ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកស្នងការ​ថ្មី​បើកចំហ​ជើង​មេឃ ​ក្រោយ​ប្រកាស​ចូល​កាន់​តំណែងបាន​​​​៣​ថ្ងៃ !

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ គេ​មិន​ទាន់​ដឹង​ថា តើ​ការ​បើកចំហរ​ជើងមេឃ​ផ្ដល់​លេខ​ទូរស័ព្ទ​ សម្រាប់​ឱ្យ​ពលរដ្ឋ​ធ្វើការ​ទំនាក់ទំនង​ផ្ទាល់​រាល់​បញ្ហា​ផ្សេង​ៗរបស់​លោកសាត គឹ​ម​សាន ស្នងការ​ខេត្ត ដែល​ទើប​ប្រកាស​ចូល​កាន់​តំណែង​ថ្មី​នេះ បាន​រយៈពេល​ប៉ុន្មាន​ដង្ហើមចង្រិត​នោះ​ទេ ?…

ខេត្តបាត់ដំបង ​៖ គេ​មិន​ទាន់​ដឹង​ថា តើ​ការ​បើកចំហរ​ជើងមេឃ​ផ្ដល់​លេខ​ទូរស័ព្ទ​ សម្រាប់​ឱ្យ​ពលរដ្ឋ​ធ្វើការ​ទំនាក់ទំនង​ផ្ទាល់​រាល់​បញ្ហា​ផ្សេង​ៗរបស់​លោកសាត គឹ​ម​
សាន ស្នងការ​ខេត្ត ដែល​ទើប​ប្រកាស​ចូល​កាន់​តំណែង​ថ្មី​នេះ បាន​រយៈពេល​ប៉ុន្មាន​ដង្ហើមចង្រិត​នោះ​ទេ ? ព្រោះ​នេះ​ មិនមែន​ជា​លើក​ដំបូង​ទេ សម្រាប់​មេដឹកនាំ​ស្នងការ​ខេត្ត ឬមេដឹកនាំ​ស្ថាប័ន​ដទៃ​ទៀត ដែល​តែង​ប្រកាស​បើកចំហបែប​នេះ ដើម្បី​ឲ្យ​ពលរដ្ឋ​ទំនាក់ទំនង​ផ្ទាល់ ក្រោយ​ពី​ទ​ទួល​បាន​តំណែង​ធំដុំ​ថ្មី​។ ប៉ុន្តែ​ជា​បទ​ពិសោធ​ន៍សម្រាប់​ពលរដ្ឋ​ខេត្ត​មួយ​នេះ ហាក់​ទ​ទូល​បាន​លទ្ធផល​ជា​វិជ្ជមាន​តិច​តួច​បំផុត ពី​លោក​ធំ​ៗ​ដែល​ចេះ​ត្រឹមតែ​សន្យា​មិនសូវ​ថ្លៃ រហូត​ស្ទើរតែ​ធ្វើ​ឲ្យ​ពលរដ្ឋ​អស់ជំនឿ​ទៅ​ហើយ​។

ក្រុម​ប្រតិកម្ម​រហ័ស​របស់​ស្នងការ​ខេត្ត ដែល​គេ​ដឹង​ថា គ្រប់គ្រង​ដោយ​លោក អ៊ឹម កុសល ស្នងការ​រង​ខេត្ត បាន​ផ្សព្វផ្សាយ​លេខ​ទូរស័ព្ទ​លាយឡំ​នឹង​ខ្លឹមសារ​នានា​ផង តាម​រយៈ​
ផេ​ក​របស់​ខ្លួន ( ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​) កាលពី​ថ្ងៃ​ទី​២៦ កញ្ញា ដែល​មាន​ចំណងជើង « លោក​ឧត្តម​សេនី​យ៍​ត្រី សាត គឹ​ម​សាន ស្នងការ នៃ​ស្នងការដ្ឋាន​នគរ​បាល​ខេត្តបាត់ដំបង ផ្ដល់​លេខ​ទូរ​ស័ព្ទជូន​ដល់​ប្រជាពលរដ្ឋ ដើម្បី​ងាយ​ស្រូល​ក្នុង​ការ​ផ្ដល់​ព័​ត៌មាន​ »​។ ពោល លោក សាត គឹ​ម​សាន បាន​ប្រកាស​ផ្ដល់​លេខ​ទូរស័ព្ទ​ជា​សាធារណៈ​ចំនួន​០២​ខ្សែ តាម​រយៈ​ផេ​ក​ស្នងការ​ខេត្តបែប​នេះ បន្ទាប់​ពី​លោក​ប្រកាស​ចូល​កាន់​តំណែង​ជា​ស្នងការ​ខេត្ត​នេះ បាន​រយៈពេល​៣​ថ្ងៃ​។

យោង​លើ​ខ្លឹមសារនៃ​ការ​ផ្សព្វផ្សាយ​នៅ​ក្នុង​ផេ​ក​របស់​ស្នងការ​ដែល​បាន​ភ្ជាប់​ជាមួយ​នូវ​លេខ​ទូរស័ព្ទ​ចំនួន​០២​ខ្សែ​ផង ក្នុង​គោលបំណង​សំខាន់ គឺដើម្បី​បង្ក​ភាព​ងាយ​ស្រូល​ជូន​ប្រជាពលរដ្ឋ សាធារណៈជន​ទូទៅនៅ​គ្រប់​ម​ជ្ឍ​ដ្ឋា​ន ក្នុង​ការ​ទំនាក់ទំនង​ផ្ដល់​ព័​ត៌មាន​ទាក់ទង​នឹង​ការងារ​សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម​និង​បញ្ហា​ផ្សេង​ៗ​ទៀត បាន​ឆាប់រហ័ស​និង​ធានា​អន្តរា​គម​ន៍ដោះស្រាយ​ជូន​ទាន់​ពេលវេលា​។ មិនតែប៉ុណ្ណោះ លោកស្នងការ​ខេត្ត​ថ្មី នឹង​រៀបចំ​ឲ្យ​គ្រប់​អង្គភាព​ជំនាញ​ចំណុះ​ស្នងការ អធិការ​ក្រុង ស្រុក និងប៉ុស្ដិ៍​រដ្ឋបាល ផ្ដល់​នូវ​លេខ​ទូរស័ព្ទ​ដោយ​ចំហរ តាម​រយៈ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ របស់​ស្នងការ​ខេត្ត និង បណ្ដាញ​សង្គម​ផ្សេង​ៗ​ទៀត សម្រាប់​ប្រជាពលរដ្ឋ សាធារណៈជន​ទាក់ទង​។

ប៉ុន្តែ​សារ​បើកចំហរ​ជើងមេឃ​របស់​លោក សាត គឺ​ម​សាន ដែល​ទើប​ចូល​កាន់​តំណែង​ស្នងការ​ថ្មី​នេះ ត្រូវ​បាន​មតិ​ភាគច្រើន​ដែល​ធ្លាប់​មាន​បទ​ពិសោធ​ន៍ជាមួយ​លោក​ធំ​ៗ ដែល​កាន់​តំណែង​មុន​ៗ បាន​រិះគន់​និង​ចាត់​ទុក​ថា «​វា​ជា​រឿង​ដដែល​ៗ និង​ជា​ទម្លាប់​សម្រាប់​មន្ត្រី​ធំ​ៗ​ដែល​ទើប​ចូល​កាន់​តំណែង​ថ្មី តែងតែ​ប្រកាស​បើកចំហរ​ជើងមេឃ​បែប​នេះ​ជាមួយ​ពលរដ្ឋ​។ លុះ​អង្គុយ​កៅអី​ក្ដៅ​គូទបន្តិច ស្គាល់​ច្រក ស្គាល់ផ្លូវ ភ្លេច​អស់​នូវ​ការ​សន្យា​»​។

គេ​នៅ​ចាំ​បាន​ថា កាលពី​នៅ​រាជ្ជ​កាល​ស្នងការ​ចាស់ លោក អ៊ុ​ច សុ​ខុន ក៏​ធ្លាប់​ប្រកាស​បើកចំហ​ជើងមេឃ​បែប​នេះ​ដែរ​ ជាមួយ​ពលរដ្ឋ​និង​អ្នក​សារ​ព័​ត៌មាន នា​ប៉ុន្មាន​ខែ​ក្រោយ​លោក​ចូល​កាន់​តំណែង ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ទំនាក់ទំនង​ផ្ដល់​ព័​ត៌​មាន​ឲ្យ​បាន​ទូលំទូលាយ​។ ប៉ុន្តែ​មិន​ទាន់​បាន​ប៉ុន្មាន​ដង្ហើមចង្រិត​ផង ជើងមេឃ​ហាក់​បិទរួម​ចង្អៀត​ណែន​វិញ ស្ទើរ​មើល​គ្នា​មិនឃើញ ហៅ​គ្នា​មិន​ឮ​រវាង​សមត្ថកិច្ច​និង​ប្រជាពលរដ្ឋ​។ ជា​ពិសេស​ នៅ​តាម​បណ្ដា​អធិការ​ស្រុក​មួយ​ចំនួន សមត្ថកិច្ច​ហាក់​មិន​ខ្វល់ខ្វាយ​ចំពោះ​សុខទុក្ខ​ពលរដ្ឋ​ឡើយ នៅ​ពេល​ពលរដ្ឋ​ស្នើ​សុំ​អន្តរា​គម​ន៍ពេល​មាន​បទល្មើស​កើតឡើង​ម្ដង​ៗ​។

ប៉ុន្តែ​នៅ​ក្នុង​រាជ្ជ​កាល​ថ្មី នៃ​ស្នងការ​ខេត្ត ដែល​ដឹកនាំ​ដោយ លោក សាត គឹ​ម​សាន នៅ​ពេល​នេះ គេ​មិន​ទាន់​ដឹង​ថា តើ​លោក​នឹង​ត្រូវ​ដើរ​តាម​គន្លង​ចាស់ ឬ ត្រូវ​ផ្លាស​គន្លង​ថ្មី​នោះ​ទេ ? ប៉ុន្តែ​ពលរដ្ឋ​នៅ​ក្នុង​ខេត្តបាត់ដំបង ហាក់ដូចជា​មាន​បទ​ពិសោធ​ន៍​ច្រើន​ពេក​ហើយ ជាមួយនឹង​រឿង​សន្យា​ខ្យល់​ដដែល​ៗ​បែប​នេះ​។ បើ​តាម​ប្រវត្តិ លោក សាត គឹ​ម​សាន បាន​ប្រឹងប្រែង​ឡើង​តំណែង​យ៉ាង​ខ្លាំងក្លា ពី​ប្រធាន​ការិយាល័យ​ចរាចរ​ណ៍ខេត្ត ទៅ​កាន់​តំណែង​ជា​ស្នងការ​រង ទ​ទូល​បន្ទុក​ការងារ​ចរាចរ​ណ៍ និងចុង​ក្រោយ​នេះ លោក​ទ​ទូល​បាន​តំណែង​ធំ​បំផុត គ្រប់គ្រង​ស្នងការ​ខេត្ត​ទាំងមូល​តែ​ម្ដង​។ ប៉ុន្តែ​លោកនៅ​មិន​ទាន់​ជ្រះស្រឡះ​នៅឡើយ​ទេ បើ​និយាយ​ពី​រឿងអាស្រូវ​នៅ​ក្នុង​អង្គភាព​ចរាចរ​ណ៍ ។

កន្លង​ទៅ កាល​នៅ​រាជ្ជ​កាល​ លោកស្នងការ​ចាស់ លោក សាត គឹ​ម​សាន ត្រូវ​បាន​គេ​រិះគន់​យ៉ាង​ចាស់ដៃ ដោយ​សង្ស័យ​ថា លោក​ជា​អ្នក​នៅ​ពីក្រោយ​ខ្នង នៃ​រថយន្ត​ល្មើស​ច្បាប់​ចរាចរ​ណ៍ ​។ ដូច​ជា រថយន្ត​ដឹក​ទិញ​សំ​ពី​សំពោង​គ្មាន​សណ្ដាប់ធ្នាប់ រថយន្ត​ដឹក​គ្រឿងសំណង់ រថយន្ត​ក្រុមហ៊ុន​ដឹក​ដី និងរថយន្ត​កែ​ច្នៃ​នានា ដែល​រថយន្ត​ទាំងនោះ​ភាគច្រើន​គ្មាន​ឯកសារ​បញ្ជាក់​ត្រឹម​ត្រូវ កែ​ច្នៃ​ខុស​បច្ចេកទេស អ្នកបើកបរ​គ្មាន​ប័ណ្ណ​បើកបរ​។ ប៉ុន្តែ​រថយន្ត​ទាំងនោះ នៅ​តែ​អាច​ធ្វើ​ចរាចរ​ណ៍បាន​លើ​ដងផ្លូវ​នានា ឆ្លងកាត់​យ៉ាង​រលូន​គ្រប់​គោលដៅ​របស់​មន្ត្រី​ចរាចរ​ណ៍​ទាំងអស់ ក្នុង​ខេត្តបាត់ដំបង រហូត​ដល់​សព្វ​ថ្ងៃនេះ​។

មិនតែប៉ុណ្ណោះ លោក​សាត គឹ​ម​សាន ក៏​ត្រូវ​បាន​គេ​សង្ស័យ​ដែរ​ថា ជា​ខ្នងបង្អែក នៃ​រថ​យន្ត​ខ្នាត​យក្ស​របស់​ក្រុមហ៊ុន​ដឹក​ជញ្ជូន​នានា ដែល​ដឹក​ទំនិញ​បើក​ចូលលុក​លុយ​ពាស​ពេញ​ក្រុង​បាត់ដំបង បំពាន​ស្លាក​សញ្ញា​ហាមឃាត់ ជា​ថ្នូរ​នឹង​ផល​ប្រ​យោ​ជ​ន៍ ព្រោះ​លោក​តែង​អន្តរា​គម​ន៍ជា​និច្ច​ នៅ​ពេល​មន្ត្រី​តូចតាច​ចាប់​រថយន្ត​ល្មើសច្បាប់​ទាំងនោះ​ម្ដង​ៗ​។ ប៉ុន្តែ​ការ​ចោទប្រកាន់​នេះ ត្រូវ​បាន​លោក​បដិសេធ​ជា​បន្តបន្ទាប់​ថា លោក​មិន​បានការ​ពារ ឬ នៅ​ពីក្រោយ នៃ​រថយន្ត​ល្មើសច្បាប់​ចរាចរ​ណ៍​ទាំងនេះ​ទេ​។ ផ្ទុយ​ទៅ​វិញ លោកតែង​ប្រឹងប្រែង​យ៉ាង​ខ្លាំងក្លា ក្នុង​ការ​ទប់ស្កាត់ និងតាម​ចាប់​រថយន្ត​ល្មើសច្បាប់​ទាំងនោះ ដើម្បី​ឲ្យ​គោរព​ច្បាប់​ចរាចរ​ណ៍ហើយ​ក៏​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ទ​ទួល​សំណូក​ប្រចាំខែ​ពី​បទល្មើស​ឡើយ​។

យ៉ាងនេះ​ក្ដី ពេល​នេះ លោក​សាត គឹ​ម​សាន បាន​ទ​ទួល​តំណែង​ថ្មី ជា​ស្នងការដ្ឋាន​ខេត្ត​ពេញលេញ​ហើយ​។ ដូច្នេះ​ រាល់​កិច្ចការ​អ្វី​ៗ​ទាំងអស់​នៅ​ក្នុង​ស្នងការ​ខេត្ត គឺ​លោក​ជា​អ្នក​សម្រេច​។ ប៉ុន្តែ​ជា​កិច្ច​ចាប់ផ្ដើមនៃ​រាជ​កាល​ថ្មី ក្រោម​កណ្ដាប់ដៃ​របស់​លោក​នៅ​ពេល​នេះ លោកស្នងការ​ថ្មី ក៏​ត្រូវ​ជម្រះ​ឲ្យ​អស់​នូវ​មន្ទិល​នានា ដែល​ជាប់​ពាក់ព័ន្ធ​នឹង​រឿងអាស្រូវ​ចរាចរ​ណ៍កន្លង​មក​ដែរ​។ បើ​មិន​ដូច្នេះ​ទេ ទំនង​លោក​ពិបាក​អូស​ទាញ​ទឹកចិត្ត​ពលរដ្ឋ​ឲ្យ​ជឿជាក់​លើ​ការ​ដឹកនាំ​របស់​លោក​ណាស់ រាប់​ទាំង​មន្ត្រីរាជការ​នៅ​ក្នុង​ខេត្ត​មួយ​ចំនួន​ផង​។ ព្រោះ​រឿងអាស្រូវ​ខ្លះ​ៗ​របស់​លោក​បាន​ជ្រូ​ត​ជ្រាប​យ៉ាង​ស៊ីជម្រៅ​ដល់​មហាជន​។

នៅ​ក្នុង​ផេ​ក​របស់​ស្នងការ​ខេត្ត ដែល​ទើប​ប្រកាស​បើកចំហរ​ជើងមេឃ សម្រាប់​រាជ្ជ​កាល​ថ្មី​នេះ លោកស្នងការ​បាន​ប្រកាស​ឲ្យ​ប្រជាពលរដ្ឋសាធារណៈជន​ទូទៅ ចូលរួម​សហ​ការ​ជាមួយ​សមត្ថកិច្ច​នគរបាល ដោយ​បាន​ភ្ជាប់​ជាមួយ​នូវ​លេខ​ទូរស័ព្ទ​ចំនួន​០២​ខ្សែ អម​នៅ​ក្បែរ​រូបថត​លោក​សាត គឹ​ម​សាន ផង​។ លេខ​ទូរស័ព្ទ​ទាំង​០២​ខ្សែ​នោះ គឺ​លេខ ០១២ ៦៥៤ ៤៤៩ ជា​លេខ​ស្នងការ​ផ្ទាល់ និង លេខ ០១២ ៥៣០ ២៣០ ជា​លេខ​ក្រុម​ព័​ត៏​មាន​និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការ​ខេត្ត​។

នៅ​ក្នុង​ផ្ទាំង​រូបភាព​នេះ បាន​បញ្ជាក់​ផង​ដែរ​នូវ​ខ្លឹមសារ​ថា «​គ្រប់​ការិយាល័យ​ជំនាញ អធិការ​ស្រុក​ប៉ុ​ស្ដិ៍​រដ្ឋបាល ត្រូវ​តែ​មាន​មន្ត្រី​ប្រចាំការ​២៤​ម៉​/២៤​ម៉ ដើម្បី​ដោះស្រាយ​បញ្ហា​ផ្សេង​ៗ និង​ទ​ទូល​ពាក្យបណ្ដឹង​ពី​ប្រជាពលរដ្ឋ​»​។ នេះ​ជា​ផែនការ​ថ្មី​របស់​លោកស្នងការ​ថ្មី ហើយ​សង្ឃឹមថា ផែនការ​ថ្មី​នេះ នឹង​មាន​ប្រសិទ្ធភាព មិនមែន​ដូច​ផែនស្ករ​ឡើយ​។ ដូច្នេះ​ សូម​ប្រជាពលរដ្ឋ​ត្រូវ​តែ​ផ្ដល់​ទំនុក​ចិត្តជា​ថ្មី ដល់​ផែនការ​លោកស្នងការ​ថ្មី បើ​មាន​បញ្ហា​អ្វី​ត្រូវ​ទូរស័ព្ទ​ទៅ​កាន់​លោកស្នងការ​ភ្លាម ​៕

អត្ថបទសរសេរ ដោយ