ខេត្តកណ្តាល ៖ បុរសម្នាក់បានទៅឆក់កណ្តុរ រួចភ្លាត់ស្នៀតឆក់ស្លាប់ខ្លួនឯង ពេលពលរដ្ឋប្រទះឃើញបង្កការភ្ញាក់ផ្អើលដល់សាច់ញាតិ និងសមត្ថកិច្ចចុះទៅពិនត្យ ដែលហេតុការណ៌នេះបានកើតឡើង នៅវេលាម៉ោង៦និង៣០នាទី ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចខ្នងប្រឡាយអូទោងមោង ស្ថិតនៅភូមិអង្គ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះ ឡេ សម្បត្តិ អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិអង្គ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ។
តាមការបំភ្លឺរបស់ឈ្មោះ ជ្រៀច វណ្ណា ភេទស្រី អាយុ៣៦ឆ្នាំ ត្រូវជាប្រពន្ធ ជនរងគ្រោះបានឲ្យដឹងថា ប្ដីរបស់ខ្លួនតែងតែយកអាគុយទៅឆក់កណ្ដុរនៅលើខ្នងប្រឡាយ ដើម្បីយកកណ្ដុរមកលក់នៅទីផ្សាររៀងរាល់ថ្ងៃ ។ លុះនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង០៦និង០០នាទី គាត់បានទទួលព័ត៌មានពីអ្នកធ្វើស្រែនៅម្ដុំអូទោងមោង(កន្លែងកើតហេតុ) ប្រាប់គាត់ថា ប្ដីរបស់គាត់ បានឆក់ជាមួយនឹងខ្សែលួសឆក់កណ្ដុរស្លាប់ហើយ ភ្លាមនោះក៏បានប្រាប់បងប្អូន អ្នកជិតខាង ទៅយកសាកសព ពីកន្លែងកើតហេតុមកផ្ទះ ។ បន្ទាប់មករាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍ នគរបាលរដ្ឋបាលក្រាំងយ៉ូវ ។
បន្ទាប់ពីទទួលបានព័ត៌មានអំពីករណីខាងលើភ្លាម សមត្ថកិច្ចផ្នែកពិនិត្យវិភាគកន្លែងកើតហេតុស្រុកស្អាង សហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលក្រាំងយ៉ូវ គ្រូពេទ្យមណ្ឌលសុខភាព ក្រុមប្រឹក្សាឃុំ លោកមេភូមិ និងក្រុមគ្រួសារសពបានធ្វើការពិនិត្យឃើញថា ស្នាមខ្លោចខ្នង.កជើងខាងឆ្វេង០១កន្លែង ស្នាមខ្លោចលើកែងជើងខាងស្ដាំ០១កន្លែង ក្រៅពីស្លាកស្នាមដែលបានររៀបរាប់ខាងលើនេះ ពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ ។
តាមការសន្និដ្ឋានពីលោកគ្រូពេទ្យជំនាញ ជនរងគ្រោះស្លាប់ដោយសារយកអាគុយដាក់ឆក់កណ្ដុរយកមកលក់ ឆក់ចរន្តអគ្គិសនីស្លាប់ខ្លួនឯង ។ ពិនិត្យរួចសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ