ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​លក់​ឡាន ម្ចាស់​ខ្សែក្រវាត់​8​គ្រឿង​​ រឿង សោ​ភ័​ណ្ឌ សម្ងំ​ព្យាបាល​ជំងឺ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាំងពី​ថ្ងៃ​ទី​៨ កញ្ញា មក​ម៉្លេះ បន្ទាប់​ពី​ដឹង​ថា ម្ចាស់​ខ្សែក្រវាត់​៨​គ្រឿង​រឿង សោ​ភ័​ណ្ឌ សម្រេចចិត្ត​លក់​ឡាន​ម៉ាក​ព្រូស​របស់​ខ្លួន​បាន​ជាង​១​ម៉ឺន​ដុល្លារ​ដើម្បី​ដោះ​ទាល់ និង​ព្យាបាល​ជំងឺ…

រាជធានី​ភ្នំពេញ ៖ តាំងពី​ថ្ងៃ​ទី​៨ កញ្ញា មក​ម៉្លេះ បន្ទាប់​ពី​ដឹង​ថា ម្ចាស់​ខ្សែក្រវាត់​៨​គ្រឿង​រឿង សោ​ភ័​ណ្ឌ សម្រេចចិត្ត​លក់​ឡាន​ម៉ាក​ព្រូស​របស់​ខ្លួន​បាន​ជាង​១​ម៉ឺន​ដុល្លារ​ដើម្បី​ដោះ​ទាល់ និង​ព្យាបាល​ជំងឺ អ្នកគាំទ្រ​មិន​តិច​ទេ​បាន​បង្ហាញ​ការ​អាណិតអាសូរ​លោក​យ៉ាង​ខ្លាំង ។ ការ​សម្រេច​ចិត្ត​របស់​លោក​ក៏​ទទួល​ការ​សរសើរ​ផង​ដែរ បើ​ធៀប​នឹង​បុគ្គល​ខ្លះ ដែល​សុខចិត្ត​រក្សា​ទុកទ្រព្យ​របស់ ហើយ​លើកដៃ​សំពះ​សុំ​ជំនួយ​ពី​មិត្តភក្តិ និង​មហាជន​នោះ​។

រឿង សោ​ភ័​ណ្ឌ បាន​អះអាង​ថា ស្ថានភាព​នៅ​ក្នុង​ពេល​នេះ គឺ​លោក​មិន​អាច​បន្ត​ទុក​ឡាន​បាន​ទេ ដោយសារ​ទី​១​លោក​បាត់បង់​ចំណូល​ពី​ការ​ប្រដាល់ ហើយ​ម្យ៉ាងទៀត​មក​ពី​លោក​មាន​ជំងឺ​ត្រូវ​ព្យាបាល​ផង ទើប​លោក​សម្រេចចិត្ត​លក់​ឡាន​ជាទី​ស្រឡាញ់​នោះ​ចោល​ដើម្បី​ដោះ​ទាល់​។

យោង​តាម​ប្រភព​ព័ត៌មាន​ថា លោក​សម្រេចចិត្ត​លក់​ឡាន​ដែល​ធ្លាប់​ជិះ​ឡូយឆាយ​ក្នុង​នាម​ជា​កីឡាករ​ប្រដាល់ គឺ​ដោយសារ​តែ​ការ​ផ្ទុះ​ឡើង​នូវ​ជំងឺ​កូ​វី​ដ​-១៩ ធ្វើ​ឱ្យ​លោក​រក​ចំណូល​ពី​ការ​ប្រដាល់​​លែង​សូវ​បាន ជា​ពិសេស​បន្ទាប់​ពី​ជំងឺ​លោក​ធ្វើទុក្ខ ។ ក្នុង​នោះ​បញ្ហា​កូន​ឈឺ បញ្ហា​បន្ទុកគ្រួសារ និង​បញ្ហា​ផ្ទះ​ដែល​លោក​បង់​រំលស់​ក៏​ផុត​កាលកំណត់​ផង ទើប​លោក​បន្ត​ទុក​ឡាន​លែង​បាន ហើយ​សម្រេចចិត្ត​លក់​ចោល​តែ​ម្ដង ។ លោក​ថា មុន​ពេល​មាន​របួស លោក​ក៏​មិនសូវ​មានឱកាស​ឡើង​រេញ​នោះ​ដែរ ដោយសារ​ក្នុងស្រុក​មិនសូវ​មាន​ដៃគូ ហើយ​កីឡាករ​ថៃ​ដែល​ធ្លាប់​ឱ្យ​លោក​ផ្ទុះ​ឡើង​ទីផ្សារ​មក​ប្រកួត​លែង​បាន​ស្រប​ពេល​សង្វៀន​ប្រដាល់​មួយ​ចំនួន​ក៏​ត្រូវ​ផ្អាក និង​បិទទ្វារ​ផង ធ្វើ​ឱ្យ​លោក​រាំងស្ទះ​ប្រាក់​ចំណូល ។

លោក​ប្រកាស​នៅ​លើ​ហ្វេ​ស​ប៊ុ​កថា គឺជា​រឿង​សោកស្ដាយ ដែល​រថយន្ត​ធ្លាប់​ជិះ​ត្រូវ​បាន​លក់​ចោល ប៉ុន្តែ​បើ​លោក​មិន​ធ្វើ​បែប​នេះ​អត់​មាន​ដំណោះស្រាយ​ទេ នៅ​ក្នុង​ស្ថានភាព​កូ​វី​ដ​-១៩ មិន​ទាន់​ស្ងប់ស្ងាត់​បែប​នេះ ។ អ្វី​ដែល​ជា​បន្ទុក​កាន់តែ​លំបាក​ចំពោះ​លោក​ថែម​ទៀត​គឺ​ជំងឺ​ប្រចាំ​កាយ ដែល​កំពុង​ធ្វើទុក្ខ​ប្រមាណ​ជា​ជាង​១​ខែ​មក​ហើយ ។

ជំងឺ​ដែល​រាំងស្ទះ​អាជីព​ប្រដាល់​របស់​លោក​នោះ​គឺ​ជំងឺ​ដុះសាច់ច្រមុះ និង​បំពង់ក ដែល​ក្នុង​ពេល​នេះ គឺ​លោក​បាន​លុយ​ពី​លក់​ឡាន​នេះឯង យក​ទៅ​ព្យាបាល ។ លោក​បាន​ទាំង​ថ្លែងអំណរគុណ​ដល់​លោក ចាន់ មក​រា ម្ចាស់​យានដ្ឋាន​លក់​រថយន្ត​មួយ​ដែល​យល់ព្រម​ទិញ​រថយន្ត​របស់​លោក​យក​វិញ ដែល​ជួយ​ឱ្យ​លោក​មាន​លុយ​សម្រាប់​យក​មក​ដោះស្រាយ​ជីវភាព​នោះ​ផង ។ លោក​និយាយ​ថា បន្ទុកគ្រួសារ​ផង បន្ទុក​ចំណាយ​ព្យាបាល​ខ្លួន​ផង សុទ្ធតែ​ជា​អ្វី​ដែល​ធ្វើ​ឱ្យ​លោក​ពិបាក ហើយ​ថវិកា​ដែល​បាន​ពី​ការ​លក់​រថយន្ត​នេះ គ្រាន់តែ​អាច​ដោះស្រាយ​ជីវភាព​បាន​មួយ​គ្រា​ប៉ុណ្ណោះ តែ​សម្រាប់​ការ​ដោះស្រាយ​ឱ្យ​បាន​យូរអង្វែង​គឺ​មិន​អាច​នោះ​ឡើយ ។ លោក​បាន​ទាំង​ហៅ​ឆ្នាំ​២០២០​នេះ​ថា​ជា​ឆ្នាំ​មិនសូវ​ល្អ និង​ជា​ឆ្នាំ​ដែល​ធ្វើ​ឱ្យ​លោក​បង់ខាត​របស់​ធំ​គួរ​ឱ្យ​ស្ដាយ​នោះ​ផង​។

រឿង សោ​ភ័​ណ្ឌ បន្ត​ថា ថ្វី​ដ្បិតតែ​លោក​ជួប​បញ្ហា​ជីវភាព​មែន តែ​លោក​នៅ​អាច​ដោះស្រាយ​បាន ប៉ុន្តែ​អ្វី​ដែល​ជំរុញ​ឱ្យ​លោក​ត្រូវ​តែ​លក់​ឡាន​យក​លុយ​ធំ​បំផុត​នោះ​គឺ ដើម្បី​យក​លុយ​មក​ព្យាបាល​ច្រមុះ និង​បំពង់ក​របស់​លោក​ឱ្យទាន់​ពេលវេលា​តែ​ម្ដង ទើប​មិន​អាច​ឱ្យ​លោក​ពន្យារពេល ដូច្នេះ​ហើយ​ទើប​លោក​អរគុណ​អ្នកទិញ ដែល​ជួយ​ទិញ​មិន​សាញ​ធ្វើ​ឱ្យ​លោក​បាន​លុយ​ដោះស្រាយ​លឿន ។ លោក​ថា ខ្លួន​មិន​ទាន់​ចង់​ឈប់​ប្រដាល់​ទេ ទើបត្រូវ​តែ​ប្រឹង​មើលខ្លួន ហើយ​បើ​ទោះជា​ស្ថានភាព​កូ​វី​ដ​-១៩​នៅ​ក្នុង​ពេល​នេះ ធ្វើ​ឱ្យ​កីឡាករ​ប្រដាល់​ខ្លះ​នឿយណាយ​នឹង​អាជីព តែ​លោក​មិន​រវល់​មិន​បាន​ទេ ទើបត្រូវ​តែ​ប្រឹង​ដោះស្រាយ​រក​លុយ​មក​ព្យាបាល​ខ្លួន​ឱ្យ​អស់​លទ្ធភាព​ដើម្បី​ឆាប់​ជា​ដាច់​ហើយ​ទទួល​ការ​ប្រដាល់​បាន​ដូច​ដើម​។

លោក​ថា រាល់ថ្ងៃ មិន​ត្រឹមតែ​ចំណាយពេល​ព្យាបាល​ច្រមុះ និង​បំពង់ក​តាម​វេជ្ជបញ្ជា​ប៉ុណ្ណោះ​ទេ តែ​ក៏​ប្រឹង​ថែទាំ​សុខភាព​ណាស់​ដែរ​ដើម្បី​ឆាប់​បាន​ឡើង​រេញ​វិញ ដោយ​លោក​រំពឹង​ថា នៅ​ពេល​ថៃ និង​កម្ពុជា​ដំណើរការ​ការ​ប្រដាល់​ទៅ​វិញ​ទៅ​មក​បាន​វិញ គឺ​នឹង​មាន​ទីផ្សារ​គគ្រឹកគគ្រេង​អាច​រក​លុយ​បាន ដើម្បី​ដោះស្រាយ​រថយន្ត​មួយ​ជា​ថ្មី​នោះ​ផង ។ អ៊ីចឹង​ហើយ​ទើប​លោក​ប្រឹង​ថែ​សុខភាព ដោយ​សុខចិត្ត​លក់​ឡាន​យក​លុយ​មក​ព្យាបាល​ជំងឺ​ឱ្យ​ជា ដោយ​មិន​រួញរា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ