ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចព្រះ​មហា​ឃោស​ន​ន្ទ​ពេញ​មួយ​ព្រះ​ជន្ម​ជា​បព្វជិតព្រះ​កិត្តិនាម​ល្បី​ខ្ទរខ្ទារ​ពេញ​សាកលលោកជា​កំពូល​ព្រះសង្ឃ​ឧទ្ទិស​ជីវិត​ដើម្បី​សន្តិភាព

9 ឆ្នាំ មុន

កំពូល​ព្រះសង្ឃ​ខ្មែរ​ល្បី​ខ្ទរខ្ទារ​ពេញ​ពិភពលោក សម្តេចព្រះ​មហា​ឃោស​ន​ន្ទ វ៉ា យ៉ា​វ បាន​សុគត​នៅ​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០០៧ បន្សល់​មហា​សោកស្តាយ​សម្រាប់​ជនរួមជាតិ​ខ្មែរ

កំពូល​ព្រះសង្ឃ​ខ្មែរ​ល្បី​ខ្ទរខ្ទារ​ពេញ​ពិភពលោក សម្តេចព្រះ​មហា​ឃោស​ន​ន្ទ វ៉ា យ៉ា​វ បាន​សុគត​នៅ​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០០៧ បន្សល់​មហា​សោកស្តាយ​សម្រាប់​ជនរួមជាតិ​ខ្មែរ និង​មនុស្សជាតិ​ដែល​ស្ញប់ស្ញែង​ព្រះ​អង្គ​ចំពោះ​បុព្វហេតុ​សន្តិភាព ។

ស្រប​ខួប​នៃ​ការ​បាត់បង់​សម្តេចព្រះ​មហា​ឃោស​ន​ន្ទ វ៉ា យ៉ា​វ នៅ​ឆ្នាំ​២០១៥ ខែមីនា ថ្ងៃ​ទី​១២ កោះសន្តិភាព​សូម​លើក​បង្ហាញ​ពី​ខ្សែជីវិត និង​ពលិកម្ម​ដើម្បី​សន្តិភាព​របស់​ព្រះ​អង្គ​ជូន​ប្រិ​យ​មិត្ត​អ្នក​អាន​បាន​ជ្រាប ។

ប្រភព​កំណើត
សម្តេចព្រះ​មហា​ឃោស​ន​ន្ទ​វ៉ា យ៉ាវ ប្រសូត​នៅ​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​១៩១៣ នៅ​ភូមិ​បារាយណ៍ ឃុំ​បារាយណ៍ ស្រុក​ដូន​កែវ ខេត្តតាកែវ ។

ប្រវត្តិ​នៃ​ការ​សិក្សា
កុមារ​វ៉ា យ៉ាវ មាន​និស្ស័យ​នឹង​សាសនា ជាតិ គឺ «​ព្រះពុទ្ធ​សាសនា​» ហើយ​បាន​ទៅ​នៅ​វត្ត ក្នុង​វ័យ​៨​ឆ្នាំ ។ ព្រះសង្ឃ​ទាំងឡាយ​ដែល​កុមារ​វ៉ា យ៉ា​វ នៅ​បម្រើ​គាប់​ព្រះ​ទ័យ​ចំពោះ​ចរិត​រាបសា និង​ភាព​ឧស្សាហ៍​ព្យាយាម​របស់​កុមារ​នេះ ។

ឈាន​ចូល​វ័យ​ជំទង់​១៤​ឆ្នាំ កុមារ​វ៉ា យ៉ា​វ សម្រេចចិត្ត​បួស​ជា​សាមណេរ ហើយ​បាន​សិក្សា ធម៌អាថ៌ និង​គម្ពីរ​ភាសាបាលី ។ នៅ​ឆ្នាំ​១៩៣០ បព្វជិត​វ៉ា យ៉ា​វ ចាក​ចេញពី​ស្រុក​កំណើត​ទៅ​ភ្នំពេញ ចូលរួម​ប្រឡង​ដេញប្រយោគ​ផ្ទាល់មាត់​ផ្នែក​ព្រះពុទ្ធ​សាសនា និង​ភាសាបាលី នៅ​វិទ្យាស្ថាន​ពុទ្ធ​សាសន​បណ្ឌិត្យ ។ នៅ​ភ្នំពេញ​ព្រះ​អង្គ​​វ៉ា យ៉ា​វ សិក្សា​នៅ​សាលា​បាលី​ជាន់ខ្ពស់​ព្រះ​សុរា​ម្រឹត និង​បន្ត​ថ្នាក់ឧត្តម​សិក្សា​ផ្នែក​ព្រះពុទ្ធ​សាសនា​នៅ​សាលា​បាលី ជាន់ខ្ពស់ ខេត្តបាត់ដំបង ។

សាមណេរ វ៉ា យ៉ាវ នា​ឆ្នាំ​១៩៤៣ បាន​បំពេញ​ឧបសម្បទា​ជា​ភិក្ខុភាវៈ​ដោយ​មាន​សម្តេច ព្រះសង្ឃ​រាជ​ជួន ណាត ជា​ព្រះ​ឧបជ្ឈាយ៍ ដែល​កាលនោះ​ព្រះ​អង្គ​គង់​ក្នុង​ឋានៈ​ជា​ចាងហ្វាង​សាលា​បាលី​ជាន់ខ្ពស់ ។

សម្តេចព្រះសង្ឃរាជ​ជួន ណាត និង​សម្តេចព្រះ​មហាសុមេធាធិបតី​ហួត តាត ជា​អាចារ្យ​របស់​ភិក្ខុ​វ៉ា យ៉ាវ ។ ព្រះ​គ្រូ​ទាំង​ពីរ​ព្រះ​អង្គ​ដែល​ជា​កំពូល​បព្វជិត​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ សព្វព្រះទ័យ​នឹង​ចរិត​ចរិយា​ធម៌​ដ៏​ឧត្តម គឺ​ស្លូតបូត ទន់ភ្លន់ សុភាព​រាបសា ឧស្សាហ៍ បញ្ញា​វាងវៃ និង​សេចក្តី​ព្យាយាម​របស់​ភិក្ខុ វ៉ា យ៉ាវ ណាស់ ។ ក្រោម​ការ​បង្ហាត់បង្រៀន​របស់​ព្រះ​គ្រូ​ទាំង​ពីរ​ព្រះ​អង្គ ភិក្ខុ​វ៉ា យ៉ាវ ទទួល​បាន​ចំណេះវិជ្ជា​បរិបូរ ។

នៅ​ប្រទេស​កម្ពុជា ព្រះ​អង្គ​វ៉ា យ៉ា​វ អស់​ថ្នាក់​ត្រូវ​សិក្សា​ហើយ ប៉ុន្តែ​ព្រះ​អង្គ​មិន​ទាន់​ស្កប់ស្កល់​នឹង​ចំណេះវិជ្ជា​ឡើយ ។

ដូច្នេះ​ហើយ​នៅ​ឆ្នាំ​១៩៥៣ ភិក្ខុ​វ៉ា យ៉ាវ បាន​និមន្ត​ទៅ​សិក្សា​ថ្នាក់បណ្ឌិត​ផ្នែក​ព្រះពុទ្ធ​សាសនា​នៅ​ប្រទេស​ឥណ្ឌា ។ នៅ​ទីនោះ​ព្រះ​អង្គ​​វ៉ា យ៉ា​វ បាន​សិក្សា​នៅ​សាកលវិទ្យាល័យ «​នាល​ន្ទ​» រដ្ឋ​ប៊ី​ហា ។

នៅ​ប្រទេស​ឥណ្ឌា ព្រះ​ភិក្ខុ​វ៉ា យ៉ា​វ បាន​ទទួល​ការ​អប់រំ​ពី​អហិង្សា​ធម៌ ពី​ព្រះសង្ឃ​ជប៉ុន​ដ៏​ល្បីល្បាញ​ព្រះ​នាម «​នី​ជី​ដា​ស៊ូ ហ៊្វូ​ជី​» ដែល​ជា​អ្នក​ឧបត្ថម្ភ​មហា​ត្មៈ​គ​ន្ធី មហា​បុរស​អហិង្សា​ពិភពលោក និង​ប្រទេស​ឥណ្ឌា ។

ព្រះ​តេជគុណ នី​ជី​ដា​ស៊ូ ហ៊្វូជី គឺជា​ស្ថាបនិក​ព្រះពុទ្ធ​សាសនា​ជប៉ុន​និកាយ «​និ​ប៉ុន​ហ្សា​ន យូ​ជី​» ។ ចំពោះ​ព្រះ​តេជគុណ នី​ជី​ដា​ស៊ូ ហ៊្វូ​ជី «​អារ្យធម៌​» គឺ​ការ​ទប់ស្កាត់​ឱ្យ​បានការ​កាប់សម្លាប់ ហើយ​ព្រះ​អង្គ​បាន​មើលឃើញ​ថា វិទ្យាសាស្ត្រ សេដ្ឋកិច្ច នយោបាយ និង​លទ្ធិ​សេរី ល​ទិ្ធ​កុម្មុយនីស្ត ឬ​មូលធននិយម​ជាដើម សុទ្ធតែ​មិន​បាន​ធ្វើ​កិច្ចការ​នេះ​ឡើយ ។

ភិក្ខុ​វ៉ា យ៉ាវ បាន​សិក្សា​យ៉ាង​ស៊ីជំរៅ​អំពី​សន្តិភាព និង​សារសំខាន់​នៃ​ការ​ដើរ​ចូល​ទៅ ក្នុង​សង្គមមនុស្ស​ជា​រៀងរាល់ថ្ងៃ​ជាមួយ​ព្រះ​តេជគុណ នី​ជី​ដា​ស៊ូ ហ៊្វូជី អស់​រយៈពេល​១៥​ឆ្នាំ​។ ព្រះ​តេជគុណ នី​ជី​ដា​ស៊ូ ហ៊្វូ​ជី មាន​ព្រះ​ថេរ​ដីកា​ប្រាប់​ភិក្ខុ​វ៉ា យ៉ាវ ថា «​ព្រះសង្ឃ​ពុទ្ធសាសនា ពិតប្រាកដ មិន​នៅ​តែ​មួយ​កន្លែង​ឡើយ​» ។

ឆ្នាំ​១៩៥៦ មហាសន្និបាត​សង្ឃ​ព្រះពុទ្ធ​សាសនា​ប្រារព្ធ​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា (​ភូមា​)​ហើយ​សម្តេចព្រះសង្ឃរាជ​ជួន ណាត បាន​ដឹកនាំ​ប្រតិភូ​សង្ឃ​ខ្មែរ​ទៅ​ចូលរួម​ដែរ ស្រប​ពេល​នឹង​ពិធីបុណ្យ​ពុទ្ធសករាជ ២៥០០ ។ បានដឹង​ព្រះ​គ្រូ​និមន្ត​ទៅ​ទីនោះ ភិក្ខុ​វ៉ា យ៉ាវ បាន​សុំ​ច្បាប់​ពីសា​លា​មួយ​រយៈ​ដើម្បី​ទៅ​ហែ​ព្រះ​គ្រូ​របស់​ព្រះ​អង្គ​នៅ​ប្រទេស​ភូមា​រហូត​ចប់​បេសកកម្ម ។

ទុក្ខ​វិយោគ​ដោយ​សង្គ្រាម និង «​ចាប់ផ្តើម​ឧទ្ទិស​ជីវិត​ដើម្បី​សន្តិភាព​»
សង្គ្រាមលោក​លើក​ទី​១ និង​លើក​ទី​២ បាន​ហែកហួរ​ពិភពលោក​ឱ្យ​ខ្ទេចខ្ទាំ ហើយ​បាន​បញ្ចប់​ទៅ​ដោយ​ការ​ទម្លាក់​គ្រាប់បែកបរមាណូ​របស់​សហរដ្ឋអាមេរិក​ទៅ​លើ​ទីក្រុង​ហ៊ី​រ៉ូ​ស៊ី​ម៉ា និង​ទីក្រុង​ណា​ហ្គា​សា​គី ប្រទេស​ជប៉ុន នា​ខែសីហា​ឆ្នាំ​១៩៤៥ ។ ព្រឹត្តិការណ៍​នេះ​ធ្វើ​ឱ្យ​ពិភពលោក​ភ្ញាក់ផ្អើល និង​ស្រងាកចិត្ត​យ៉ាង​ខ្លាំង ។

ភិក្ខុ​វ៉ា យ៉ាវ ដែល​មាន​ព្រះ​ទ័យ​ពោរពេញ​ដោយ​ក្តី​មេត្តា​នោះ មាន​កង្វល់​ខ្លាំង​នឹង​ព្រឹត្តិការណ៍​ពិភពលោក​ដែល​គិតតែ​ពី​ការ​កាប់ សម្លាប់​គ្នា ។ ឧប្បត្តិហេតុ​មួយទៀត​គឺ​ការ​ទម្លាក់​គ្រាប់បែក​ទៅ​លើ​វត្ត​ឧណ្ណាលោម​ក្រុងភ្នំពេញ​នា​ឆ្នាំ​១៩៤៦ ផ្តាច់​ព្រះ​ជន្ម​ព្រះសង្ឃ​ជា​ច្រើន​អង្គ និង​ជន​សាមញ្ញ​ជា​ច្រើន​នាក់ ជា​ព្រឹត្តិការណ៍​ដ៏​រន្ធត់​កើតឡើង​កៀក​នឹង​ភិក្ខុ​ដ៏​ទន់ភ្លន់​អង្គ​នេះ ក្នុង​ពេល​ព្រះ​អង្គ​គង់នៅ​ទី​អារាម​នោះ​ជាមួយ​ព្រះ​គ្រូ​របស់​ព្រះ​អង្គ ។

ហេតុការណ៍​នោះ​ញ៉ាំង​ឱ្យ​ភិក្ខុ​​វ៉ា យ៉ា​វចាប់ផ្តើម «​ឧទ្ទិស​ជីវិត​របស់​ខ្លួន​ដើម្បី​សន្តិភាព​» ។
 
តាំងពី​ប្រសូត​មក រហូត​ដល់​ឆ្នាំ​១៩៥៣ ជា​ពេល​ដែល​ប្រទេស​កម្ពុជា​ទទួល​បាន​ឯករាជ្យ​ពី​ប្រទេស​បារាំង​នោះ ភិក្ខុ​វ៉ា យ៉ា​វ នឹក​អាណិតអាសូរ​មាតុប្រទេស​ដ៏​អភ័ព្វ​របស់​ព្រះ​អង្គ ដែល​តែងតែ​រង​គ្រោះ​ពី​ការ​ហែកហួរ​គ្នា​ឥត​ឈប់​ឈរ​រួម​ទាំង​សង្គ្រាម​ផ្ទៃក្នុង និង​ការ​ជិះជាន់​ពី​បរទេស មាន​សៀម យួន បារាំង និង​ជប៉ុន​…​។

ខណៈ​ពេល​ដែល​ព្រះ​អង្គ​​វ៉ា យ៉ា​វ កំពុង​សិក្សា​ផ្នែក​វិបស្សនា សហរដ្ឋអាមេរិក​បាន​ចាប់ផ្តើម​ទម្លាក់​គ្រាប់បែក​មក​លើ​ប្រទេស​កម្ពុជា ក្នុង​បំណង​ផ្តាច់​ផ្លូវ​កងទ័ព​របស់​ហូ ជី​មិ​ញ និង​ដើម្បី​បញ្ចប់សង្គ្រាម​វៀតណាម ។ យុទ្ធនាការ​ទម្លាក់​គ្រាប់បែក​ដែល​មានឈ្មោះ​ថា «​ប្រតិបត្តិការ​សឹក​អាហារ​ពេល​ព្រឹក​» មាន​ពេល​១៤​ខែ មាន​គ្រាប់បែក​សរុប ២.៧៥០.០០០ តោន ត្រូវ​បាន​ទម្លាក់​ចូល​ប្រទេស​កម្ពុជា ដែល​មាន​ផ្ទៃដី​មិន​ស្មើនឹង​ផ្ទៃដី​រដ្ឋ​វ៉ា​ស៊ី​ន​តោន​របស់​អា​មេ​រិ​ក​ផង ហើយ​គេ​បា​៉​ន់​ប្រមាណ​ថា បាន​ផ្តាច់​អាយុជីវិត​ប្រជាជន​ខ្មែរ​ប្រមាណ ៥០០.០០០ នាក់ ។

ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​១៩៧០ លន់ ន​ល់ បាន​ធ្វើ​រដ្ឋប្រហារ​ផ្តួលរំលំ​របប​រាជា​និយម ទម្លាក់​សម្តេចព្រះ​នរោត្តម សីហ​នុ ពី​ព្រះ​ប្រមុខរដ្ឋ ហើយ​ជំនួស​ដោយ​រដ្ឋាភិបាល​មួយ​ដែល​និយម​អា​មេ​រិ​ក គឺ «​របប​សាធារណរដ្ឋ​ខ្មែរ​» ។ ហេតុការណ៍​នេះ​បាន​បញ្ឆេះ​ភ្លើងសង្គ្រាម​ឱ្យ​ឆាបឆេះ​កាន់តែ ខ្លាំង​ឡើង​ៗ និង​រាលដាល ធំ​ឡើង​ៗ​ក្នុង​ទឹកដី​កម្ពុជា​ដ៏​តូច ។

ព្រះ​មហា​ឃោស​ន​ន្ទ​​វ៉ា យ៉ា​វ តែងតែ​តាមដាន​ព៌​ត័​មាន​អំពី​ព្រឹត្តិការណ៍​ឈឺចាប់​លើ​មាតុប្រទេស​របស់​ព្រះ​អង្គ ហើយ​បាន​ប៉ះទង្គិច​បេះដូង​ដ៏​ពោរពេញ​ដោយ «​មេត្តាធម៌​» របស់​ព្រះ​អង្គ​យ៉ាង​អ​នេ​គ ។

ឆ្នាំ​១៩៧៣ ខណៈ​អា​មេ​រិ​ក​កំពុង​បង្កើន​ការ​ទម្លាក់​គ្រាប់បែក​លើ​ទឹកដី​កម្ពុជា​នោះ ព្រះ​អង្គ​វា​៉ យា​៉​វ បាន​មាន​ព្រះ​ថេរ​ដីកា​យ៉ាង​ទុក្ខសោក​ប្រាប់​លោក​គ្រី​ស្តូ​ហ៊័្វ​រ ធី​ត​ម៉ាស ថា «​ស្ទឹង​នៅ​កម្ពុជា ពោរពេញ​ដោយ​លោហិត​ហើយ​» ។

គ្រាមួយ​ព្រះ​អង្គ​​វ៉ា យ៉ា​វ បាន​ទទួល​ដំណឹង​ថា មាតា បិតា បងប្អូន និង​ព្រះសង្ឃ​ជា​មិត្ត​រួម​ជំនាន់​របស់​ព្រះ​អង្គ​បាន​បាត់បង់​ជីវិត នៅ​ក្នុង​ព្រឹត្តិការណ៍​នោះ​អស់ហើយ ធ្វើ​ឱ្យ​ព្រះ​អង្គ​ស្រក់​ទឹក​ព្រះ​នេត្រ​យំ​ខ្សឹកខ្សួល​រំជួល​ថ្លើម​ប្រមាត់​ដោយ​ទុក្ខ​វិយោគ​ឥត​អ្វី​មក​ទប់​បាន​ទាំង​យប់​ទាំង​ថ្ងៃ ។
វត្ត «​ចាយ​នា​» នៅ​ជិត​ខេត្ត​នគរ​ស្រី​ធម្មរាជ ប្រទេស​ថៃ ជា​កន្លែង​ដែល​ភិក្ខុ​​វ៉ា យ៉ា​វ ទៅ​សិក្សា​វិបស្សនា ។

តាំងពី​ពេល​បព្វជិត​ខ្មែរ​វ៉ា យ៉ា​វ ទៅ​គង់​សិក្សា​មក ព្រះ​គ្រូធម្ម​ទា​រោ​នៃ​វត្ត​នោះ​ពេញ​ព្រះ​ទ័យ​យ៉ាង​ជ្រាលជ្រៅ ហើយ​តែងតែ​គង់នៅ​ជិត​ព្រះ​អង្គ​វ៉ា យ៉ា​វ ដើម្បី​លើកទឹកចិត្ត និង​លួងលោម​ជា​និច្ច​ឱ្យ​ខំ​ទប់ចិត្ត​ទទួលយក​ការណ៍​ពិត និង​រង់ចាំ​ឱកាស​មក​ដល់​នឹង​បាន​វិល​ទៅ​មាតុប្រទេស​របស់​ព្រះ​អង្គ​វិញ ។

បន្ទាប់​ពី​គង់​ធ្វើ​សមាធិ ឆ្លុះ​បញ្ចាំង​អស់​រយៈពេល​យ៉ាង​យូរ​ទើប​ព្រះ​អង្គ​វ៉ា យ៉ា​វ យល់​ច្បាស់ និង​បាន​បន្លឺ​ព្រះ​ថេរ​ដីកា​ថា «​បច្ចុប្បន្ន ជា​មាតា​នៃ​អនាគត ចូរ​ថែរក្សា​ម្តាយ ម្តាយ​នឹង​រក្សា​កូន​» ។ ចាប់ពី​ពេល​នោះ​មក​ព្រះ​អង្គ​​វ៉ា យ៉ា​វ ឈប់​សម្រក់​ទឹក​ព្រះ​នេត្រ​ទៀត ហើយ​ផ្ចង់ស្មារតី​ហាត់រៀន​សមាធិ​អស់​រយៈពេល​៩​ឆ្នាំ​ទើប​ទទួល​បាន​បញ្ញា​ភ្លឺ​ថ្លា ត្រចះត្រចង់ បេះដូង​ពោរពេញ​ដោយ «​ក្តី​មេត្តា ករុណា​» ។

បំបួស​សង្ឃ និង​បង្កើត​វត្ត​នៅ​ជំរំ​ជនភៀសខ្លួន​ប្រឆាំង​បម្រាម​ថៃ
នៅ​ពេល​ពួក​ខ្មែរក្រហម​ចូល​កាន់កាប់​អំណាច​នៅ​ប្រទេស​កម្ពុជា ព្រះ​មហា​ឃោស​ន​ន្ទ​​វ៉ា យ៉ា​វ បន្ត​គង់​សិក្សា​នៅ​ប្រទេស​ថៃ ។ ក្រោយ​ថ្ងៃ​រំដោះ​៧​មក​រា​១៩៧៩ ប្រទេស​កម្ពុជា​នៅ​សេសសល់​ព្រះសង្ឃ​តែ​មួយ​ចំនួន​តូច​ប៉ុណ្ណោះ ចំណែក​ពលរដ្ឋ​ជា​ច្រើន​បាន​ភៀសខ្លួន​ទៅ​កាន់​ជំរំ​នៅ​តាម​បណ្តោយ​ព្រំដែន​ខ្មែរ​-​ថៃ ។

ព្រះ​មហា​ឃោស​ន​ន្ទ​​វ៉ា យ៉ា​វ ចាក​ចេញពី​អាស្រម​នៅ​ភាគ​ខាងត្បូង​ប្រទេស​ថៃ និមន្ត​ទៅ​កាន់​ជំរំ​ទាំងនោះ​ដើម្បី​ចាត់ចែង​ជួយ​ពិនិត្យ ជនភៀសសឹក ។ វត្តមាន​របស់​ព្រះ​អង្គ​​វ៉ា យ៉ា​វ នៅ​ឯ​ជំរំ​ធ្វើ​ឱ្យ​មានការ​រំជួលចិត្ត​ចំពោះ​គ្រប់​ជនរួមជាតិ​ទាំងនោះ ដែល​ខាន​បានឃើញ​ព្រះសង្ឃ​ជា​យូរ​មក​ហើយ ។ ជនភៀសសឹក​កម្ពុជា​យំ​ខ្សឹកខ្សួល​នៅ​ពេល​ព្រះ​មហា​ឃោស​ន​ន្ទ​សូត្រធម៌ ដែល​ពួក​គេ​ខកខាន​បានឮ​នៅ​ក្នុង​របប​ខ្មែរក្រហម​។ ព្រះ​អង្គ​វ៉ា យ៉ា​វ បាន​ចែក​សៀវភៅ​ធម៌​ដល់​ជនរួមជាតិ​ទាំងនោះ ជា​ការ​លើកទឹកចិត្ត​ឱ្យ​មាន​សង្ឃឹម​រស់នៅ​បន្ត​ទៀត ។

ក្រោយ​ពេល​របប​ខ្មែរក្រហម​ដួល​រលំ​ទៅ​ព្រះ​មហា​ឃោស​ន​ន្ទ​​វ៉ា យ៉ា​វ ជា​សង្ឃ​១​អង្គ​ក្នុង​ចំណោម​ព្រះសង្ឃ​ប្រមាណ​៣.០០០​អង្គ ដែល​នៅ​រស់រាន​មាន​ព្រះ​ជន្ម ។ នៅ​មុន​របប​ខ្មែរក្រហម ព្រះសង្ឃ​នៅ​ប្រទេស​កម្ពុជា​មាន​ចំនួន​៦០.០០០       អង្គ ។ នៅ​អំឡុង​ឆ្នាំ​១៩៧៩ ព្រះ​អង្គ​​វ៉ា យ៉ា​វ បាន​បង្កើត​វត្ត​នៅ​ជំរំ​ជនភៀសសឹក ហើយ​បាន​បំបួស​ព្រះសង្ឃ​ជា​ច្រើន​អង្គ​ប្រឆាំង​នឹង​បម្រាម​របស់​យោធា​ថៃ ។ គ្រួសារ​ទាំងមូល​របស់​ព្រះ​អង្គ​​វ៉ា យ៉ា​វ រួម​ទាំង​សាច់ញាតិ និង​សិស្សគណ​ត្រូវ​បាន​សម្លាប់​យ៉ាង​ឃោរឃៅ​ដោយ​ពួក​ខ្មែរក្រហម ។

ព្រះ​មហា​ឃោស​ន​ន្ទ បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​បន្ទាប់​ពី​ការ​ដួល​រលំ​របប​ខ្មែរក្រហម ដោយ​ព្រះ​អង្គ​បាន​ជួយ​ស្តារឡើង​វិញ​ទាំង​ផ្នែក​ពុទ្ធចក្រ និង​អាណាចក្រ ។

នៅ​ឆ្នាំ​១៩៨០ ព្រះ​អង្គ​វ៉ា យ៉ា​វ រួម​និង​លោកឪពុក Peter Lawrence Pond បាន​រួម​គ្នា​បង្កើត​បេសកកម្ម​អន្តរ​សាសនា​ដើម្បី​សន្តិភាព​នៅ​កម្ពុជា ។ បុគ្គល​ទាំង​ពីរ​បាន​ប្រមែប្រមូល​ព្រះសង្ឃ និង​ដូនជី​ដែល​នៅ​រស់រាន​មានជីវិត​ដើម្បី​បន្ត​ជំនឿ​របស់​ពួក​គាត់​តទៅ​ទៀត ដើម្បី​ទៅ​គ្រប់គ្រង​វត្ត​អារាម​នានា​ដែល​នៅ​ពាសពេញ​ប្រទេស ។

នៅ​ខែមិថុនា ១៩៨០ រដ្ឋាភិបាល​ថៃ​បាន​សម្រេចចិត្ត​បណ្តេញ​ជនភៀសសឹក​កម្ពុជា​រាប់​ពាន់​នាក់​ឱ្យមក​ប្រទេស​កម្ពុជា​វិញ ។ ព្រះ​មហា​ឃោស​ន​ន្ទ និង​លោកឪពុក Pond បាន​តវ៉ា​នឹង​ការ​បណ្តេញចេញ​នេះ​ពី​ជំរំ​នៅ​ឯ​សា​កែវ (​ស្រះ​កែវ​) ។

រំលត់​កំហឹង​ខ្មែរក្រហម
ឆ្នាំ​១៩៧៥ ពួក​ខ្មែរក្រហម​បាន​កាន់កាប់​ប្រទេស​កម្ពុជា ហើយ​រហូត​ដល់​អំឡុង​ឆ្នាំ​១៩៧៨ ចាប់ផ្តើម​មាន​ជនភៀសខ្លួន​ខ្មែរ​ទៅ​ប្រមូលផ្តុំ​គ្នា​នៅ​ជំរំ​ស្រះ​កែវ​ជា​ជំរំ​ជនភៀសខ្លួន​ខ្មែរ​មុន​ដំបូង​គេ​បំផុត​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ ។ ជនភៀសខ្លួន​ទាំងនោះ​មាន​សភាព​ស្លេកស្លាំង ស្គមស្គាំង មាន​ពោះធំ​ដោយ​អត់​អាហារ និង​ទឹក និង​គ្របដណ្តប់​ទៅ​ដោយ​ក្តី​ភ័យ​ខ្លាច ភាព​ខ្លោចផ្សា និង​ក្តី​អស់សង្ឃឹម ។

ភិក្ខុ​​វ៉ា យ៉ា​វបាន​និមន្ត​ចូល​ទៅ​ជំរំ​ជនភៀសខ្លួន​នៃ​ជន​រួម​លោហិត រួម​មាតុភូមិ​របស់​ព្រះ​អង្គ ហើយ​ប្រែក្លាយ​ភាព​ស្រងេះស្រងោច​ក្នុង​ជំរំ​ទាំងមូល​ឱ្យទៅ​ជា​ក្តី​រំភើប រំជើបរំជួល​។ ពួក​គេ​បាន​នាំ​គ្នា​ស្ទុះរ​ត់ទៅ​រក​ព្រះ​អង្គ ទួញ​យំសោក ដោយ​ពួក​គេ​ខាន​បានឃើញ​ព្រះសង្ឃ​ពុទ្ធសាសនា​ជា​យូរ​មក​ហើយ ។ ភិក្ខុ​​វ៉ា យ៉ា​វ បាន​បង្រៀន​ពួក​គេ​នូវ​ព្រះ​ពុទ្ធោវាទ​ថា ៖ «​ទោសៈ​មិន​ដែល​បញ្ចប់​ដោយ​ទោសៈ​ឡើយ ។ ទោសៈ​រមែង​រំលត់​ទៅ​បាន​ដោយ​មេត្តា ព្រហ្ម​វិហារធម៌​…» ។

ដើមឆ្នាំ​១៩៧៩ របប​ខ្មែរក្រហម​ដួល​រលំ​កងទ័ព​ខ្មែរក្រហម បាន​រត់​ឆ្លង​ដែន​ចូល​ប្រទេស​ថៃ​។ ព្រះ​ភិក្ខុ​​វ៉ា យ៉ា​វ បាន​និមន្ត​ទៅ​ជួប​សំណេះសំណាល​ជាមួយ​ពួក​ទាហាន​ខ្មែរក្រហម​ទាំងនោះ​ដោយ​ពុំ​បាន​ថ្កោលទោស ឬ​រង្កៀស​ព្រះ​ទ័យ​ចំពោះ​អំពើ​របស់​ពួក​ខ្មែរក្រហម​កន្លង​មក​ឡើយ ។ សៀវភៅ «​សម្តេចព្រះ​មហា​ឃោស​ន​ន្ទ ក្នុង​សមរភូមិ​» សរសេរ​ថា នៅ​ពេល​នោះ​ព្រះ​អង្គ​បាន​សម្តែង​ព្រះ​ពុទ្ធោវាទ​ប្រាប់​ពួក​គេ ធ្វើ​ឱ្យ​ពួក​ទាហាន​ទាំងនោះ​មាន​ក្តី​សង្វេគ រហូត​អ្នកខ្លះ​ដុត​សម្លាប់​ខ្លួន ហើយ​យំយែក​ថា ពួក​គ​ចង់បាន​«​សន្តិភាព​» ។ នៅ​ពេល​សួរ​ថា ព្រះ​អង្គ​មាន​អារម្មណ៍​យ៉ាងណា​ចំពោះ​ពួក​ទាហាន​ខ្មែរក្រហម ព្រះ​មហា​ឃោស​ន​ន្ទ​មាន​ព្រះ​ថេរ​ដីកា​ថា «​យើង​មាន​មេត្តាធម៌​យ៉ាង​ធំធេង​ចំពោះ​ពួក​គេ ដ្បិត​ពួក​គេ​មិន​ស្គាល់​អំពី​សច្ចធម៌ ពួក​គេ​បំផ្លាញ​ព្រះពុទ្ធ​សាសនា ពួក​គេ​បំផ្លាញ​ខ្លួនឯង​» ។

ឆ្នាំ​១៩៧៩ ព្រះ​មហា​ឃោស​ន​ន្ទ​បាន​កសាង​វត្ត​នៅ​ក្នុង​ជំរំ​ជនភៀសខ្លួន ហើយ​ព្រះ​អង្គ​បាន​បំបួស​ព្រះសង្ឃ ថ្មី​ៗ បើ​ទោះជា​មានការ​ហាមឃាត់​ពី​យោធា​ថៃ​ក៏​ដោយ ។ ពេល​នោះ​ចលនា​តស៊ូ​ខ្មែរក្រហម បាន​ចាប់បង្ខំ​ជនភៀសខ្លួន​ឱ្យធ្វើ​កងទ័ព ហើយ​ពួក​យោធា​ថៃ​បាន​គាំទ្រ​ពួក​ខ្មែរក្រហម​ដោយ​លួចលាក់ ។ ពួក​គេ​មិន​ពេញចិត្ត​នឹង​អំពើ​របស់​ព្រះ​ភិក្ខុ​ខ្មែរ ​វ៉ា យ៉ា​វ ឡើយ ។ ពេល​នោះ​មាន​យុទ្ធ​ជន​ខ្មែរក្រហម​រាប់​ពាន់​នាក់​បាន​ទម្លាក់អាវុធ​នៅ​មុខ​ខ្លោងទ្វារវត្ត​របស់​ព្រះ​អង្គ ហើយ​បាន​ចូលខ្លួន​ថ្វាយ​ជីវិត​ដល់​ព្រះ​អង្គ ។ ប្រការ​នេះឯង​ដែល​នាំ​ឱ្យ​ពួក​យោធា​ថៃ​ហាមប្រាម​ព្រះ​អង្គ​វា​៉ យា​៉​វ ដាច់ខាត​មិន​ឱ្យ និមន្ត​ចេញចូល​ក្នុង​ជំរំ​ជនភៀសខ្លួន​ខ្មែរ​ទៀត​ឡើយ ហើយ​ព្រះ​អង្គ​ក៏​ត្រូវ​បង្ខំចិត្ត​ដក​ព្រះ​កាយ​ចេញពី​ការងារ​ទាំងនោះ ។

គេ​មិន​បានដឹង​ថា​ចន្លោះ​ពេល​នោះ ព្រះ​អង្គ​វ៉ា យ៉ា​វ បាន​ធ្វើ​អ្វីខ្លះ​ឡើយ លុះដល់​ឆ្នាំ​១៩៨០ ព្រះ​អង្គ​ទទួល​បានការ​តែងតាំង​ពិសេស​ពី​អង្គការសហប្រជា​ជាតិ​​ក្នុង​ឋានៈ​ជាទី​ប្រឹក្សា​សង្គម និង​សេដ្ឋកិច្ច តំណាង​ខ្មែរ​និរទេស​ក​ជន ។ តាម​រយៈ​ការ​តែងតាំង​នេះឯង​បាន​ផ្តល់​លទ្ធភាព​ឱ្យ​ព្រះ​អង្គ​​វ៉ា យ៉ា​វ ឡើង​វិញ​ដើម្បី​ធ្វើការ​ជាមួយ​ជនភៀសខ្លួន​ខ្មែរ ។

មាន​គ្រាមួយ​នោះ ពួក​ទាហាន​ខ្មែរក្រហម​បះបោរ​ស្ទើរតែ​ផ្ទុះអាវុធ​ដាក់​គ្នា​ឯង ប៉ុន្តែ​ភិក្ខុ​​វ៉ា យ៉ា​វ បាន​ចំណាយពេល​ពេញ​មួយ​ថ្ងៃ​ក្នុង​ការ​រំងាប់​កំហឹង​របស់​ពួក​គេ ។

ឆ្នាំ ១៩៨០ ព្រះ​អង្គ​​វ៉ា យ៉ា​វ គង់នៅ​ទីក្រុង ប្រូ​វិ​ដិ​ន​ស៍ រដ្ឋ​រ៉ូ​ដ​អាយ​ឡែ​ន​ដ៍ សហរដ្ឋអាមេរិក គឺ​ទីនោះ ហើយ​ដែល​ព្រះ​អង្គ​បាន​កសាង​វត្ត​ខ្មែរ​មុន​ដំបូង​បំផុត​នៅ​សហ​ដ្ឋ​អា​មេ​រិ​ក ។

រួមចំណែក​ក្នុង​សន្តិភាព
ក្នុង​អំឡុង​ទស​វត្ស​ឆ្នាំ​៨០ ព្រះ​មហា​ឃោស​ន​ន្ទ​ចំណាយ​ពេលវេលា​ច្រើន​លើសលប់​ដើម្បី​បម្រើ​ប្រយោជន៍​ខ្មែរ​ក៏​ដូច​ជា​ពិភពលោក ដូច​ជា​និមន្ត​ទៅ​ជួប​សហគមន៍​ខ្មែរ​នៅ​ប្រទេស​បារាំង , អា​មេ​រិ​ក​ខាងជើង​, អូស្ត្រាលី​, សម្ពោធ​សហគមន៍​ខ្មែរ​នានា និង​និមន្ត​ជា​អធិបតី​ក្នុង​ពិធី​ផ្សេង​ៗ ជា​ពិសេស​គឺ​ព្រះ​អង្គ​បាន​ជំរុញ​នូវ​ការ​ចរចា​រក​សន្តិភាព​ជូន​ប្រទេស​កម្ពុជា ។

នៅ​ឆ្នាំ​១៩៨៣ ព្រះ​អង្គ​​វ៉ា យ៉ា​វ បាន​និមន្ត​ទៅ​ទីក្រុង​រ៉ូ​ម ចូល​គាល់​សម្តេច​សង្ឃ​កាតូលិក ប៉ាប ច​ន ប៉ូ​ល ទី​២ ដើម្បី​ពិភាក្សា​អំពី​តួនាទី​សាសនា​ក្នុង​ការ​កសាង​សន្តិភាព​ជូន​ពិភពលោក​។ ក្នុង​ពេល​ចូល​គាល់​នោះ នាំ​ឱ្យ​មាន​ព្រះ​ឆាយា​លក្ខណ៍​ដែល​ព្រះ​អង្គ​ឱប​សម្តេច​ប៉ាប នៅ​វិមាន​បុរី​វ៉ា​ទី​កង់ រហូត​មក​ដល់​សព្វថ្ងៃ ។ ជា​ផ្លែផ្កា​នៃ​ការ​ចូល​គាល់​នោះ មាន​ទិវា​សូត្រធម៌​បួងសួង​សុំ​សន្តិភាព​ពិភពលោក​ប្រារព្ធ​ឡើងជា​រៀង​រាល់​ឆ្នាំ នៅ​ទីក្រុង​អា​ស្សី​ស៊ី ដែល​មានការ​ចូលរួម​ពី​មេដឹកនាំ​សាសនា​ទូ​ទាំង​ពិភពលោក ចាប់តាំងពី​ឆ្នាំ​១៩៨៦​មក ចំណែក​ព្រះ​អង្គ​​វ៉ា យ៉ា​វ ត្រូវបាន​គេ​និមន្ត​ឱ្យ​ចូលរួម​ជា​រៀង​រាល់​ឆ្នាំ រហូត​ដល់​ព្រះ​អង្គ​ចូល​ទិវង្គត​។

ថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ​១៩៨៣ សម្តេចព្រះ​មហា​ឃោស​ន​ន្ទ​​វ៉ា យ៉ា​វ បាន​ប្រា​ព្ឋ​ពិធី​មួយ​នៅ​មជ្ឈមណ្ឌល​ហ្សុ​ិ​ន នាទី​ក្រុង​ញូ​វ​យ៉​ក​ដែល​មាន​ភ្ញៀវ​២០០​នាក់​ពី​ប្រទេស​នានា​នៅ​អាស៊ី ។​ដោយសារ​ពិធី​នោះ​ហើយ​ដែល​ផ្តល់​ក្តី​សង្ឃឹម​ឱ្យ​ប្រទេស​អាស៊ី​ទាំងឡាយ​អាច​បង្កើត​វត្ត​របស់​ខ្លួន​នៅ​ក្នុង​មជ្ឈមណ្ឌល​នោះ ។

ឆ្នាំ​១៩៨៧ នៅ​ពេល​កិច្ចចរចា​ដើម្បី​ស្វែងរក​សន្តិភាព​រវាង​ភាគី​ជម្លោះ​ខ្មែរ រៀបចំ​ឡើង​នៅ​ទីក្រុង​ហ្សា​ការ​តា​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ក្រោម​ការ​ឧបត្ថម្ភ​របស់​អង្គការសហប្រជាជាតិ​នោះ សម្តេចព្រះ​មហា​ឃោស​ន​ន្ទ បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​ជំ​រុ​​ញ​ឱ្យ​មានការ​ចរចា ហើយ​ឱ្យ​ភាគី​ទំនាស់​ទាំងអស់​ប្រកាន់​យក​មាគ៌​៌ា «​សន្តិភាព​គឺជា​បំណងប្រាថ្នា​របស់​យើង​ទាំងអស់​គ្នា​» ។ ព្រះ​មហា​ឃោស​ន​ន្ទ បាន​ដឹកនាំ​ព្រះសង្ឃ​ខ្មែរ​ទៅ​ទីនោះ​ដើម្បី​ធ្វើ​ពិធីបួងសួង​សុំ​សន្តិភាព ។ ព្រះ​អង្គ​ត្រូវ​បាន​ផ្តល់​អាសនៈ​ជាប់​នឹង​សម្តេចព្រះ​នរោត្តម សីហ​នុ នៅ​ក្នុង​កិច្ចចរចា ។ នៅ​ក្នុង​ការ​ចរចា​រក​សន្តិភាព​ព្រះ​អង្គ​​វ៉ា យ៉ា​វ បាន​ជួយ​បន្ទន់ឥរិយាបថ​ភាគី​ទាំងឡាយ​ប្រកបដោយ​អព្យាក្រឹតភាព ដែល​បាន​ផ្តល់​ជា​គំរូ​ដល់​ភាគី​ជម្លោះ​ខ្មែរ​ឱ្យ​រក​វិធី​រួបរួម​ជាតិ​ឡើង​វិញ ។

ធម្ម​យាត្រា​ដើម្បី​សន្តិភាព
-​លើក​ទី​១
ឆ្នាំ​១៩៩២ មុន​ការ​មក​ដល់​បន្តិច​នៃ​អាជ្ញាធរ​បណ្តោះអាសន្ន អង្គការសហប្រជាជាតិ ហៅ កាត់​ថា «​អ៊ុ​ន​តាក់​» (UNTAC) នោះ ព្រះ​មហា​ឃោស​ន​ន្ទ បាន​ដឹកនាំ​ធម្ម​យាត្រា​លើក​ទី​១ ដើម្បី​សន្តិភាព និង​ការ​ផ្សះផ្សា​ជាតិ ។ ធម្ម​យាត្រា​នេះ​ធ្វើ​ឡើង​រយៈពេល​១​ខែ ចាប់ពី​ថ្ងៃ​ទី​១២ ខែមេសា ឆ្នាំ​១៩៩២ នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​នា​ភាគ​ខាងជើង​ប្រទេស​កម្ពុជា ។ ធម្ម​យាត្រា​ទទួល​បានការ​អបអរសាទរ​យ៉ាង​ទូលំទូលាយ​ពី​មហាជន​ជាតិ និង​អន្តរជាតិ​។ ធម្ម​យាត្រា​មាន​ឧបសគ្គ​ច្រើន​អនេក តាំងពី​ការ​ហាមឃាត់​របស់​អា​ជ្ញ​ធរ​អង្គការសហប្រជាជាតិ , អាជ្ញាធរ​ថៃ , ការ​ច្បាំង​គ្នា​រវាង​ភាគី​ក្រុងភ្នំពេញ និង​ភាគី​ខ្មែរក្រហម , ចម្ការ​មីន និង​កង្វះ​ទឹក​ក្នុង​អាកាសធាតុ​ខែប្រាំង​ក្តៅហែង​ជាដើម ។ ប៉ុន្តែ​ដោយ​អំណាច​នៃ​ភាព​មិន​លំអៀង និង​ក្នុង​បំណង​ស្វែងរក​សន្តិភាព​ជូន​មនុស្សជាតិ និង​ការ​ផ្សះផ្សា​ជាតិ​នោះ ទើប​ធម្ម​យាត្រា​អាច​ប្រព្រឹត្ត​ទៅ​ដោយ​ជោគជ័យ​យ៉ាង​ត្រចះត្រចង់ ។ ក្បួន​ធម្ម​យាត្រា​បាន​បញ្ចប់​នៅ​មុខ​ព្រះ​បរមរាជវាំង​នាទី​ក្រុងភ្នំពេញ​ជាមួយនឹង​ចំនួន​មនុស្ស​ចូលរួម​កាន់តែ ច្រើន​ឡើង​ៗ​កើន​ដល់​រាប់​ពាន់​នាក់ ។ ក្បួន​ធម្ម​យាត្រា​ចប់​នៅ​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​១៩៩២ ចំ​ថ្ងៃ​បុណ្យពិសាខបូជា ។

-​លើក​ទី​២
 ឆ្នាំ​១៩៩៣ មុន​ការ​បោះ​ឆ្នោត​ជា​សាកល​លើក​ដំបូង​នៅ​កម្ពុជា សម្តេចព្រះ​មហា​ឃោស​ន​ន្ទ បាន​ដឹកនាំ​ធម្ម​យាត្រា​លើក​ទី​២​ទៅ​តំបន់​ដែល​មានការ​ច្បាំង​គ្នា ។ ព្រះសង្ឃ និង​ដូនជី​ប្រមាណ​៤០០​រូប បាន​ចូលរួម​ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង​លើ​ចំងាយ​ផ្លូវ​៣៥០​គីឡូម៉ែត្រ ឆ្លងកាត់​តំបន់​ដែល​កំពុង​រង​ការ​គំរាមកំហែង​ដោយ​សង្គ្រាម ដែល​នៅ​អម​ផ្លូវ​សុទ្ធតែ​គ្រាប់​មីន និង​គ្រាប់​មិន​ទាន់​ផ្ទុះ​នានា ។ តំបន់​ទាំងនោះ គឺ​ខេត្តសៀមរាប កំពង់ធំ និង​ខេត្តកំពង់ចាម ឆ្ពោះទៅ​ទីក្រុង​ភ្នំពេញ ។

ព្រឹក​ថ្ងៃ​ទី​៣ ខែឧសភា ១៩៩៣ វត្ត​ដែល​ក្បួន​ធម្ម​យាត្រា​លើក​ទី​២​ចូល​ឈប់​សំចត​នោះ បាន​ក្លាយទៅជា​សមរភូមិ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​ខ្មែរក្រហម និង​កងទ័ព​រដ្ឋាភិបាល​ក្រុងភ្នំពេញ បាន​បណ្តាល​ឱ្យ​សមាជិក​ធម្ម​យាត្រា​៣​រូប​រង​របួស ។

ពេល​កំពុង​ប្រយុទ្ធ​គ្នា​នោះ មាន​គ្រាប់បែក​១​គ្រាប់​ត្រូវ​គេ​គប់​ចូល​ចំ​កណ្តាល​ហ្វូង​មនុស្ស​ដែល​ជា​សមាជិក​ធម្ម​យាត្រា​ប្រមាណ​២០០​រូប ខណៈ​កំពុង​អង្គុយ ដែល​ក្នុង​នោះ​មាន​ទាំង​សម្តេចព្រះ​មហា​ឃោស​ន​ន្ទ​ផង ។ ជា​កុសល​គ្រាប់បែក​នោះ​មិន​បាន​ផ្ទុះ​ឡើយ ។

ធម្ម​យាត្រា​ចេះ​តែ​បន្ត ទោះជា​មាន​ឧបសគ្គ និង​ការ​ហាមឃាត់​យ៉ាងណា​ក៏​ដោយ ។ ព្រះសង្ឃ ដូនជី​តែងតែ​ប្រោះព្រំ​ដល់​ភាគី​ប្រយុទ្ធ​ជាមួយ​ការ​ឱ្យ​សព្ទសាធុការពរ ថា «​សូម​ឱ្យ​អ្នកមាន​សន្តិភាព​ក្នុង​ចិត្ត ! សូម​ឱ្យ​គ្រួសារ​របស់​អ្នកមាន​សន្តិភាព ! សូម​ឱ្យ​ភូមិ ស្រុក​របស់​អ្នកមាន​សន្តិភាព ! សូម​ឱ្យ​ប្រទេស​យើង​មាន​សន្តិភាព !» ។

ចំពោះ​សម្តេចព្រះ​មហា​ឃោស​ន​ន្ទ ការ​ប្រោះព្រំ ពុំ​មែន​ជា​ការ​ប្រោះព្រំ​ទឹកមន្ត​អាគម​ឡើយ ប៉ុន្តែ «​គឺជា​និមិត្តសញ្ញា​នៃ​ការ​លាង​សម្អាត​នូវ​ក្តី​ភ័យ​ខ្លាច និង​ឈាម​ដែល​បាន​ប្រឡាក់​ដិតដាម​ជាប់​នឹង​រាង​កាយ និង​ដួងវិញ្ញាណ​របស់​ប្រជាជាតិ​ខ្មែរ​» ដោយសារ​សង្គ្រាម​រាប់​ទស​វត្ស​កន្លង​មក ។

ធម្ម​យាត្រា​លើក​នេះ​បាន​បញ្ចប់​នៅ​ទីក្រុង​ភ្នំពេញ​មុខ​ព្រះ​បរមរាជវាំង​ដូច​លើក​មុន​ដែរ ហើយ​មាន​មនុស្ស​ចូលរួម​កើនឡើង​ដល់​ប្រមាណ​៣.០០០​នាក់ ដើម្បី​សូត្រធម៌ បួងសួង​សុំ​«​សន្តិភាព​» ។

បន្ទាប់​ពី​ការ​បោះ​ឆ្នោត​បន្តិច​មក ព្រះ​អង្គ​​វ៉ា យ៉ា​វ បាន​ដឹកនាំ​ព្រះសង្ឃ និង​ដូនជី​ធ្វើ​សមាធិ បួងសួង សុំ​ឱ្យ​រដ្ឋធម្មនុញ្ញ​នៃ​សភាជាតិ ដែល​កើត​ចេញពី​ការ​បោះ​ឆ្នោត បន្ទាប់​ពី​ការ​ប្រឹងប្រែង​ជម្នះ​រាល់​ក្តី​លំបាក​រាប់​មិន​អស់នេះ​តាក់តែង​ឡើង​ប្រកបដោយ​យុត្តិធម៌ និង​ដើម្បី​បម្រើ​ប្រទេស​ជាតិ និង​ប្រជាពលរដ្ឋ ។

មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​បាន​ទទួលស្គាល់​បេសកកម្ម​របស់​ព្រះ​អង្គ​ប្រកបដោយ​ការ​គោរព​ខ្ពង់ខ្ពស់​បំផុត ។ អង្គការ​មិនមែន​រដ្ឋាភិបាល​ខ្មែរ​មួយ​ក្រុម​បាន​បង្កើត​សម្ព័ន្ធ​រួម​គ្នា​មួយ​ឈ្មោះ​ថា «​សហព័ន្ធ​ពន្លឺ​ខ្មែរ​» ហើយ​បាន​ថ្វាយ​ព្រះរាជ​ឋានៈ​ព្រះ​អង្គជា​ព្រះប្រធានកិត្តិយស​របស់​ពួក​គេ ។

នៅ​ទីក្រុង​ភ្នំពេញ សម្តេចព្រះ​មហា​ឃោស​ន​ន្ទ គង់នៅ​វត្ត​សំពៅ​មាស ជាទី​តាំង​ក្នុង​ការ​ចាត់ចែង​ធម្ម​យាត្រា និង​កិច្ចការ​នានា «​ដើម្បី​បុព្វហេតុ​សន្តិភាព និង​ការ​ផ្សះផ្សា​ជាតិ​» ។

-​លើក​ទី​៣
បន្ទាប់​ពី​ការ​បោះ​ឆ្នោត​រួច​ប្រទេស​កម្ពុជា នៅ​តែ​មិន​ទាន់​ទទួល​បាន​សន្តិភាព​ពេញលេញ នៅឡើយ ដោយសារ​ភាគី​ខ្មែរក្រហម​នៅ​តែ​បន្ត​ប្រយុទ្ធ​ជាមួយ​រដ្ឋាភិបាល​ដែល​កើត​ពី​ការ​បោះ​ឆ្នោត ។

ឆ្នាំ​១៩៩៤ ធម្ម​យាត្រា​លើក​ទី​៣​រៀបចំ​ធ្វើ​ឡើង​នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​កម្ពុជា ជាទី​ដែល​កំពុង​រង​ការ​ហែកហួរ​ដោយ​ការ​វាយ​ប្រយុទ្ធ​គ្នា ។ ធម្ម​យាត្រា​លើក​នេះ​បាន​ជួប​ការ​វាយ​ប្រយុទ្ធ​គ្នា​ទៀត ហើយ​ផ្តាច់​អាយុសង្ខារ​ព្រះសង្ឃ និង​ដូនជី​មួយ​ចំនួន ។ សម្តេចព្រះ​មហា​ឃោស​ន​ន្ទ បាន​មាន​ព្រះ​បន្ទូល​ថា «​នេះ​ហើយ​ជា​មូលហេតុ​ដែល​យើង​ត្រូវធ្វើ​ធម្ម​យាត្រា , ដំណើរ​របស់​យើង​នៅ​តែ​បន្ត​ទៅ​មុខជា​និច្ច ! » ។ ការ​ប្រយុទ្ធ​គ្នា​លើក​នេះ​មាន​សភាព​ខ្លាំ​ក្លា​ជាង លើក​មុន​ៗ ដែល​ធ្វើ​ឱ្យ​អ្នក​រួម​ដំណើរ​ខ្លះ​មានការ​ភ័យ​ខ្លាច​រហូត​ដកខ្លួន​ចេញ ។ ដោយ​បារម្ភ​នឹង​សុវត្ថិភាព​នៃ​អ្នក​ធ្វើ​ធម្ម​យាត្រា​នេះ ព្រះករុណា ព្រះបាទ​នរោត្តម សីហ​នុ បាន​ផ្ញើ​សារ​ថ្វាយ​សម្តេចព្រះ​មហា​ឃោស​ន​ន្ទ សុំ​ឱ្យ​ព្រះ​អង្គ​លុប​ចោល​នូវ​គម្រោង​ធម្ម​យាត្រា​នេះ ។  ទោះជា​យ៉ាងណា​ក្តី​ធម្ម​យាត្រា​នៅ​តែ​បន្ត​រហូត ហើយ​កងទ័ព​ទាំងឡាយ​នៅ​ពេល​បាន​ជួប​ក្បួន​ធម្ម​យាត្រា តែងតែ​ទម្លាក់អាវុធ ថ្វាយបង្គំ​ព្រះសង្ឃ និង​សម្តែង​នូវ​ការ​នឿយណាយ ធុញទ្រាន់ និង ខ្លាចរអា​ចំពោះ​ការ​ធ្វើសង្គ្រាម ហើយ​ពួក​គេ​ចង់បាន «​សន្តិភាព​»​។ ធម្ម​យាត្រា​លើក​នេះ​ទទួល​បាន​ជោគជ័យ​តាម​ការ​គ្រោងទុក ។

បន្ទាប់​ពី​ធម្ម​យាត្រា​ចប់​សព្វគ្រប់ នៅ​ថ្ងៃ​ទី​២៧​និង​២៨ ខែឧសភា ឆ្នាំ​១៩៩៤ ព្រះ​មហា​ឃោស​ន​ន្ទ​បាន​និមន្ត​ទៅ​ប្រទេស​កូរ៉េ​ខាងជើង​ដើម្បី​ពិភាក្សា​អំពី​សន្តិភាព ក្រោម​អធិបតីភាព​ព្រះករុណា​ព្រះមហាក្សត្រ​ខ្មែរ នរោត្តម សីហ​នុ​។ ព្រះ​អង្គ​វា​៉ យា​៉​វ បាន​លើក​ឡើង​ថា «​សន្តិភាព​ជា​ចំណុច​មក​ដល់ និង​ចំណុច​ចាប់ផ្តើម នេះ​ជា​មូលហេតុ​ដែល​យើង​ត្រូវ​ចាប់ផ្តើម​ម្តងទៀត គឺ «​មួយ​ជំហាន​ម្តង​ៗ» ហើយ​យើង​មិន​ងាករេ​ចេញ ពី​ដំណើរ​នេះ​ទេ​» ។

ការ​ចរចា​តុមូល​នៅ​ភ្នំពេញ ដើម្បី​រក​សន្តិភាព​លើក​ទី​២ នា​ឆ្នាំ​១៩៩៤ ក៏​មាន​ព្រះ​វត្តមានរបស់​សម្តេច​​វ៉ា យ៉ា​វដែរ ។ ចំណែក​ការ​ចរចា​ស្វែងរក​សន្តិភាព​នៅ​ទីក្រុង​កូ​ឡុំ​បូ ប្រទេស​ស្រី​លង្កា ដើម្បី​បញ្ចប់​សង្គ្រាមស៊ីវិល សម្តេចព្រះ​មហា​ឃោស​ន​ន្ទ បាន​ដឹកនាំ​ប្រតិភូ​អន្តរ​សាសនា​ទៅ​ចូលរួម​ដែរ ។ ដោយហេតុ​នេះឯង​បានជា​សមាជិក​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក លោក​ក្លៃ​ប៊​ន ផែល បាន​ស្នើ​ព្រះ​អង្គជា​បេក្ខភាព សម្រាប់​ទទួល​ពានរង្វាន់ «​ណូបែល​សន្តិភាព​ពិភពលោក​» ។

ថ្ងៃ​ទី​៤ ធ្នូ ឆ្នាំ​១៩៩៤ សម្តេចព្រះ​មហា ឃោស​ន​ន្ទ បាន​យាង​ទៅ​បន្ទាយ​ឃុំឃាំង អ៊ូ​ស​ឆ្វិ​ច​ស្ស៍ ប្រទេស​ប៉ូ​ឡូញ ដើម្បី​ប្រសិទ្ធពរ​ការ​ចេញដំណើរ​នៃ​ក្បួន​ដំណើរ «​អន្តរ​សាសនា ដើម្បី​សន្តិភាព និង​ជីវិត​» ដែល​នឹង​ធ្វើ​ដំណើរ​ជុំវិញ​ពិភពលោក ដើម្បី​រំលឹក​អំពី​សង្គ្រាមលោក​លើក​ទី​២ ហើយនឹង​ត្រូវ​ទៅ​បញ្ចប់​នៅ​ទីក្រុង ណា​ហ្គា​សា​គី ប្រទេស​ជប៉ុន នា​ថ្ងៃ​ទី​៨ សីហា ១៩៩៥ ។

ក្នុង​ពេល​គង់នៅ​អឺរ៉ុប ព្រះ​អង្គ​វ៉ា យ៉ា​វ បាន​យាង​ទៅ​ចូលរួម​សន្និសីទ​សន្តិភាព​ទីក្រុង បា​សេ​ឡូ​ណា ប្រទេស​អេ​ស្ប៉ា​ញ​ផង​ដែរ ដោយ​មាន​អ្នកដឹកនាំ​សាសនា​៥០​រូប​ចូលរួម​ពិភាក្សា​អំពី «​កិច្ច​បរិច្ចាគ​របស់​សាសនា​ដើម្បី​សន្តិភាព​ពិភពលោក​» ។

-​លើក​ទី​៤
ខែឧសភា ឆ្នាំ​១៩៩៥ សម្តេចព្រះ​មហា​ឃោស​ន​ន្ទ​បាន​ដឹកនាំ​ធម្ម​យាត្រា​លើក​ទី​៤ ដែល​ចាប់ផ្តើម​ចេញដំណើរ​ពី​ប្រទេស​ថៃ ឆ្លងកាត់​ប្រទេស​កម្ពុជា​ទៅ​បញ្ចប់​នៅ​ខេត្តស្វាយរៀង​ជាប់​ព្រំដែន​ប្រទេស​វៀតណាម ។ ធម្ម​យាត្រា​លើក​នេះ​ផ្តោត​លើ​ការ​ហាមប្រាម​ការ​ប្រើប្រាស់​គ្រាប់​មីន និង​ទាក់ទាញ​ការ​យកចិត្តទុកដាក់​លើ​ប្រទេស​កម្ពុជា​ដ៏​តូច​មួយ​ដែល​មាន​គ្រាប់​មីន​កប់​ក្នុង​ដី​ដល់​ទៅ​១០ លាន​គ្រាប់ ។

នៅ​ព្រំដែន​កម្ពុជា​-​ថៃ ធម្ម​យាត្រា​លើក​ទី​៤ បាន​ជួប​ស្វាគមន៍​ក្បួន​ដំណើរ​របស់​អន្តរ​សាសនា ដើម្បី​សន្តិភាព​ដែល​បាន​ចេញដំណើរ​ពី​ប្រទេស​ប៉ូ​ឡូញ​កាលពី​ខែធ្នូ ឆ្នាំ​១៩៩៤ ។

បន្ទាប់​ពី​នោះ​មក ព្រះ​អង្គ​​វ៉ា យ៉ា​វបាន​និមន្ត​ទៅ​ទីក្រុង​ប្រូ​វិ​ដិ​ន​ស៍ រដ្ឋ​រ៉ូ​ដ​អាយ​លែ​ន គង់នៅ​ទីនោះ​មួយ​រយៈ​ដើម្បី​ពិភាក្សា​ជាមួយ​ក្រុម​មេដឹកនាំ​សាសនា​ទាំងឡាយ និង សកម្មជន​សន្តិភាព​នានា រួច​ហើយ​បាន​អំពាវនាវ​ឱ្យ​បញ្ឈប់​ទាំងស្រុង​នូវ​ការ​ប្រើប្រាស់ , ការ​ផលិត , ការ​លក់ និង​ការ​ទិញ​គ្រាប់​មីន ។

នៅ​ខែកញ្ញា​ឆ្នាំ​១៩៩៥ សម្តេចព្រះ​មហា​ឃោស​ន​ន្ទ​បាន​និមន្ត​ទៅ​ទីក្រុង​រ៉​ង់​ហ្គូ​ន ប្រទេស​ភូមា​ដើម្បី​ជួប​ជាមួយ​អ្នកស្រី​អ៊ុ​ង​សាន ស៊ូ​ជី ដែល​ត្រូវ​បាន​ពិភពលោក​ទទួលស្គាល់​ថា​ជា​បុគ្គល​នយោបាយ​សន្តិភាព ។ នៅ​ទីនោះ​ព្រះ​អង្គ​បាន​ជួប​ជាមួយ​មន្ត្រី​សង្ឃ​ជាន់ខ្ពស់​មួយ​ចំនួន​ទៀត​ដែល​ពិភាក្សា​តែ​ពី​រឿង «​សន្តិភាព និយម​» ។

ឆ្នាំ​បន្ទាប់​មក​ទៀត​ព្រះ​មហា​ឃោស​ន​ន្ទ​បាន​យាង​ជួប​ជាមួយ​សម្តេច​សង្ឃ​ជាន់ខ្ពស់​នៃ​សាសនា​កាតូលិក ក៏​ដូច​ជា​មេដឹកនាំ​សាសនា​នានា​ដើម្បី​ពិភាក្សា​អំពី «​ការ​ស្វែងរក​សន្តិភាព​ជូន ពិភពលោក​» ។

-​លើក​ទី​៥
នៅ​ឆ្នាំ​១៩៩៦ ព្រះ​មហា​ឃោស​ន​ន្ទ​បាន​ដឹកនាំ​ក្បួន​ធម្ម​យាត្រា​មួយទៀត​ឆ្លងកាត់​ខេត្ត​មួយ​ចំនួន​ដែល​រង ការ​កាប់​បំផ្លាញ​ព្រៃឈើ​ច្រើន​ជាងគេ ហើយ​ក្បួន​ដង្ហែ​នេះ​មាន​អ្នកចូលរួម​យ៉ាង​ហោច​ណាស់​៧០០​នាក់ ។

ធម្ម​យាត្រា​បាន​រៀបចំ​ការ​ជួបជុំ​ពិភាក្សា​គ្នា​ជា​សាធារណៈ​អំពី​ព្រៃឈើ និង​បរិស្ថាន នៅ តាម​ភូមិ ស្រុក​នានា​ដែល​បាន​ឆ្លងកាត់ និង​បាន​ដាំ​ដើមឈើ​រាប់​ពាន់​ដើម ។ សម្តេចព្រះ​ម??