ខេត្តព្រះសីហនុ ៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត កាលពីរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ក្រឡបុរាណដែលធ្វើឡើងក្នុងចន្លោះសតវត្សរ៍ទី១៥ដល់ទី១៧ចំនួន២៨១ទាំងតូចទាំងធំ ត្រូវបានធ្វើពិធីប្រគល់ជូនទៅក្រសួងវប្បធម៌និងវិចិត្រសិល្បៈដើម្បីគ្រប់គ្រងបន្ត ក្រោយពីបានដកហូតពីជនជាតិវៀតណាមម្នាក់ ដែលរកឃើញនៅក្នុងសមុទ្រចន្លោះកោះឫស្សីនិងកោះតាគាវ ស្រុកព្រៃនប់ ហើយទុកលួចលាក់ជួញដូរ ។
លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានឱ្យដឹងថា ក្រោយពីទទួលបានសេចក្តីរាយការណ៍ថា មានជនជាតិវៀតណាមម្នាក់ឈ្មោះ ឡេ វ៉ាងហួន ភេទប្រុស អា
យុ៤២ឆ្នាំ លាក់ទុកក្រឡបុរាណជាច្រើននៅក្នុងផ្ទះរបស់ខ្លួន ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ដោយមានសម្របសម្រួលនីតិវិធីពីលោក ហួត វិចិត្រ ព្រះរាជអាជ្ញារងអមសា
លាដំបូងខេត្ត និងមានការចូលរួមពីសំណាក់លោក ប៊ុត បុប្ផា ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត ទើបឈានទៅដកហូតក្រឡបុរាណនេះដែលសរុបទាំងតូចទាំងមានចំនួន២៨១ ។
ក្រឡបុរាណនេះ ត្រូវបានបុរសវៀតណាមខាងលើលាក់នៅក្នុងផ្ទះចំនួន២ ហើយជាមួយនឹងការដកហូតក៏បានឃាត់ខ្លួនម្នាក់មានឈ្មោះដូចខាងលើ និងម្ចាស់ផ្ទះមួយទៀតជាជនជាតិវៀតណាមដូចគ្នាកំពុងគេចខ្លួន ។
លោក ហេង ប៊ុនទី បានបន្តថា ក្រោយពីបានឃាត់ខ្លួនបុរសជនជាតិវៀណាមឈ្មោះ ឡេវ៉ាងហួន មកសាកសួរ បានសារភាពថា រូបគេជាអ្នកនេសាទតាមសមុទ្រ ។ ការសារភាពនេះគឺខុសពីការសារភាពដំបូងក្រោយការចាប់ខ្លួនភ្លាម ដែលថារូបគេគ្រាន់តែជាអ្នកជួល តែការពិតជននេះក៏ជាអ្នកនេសាទដែរ ។
ទាក់ទិននឹងការរកឃើញក្រឡបុរាណនៅបាតសមុទ្រនេះ គឺនៅថ្ងៃមួយរូបគេចេញទូកទៅនេសាទនៅក្បែរកោះឫស្សី ឃើញក្រុមអ្នកនេសាទខ្មែរមុជទឹករកខ្យង២-៣នាក់ ចតទូកមុជនៅ
កន្លែងដដែលៗជាច្រើនថ្ងៃ ធ្វើឲ្យរូបគេមានការសង្ស័យក៏ចាំឃ្លាំមើល ។ នៅទីបំផុតក៏ដឹងថា ក្រុមអ្នកនេសាទទាំងនោះកំពុងមុជយកក្រឡតូចធំជាច្រើន ទើបរូបគេសម្រេចចិត្តមុជយកជាមួយគេដែរ ហើយប្រមូលយកមកទុកនៅផ្ទះរៀងៗខ្លួន តែមិនបានប៉ុន្មានថ្ងៃផងក៏ត្រូវសមត្ថកិច្ចឆែកឆេរនិងឃាត់ខ្លួនតែម្តង ។
តាមមន្ត្រីអាវុធហត្ថថា ចំពោះជនជាតិខ្មែរដែលមុជរកក្រឡនោះបានគេចខ្លួនបាត់ ។ ការប្រ
ទះឃើញក្រឡបុរាណក្នុងបាតសមុទ្រនេះ គឺដោយសារពួកគេមុជរកខ្យងនៅបាតសមុទ្រ ។
ដោយឡែក លោក ហួត សំណាង ប្រធាននាយកដ្ឋានបុរាណវត្ថុនៃក្រសួងវប្បធម៌និងវិចិត្រ
សិល្បៈ ដែលបានដឹកនាំមន្ត្រីទៅពិនិត្យទទួលយកវត្ថុបុរាណនេះ បានគូសបញ្ជាក់ថា ក្រឡទាំងនេះពិតជាក្រឡបុរាណប្រាកដមែន ដែលមានអាយុកាលចន្លោះពី៣០០ទៅ៥០០ឆ្នាំមុន មានន័យថាចន្លោះសតវត្សទី១៥-១៧ ។ វត្ថុបុរាណប្រភេទនេះ យើងធ្លាប់រកឃើញដែរនៅក្នុងខេត្តកោះកុងកាលពីប៉ុន្មានឆ្នាំមុន ដែលកាលណោះវត្ថុបុរាណប្រភេទនេះយើងបានរកឃើញនៅក្នុងសំពៅបុរាណ ជាសំពៅជំនួញនាសម័យនោះ ដែលអ្នកជំនួញដឹកចេញពីតំបន់មួយនៃប្រទេសថៃមកធ្វើការរកស៊ីនៅកម្ពុជា ហើយក៏បានលិចនៅទីនេះ ។
ប៉ុន្តែសម្រាប់ការរកឃើញនាពេលនេះ ពុំទាន់ដឹងថាវត្ថុទាំងនេះស្ថិតក្នុងសំពៅដូចនៅខេត្តកោះ
កុងដែរឬទេ ត្រូវរង់ចាំក្រុមការងារធ្វើការនៅតំបន់នោះនាពេលក្រោយ ។
ប្រភពដដែលបញ្ជាក់ថា ក្រឡបុរាណទាំងនេះបើយោងតាមឯកសារប្រវត្តិសាស្ត្របានឱ្យដឹងថា ជាវត្ថុប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃរបស់មនុស្សសម័យមុនសតវត្សទី១៥-១៧ ដោយក្រឡតូចៗសម្រាប់ដាក់វត្ថុផ្សេងៗនិងដាក់ថ្នាំបុរាណនិងខ្លះទៀតដូចជានៅតំបន់ជួរភ្នំក្រវាញ គេយកក្រឡតូចៗនេះទៅដាក់ឆ្អឹងសពហើយយកទៅរក្សាទុកនៅចំរាក់ភ្នំ ឯក្រឡធំៗគេយកទៅដាក់ទឹក ដាក់ស្រា ឬត្រាំថ្នាំបុរាណ ។ល។
សូមបញ្ជាក់ថា ក្រឡបុរាណនេះនឹងត្រូវបញ្ជូនទៅក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដើម្បីពិនិត្យ និងពិសោធន៍ឱ្យបានច្បាស់ ដើម្បីកំណត់ឆ្នាំជាក់លាក់មួយនៃវត្ថុទាំងអស់នេះ ៕
ចែករំលែកព័តមាននេះ