រាជធានីភ្នំពេញ ៖ សូត្រ ខេវិន មកពីក្លិបបក្សីស្លាបដែក បានក្លាយជាបេក្ខភាពឡើងទៅប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រយកប្រាក់រង្វាន់ធំក្នុងព្រឹត្តិការណ៍ប្រដាល់«កម្ពុជា សង្វៀនគុនខ្មែរ»បន្ទាប់ពីគេបានយកឈ្នះពិន្ទុសោម វិឆ័យមកពីក្លិបវិបុលដារិទ្ធខណ្ឌពោធិសែនជ័យ ក្នុងការប្រកួតផ្ដាច់ព្រ័ត្រជុំទី២នៅលើសង្វៀនទូរទស្សន៍ស៊ីអិនស៊ីកាលពីថ្ងៃទី២៦ កញ្ញា។
បន្ទាប់ពីប្រកួតរួចសោម វិឆ័យ ប្រាប់ថា លោកទទួលស្គាល់ការពិតហើយគឺពិតជាចាញ់យ៉ាងអស់ចិត្តបំផុត ហើយការចាញ់លើកនេះគឺដោយសារចាញ់ប្រៀបកម្ពស់ សូត្រ ខេវិន ។
ជាក់ស្ដែងពេលចូលកៀកម្ដងៗត្រូវសូត្រ ខេវិន ធាក់ចេញធ្វើឱ្យលោកពិបាករកចន្លោះវាយចេញខ្លាំងណាស់ទើបលោកបានត្រឹមតែវាយទប់និងត្រូវចាញ់ពិន្ទុនៅនាទីចុងក្រោយ ។ ចំណែកសូត្រ ខេវិន ប្រាប់ថា នេះជាលើទី១ហើយដែលលោកមានឱកាសបានឆ្លងផុតពីវគ្គប្រកួតជម្រុះនិងដណ្ដើមបានចំណាត់ថ្នាក់លេខ១សម្រាប់ឡើងទៅប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រយករង្វាន់ធំ។ ទោះបីយ៉ាងណាលោកថា វាជាការប្រកួតមួយដ៏តឹងតែងបំផុត ព្រោះអីសោម វិឆ័យ គឺជាកីឡាករជើងខ្លាំងមួយរូប ។
បើសិនជាលោកមិនបានត្រៀមខ្លួនទុកជាមុនទេនោះប្រហែលជាមិនទទួលបានលទ្ធផលល្អបែបនេះឡើយ ។ ប៉ុន្តែអ្វីដែលធ្វើឱ្យអ្នកប្រដាល់មកពីក្លិបបក្សីស្លាបដែករូបនេះសប្បាយចិត្តបំផុតនោះគឺវត្តមានបងប្អូន ឪពុក និងប្រពន្ធបានមកគាំទ្រលើកទឹកចិត្ត ហើយពួកគាត់ក៏មានការសប្បាយចិត្តផងដែរ នៅពេលលោកទទួលជ័យជម្នះ ។
ដោយមានការគាំទ្រពីក្រុមគ្រួសារបែបនេះធ្វើឱ្យលោកកាន់តែមានជំនឿចិត្តថែមទៀតក្នុងការឡើងទៅប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រជាមួយកីឡាករ លន បញ្ញា មកពីសមាគមកីឡាប្រដាល់កងយោធពលខេរភូមិន្ទដែលកំពុងតែឈររង់ចាំ ដណ្ដើមយករង្វាន់ធំដែលមានទឹកប្រាក់រហូតដល់ទៅ៦ពាន់ដុល្លារសហរដ្ឋអាមេរិក ។
ចំណែកប្រាក់រង្វាន់លើកនេះសូត្រ ខេវិន ដែលជាប់លេខ១ទទួលបានម៉ូតូZoomer X ១គ្រឿង អមដោយប្រាក់រង្វាន់ចំនួន២លានរៀល រីឯសោម វិឆ័យ ដែលដណ្ដើមបានចំណាត់ថ្នាក់លេខ២ទទួលបានប្រាក់រង្វាន់ចំនួន៨លានរៀល ។ ដោយឡែកកីឡាករ ឡុង ឡា មកពីក្លិបអប់រំកាយស្រុកអន្លង់វែង ដែលដណ្ដើមបានចំណាត់លេខ៣នោះទទួលបានប្រាក់រង្វាន់៦លានរៀល ខណៈកីឡាករ សេក គឹមរួន មកពីក្លិបមកុដរាជសីហ៍ដែលធ្លាក់មកនៅលេខ៤វិញទទួលបានប្រាក់រង្វាន់៤លានរៀល៕
ចែករំលែកព័តមាននេះ