ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បែង​ប្រជាប្រិយ​ខ្មែរ « ស្តេចចង់​ឬ​អៀវ »

9 ឆ្នាំ មុន

ល្បែង​ស្តេចចង់​ជា​ល្បែង​មួយ​យ៉ាង​ដែល​ពួក​កុមា​រា កុមារី ជំទង់​ៗ​គ្រប់​ភូមិ​-​ស្រុក តែងតែ​លេង​នៅ​ពេលទំនេរ​ក្នុង​វេលា​យប់​ខែភ្លឺ​។ អ្នកលេង​មាន​ប្រុស មាន​ស្រី​ច្រើន​នាក់​មិន កំណត់​។ ពេល​លេង​គេ​ចែក​គ្នា​

ល្បែង​ស្តេចចង់​ជា​ល្បែង​មួយ​យ៉ាង​ដែល​ពួក​កុមា​រា កុមារី ជំទង់​ៗ​គ្រប់​ភូមិ​-​ស្រុក តែងតែ​លេង​នៅ​ពេលទំនេរ​ក្នុង​វេលា​យប់​ខែភ្លឺ​។ អ្នកលេង​មាន​ប្រុស មាន​ស្រី​ច្រើន​នាក់​មិន  កំណត់​។ ពេល​លេង​គេ​ចែក​គ្នា​ជា​២​ពួក ប្រុស​១​ពួក ស្រី​១​ពួក ។ ក្នុង​បណ្តា​អ្នក​ទាំង​២ ពួក​នោះ​គេ​តាំង​ប្រុស ឬ​ស្រី​ម្នាក់​ឱ្យធ្វើ​ជា​ស្តេច ឱ្យ​អង្គុយ​នៅ​ទី​មួយ​ចំ​កណ្តាល​ទី លើ​កៅអី ឬ​លើ​វត្ថុ​អ្វីមួយ​មាន​ត្បាល់​ជាដើម ។ កាល​អ្នក​ធ្វើ​ស្តេច​អង្គុយ​លើ​ទី​ដ៏​សមគួរ​មួយ​ហើយ ខាង​ស្រី​គេ​ឱ្យ​សមាជិក​ម្នាក់​ដើរ​ចូល​ទៅ​ខ្សឹប​ស្តេច​ថា ខ្លួន​ស្រឡាញ់​ឈ្មោះ​ណាមួយ ឧបមា​ថា​ឈ្មោះ «​ក ឬ​ខ​» ។ ខ្សឹប​ហើយ​គេ​ថយ​មក​អង្គុយ ឬ​ក៏​មក​ឈរ​នៅ​កន្លែង​ដើម​វិញ ។
ខាង​ប្រុស​ឱ្យ​សមាជិក​ម្នាក់​ដើរ​ចូល​ទៅ​រក​ស្តេច​ដែរ ប្រសិនជា​មិន​ចំ​ឈ្មោះ​ដែល​គេ​ខ្សឹប​ទុកជា​មុន​ទេ​ក៏​ហី​ទៅ តែបើ​ប្រុស​ដែល​មក​នោះ​ចំ​លើ​ឈ្មោះ​ដែល​ខាង​ស្រី​បាន​ខ្សឹប​នោះ​មែន ស្តេច​ស្រែ​កថា «​អៀវ​ៗ» ហើយ​គេ​បញ្ជិះ​ទៅ​ចុះ​នៅ​កន្លែង​ខាង​ស្រី ។ រួច​ហើយ​ខាង​ប្រុស​ឱ្យ​គ្នា​ខាងគេ​ម្នាក់​ចូល​ទៅ​ខ្សឹប​ម្តង​, បើ​ប្រុស​នោះ​ចូល​ទៅ​ខ្សឹប​ថា «​ខ្ញុំ​ស្រឡាញ់​នាង​ណាមួយ​» ឧបមា​ថា​ឈ្មោះ «​ខ​» ខ្សឹប​ហើយ​គេ​ថយ​ទៅ​វិញ បើ​ស្រី​ម្នាក់​ឈ្មោះ «​ខ​» ចូល​ទៅ​មែន ស្តេច​ស្រែ​កថា «​អៀវ​ៗ» ហើយ​ឱ្យ​ប្រុស​នោះ​ជិះ​ស្រី​នោះ ស្រែ​កថា «​អៀវ​ៗ» ដូច​គ្នា ។

បាន​សេចក្តី​ថា បើ​ខាង​ណា​ចូល​ទៅ​ខ្សឹប​ថា ខ្លួន​ស្រឡាញ់​ឈ្មោះ «​ក​» ហើយ​បែរជា​ឈ្មោះ «​ខ​» ចូល​មក​រក​ស្តេច​វិញ នោះ​ស្តេច​មិន​ឱ្យ​អ្នក​ខ្សឹប​ជិះ ឬ​អៀវ​គេ​ទេ អ្នក​ខ្សឹប​នោះ​ត្រូវ​ថយ​ទៅ​វិញ ហើយ​គេ​ឱ្យ​ម្ខាង​ចូល​ទៅ​ខ្សឹប​ជា​ថ្មី​ទៀត ។ ចេះ​តែ​ផ្លាស់​គ្នា​តាម​របៀប​នេះ​រហូត​ដល់​ពេល​ឈប់ ។

អ្នក​ដែល​ធ្វើ​ជា​ស្តេច​ត្រូវ​មើល​ការ​ខុស​ត្រូវ​ក្នុង​រឿង​នេះ ដោយ​សច្ចៈ និង​យុត្តិធម៌ ។ ល្បែង​នេះ​ស្រេច​លើ​អ្នក​ធ្វើ​ស្តេច បើ​អ្នក​ធ្វើ​ស្តេច​ប្រកបដោយ​អគតិ ចង់ឱ្យ​អ្នក​ណា​ជិះ​អ្នក​ណា ក្រៅពី​ឈ្មោះ​ដែល​គេ​ខ្សឹប​ក៏​បាន គឺថា​បើ​ម្នាក់​ចូល​ទៅ​ខ្សឹប​ថា​ស្រឡាញ់​ឈ្មោះ «​ក​» ហើយ​ទោះបី​ឈ្មោះ «​ខ​» ចូល​មក ស្តេច​ស្រែ​កថា «​អៀវ​ៗ» ទៅ​ក៏​ចេះ​តែ​បាន ព្រោះ​អ្នក​ចូល​ទៅ​ក្រោយ​មិន​បានឮ​អ្នក​មុនគេ​ខ្សឹប​ថា​ស្រឡាញ់​ឈ្មោះ​ណា​ទេ ។ តែបើ​មាន​របៀប​លេង​លំអៀង​បែប​នេះ អ្នកលេង​ណា​ដែល​ចាប់​ថ្នាក់​បាន​តវ៉ា​ឡើង អាច​សុំ​គេ​ឱ្យ​ប្តូរ​អ្នក​ធ្វើ​ស្តេច​បាន ប្រសិនបើ​អ្នក​ធ្វើ​ស្តេច​ប្រកបដោយ​សច្ចៈ និង​យុត្តិធម៌​នោះ​ការ​លេង​នេះ​ទៀងទាត់​ណាស់ ។

ល្បែង​នេះ​ជា​ល្បែង​កម្សាន្ត​ក៏​ពិតមែន តែ​ជា​ល្បែង​ហាត់​ចិត្ត​មនុស្ស​ឱ្យ​ប្រកបដោយ​សច្ចៈ និង​យុត្តិធម៌ មិន​ឱ្យ​ប្រកបដោយ​អគតិ (​សេចក្តី​លំអៀង​) ៤​យ៉ាង​គឺ ឆន្ទាគតិ លំអៀង​ព្រោះ​ស្រឡាញ់​, ទោសាគតិ លំអៀង​ព្រោះ​ខឹង​, ភយាគតិ លំអៀង​ព្រោះ​ខ្លាច​, មោហាគតិ លំអៀង​ព្រោះ​ភ័ន្ត​ច្រឡំ ។ ម្យ៉ាងទៀត ជា​ការ​បង្ហាត់​ឱ្យ​មនុស្ស​ចេះ​ជ្រើសតាំង​គ្នា​ឱ្យធ្វើ​ការ​ជា​តំណាង​ភ្នែក ច្រមុះ​ខ្លួន​ផង គឺ​ត្រូវ​ចេះ​ជ្រើស​រក​នរណា​ដែល​គេ​យល់​ថា​ជា​មនុស្ស​ត្រឹមត្រូវ​បរិសុទ្ធ ធ្វើការ​បាន​ល្អ​តាម​គន្លង​ធម៌​ពិត (​យោង​តាម​សៀវភៅ «​ល្បែង​ប្រជាប្រិយ​ខ្មែរ​») ៕