់ផ្ដើម​ប្រមូលផ្ដុំ​គ្នា​ហ្វឹកហាត់​វិញ​ហើយ ដោយ​នាង​ក៏​រវល់​នឹង​ការ​បង្ហាត់​ផង​ដែរ តែ​ខាង​សហព័ន្ធ​មានការ​យោគយល់​ចំពោះ​នាង​ច្រើន ដោយសារ​តែ​អ្នក​នាង​សរសៃ​ខ្ចី ហើយ​មិន​មាន​អ្នក​ណា​មើល​កូន​តូច ។ អ្នក​នាង​នៅ​តែ​អះអាង​ថា បើ​ទោះជា​អ្នក​នាង​ធូរស្រាល​ដៃជើង​រឿង​កូន តែ​ក៏​មិន​អាច​ត្រឡប់​ប្រកួត​ដូច​មុន​ទៀត​ដែរ គឺ​សម្រេចចិត្ត​សុំ​ឈប់​ទាំងស្រុង​តែ​ម្ដង​។

គួរ​បញ្ជាក់​ថា ក្នុង​ការ​ប្រកប​អាជីព​ជា​កីឡា​ការិនី​ចំបាប់​ជាង​១០​ឆ្នាំ​មកនេះ ចូ​វ សុធា​រ៉ា ធ្លាប់​ដណ្ដើម​បាន​មេដាយមាស​លើ​ឆាក​អន្ដរជាតិ​ជា​ច្រើន ពិសេស​គឺ​ការ​ប្រកួត​ស៊ី​ហ្គេ​ម​តែ​ម្ដង ដែល​នាង​ធ្លាប់​ឈ្នះ​មេដាយមាស​២​ដង គឺ​ស៊ី​ហ្គេ​ម​លើក​ទី​២៥ នៅ​ឡាវ កាលពី​ឆ្នាំ​២០០៩ រួម​ទាំង​ស៊ី​ហ្គេ​ម លើក​ទី​២៧ នៅ​មី​យ៉ា​ន់ កាលពី​ឆ្នាំ​២០១៣ រួម​ទាំង​មេដាយ​ប្រាក់ និង​មេដាយ​សំរឹទ្ធ​ផង​ដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ