ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះ​ស្ថិត​ក្នុង​ក្ដី​បារម្ភ ក៏​ពហុ​កីឡដ្ឋាន​ថ្មី​ត្រូវ​តែ​សាងសង់​ឱ្យ​រួចរាល់​មុន​សុ​ី​ហ្គេ​ម​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មក​ទល់​ពេល​នេះ មានការ​លើក​ឡើងជា​ច្រើន​ពី​កង្វល់​នៃ​ការ​រាំងស្ទះ ដែល​ធ្វើ​ឱ្យ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​មិន​អាច​រួចរាល់​តាម​គម្រោង បន្ទាប់​ពី​ក្នុង​ពេល​នេះ ការ​សាង សង់​ត្រូវ​បាន​ពន្យារពេល​ខុស​ពី​ការ​ប្រកាស​ថា​នឹង​រួចរាល់​ត្រឹម​ចុងឆ្នាំ​២០២០ ដើម្បី​ទុក​ពេល​តុបតែង និង​ធ្វើតេស្ត​សាកល្បង​ការ​ប្រកួត​មួយ​ចំនួន…

រាជធានី​ភ្នំពេញ ៖ មក​ទល់​ពេល​នេះ មានការ​លើក​ឡើងជា​ច្រើន​ពី​កង្វល់​នៃ​ការ​រាំងស្ទះ ដែល​ធ្វើ​ឱ្យ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​មិន​អាច​រួចរាល់​តាម​គម្រោង បន្ទាប់​ពី​ក្នុង​ពេល​នេះ ការ​សាង សង់​ត្រូវ​បាន​ពន្យារពេល​ខុស​ពី​ការ​ប្រកាស​ថា​នឹង​រួចរាល់​ត្រឹម​ចុងឆ្នាំ​២០២០ ដើម្បី​ទុក​ពេល​តុបតែង និង​ធ្វើតេស្ត​សាកល្បង​ការ​ប្រកួត​មួយ​ចំនួន មុន​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេ​ម​នៅ​ឆ្នាំ​២០២៣​នោះ​។

ទោះបី​ក្រុមហ៊ុន​ចិន​ដែល​ទទួល​សាងសង់​ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ អះអាង​ថា ពហុ​កីឡដ្ឋាន ដ៏​ធំ​ជាងគេ​នៅ​ស្រុក​ខ្មែរ​ជា​ជំនួយ​របស់​ចិន​សម្រាប់​កម្ពុជា​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២ ឆ្នាំ​២០២៣ នឹង​ត្រូវ​បញ្ចប់​ចុងឆ្នាំ​២០២០​ក៏​ពិតមែន តែ​ពេល​នេះ អ្វី​ៗ​ត្រូវ​បាន​ពន្យារ​។

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា (NOCC) និង​ជា​អគ្គ​លេខាធិការ នៃ​គណៈកម្មាធិការ​ជាតិ រៀបចំ​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣(CAMSOC) បាន អះអាង​ថា អ្វី​ៗ​ពិតជា​មិន​អាច​នឹង​ចប់​ទៅ​តាម ការ​គ្រោងទុក​ឡើយ ដោយសារ​តែ​មាន​បញ្ហា​រាំងស្ទះ​ជា​ច្រើន ដូច​ជា​សម្ភារ​មិន​អាច​ដឹក​ជញ្ជូន​មក​បាន​ក្នុងអំឡុងពេល​កូ​វី​ដ​-១៩​ផ្ទុះ​ខ្លាំង និង​បញ្ហា​កម្មករ​រត់​ចោល​ការ​ងារ​ព្រោះ​ការ​ភ័យ​ខ្លាច ហើយ​ធ្វើ​ឱ្យ​ការដ្ឋាន​ទាំងមូល​មិន​មាន​កម្មករ​គ្រប់គ្រាន់​ជាដើម ។ បញ្ហា​ដែល​ធ្វើ​ឱ្យ​រាំងស្ទះ​ក្នុង​ការ​សាងសង់​មួយទៀត គឺ​ក្នុងអំឡុងពេល​កន្លង​មក កម្ពុជា​ក៏​ទទួល​រង​ឥទ្ធិពល​ព្យុះ និង​ភ្លៀង​ធ្លាក់​ខ្លាំង ដែល​បណ្ដាល​ឱ្យ​ប៉ះពាល់​ដល់​ដំណើរការ​សាងសង់​នៅ​ក្នុង​ទីលាន​ការដ្ឋាន​ទាំងមូល​។

លោក​ពន្យល់​ថា ការ​អូស​បន្លាយពេល​នៃ​ការ​សាងសង់​នេះ គឺ ដោយសារ​តែ​វិបត្តិ​កូ​វី​ដ​-១៩ តែ​ម្ដង ដែល​ជំងឺឆ្លង​មួយ​នេះ បង្ក​ឲ្យ​មាន​ផល ប៉ះពាល់​ដល់​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​ប្រទេស​នៃ អ្នកជំនាញ​ចិន ក៏​ដូច​ជា​ការ​ដឹក​ជញ្ជូន​សម្ភារ​មួយ ចំនួន​សម្រាប់​ការ​សាងសង់ ហើយ​ធ្វើ​ឱ្យ​ចរន្ត​ទាំងមូល​ដំណើរការ​មិន​បាន កុំ​ថា​ឡើយ​តែ​បញ្ហា​សាងសង់​ពហុ​កីឡដ្ឋាន​នៅ​កម្ពុជា ។

លោក​ថា មក​ទល់​ពេល​នេះ ការងារ​សាងសង់​សម្រេច ទើបតែ​បាន​ជាង​៨០​ភាគរយ​នោះ​ទេ ដោយនៅ​សល់​ខាង​ផ្នែក​បំពាក់​គ្រឿង​លំអ និង​គ្រឿង​តុ​ប តែង ខាងក្រៅ​ជាដើម ដែល​ការងារ​នេះ ក៏​ត្រូវ​ចំណាយ​ពេល​ច្រើន​ដែរ ប្រសិនបើ​សម្ភារ​បញ្ជូន​មក​យឺតយ៉ាវ ព្រោះ​កូ​វី​ដ​-១៩ ។ លោក​ថា​ការងារ​ទាំង​អស់នេះ នឹង​សម្រេច​ឱ្យ​រួចរាល់​នៅ ខែមីនា ឬ ខែមេសា ឆ្នាំ​២០២១ ពោល​គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​ចប់​មុន​ស៊ី​ហ្គេ​ម លើក​ទី​៣១ នា​ប្រទេស​វៀតណាម ឆ្នាំ​២០២១ ដែល​ធ្វើ​នៅ​ចុងឆ្នាំ តែ​ភាព​ជាក់ស្ដែង​ក៏​មាន​តែ​ចាំ​មើល​។

លោក​អះអាង​ថា ភាគី​ចិន​នឹង​ព​ន្លឿ​ន​ឱ្យ​បាន​រួចរាល់​តាម​ជំហាន​ទី​២​នេះ ហើយ​លោក​ក៏​ជំរុញ​ឱ្យ​រួចរាល់​នៅ​អំឡុង​ពេល​នោះ​ដែរ ដើម្បី​រៀបចំ​ដេ​គ័​រ និង​ថែមថយ​ជា​ច្រើន​ទៀត ដែល​ការងារ​នោះ​ក៏​ចំណាយពេល​មិន​ខ្លី​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ពហុ​កីឡដ្ឋាន​ដ៏​ធំ​មួយ​នេះ​កំពុង​សាងសង់​ដោយ​ក្រុមហ៊ុន​ប្រទេស​ចិន China State Construction Engineering Corporation លើ​ផ្ទៃដី​ជាង​៩៤​ហិ​កតា ក្នុង សង្កាត់​ព្រែក​តា​សេក ខណ្ឌឫស្សីកែវ ក្រោម​ថវិកា​ជំនួយ​ឥត​សំណង​របស់​ចិន​១៦០​លាន ដុល្លារ ។ ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​នេះ​បាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ខែមេសា ឆ្នាំ​២០១៧ ។ ក្រោយ​បញ្ចប់​ការ​សាងសង់​កី​ឡដ្ឋា​ន​នេះ​នឹង​អាច​ផ្ទុក​អ្នក​ទស្សនា​បាន​ប្រមាណ​៦​ម៉ឺន​នាក់ និង​ធ្វើ​ឡើង​សម្រាប់​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍​(​ស៊ី​ហ្គេ​ម​) លើក​ទី​៣២ ឆ្នាំ​២០២៣៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ