ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ចសន្យាថ្មីនឹងផលិតផលស្រូវសរីរាង្គជាង២ម៉ឺនតោននិងដំឡូងមីសរីរាង្គជាង ៣០ម៉ឺនតោន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្រសួងរុក្ខប្រមាញ់និងនេសាទ បានឱ្យដឹងថា គិតមកទល់ចុង ខែកញ្ញា ឆ្នាំ២០២០ ការចុះកិច្ចសន្យាផលិតកសិកម្ម បានកើនឡើងដល់ ៧០១…

រាជធានីភ្នំពេញ ៖ ក្រសួងរុក្ខប្រមាញ់និងនេសាទ បានឱ្យដឹងថា គិតមកទល់ចុង ខែកញ្ញា ឆ្នាំ២០២០ ការចុះកិច្ចសន្យាផលិតកសិកម្ម បានកើនឡើងដល់ ៧០១ កិច្ចសន្យា ទៅលើប្រភេទផលិតផលកសិកម្មជាច្រើនមុខដូចជា ស្រូវពូជ ស្រូវសរីរាង្គ ស្រូវក្រអូប ស្រូវចំណី ដំឡូងមីសរីរាង្គ ម្រេច ស្ករត្នោត បន្លែ ស្វាយចន្ទី ពោត សណ្តែកខៀវ សណ្តែកបាយ មាន់ស្រែ ជ្រូក។ល។

នេះជាការលើកឡើង នៅទីស្តីការក្រសួង នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ក្នុងពិធីចុះកិច្ចសន្យា ផលិតកម្មកសិកម្មដំណាំកសិ-ឧស្សាហកម្ម និងស្រូវសរីរាង្គ ដែលកិច្ចសន្យានេះបានធ្វើឡើងរវាងរោងម៉ាស៊ីនកិនស្រូវចំនួន៤ ជាមួយសហគមន៍កសិកម្មចំនួន៥០ សហគមន៍ ដោយមានវត្តមាន លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធ្វើជាសាក្សីក្នុងពិធីនេះផងដែរ។

ជាក់ស្តែង ការរៀបចំពិធីចុះកិច្ចសន្យានាពេលនេះ គឺជាជោគជ័យដ៏ធំមិនធ្លាប់មាន ដោយមានកិច្ចសន្យារហូតដល់ទៅចំនួន ៥២ កិច្ចសន្យា លើផលិតផលស្រូវសរីរាង្គក្នុងបរិមាណ ២៤ ៦៦២តោន និងដំឡូងមីសរីរាង្គក្នុងបរិមាណ ៣០ ២០៦តោន ដោយមានសហគមន៍កសិកម្មចំនួន ៥០សហគមន៍ ក្នុងខេត្តចំនួន៦ គឺខេត្តតាកែវ (៤កិច្ចសន្យា ៤សហគមន៍) កំពង់ស្ពឺ (១កិច្ចសន្យា ១សហគមន៍) កំពត (១កិច្ចសន្យា ១សហគមន៍) កំពង់ឆ្នាំង (៦ កិច្ចសន្យា ៦សហគមន៍) មណ្ឌលគិរី (៦កិច្ចសន្យា ៦សហគមន៍) និងខេត្តព្រះវិហារ (៣២កិច្ចសន្យា ៣២សហគមន៍)។ ដោយឡែកក្រុមហ៊ុនចំនួន ៤ ដែលបានចុះកិច្ចសន្យារួមមាន ក្រុមហ៊ុនសាជីវកម្មកសិកម្មកម្ពុជា (CACC) ក្រុមហ៊ុន អេមរុ រ៉ាយកម្ពុជា (Amru Rice) ក្រុមហ៊ុន Signatures of Asia (SOA) និងក្រមហ៊ុន បាយ័នហេរី ធេច។

ឆ្លៀតក្នុងឳកាសនោះផងដែរ លោករដ្ឋមន្ត្រី បានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង សហការគ្នាបានយ៉ាងល្អពីគ្រប់ភាគីពាក់ព័ន្ធដោយមានការសម្របសម្រួលពីនាយកដ្ឋានកសិ-ឧស្សាហកម្ម ឈានមកសម្រេចបាននូវកិច្ចសន្យាមួយដែលអាចចាត់ទុកថាជាបន្ទាត់ ជាខ្សែ ឬជានិតិវិធីសម្រាប់ឲ្យភាគីអ្នកផលិត និងអ្នកបញ្ជាទិញដើរព្រមគ្នាឆ្ពោះទៅទិសដៅមួយយ៉ាងជាក់លាក់ ពិតប្រាកដ យុត្តិធម៌ តម្លាភាព សច្ចភាព និងជំនឿទុកចិត្តគ្នា ដោយឈរលើគោលការណ៍សំខាន់ ៣ គឺធានាបាននូវបរិមាណផ្គត់ផ្គង់ប្រកបដោយនិរន្តរភាព គុណភាពផលិតផល ធានាបាននូវតម្លៃ និងធានាបាននូវសាមគ្គីភាព កិច្ចសហការ និងជំនឿទុកចិត្ត។

លោករដ្ឋមន្ត្រីបានបន្តថា ពិតណាស់លទ្ធផលនាពេលនេះបានឆ្លុះបញ្ចាំងឲ្យឃើញថា ក្រសួងកំពុងតែបន្តជំរុញ និងលើកទឹកចិត្តឲ្យគ្រប់អនុវិស័យទាំងអស់អនុវត្តតាមអភិក្រម “រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍ និងសហគមន៍” ដើម្បីពង្រីកវិសាលភាពឲ្យបានកាន់តែទូលំទូលាយទៅដល់សហគមន៍ផ្សេងៗទៀត ក្នុងទិសដៅចូលរួមចំណែកអភិវឌ្ឍន៍វិស័យកសិកម្មក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មទី៤ និងសាកលភាវូបនីយកម្ម ។
លោករដ្ឋមន្ត្រីក៏បានផ្តល់បន្ថែមនូវអនុសាសន៍សំខាន់ៗជូនដល់ភាគីដែលជាអ្នកអនុវត្តកិច្ចសន្យានេះ ក្នុងន័យជារួម ៖

១. ព្យាយាមអនុវត្តកិច្ចសន្យានេះឲ្យបានសុក្រឹត្យឈរលើស្មារតីទទួលខុសត្រូវទៅតាមភារកិច្ចរៀងៗខ្លួន បញ្ជាប និងពង្រឹងការអនុវត្តបច្ចេកទេសផលិតឲ្យបានសមស្រប ពង្រឹងការងារគ្រប់គ្រង និងដឹកនាំសហគមន៍ឲ្យបានត្រឹមត្រូវល្អទាំងការងាររដ្ឋបាល បច្ចេកទេស ហិរញ្ញវត្ថុ និងប្រជាធិបតេយ្យ។

២. នាយកដ្ឋានកសិ-ឧស្សាហកម្ម សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តទាំងអស់ត្រូវបន្តតាមដាន ជួយជំរុញបន្ថែមលើការអនុវត្តកិច្ចសន្យាឲ្យកាន់តែមានប្រសិទ្ធភាព។

ត្រូវជំរុញរៀបចំ និងអនុវត្តស្តង់ដារផលិតផលិតផលកសិកម្មដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប និងការបង្កើតឲ្យមានស្ថាប័នបញ្ជាក់គុណភាព ធ្វើការកែលម្អអភិវឌ្ឍន៍មន្ទីរពិសោធន៍ ពង្រឹងសមត្ថភាពដល់អង្គភាពពាក់ព័ន្ធ និងមន្រ្តី។

៣. សូមស្នើដល់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជួយពិនិត្យលទ្ធភាពបន្ថែមក្នុងការផ្តល់កម្ចីដល់ក្រុមហ៊ុនដែលកំពុងអនុវត្តកិច្ចសន្យា។

៤. ស្នើដៃគូអភិវឌ្ឍន៍ បន្តជួយដល់ការអភិវឌ្ឍសហគមន៍កសិកម្មបន្ថែមទៀត។

៥. ទាំងអ្នកផលិត និងអ្នកបញ្ជាទិញ គួររួមគ្នាសិក្សាពីតម្រូវការ ឬនិន្នាការទីផ្សារទាំងក្នុង និងក្រៅស្រុក មុនឈានទៅចុះកិច្ចសន្យាផលិត។ ភាគីពាក់ព័ន្ធ ដៃគូអភិវឌ្ឍ អង្គការជាតិ-អន្តរជាតិ វិស័យឯកជន សហគមន៍ គួរតែបង្កើនកិច្ចសហការលើការអនុវត្តកិច្ចសន្យាផលិតកម្មកសិកម្មឲ្យកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាពខ្ពស់៕

អត្ថបទសរសេរ ដោយ