ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ពោធ ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ផ្ទេរកម្មសិទ្ធិ​យានជំនិះ និង​មណ្ឌលផ្ដល់សេវាសាធារណៈថ្មី នៅផ្សារ​ជីប​ម៉ុង ណូ​រ៉ូ​ម៉​ល

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ថ្ងៃ​ពុធ ១៣​កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃ​ទី​៣០ ខែកញ្ញា…

រាជធានី​ភ្នំពេញ ៖ ថ្ងៃ​ពុធ ១៣​កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ផ្សារ​ទំនើប​ជីប​ម៉ុង ណូ​រ៉ូ​ម៉​ល ឯកឧត្ដម ស៊ុន ចាន់​ថុ​ល ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​ឱ្យ​ដំណើរការ​ជា​ផ្លូវការ ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ផ្ទេរកម្មសិទ្ធិ​យានជំនិះ និង​មណ្ឌល​ផ្ដល់​សេវា​សាធារណៈ​ថ្មី នេះ​បើ​តាម​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ។

ពិធី​នេះ​សហការ​រៀបចំ​ឡើង​ដោយ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​អគ្គ​នាយ​ដ្ឋា​ន​ពន្ធដារ ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្ដម​បណ្ឌិត កែន សម្បត្តិ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្ដម គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​ពន្ធដារ អ្នកឧកញ៉ា លាង ឃុន ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ជីប​ម៉ុង​គ្រុប មន្ត្រីជាន់ខ្ពស់ តំណាង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ សមាគម​ន៍​ក្នុង​វិស័យ​ដឹក​ជញ្ជូន អង្គការ​ដៃគូ​អភិវឌ្ឍន៍ គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​ជា​ដៃគូ និង​ក្រុមហ៊ុន​ដៃគូ​ផង​ដែរ ។

ការ​បើក​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ផ្ទេរកម្មសិទ្ធិ​យានជំនិះ មណ្ឌល​ផ្ដល់​សេវា​សាធារណៈ នៅ​ផ្សារ​ទំនើប​ជីប​ម៉ុង ណូ​រ៉ូ​ម៉​ល ប្រព័ន្ធ​ទូទាត់​ប្រាក់​ជាមួយ​ធនាគារ​ជីប​ម៉ុង និង​សេវា​ផ្ដល់​បណ្ណ​បើកបរ​អន្តរជាតិ​នា​ពេល​នេះ ធ្វើ​ឡើង​ក្នុង​គោលបំណង​ធានា បាន​នូវ​ភាព​ជា​ម្ចាស់​ស្របច្បាប់​របស់​ម្ចាស់​យានជំនិះ លុប​បំបាត់​ការ​ក្លែងបន្លំ​នានា ងាយស្រួល​ក្នុង​ការ​គ្រប់គ្រង​យានជំនិះ នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា រក្សា​សណ្ដាប់ធ្នាប់ និង​សុវត្ថិភាព​សង្គម​បាន​ល្អ ជា​ពិសេស​រួមចំណែក​យ៉ាង​សកម្ម ក្នុង​ការ​ប្រមូល​ពន្ធ​ជូន​រដ្ឋ​ផង​ដែរ ។

លើស​ពី​នេះ​ទៀត ឯកឧត្ដម​ទេស​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ថា នេះ​ក៏​ជា​យុទ្ធនាការ ធ្វើ​ទំនើប​កម្ម​សេវា​សាធារណៈ និង​បង្ខិត​សេវា​សាធារណៈ​ឱ្យ​កាន់តែ​កៀក​ប្រជាពលរដ្ឋ សំដៅ​ឱ្យ​ការ​ផ្ដល់ និង​ទទួល​សេវា​សាធារណៈ​កាន់តែ​ងាយស្រួល រហ័ស​ទាន់ចិត្ត ស្រប​តាម​ប្រសាសន៍​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី គឺ​ធ្វើ​ឱ្យ​បាន​លឿន ធ្វើ​ឱ្យ​មាន​ប្រសិទ្ធភាព និង​ធ្វើ​ឱ្យ​មាន​តម្លាភាព​ផង​ដែរ ។

ឯកឧត្ដម​ទេស​រដ្ឋមន្ត្រី​បានឱ្យ​ដឹង​ថា តាម​រយៈ​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ផ្ទេរកម្មសិទ្ធិ​យានជំនិះ​នេះ ម្ចាស់​យានជំនិះ អាច​ដាក់​ពាក្យ​ស្នើ​សុំ​ផ្ទេរកម្មសិទ្ធិ​យានជំនិះ បង់ថ្លៃ​សេវា និង​ពន្ធ​ប្រថាប់ត្រា នៅ​កន្លែង និង​ពេល​តែ​មួយ តាម​រយៈ​គេហទំព័រ vehicle.mpwt.gov.kh ឬ​ទៅ​កាន់​ទីតាំង​ផ្ដល់​សេវា​របស់​ក្រសួង ដោយហេតុ​ថា ក្រសួង​បាន​សហការ​ត​ភ្ជាប់​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​នេះ ជាមួយនឹង​ប្រព័ន្ធ​របស់​អគ្គ​នាយ​ពន្ធដារ​រួច​ហើយ ។

សូម​បញ្ជាក់​ថា ៖ ដើម្បី​ប្រើប្រាស់​ជម្រើស​ណាមួយ ក្នុង​ជម្រើស​ទាំង​ពីរ នៃ​ការ​ផ្ទេរកម្មសិទ្ធិ​យានជំនិះ ម្ចាស់​យានជំនិះ​ត្រូវ​មាន​ព័ត៌មាន​គ្រប់គ្រាន់​អំពី​យានជំនិះ លិខិត​ទិញ​-​លក់ ព័ត៌មាន​អ្នកលក់ និង​ព័ត៌មាន​អ្នកទិញ ។​ល​។ ដើម្បី​ឱ្យ​ការ​ផ្ដល់​និង​ទទួល​សេវា​នេះ​កាន់តែ​លឿន ។

ថ្លែង​ក្នុង​សុន្ទរកថា​ស្វាគមន៍​នា​ពេល​នោះ អ្នកឧកញ៉ា លាង ឃុន សហ​ស្ថាបនិក និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ជីប​ម៉ុង​គ្រុប បាន​បង្ហាញ​ពី​ចេតនា​សហការ​យ៉ាង​ជិត​ស្និទ្ធ ជាមួយ​រាជរដ្ឋាភិបាល តាម​រយៈ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​មាន​សេចក្ដី​សោមនស្ស​រីករាយ​យ៉ាង​ក្រៃ​លែង ក្នុង​ការ​ផ្ដល់​ជូន​ទីតាំង​សម្រាប់​បើក​មណ្ឌល​ផ្ដល់​សេវា​សាធារណៈ ចុះបញ្ជី​យានយន្ត ផ្ទេរកម្មសិទ្ធិ​យានជំនិះ ប្ដូរ​និង​ពន្យារ​បណ្ណ​បើកបរ​ជាដើម ជាមួយនឹង​ការ​ទូទាត់​កម្រៃ​សេវា​សាធារណៈ តាម​រយៈ​កម្មវិធី​ទូរ​សព្ទ​ដៃ (Chip Mong Bank App) ផង​ដែរ ។

ឯកឧត្ដម​បណ្ឌិត កែន សម្បត្តិ អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​មាន​ប្រសាសន៍​ថា កា​រត​ភ្ជាប់​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​រវាង​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​អគ្គនាយកដ្ឋាន​ពន្ធដារ គឺជា​សមិទ្ធផល​ប្រវត្តិសាស្ត្រ និង​ជា​ការ​កែទម្រង់​ស៊ីជម្រៅ សំដៅ​ធ្វើ​ទំនើប​កម្ម​សេវា​សាធារណៈ​របស់​រដ្ឋ ឱ្យ​មាន​ស​ង្គ​ត​ភាព​ទៅ​នឹង​ការ​រីក​ចម្រើន​ឥត​ឈប់​ឈរ នៃ​ព័ត៌មានវិទ្យា ក្នុង​យុគសម័យ​បដិវត្តន៍​ឧស្សាហកម្ម​៤.០ ។

ឆ្លៀត​ក្នុង​ឱកាស​នោះ​ផង​ដែរ ឯកឧត្ដម​ទេស​រដ្ឋមន្ត្រី បាន​ជម្រាប​ជូន​អង្គពិធី​ទាំងមូល​ថា ទោះបី​ប្រទេស​យើង​ក៏​ដូច​សកលលោក​ប្រឈម​នឹង​បញ្ហា​ជំងឺ​កូ​វី​ដ​១៩​យ៉ាងណា​ក្ដី ក៏​រាជរដ្ឋាភិបាល​នៅ​តែ​បន្ត​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ដឹក​ជញ្ជូន ទាំង​ផ្លូវគោក ទឹក ផ្លូវដែក ស្ពាន និង​កំពង់​ផែ​ជាដើម ឥត​ឈប់​ឈរ​ឡើយ ។

ដោយឡែក​ទាក់ទង​នឹង​វិស័យ​ដឹក​ជញ្ជូន​វិញ ឯកឧត្ដម​ទេស​រដ្ឋមន្ត្រី បាន​ជម្រាប​ថា ក្រសួង​បាន​កែទម្រង់​ស៊ីជម្រៅ​លើ​សេវា​សាធារណៈ ដោយ​បង្ខិត​សេវា​នេះ​ទៅ​កៀក​ប្រជាពលរដ្ឋ តាម​រយៈ​ការ​បង្កើត​មណ្ឌល​ផ្ដល់​សេវា​នៅ​តាម​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​១ អ៊ី​អន​ម៉​ល​២ ជីប​ម៉ុង​ណូ​រ៉ូ​ម៉​ល ឆៀក​ចល័ត វិសោធនកម្ម​ច្បាប់​ចរាចរណ៍ កា​រត​ភ្ជាប់​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ដឹក​ជញ្ជូន​ផ្លូវគោក​នឹង​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​គយ​និង​រដ្ឋាករ ត​ភ្ជាប់​ជាមួយ​ប្រព័ន្ធ​របស់​អគ្គនាយក​ពន្ធដារ ការ​លក់​លេខ​ចុះបញ្ជី​ពិសេស​ផ្ទាល់ខ្លួន​សម្រាប់​យានយន្ត ការ​រៀបចំ​កម្មវិធី​ប្រឡង​យក​បណ្ណ​បើកបរ​ដល់ទី​កន្លែង​សម្រាប់​អ្នកបើកបរ​រថយន្ត ដឹក​កម្មករ​តាម​រោងចក្រ និង​ដឹក​ទំនិញ​តាម​កំពង់​ផែ និង​កម្មវិធី​ព័ត៌មានវិទ្យា​លើ​ទូរ​សព្ទ​ដៃ ជា​ច្រើន​ទៀត​។

ឯកឧត្ដម​ទេស​រដ្ឋមន្ត្រី បាន​អំពាវនាវ​ឱ្យ​ម្ចាស់​យានជំនិះ​ទាំងអស់ ដែល​មិន​ទាន់​បាន​ផ្ទេរកម្មសិទ្ធិ រួសរាន់​ផ្ទេរកម្មសិទ្ធិ ដើម្បី​កាន់កាប់​យានជំនិះ​របស់​ខ្លួន​ស្របច្បាប់ និង​គេច​ផុត​ពី​កាតព្វកិច្ច​នានា​ចំពោះ​មុខ​ច្បាប់ និង​បាន​ជូនដំណឹង​ថា ចាប់ពី​ថ្ងៃនេះ​តទៅ បងប្អូន​ប្រជាពលរដ្ឋ​អាច​មក​ទទួល​សេវា​ផ្ទេរកម្មសិទ្ធិ​យានជំនិះ ប្ដូរ​និង​ពន្យារ​បណ្ណ​បើកបរ​ជាតិ និង​បណ្ណ​បើកបរ​អន្តរជាតិ នៅ​ផ្សារ​ទំនើប​ជីប​ម៉ុង ណូ​រ៉ូ​ម៉​ល (​ជាន់​ទី​៣) នេះ​បាន ។

ឯកឧត្ដម​ទេស​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​សន្តិភាព និង​ដឹងគុណ​ស្ថាបនិក​សន្តិភាព គឺ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​បាន​ថ្លែងអំណរគុណ​ចំពោះ ឯកឧត្ដម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធ​មុនី​រ័​ត្ន ដែល​បាន​ជំរុញ​ឱ្យ​មានការ ត​ភ្ជាប់​ប្រព័ន្ធ​នេះ​ឡើង ថ្លែងអំណរគុណ ចំពោះ​អ្នកឧកញ៉ា​លាង ឃុន ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្តុ​ម​ហ៊ុន ជីប​ម៉ុង​គ្រុប ដែល​បាន​ផ្ដល់​ទីកន្លែង​ដ៏​ល្អ​វិសេសវិសាល​នេះ និង​កោតសរសើរ​ចំពោះ ក្រុមការងារ​បច្ចេកទេស​អន្តរក្រសួង ដែល​បាន​សហការ​យ៉ាង​ជិត​ស្និទ្ធ ជំរុញ​ឱ្យ​ព្រឹត្តិការណ៍​នេះ​កើត​មាន​ឡើង​នា​ពេល​នេះ ។

ឯកឧត្ដម​ទេស​រដ្ឋមន្ត្រី​បាន ផ្ដាំផ្ញើ​និង​ជំរុញ​លើកទឹកចិត្ត​មន្ត្រី​ផ្ដល់​សេវា ឱ្យ​ខិតខំ​បម្រើសេវា​សាធារណៈ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ឱ្យ​អស់ពី​កម្លាំងកាយ​ចិត្ត និង​ត្រូវ​ចង់​ចាំ​ថា មន្ត្រី​គឺជា​អ្នកបម្រើ​រាស្ត្រ មិនមែន​ជា​ចៅហ្វាយនាយ​របស់​រាស្ត្រ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ