ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«ទឹកធ្លាក់​ភ្នំ​៥៣»ជា​រមណីយដ្ឋាន​ថ្មី​លើ​ដី​ជាយ​ដែន​ស្រុក​ភ្នំព្រឹក​​

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ « ទឹកធ្លាក់​ភ្នំ​៥៣ » គឺជា​ឈ្មោះ​រមណីយដ្ឋាន​ថ្មី​មួយ តែ​វា​ជា​ទឹកជ្រោះ​ធម្មជាតិ ដែល​គ្មាន​នរណា​ម្នាក់​បានដឹង​អំពី​ប្រវត្តិ​ជាក់លាក់​នៃ​កំណើត​ទឹកជ្រោះ​នេះ​ឡើយ​។ ទឹកជ្រោះ​នេះ បាន​ហូរ​គគ្រាំ​បែក​ផ្កាត្រែង ធ្លាក់​ពីលើ​កំពូលភ្នំ​លាន់​រំពង​ព្រៃ…

ខេត្តបាត់ដំបង​៖ « ទឹកធ្លាក់​ភ្នំ​៥៣ » គឺជា​ឈ្មោះ​រមណីយដ្ឋាន​ថ្មី​មួយ តែ​វា​ជា​ទឹកជ្រោះ​ធម្មជាតិ ដែល​គ្មាន​នរណា​ម្នាក់​បានដឹង​អំពី​ប្រវត្តិ​ជាក់លាក់​នៃ​កំណើត​ទឹកជ្រោះ​នេះ​ឡើយ​។ ទឹកជ្រោះ​នេះ បាន​ហូរ​គគ្រាំ​បែក​ផ្កាត្រែង ធ្លាក់​ពីលើ​កំពូលភ្នំ​លាន់​រំពង​ព្រៃ ចុះ​ទៅ​ផ្នែក​ខាងក្រោម មានកំ​ពស់​ប្រហែល​ជាង​២០០​ម៉ែត្រដែល​អាជ្ញាធរ និងមន្ទីរ​ទេស​ចរា​ចរ​ណ៍ខេត្ត បាន​ឯកភាព​ឲ្យ​មានការ​វិនិយោគ កែ​លំអឲ្យ​ក្លាយទៅជា​តំបន់​ទេសចរ​ណ៍​យ៉ាង​ល្អ​ឥត​ខ្ចោះ ហើយ​ម្ចាស់​ទីតាំង ទើប​ចាប់ផ្ដើម​បើកទ្វារ​ស្វា​គម​ន៍​ភ្ញៀវ​ជាតិ ​និង​អន្តរ​ជាតិ ប្រមាណ​ជិត​កន្លះ​ឆ្នាំ​កន្លង​ទៅ​នេះ​ប៉ុណ្ណោះ​។

រមណី​យដ្ឋា​ន​ «​ទឹកធ្លាក់​ភ្នំ​៥៣» ស្ថិត​នៅ​លើ​កំពូលភ្នំ​៥៣ ក្នុង​តំបន់​ជួរ​ភ្នំព្រឹក នៅ​ភូមិ​ភ្នំព្រឹក ឃុំ​ភ្នំព្រឹក ស្រុក​ភ្នំព្រឹក ។ ភ្ញៀវ​ទេសចរ​​ប្រាកដជា​បាន​សប្បាយ​រីករាយ មាន​អា
រ​ម្ម​ណ៍ល្អ បរិសុទ្ធ ជាមួយនឹង​ចំការ​ដំណាំ​សុទ្ធ​សាស្ត្រ អម​នៅ​សងខាង​ផ្លូវ​យ៉ាង​ខៀវ​ស្រ​ង៉ា​ត់ នៅ​ពេល​ធ្វើ​ដំណើរ​ទៅ​កាន់​រមណីយដ្ឋាន​ធម្មជាតិ​មួយ​នេះ​។ យើង​នឹង​បាន​គយគន់​នូវ​ទិដ្ឋភាព​ស្រស់បំព្រង​នៅ​លើ​កំពូលភ្នំ​នេះ ហើយ​ថែម​ទាំង​បានឃើញ​ទិដ្ឋភាព​នានា ឆ្ងាយ​ដាច់​កន្ទុយភ្នែករហូត​ដល់​ទឹកដីនៃ​ប្រទេស​ថៃទៀត​ផង ពេល​យើង​បាន​ទៅ​ដល់​លើ​ទីតាំងនៃ​ជួរ​ភ្នំ​៥៣នោះ​។

ម្ចាស់​រមណីយដ្ឋាន​«​ទឹកធ្លាក់​ភ្នំ​៥៣» លោក​ម៉ី តឹង បាន​ប្រាប់​កោះសន្តិភាព​ថា គេ​មិន​បានដឹង​ពី​ប្រវត្តិនៃ​ទឹកជ្រោះ​នេះ​ទេ តែ​វា​ជា​ទឹកជ្រោះ​ធម្មជាតិ ដែល​ផុស​ឡើង​ពី​ក្នុង​ថ្មភ្នំ រួច​ហូរ​ធ្លាក់​ទៅ​ខាងក្រោម ដែល​មានកំ​ពស់​ប្រហែល​ជាង​២០០ម៉ែត្រ ​។ លោក​បាន​ប្រាប់​ថា កាល​ដើម​ឡើយ ទីនោះ​គ្របដណ្ដប់​ទៅ​ដោយ​ព្រៃ​ភ្នំ​ក្រំ​ថ្ម​យ៉ាង​ក្រាស់ ​និង​ស្ងាត់ជ្រងំ និង ជា​តំបន់​ដែល​គ្រប់គ្រង​ដោយ​ខ្មែរក្រហម នៅ​សម័យ​ស​ង្ក្រា​ម​។ ប៉ុន្តែ​ក្រោយ​ធ្វើ​សមា​ហ​រ័​ណ​កម្ម លោក​បាន​ចូល​ទៅ​កាន់​ទីនោះ កាប់​ឆ្ការព្រៃ​ធ្វើ​ចំការ ដាំ​ដំណាំ​រហូត​មក​ដល់​ពេល​នេះ តែ​កាលនោះ​លោក​មិន​បាន​ចាប់​អារ​ម្ម​ណ៍​ទៅ​លើ​ទឹកធ្លាក់​ទេ​។

បុរស​វ័យ​៥៦​ឆ្នាំ​រូប​នេះ បាន​បញ្ជាក់​ថា ដោយសារ​តែ​ទិដ្ឋភាព នៃ​ទឹកធ្លាក់​ពីលើ​ភ្នំ​នេះ មាន​សក្ដានុពល​ទាក់ទាញ​ផ្នែក​ទេសចរ​ណ៍​ខ្លាំង លោក​ក៏​បាន​ផ្ដើមគំនិត រៀបចំ​ទីតាំង​នេះ​ឲ្យ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ម្ដង​បន្តិច​ៗ ដើម្បី​បើក​ឲ្យ​ភ្ញៀវ​ចូល​ទៅ​លេង និង ផ្ដិត​យក​រូបភាព​ជាមួយនឹង​ទិដ្ឋភាព​ទឹកធ្លាក់​នេះ​។ លោក​ថា ទឹកធ្លាក់​នេះ ហាក់​ចាប់ផ្ដើម​ល្បី​ខ្លាំង នៅ​ពេល​មាន​ភ្ញៀវ​ថត​យក​ទៅ​បង្ហោះ​លេង​កំសាន្ត​តាម​បណ្ដាញ​សង្គម​នានា ធ្វើ​ឲ្យ​ល្បី​ត​ៗ​គ្នា​រហូត​មក ទើប​លោក​ចាប់​ផ្ដើ​រក​ដៃ​គួ​វិនិយោគ​តំបន់​នេះ​។ ដោយ​មានការ​ឯកភាព​ពី​អាជ្ញាធរ និងការ​ជួយ​ជ្រោម​ជ្រែង​ពី​មន្ទីរ​ទេសចរ​ណ៍​ខេត្ត​ផង ទើប​លោក​សម្រេច​ពង្រីក​ទីតាំង​«​ទឹកធ្លាក់​ភ្នំ​៥៣»​នេះ ជា​ផ្លូវការ ដើម្បី​ស្វា​គម​ន៏​ភ្ញៀវ​។ បើ​គិត​មក​ដល់​ពេល​នេះ រមណីយដ្ឋាន​«​ទឹកធ្លាក់​ភ្នំ​៥៣» ចាប់​ដំណើរការ​ជា​ផ្លូវការ​បាន​រយៈពេល​ជិត​កន្លះ​ឆ្នាំ​ហើយ​។ ប៉ុន្តែ​ភ្ញៀវ​បាន​ចូល​ទៅ​កាន់​រមណីយដ្ឋាន​នេះច្រើន​បំផុត នៅ​ថ្ងៃ​បុណ្យប្រពៃណី​ជាតិ​ធំ​ៗ និងបន្ទាប់បន្សំ​នៅ​ថ្ងៃ​ចុង​ស​ប្ដា​ហ៍។

ក្នុង​ចម្ងាយ​ផ្លូវ​តូច​មួយ ដែល​អម​ទៅ​ដោយ​ដំណាំ​ខៀវ​ស្រ​ងាត់ ​កាត់​តាម​ជ្រលង​បុព្វ​ត្តា ប្រមាណ​២,៧០០ម៉ែត្រ ដោយ​គិត​ចាប់ពី​ផ្លូវជាតិ​លេខ​៥៩ (​ផ្លូវ​ក្រ​វ៉ា​ត់​ព្រំដែន ចំណុច​លើ​ភ្នំព្រឹក​) គេ​នឹង​ទៅ​ដល់​រមណីយដ្ឋាន​«​ទឹកធ្លាក់​ភ្នំ​៥៣» និង​មាន​ចម្ងាយ​ប្រមាណ​១,០០០​ម៉​ប៉ុណ្ណោះ ពី​ព្រំដែន​ខ្មែរ​.​ថៃ​។ រមណីយដ្ឋាន​«​ទឹកធ្លាក់​ភ្នំ​៥៣» ត្រូវ​បាន​គេ​មើលឃើញ​យ៉ាង​ជាក់ច្បាស់​នឹង​ភ្នែក​នៅ​ត្រង់​ប្រភព នៃ​ចំណុច​ទឹកផុស​។ ទឹក​នោះ​មាន​ស្ថានភាព​ថ្លាយង់​ដែល​ផុស​ឡើង​លើ យ៉ាង​សន្សឹម​ៗ​ចេញពី​ក្នុង​ថ្មភ្នំ ស្ទើរ​មើល​មិនដឹង​។ វា​ជា​ទឹកជ្រោះ​ធម្មជាតិ​ដ៏​បរិសុទ្ធ រួច​ហូរ​តាម​ជ្រលង​តូច​មួយ​ធ្លាក់​ទៅ​កាន់​ផ្នែក​ខាងក្រោម ដែល​មើលទៅ​យ៉ាង​ស​ន្លិ​ម​លាយឡំ​នឹង​សន្ធឹក​ទឹកធ្លាក់​យ៉ាង​គគ្រាំ​រណ្ដំ​ព្រៃ​ព្រឹក្សា​។

បើ​តាម​លោក ម៉ី តឹង ដង្ខៅ​រមណីយដ្ឋាន​ធម្មជាតិ​ដ៏​ស្រស់បំព្រង​នេះ បាន​ពិ​ព័រ​នា​អំពី​រឿងរ៉ាវ​ខ្លះ​ៗ​ដែល​លោក​បាន​ជួប​ប្រទះ​កន្លង​មក​ថា « ខ្ញុំ​ធ្លាប់​បាន​ប្រទះ​ឃើញ វត្ថុ​បុរាណ​មួយ​ចំនួន​ផង​ដែរ នៅ​ពេល​ខ្ញុំ​ជីក​កកាយ​ដី​នៅ​ទីនោះ ដើម្បី​សាងសង់​តូប​លក់ដូរ​។ វត្ថុ​បុរាណ​ទាំងនោះ មាន​ដូច​ជា កងដៃ និង ថ្មសំលៀង រួម​ទាំង​វត្ថុ​នានា មួយ​ចំនួន​ទៀត ដែល​មើលទៅ​ស្រ​ដៀង​ទៅ​នឹង​ថ្ម ឬ ភ្លុក​ដំរី​។ បើ​យោង​លើ​វត្ថុ​ទាំងនេះ ខ្ញុំ​យល់​ថា នៅ​ទី​នេះ​អាច​ជាទី​តាំង​ប្រវត្តិសាស្ត្រ ដែល​មាន​មនុស្ស​បុរាណ​ធ្លាប់​រស់នៅ​រាប់​ពាន់​ឆ្នាំ​មក​ហើយ ទើប​មាន​សំណល់​បុរាណ​កប់​នៅ​ក្នុង​ដី​លើ​តំបន់​ភ្នំ​បែប​នេះ​»​។

ពាក់ព័ន្ធ​នឹង​ការ​អភិវឌ្ឍ​ន៍តំបន់​ទេស​ចេ​ណ៍​«​ទឹកធ្លាក់​ភ្នំ​៥៣» ខាងលើ​នេះ ប្រធាន​មន្ទីរ​ទេសចរ​ណ៍ខេត្ត លោក អ៊ុ​ច​អ៊ុំ ភី​នី​ស្សា​រ៉ា បាន​ថ្លែង​ថា តាម​ពិត​ទឹកធ្លាក់​ភ្នំ​៥៣​នេះ ​មាន​យូរហើយ តែ​អ្នកគ្រប់គ្រង​តំបន់​នេះ ទើប​រៀបចំ​ឲ្យ​មាន​ភ្ញៀវ​ចូល​មក​កំសាន្ត​។ លោក​និយាយ​ថា ដោយសារ​តែ​ទឹកធ្លាក់​នេះ​មាន​អំណោយផល ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​​​យ៉ាង​ខ្លាំងក្លា យើង​មិន​គួរ​ទុក​ចោល​ទេ ដូច្នេះ​ហើយ​ទើប​ខាង​មន្ទីរ​ជំនាញ ក៏​ដូច​ជា​អាជ្ញា​ធរ​ខេត្ត ជា​ពិសេស​ក្រសួង​ទេសចរ​ណ៍បាន​ជម្រុញ​ឲ្យ​ម្ចាស់​ដែនដី មានការ​រៀច​ចំ​ធ្វើ​សួនច្បារ ធ្វើ​ផ្លូវ​ចូល និងរៀបចំ​ឲ្យ​មាន​ចំណត​យានយន្ត ដើម្បី​ស្វា​គម​ន៍​ភ្ញៀវ​។

បើ​និយាយ​អំពី​សក្ដានុពល នៃ​តំបន់​ទេសចរ​ណ៍ធម្មជាតិ ដែល​មាន​លក្ខណៈ​ជា​ប្រវត្តិ​សាស្ត្រ​មួយ​នេះ លោក អ៊ុ​ច​អ៊ុំ ភី​នី​ស្សា​រ៉ា បាន​បង្ហាញ​យ៉ាង​ដូច្នេះ​ថា « រមណីយដ្ឋាន ទឹកធ្លាក់​ភ្នំ​៥៣​នេះ មាន​សក្ដានុពល​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ណ៏​ខ្លាំង​បំផុត​។ បើ​យើង​និយាយ​ពី​ការ​ចាប់ផ្ដើម នៃ​ផ្លូវ​ចូល​ទៅ​កាន់​រមណីយដ្ឋាន​នេះ ដំបូង​យើង​នឹង​បានឃើញ​តំបន់​រុករក​រ៉ែ​មាស ដែល​ពលរដ្ឋ និង ក្រុមហ៊ុន​កំពុង​ធ្វើ​អាជីវកម្ម​សព្វថ្ងៃ ទិដ្ឋភាព​ដ៏​ស្រស់បំព្រង នៃ​ជួរ​ភ្នំព្រឹក ដំណាំ​កសិកម្ម​នៅ​អម​សាង​ខាង​ផ្លូវ ទាំង​នៅ​លើ​ភ្នំ ទាំង​នៅ​តាម​ដងផ្លូវ​ចូល​ទៅ​កាន់​រមណីយដ្ឋាន ដែល​មាន​លក្ខណៈ​ជា​ជ្រលង​ភ្នំ​»​។

លោក ភី​នី​ស្សា​រ៉ា បាន​បញ្ជាក់​ថា ទិដ្ឋភាព​ទាំងនេះ ភ្ញៀវ​អាច​ធ្វើ​ដំណើរ​ទៅ​ទស្សនា និង ថតរូប​កំសាន្ត​យ៉ាង​ត្រជាក់​ភ្នែក ឬ អាច​ស្វែង​យល់​ពី​ការ​រុករក​រ៉ែ​មាស​នៅ​ទីនោះ​ផង​ដែរ​។ លោក​ក៏​បាន​បញ្ជាក់​ដែរ​ថា ពិតមែនតែ​រមណីយដ្ឋាន​«​ទឹកធ្លាក់​ភ្នំ​៥៣» នេះ ទើបនឹង​ចាប់ផ្ដើម​ធ្វើការ​អភិវឌ្ឍ​ន៍​បាន​ជិត​កន្លះ​ឆ្នាំ​កន្លង​ទៅ​នេះ តែ​ម្ចាស់​រមណីយដ្ឋាន​នេះ ជា​មួយ​និង​ដៃ​គួរ ហាក់​បាន​ប្រឹងប្រែង​ធ្វើ​ឲ្យ​មានការ​រីក​ចំរើន​យ៉ាង​ខ្លាំង និង មាន​ទិដ្ឋភាព​ស្រស់​ស្ងាត់​បំផុត​។ ដូច្នេះ ​លោក​រំពឹង​ថា នៅ​ថ្ងៃ​អនាគតរមណីយដ្ឋាន​«​ទឹកធ្លាក់​ភ្នំ​៥៣» នេះ​នឹង​ទ​ទូល​បាន​នូវ​ការ​ចាប់​អារ​ម្ម​ណ៍​​យ៉ាងច្រើន​កុះករ ពី​សំណាក់​ភ្លៀវ​ទេសចរ​​ជាតិ​និង​អន្តរជាតិ​ ឲ្យ​ធ្វើ​ដំណើរ​ទៅ​ទស្សនា​កំសាន្ត​៕

អត្ថបទសរសេរ ដោយ