ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យក​ទារក​៣​ខែ​ទៅ​ពេទ្យ​ឯកជន​មួយ​ភ្លែត​បាត់បង់​ជីវិត ប្តឹង​ពេទ្យ​ថា មិន​ទទួល​ខុសត្រូវ

3 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ គ្រូពេទ្យ​ម្នាក់​ជា​ម្ចាស់​បន្ទប់​ព្យាបាល​ជំងឺ​ឯកជន​មួយ​កន្លែង ត្រូវ​បាន​នគរបាល​ស្រុក​សំបូរ ធ្វើការ​ឃាត់ខ្លួន បន្ទាប់​ពី​ឪពុក​ទារក​រង​គ្រោះ​ចោទប្រកាន់​ពី​ការ​មិន​ទទួលខុសត្រូវ​លើ​ការ​ព្យាបាល​ជំងឺ​ទារក​ជា​កូន​អាយុ​៣​ខែ បណ្តាល​ឲ្យ​បាត់បង់​ជីវិត​។ អធិការ​នគរបាល​ស្រុក​សំបូរ លោក​វរសេនីយ៍ឯក ប៊ុ​ន…

ខេត្តក្រចេះ ៖ គ្រូពេទ្យ​ម្នាក់​ជា​ម្ចាស់​បន្ទប់​ព្យាបាល​ជំងឺ​ឯកជន​មួយ​កន្លែង ត្រូវ​បាន​នគរបាល​ស្រុក​សំបូរ ធ្វើការ​ឃាត់ខ្លួន បន្ទាប់​ពី​ឪពុក​ទារក​រង​គ្រោះ​ចោទប្រកាន់​ពី​ការ​មិន​ទទួលខុសត្រូវ​លើ​ការ​ព្យាបាល​ជំងឺ​ទារក​ជា​កូន​អាយុ​៣​ខែ បណ្តាល​ឲ្យ​បាត់បង់​ជីវិត​។

អធិការ​នគរបាល​ស្រុក​សំបូរ លោក​វរសេនីយ៍ឯក ប៊ុ​ន ឈឿ​ន បាន​ឲ្យ​ដឹង​ថា ៖ កាលពី​រសៀល​ថ្ងៃ​ទី​២៧ ខែកញ្ញា តាម​បញ្ជា​លោក កែវ សុ​ជាតិ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តក្រចេះ បាន​បញ្ជា​ឱ្យ​នគរបាល​ធ្វើការ​ឃាត់ខ្លួន​លោកគ្រូ​ពេទ្យ​ម្នាក់​ឈ្មោះ​ផាត់ ពិទូរ្យ យក​មក​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សំបូរ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ក្រោយ​ពី​លោក​វេជ្ជបណ្ឌិត​រូប​នេះ មិន​មានការ​ទទួលខុសត្រូវ​លើ​ការ​ព្យាបាល​ជំងឺ បណ្តាល​ឲ្យ​ជន​រង​គ្រោះជា​ទារក​អាយុ​៣​ខែ​ម្នាក់​បាន​បាត់បង់​ជីវិត កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ ខែកញ្ញា នៅ​បន្ទប់​ពិគ្រោះ ពិនិត្យ និង​ព្យាបាល​ជំងឺ​ទូទៅ​មួយ​កន្លែង នៅ​ទីប្រជុំជន​ស្រុក​សំបូរ ខេត្តក្រចេះ ។

លោក​អធិការ​បាន​បន្ត​ថា ៖ នៅ​ព្រឹក​ថ្ងៃ​កើតហេតុ ផ្នែក​នគរបាល​យុត្តិធម៌​ស្រុក​សំបូរ បាន​ទទួល​បណ្ដឹង​ពី​ឈ្មោះ ហ៊​ន បុ​ណ្ណា​រិ​ទ្ធ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជា​ឪពុក​ទារក​រង​គ្រោះ មាន​ទីលំនៅ​ភូមិ​ទន្សោង​ធ្លាក់ ឃុំ​កំពង់ចាម ស្រុក​សំបូរ ខេត្តក្រចេះ ដោយ​បញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃ​កើតហេតុ ឈ្មោះ ហ៊​ន បុ​ណ្ណា​រិ​ទ្ធ និង​ប្រពន្ធ​ខ្លួន​បាន​យក​កូន​ឈ្មោះ រ៉​ង ពិ​សិទ្ធ ភេទ​ប្រុស អាយុ​៣​ខែ មក​ព្យាបាល​នៅ​បន្ទប់​ពិគ្រោះ ពិនិត្យ និង​ព្យាបាល​ជំងឺ​ទូទៅ​របស់​វេជ្ជបណ្ឌិត ឈ្មោះ ផាត់ ពិទូរ្យ ។

ក្រោយ​ពេល​យក​កូន​មក​ដល់​ភ្លាម គ្រូពេទ្យ​ក៏​បាន​ពិនិត្យ​ឃើញ​ថា កូន​របស់​គាត់​មាន​អាការ​:​ស្លេះ​រុំ​ទងសួត ហើយ​លោកគ្រូ​ពេទ្យ​បាន​យក​កូន​របស់​គាត់​ទៅ​ដាក់​ម៉ាស៊ីន​ឆ្ពុង ដើម្បី​ឱ្យ​ស្រួល​ដក​ដង្ហើម តែ​ពេល​នោះ​ឪពុក​ឈរ​មើលឃើញ​កូន​បញ្ឈរភ្នែក ក៏​ប្រាប់​ទៅ​គ្រូពេទ្យ​ឱ្យ​ឈប់​ឆ្ពុង​ទៅ ព្រោះ​កូន​គាត់​បញ្ឈរភ្នែក​ហើយ ពេល​នោះ​គ្រូពេទ្យ​ឆ្លើយ​ថា មិន​អី​ទេ ប៉ុន្តែ​នៅ​ពេល​គ្រូពេទ្យ​កំពុង​តែ​ប្រើ​ម៉ាស៊ីន​ឆ្ពុង កូន​របស់​គាត់​បាន​ដាច់ខ្យល់​បាត់បង់​ជីវិត​តែ​ម្ដង​ទៅ​។

ក្នុង​បណ្តឹង​នោះ​បន្ត​ថា ពេល​កូន​របស់​គាត់​បាត់​បង់ជីវិត លោកគ្រូ​ពេទ្យ​អត់​ទទួលខុសត្រូវ​ទេ ហើយ​ថែម​ទាំង​និយាយ​ថា បើ​ចង់ទៅ​ប្ដឹង​ពី​ណា​ទៅ​ប្ដឹង​ទៅ គាត់​ហ៊ាន​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់ ។ ក្រោយ​ពី​គ្រូពេទ្យ​និយាយ​រួច​ហើយ គាត់​ក៏​បី​សព​កូន​នោះ​មក​ដាក់​ពាក្យបណ្ដឹង​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សំបូរ ដើម្បី​ឱ្យ​សុំ​សមត្ថកិច្ច​ជួយ​រក​យុត្តិធម៌​ដល់​កូន​របស់​គាត់ ទៅ​តាម​ផ្លូវច្បាប់​ផង ។

គួរ​បញ្ជាក់​ថា បច្ចុប្បន្ន​លោក​វេជ្ជបណ្ឌិត ផាត់ ពិទូរ្យ ត្រូវ​កម្លាំង​ជំនាញ​ឃាត់ខ្លួន​ទៅ​តាម​បញ្ជា​របស់​ព្រះរាជអាជ្ញា និង​ធ្វើ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សំបូរ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចាត់ការ​បន្ត​តាម​នីតិវិធី​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ