ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើ​ពិសោធន៍​អាង​ហែល​ទឹក​នៅ​ស្ដា​ត​អូឡាំ​ពិ​ក​ ក្រោយ​ជួសជុល​អស់​3​លាន​ដុល្លារ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាំងពី​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០២០ មក​ម្ល៉េះ ដែល​អាង​ហែល​ទឹកធំ​មួយ​នៅ​ស្ដា​ត​អូ​ឡាំ​ពិ​កបាន​បើក​ដំណើរការ​ប្រកួត​កីឡាហែលទឹក​ថ្នាក់​ជាតិ​ប្រចាំឆ្នាំ​២០២០ ដើម្បី​បង្អួត និង​បង្ហាញ​ពី​អាង​ហែល​ទឹក​មួយ​នេះ បន្ទាប់​ពី​ចំណាយពេល​សាងសង់​អស់​ជា​ច្រើន​ខែ…

រាជធានី​ភ្នំពេញ ៖ តាំងពី​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០២០ មក​ម្ល៉េះ ដែល​អាង​ហែល​ទឹកធំ​មួយ​នៅ​ស្ដា​ត​អូ​ឡាំ​ពិ​កបាន​បើក​ដំណើរការ​ប្រកួត​កីឡាហែលទឹក​ថ្នាក់​ជាតិ​ប្រចាំឆ្នាំ​២០២០ ដើម្បី​បង្អួត និង​បង្ហាញ​ពី​អាង​ហែល​ទឹក​មួយ​នេះ បន្ទាប់​ពី​ចំណាយពេល​សាងសង់​អស់​ជា​ច្រើន​ខែ ។ នេះ​ក៏​ជា​អាង​ហែល​ទឹក​ស្ដង់ដារ​មួយ​របស់​កម្ពុជា ដែល​នឹង​ត្រូវ​ជ្រើស​ធ្វើ​ជាទី​កន្លែង​ប្រកួត​ហែល​ទឹក​សម្រាប់​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​ផង​ដែរ ទើប​ទីតាំង​មួយ​នេះ ទទួល​បានការ​ចាប់អារម្មណ៍​ដែល​មនុស្ស​ភាគច្រើន​ចង់​ស្វែង​យល់​ពី​លក្ខណៈ​ពិសេស បន្ទាប់​ពី​ត្រូវ​គេ​ដឹង​ថា គ្រាន់តែ​ចំណាយ​ការ​ជួសជុល​កែ​លម្អ​គឺ​អស់​ដល់​៣​លាន​ដុល្លារ​នោះ​។

លោក ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​ជា​ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក បាន​ថ្លែង​ក្នុង​ឱកាស​ចុះ​ត្រួតពិនិត្យ​វឌ្ឍនភាព​ការដ្ឋាន​សាងសង់​អាង​ហែល​ទឹក​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​កថា នេះ​គឺជា​អាង​ហែល​ទឹក​របស់​កម្ពុជា ដែល​មាន​ស្ដង់ដា​អន្ដរជាតិ។

លោក​ថា សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក សម្រេច​ឱ្យ​មានការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ ឆ្នាំ​២០២០ និង អបអរសាទរ ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​អាង​ហែល​ទឹក​នៃ​ពហុ​កីឡ​ដ្ឋាន​ជាតិ​ដែល​បាន​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី​២៦​ដល់​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០២០​នេះ គឺជា​ការ​សាកល្បង​ដើម្បី​ស្វែង​យល់​ពី​ចំណុច​ពិសេស និង​ចំណុច​ខ្សោយ​ក្រោយ​ពី​ការ​ជួសជុល​អាង​ហែល​ទឹក​មួយ​នេះ​ទុក​សម្រាប់​ការ​ទទួល​ស៊ី​ហ្គេ​ម​។

យោង​តាម​លោក ហែម គិរី អគ្គលេខាធិការ សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​ឲ្យ​ដឹង​ថា សម្រាប់ ការ​ប្រកួត​កីឡាហែលទឹក​ជ្រើសរើស​ជើងឯក ថ្នាក់​ជាតិ គឺ​មានការ​ចូលរួម​ប្រកួត​ទាំង​ផ្នែក​បុរស និង​នារី ។ សម្រាប់​បុរស​ជា​កីឡាករ​គឺ​មាន​អាយុ​ចាប់ពី​១២​ឆ្នាំ​ឡើង​ទៅ ចំណែក​នារី​ជា​កីឡាការិនី​ត្រូវ​មាន​អាយុ​ចាប់ពី​១០​ឆ្នាំ​ឡើង​ទៅ និង​ផ្នែក​ជន​ពិការ​ជា​កីឡាករ​គិត​ចាប់ពី (S3-S10)​។ លោក​បាន​ឲ្យ​ដឹង​ទៀត​ថា ក្នុង​ឱកាស​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​អាង​ហែល​ទឹក​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​នេះ ប្រភេទ​កីឡា​បាល់​ទឹក​ក៏​បាន​រៀបចំ​ឲ្យ​ប្រកួត​ដែរ គឺ​រួម​មាន​ក្រុម​រាជធានី ភ្នំពេញ ប្រកួត​ជាមួយ​ក្រុម​ខេត្តកំពង់ចាម ។ កីឡាករ កីឡាការិនី​ម្នាក់​ៗ មាន​សិទ្ធិ​អាច​ប្រកួត បាន​ចំនួន​៤​វិញ្ញាសា គឺ​វិញ្ញាសា​ឯកត្តជន​មាន ៣​វិញ្ញាសា និង​វិញ្ញាសា​បណ្តាក់​មាន​១​វិញ្ញាសា​។

លោក​រដ្ឋមន្ត្រី​ស៊ុន ចាន់​ថុ​ល ប្រធាន​សហព័ន្ធខ្មែរ​កីឡាហែលទឹក បាន​ឲ្យ​ដឹង​ទៀត​ថា ការ​សាង​សង់​អាង​ហែល​ទឹក​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​នេះ គឺ​បាន​ធ្វើ​រួចរាល់​ហើយដោយ​ប្រើប្រាស់​ពេលវេលា​អស់​១៨​ខែ និង​ចំណាយ​ថវិកា​អស់​ជិត​៣​លាន​ដុល្លារ ជា​ជំនួយ​របស់​ក្រុមហ៊ុន​សៀង​ហៃ ខន​ស្ត្រា​ក​ស្ហឹ​ន (Shanghai Construction Company )​។

លោក​បាន​បន្ត​ថា ការ​សាងសង់​នេះ​រួម​បញ្ចូល​ទាំង​ការ​ជួសជុល​និង​ពង្រីក​ទាំង​អាង​ហែល​ទឹក និង​កន្លែង​លោតទឹក​។ ក្រៅពី​នោះ​ទៀត​គឺ មានការ​ដំឡើង​ថ្មី​ទាំងអស់​នូវ​ម៉ាស៊ីនបូមទឹក ម៉ាស៊ីន​ចម្រោះ​ទឹក និង​បាន​ដាក់​កៅអីអង្គុយ​បាន​ជាង​១.៦០០​កៅអី និង​បាន​ធ្វើ​ជា​បន្ទប់​ដាក់​ឧបករណ៍​ហ្វឹកហាត់​បន្ថែម​ទៀត​ផង ។ លោកក៏​បាន​អំពាវនាវ​ឱ្យ​យុវជន​ទាំងអស់ នាំ​គ្នា​ចូលរួម​ហ្វឹកហាត់​កីឡាហែលទឹក​ដោយ​ឥត​គិតថ្លៃ​ដើម្បី​ត្រៀមខ្លួន​យក​មេដាយ​ជូន​ជាតិ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម ដែល​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​នា​ឆ្នាំ​២០២៣ ខាង​មុខ​នេះ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា បច្ចុប្បន្ន​នេះ កម្ពុជា​ក្រៅពី​មាន​អាង​ហែល​ទឹក​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​ក៏​មាន​អាង​ហែល​ទឹក​ស្ដង់ដារ​នៅ​ខេត្តកំពង់ចាម នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ និង​អាង​ហែល​ទឹក​កីឡដ្ឋាន​ស្រុក​កោះធំ ដែល​ទើប​សាងសង់​រួចរាល់​ជា​ស្ថាពរ និង​ត្រៀម​សម្រាប់​ធ្វើ​ជា​ម្ចាស់ផ្ទះ​ក្នុង​កម្មវិធី​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម ឆ្នាំ​២០២៣ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ