ខេត្តត្បូងឃ្មុំ ៖ រថយន្តរបស់អ្នកសារព័ត៌មានមួយគ្រឿង ម៉ាកកាមរី ត្រូវបានមនុស្សមួយក្រុម មានគ្នាជិត១០នាក់ ប្រដាប់ដោយព្រនង់ ពូថៅ នាំគ្នាមកវាយកំទេច បណ្ដាលឲ្យរងការខូចខាតជាដំណំ និងរងរបួស ក្នុងចេតនាធ្វើឃាត ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១២យប់រំលងអធ្រាត្រឈានចូលព្រឹកថ្ងៃទី២៨ កញ្ញា ២០២០ នៅផ្លូវច្រកចូលទៅបឹងជ្រោង ត្រង់ចំណុចភូមិដូងទី២ ឃុំត្រមូងស្រុកមេមត់ ។
តាមប្រភពអ្នករងគ្រោះជាក្រុមសារព័ត៌មាន បានឲ្យដឹងថា ក្រុមជនបង្ក ត្រូវបានគេសង្ស័យជាឈ្មួញរកស៊ីឈើដុះស្លែ បាននាំគ្នាឡើងជិះរថយន្តបើករត់គេចបាត់ស្រមោល ហើយសមត្ថកិច្ចកំពុងតែស្រាវជ្រាវតាមរកផងដែរ ។
អ្នករងគ្រោះ បានបន្តថា នៅពេលមុនកើតហេតុ ពីរទៅបីថ្ងៃមុន មានរថយន្តសាំយ៉ុងមួយគ្រឿង ធ្វើដំណើរចេញពីស្រុកស្នួល ខេត្តក្រចេះ កាត់តាមផ្លូវជាតិលេខ៧ ឆ្ពោះចូលមកស្រុកមេមត់ ចៃដន្យរថយន្តនោះបែកកង់ ហើយក៏បានចូលចត នៅចំណតរថយន្តស្រុកមេមត់ ។ ហើយត្រូវបានក្រុមអ្នកសារព័ត៌មាន ជាជនរងគ្រោះ បានឃើញក៏រាយការណ៍ ឲ្យកម្លាំងអាវុធហត្ថស្រុកមេមត់ ចេញប្រតិបត្តិការ មកបង្ក្រាបនិងបានរឹបអូស យកទៅដាក់នៅសង្កាត់រដ្ឋបាលព្រៃឈើមេមត់ ។
ក្រុមអ្នកសារព័ត៌មានដែលរងគ្រោះ បានបន្តទៀតថា ក្នុងពេលដែលកម្លាំងអាវុធហត្ថ បានបង្ក្រាបឈើសសរគ្រឿងផ្ទះ មួយរថយន្តនោះ ក្រុមឈ្មួញបានប្រលយពាក្យថា មិនអីនោះទេ យ៉ាងយូររថយន្តអ្នកព័ត៌មាន ដែលរាយការណ៍នេះ ក៏នឹងត្រូវជួបបញ្ហា… ។បន្ទាប់មក រំលងបាន ពីរទៅបីថ្ងៃ ក្រុមអ្នករងគ្រោះបានបើករថយន្តមកឈប់នៅត្រង់ចំណុចកើតហេតុ ផ្លូវចូលទៅច្រកបឹងជ្រោង ដើម្បីតាមឃ្លាំមើលបទល្មើសព្រៃឈើ ក្នុងវេលាយប់កណ្ដាលអាធ្រាត ថ្ងៃទី២៧ កញ្ញា ឈានចូលព្រឹកថ្ងៃទី២៨ កញ្ញា តែមានរថយន្តសាំយ៉ុងមួយគ្រឿង បើកតម្រង់មករករថយន្តអ្នកសារព័ត៌មានចំនួន២គ្រឿង ដែលមានគ្នាចំនួន៤នាក់ ក្នុងពេលនោះក្រុមជនដៃដល់ នៅលើរថយន្តសាំយ៉ុង បានចុះមកដោយមិនបាននិយាយអ្វីនោះទេ គឺបានយកពូថៅ និងទ្រនង់ មកវាយកំទេចលើរថយន្តម៉ាកកាមរីរបស់អ្នកសារព័ត៌មាន បណ្ដាលឲ្យរងការខូចខាតជាដំណំ ចំនួន២គ្រឿង និងបានបង្ករបួសថែមទៀត ដែលករណីនេះ ជាចេតនាប៉ងធ្វើឃាតមួយ ដែលគេសង្ស័យថា អាចជាក្រុមឈ្មួញ ដែលត្រូវបង្ក្រាបឈើថ្មីៗនេះ ព្រោះខឹងរាយការណ៍ទៅអាវុធហត្ថឲ្យចាប់ឈើរបស់គេ ។
យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ហុង គឹមហឿន អធិការនគរបាលស្រុកមេមត់ ឲ្យដឹងថា ហេតុការណ៍ដែលបានកើតឡើងនោះ នៅចំណុចកន្លង់ស៊ុត ក្នុងភូមិដូងទី២ ឃុំត្រមូង មានករណីវាយបំផ្លិចបំផ្លាញរថយន្ត ដែលបានបង្កឡើងដោយជនសង្ស័យមួយក្រុម មិនស្គាល់អត្តសញ្ញាណ ជិះរថយន្តម៉ាកសាំយ៉ុងមួយគ្រឿង ពណ៌ខៀវ បានធ្វើសកម្មភាព បើកមកឈប់នៅក្បែរនឹងចុះពីលើរថយន្ត ប្រដាប់ដោយព្រនង់ ដុំឈើ ពូថៅ នាំគ្នាវាយលើរថយន្តអ្នករងគ្រោះ ឈ្មោះ ម៉ុខ សារ៉ែន ភេទប្រុស អាយុ៤០ឆ្នាំ ជាអ្នកសារព័ត៌មានចក្រភពព័ត៌មាន មានតួនាទីជានិពន្ធនាយករង ប្រចាំការនៅខេត្តក្រចេះ សព្វថ្ងៃរស់នៅភូមិសម្បទានសាកុដ ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ បណ្ដាលរងការខូចខាត បែកកញ្ចក់រថយន្តខាងមុខ ផ្នែកខាងក្រោយខាងឆ្វេង និងខាងស្ដាំទាំងអស់ ។ ក្រោយបង្ករួច ក្រុមមិនស្គាល់អត្តសញ្ញាណនោះ បាននាំគ្នាប្រញាប់ប្រញាល់ ឡើងជិះរថយន្តគេចខ្លួនបាត់អស់ ។
គិតរហូតមកដល់រសៀលថ្ងៃទី២៨ កញ្ញានេះ ក្រុមជនដៃដល់ ដែលគេសង្ស័យជាឈ្មួញរកស៊ីឈើ មិនទាន់ត្រូវបានវែកមុខនៅឡើយទេ ។ ជាមួយនោះ ក្រុមអ្នកសារព័ត៌មានទាំង៤នាក់ បានដាក់ពាក្យបណ្ដឹង និងសំណូមពរឲ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវតាមវែកមុខក្រុមជនដៃដល់ទាំងនោះ ដើម្បីចាត់ការតាមច្បាប់ផងដែរ ៕
ចែករំលែកព័តមាននេះ