ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពីមុន​ឈ្មោះ​ «សំរោង​ទង» បច្ចុប្បន្ន​​ហៅ​​​«ខេត្តកំពង់ស្ពឺ» ដឹង​អត់ថា ហេតុ​អ្វី​ទៅ?

3 ឆ្នាំ មុន
  • កំពង់ស្ពឺ

កាលពីដើម​ឡើយ​ខេត្តកំពង់ស្ពឺ មានឈ្មោះ​ថា «​សំរោង​ទង​» ប៉ុន្តែ​ក្រោយមក​បាន​ប្តូរ​ជា​ឈ្មោះ «​កំពង់ស្ពឺ​» ជាប់​រហូត​ដល់​សព្វថ្ងៃ ។ តើ​មាន​ប្រវត្តិ​យ៉ាងណា​បានជា​គេ​ដាក់​ឈ្មោះ​ថា «​ខេត្តកំពង់ស្ពឺ​» ?តាម​ការ​សិក្សា​ស្រាវជ្រាវ​ពី​ព្រឹទ្ធាចារ្យ​ជំនាន់​មុន​ដែល​សុទ្ធ​សឹង​ជា​អ្នក​ធ្លាប់​បម្រើ​ការ​ជាមួយ​បារាំង…

កាលពីដើម​ឡើយ​ខេត្តកំពង់ស្ពឺ មានឈ្មោះ​ថា «​សំរោង​ទង​» ប៉ុន្តែ​ក្រោយមក​បាន​ប្តូរ​ជា​ឈ្មោះ «​កំពង់ស្ពឺ​» ជាប់​រហូត​ដល់​សព្វថ្ងៃ ។

តើ​មាន​ប្រវត្តិ​យ៉ាងណា​បានជា​គេ​ដាក់​ឈ្មោះ​ថា «​ខេត្តកំពង់ស្ពឺ​» ?
តាម​ការ​សិក្សា​ស្រាវជ្រាវ​ពី​ព្រឹទ្ធាចារ្យ​ជំនាន់​មុន​ដែល​សុទ្ធ​សឹង​ជា​អ្នក​ធ្លាប់​បម្រើ​ការ​ជាមួយ​បារាំង រួម​មាន​លោកតា​សុខ ប៉ាត់ អាយុ​៩០​ឆ្នាំ លោកយាយ​នូ យ៉ង អាយុ​៩៧​ឆ្នាំ ព្រមទាំង​លោកតា លោកយាយ​មួយ​ចំនួន​ទៀត​រស់នៅ​ភូមិ​ត្រពាំង​លើក សង្កាត់​រកា​ធំ ក្រុង​ច្បារមន​ឱ្យ​ដឹង​ថា មុន​សម័យ​បារាំង​ដាក់​នឹម​អាណានិគម​ត្រួតត្រា​ប្រទេស​កម្ពុជា ខេត្តកំពង់ស្ពឺ​មានឈ្មោះ​ថា «​ខេត្ត​សំរោង​ទង​» ស្ថិត​នៅ​ចំ​ភូមិ​សំរោង​ទង​សព្វថ្ងៃ និង​មាន​ព្រំប្រទល់​ខាងកើត​ត្រឹម​ថ្នល់បំបែក​ចោម​ចៅ ខាងលិច​ត្រឹម​ស្ទឹង​ស្រែ​ខ្លុង ខាងត្បូង​ត្រឹម​ស្ទឹង​ស្លា​គូ​នៃ​ស្រុក​ត្រាំកក់ ខេត្តតាកែវ និង​ខាងជើង​ត្រឹម​ស្ទឹង​ក្រាំង​ពន្លៃ ។

ក្រោយមក​ពួក​បារាំង​យល់​ឃើញ​ថា ទីតាំង​ខេត្ត​សំរោង​ទង​តូច​ចង្អៀត ដី​ទំនាប​ទឹក​លិច​នៅ​រដូវ​វស្សា រីឯ​រដូវប្រាំង​ខ្វះ​ទឹក​ប្រើប្រាស់ ក៏​ផ្លាស់​ទីតាំង​ខេត្ត​ទៅ​តាំងនៅ​ត្រង់​បន្ទាយ​ភូមិភាគ​៣​សព្វថ្ងៃ ។ បារាំង​បាន​កសាង​ផ្លូវ​ក្រាល​កៅស៊ូ​មួយ​ខ្សែ​ពី​សាលាខេត្ត​សំរោង​ទង​ទៅ​ត្បូង​ឆ្ពោះទៅ​ផ្សារ​ចាស់​សព្វថ្ងៃ និង​ធ្វើ​ស្ពាន​អំពី​ឈើ​សម្រាប់​ឱ្យ​ប្រជាជន​ឆ្លងកាត់​ស្ទឹង​ឆ្ពោះទៅ​ផ្សារ​ចាស់ ។ ចំណេរ​តម​ក បារាំង​បាន​រើស​ទីតាំង​មួយទៀត​ធ្វើ​ជា​សាលាខេត្ត​គឺ​ត្រង់​ម្តុំ​ស្នាក់​ការ​គណបក្ស​ប្រជាជន​កម្ពុជា​សព្វថ្ងៃ និង​ក្រោយ​ពី​សាងសង់​រួច​ហើយ​ក៏​ដាក់​ឈ្មោះ​ថ្មី​ឱ្យ​ខេត្តកំពង់ស្ពឺ ។

តាម​ការ​សន្និដ្ឋាន​របស់​ព្រឹទ្ធាចារ្យ​មួយ​ចំនួន​ថា សម័យ​នោះ​មូលហេតុ​បានជា​បារាំង​ដាក់​ឈ្មោះ​ខេត្ត​ថ្មី​ថា «​ខេត្តកំពង់ស្ពឺ​» ពីព្រោះ​នៅ​ម្តុំ​ក្បាលស្ពាន​ដែល​បារាំង​កសាង​គឺ​សម្បូរ​ទៅ​ដោយ​ព្រៃ​ដើម​ស្ពឺ ។

មុន​ពេល​បារាំង​កសាង​ស្ពាន ទីនោះ​គឺជា​កំពង់ចម្លង​ដែល​មាន​ដុះ​ដើម​ស្ពឺ​ច្រើន ។ នៅ​ត្រង់​សាលាខេត្ត​ថ្មី​ដែល​បារាំង​បាន​កសាង គឺ​មាន​វត្ត​មួយ​ឈ្មោះ​ថា «​វត្ត​អន្លង់​ចាំ​ហែ​» ។ នៅ​ពេល​បារាំង​កសាង​សាលាខេត្ត ក៏​បញ្ជា​ឱ្យ​វត្ត​អន្លង់​ចាំ​ហែ​រុះរើ​ទៅ​សាងសង់​ថ្មី​នៅ​ត្រង់​វត្ត​ម្រុំ​សព្វថ្ងៃ ហើយ​ប្រជាជន​ដាក់​ឈ្មោះ​វត្ត​ថ្មី​ថា «​វត្ត​ម្រុំ​» វិញ​រហូត​មក​ដល់​សព្វថ្ងៃ ។ សព្វថ្ងៃ​វត្ត​ម្រុំ​មាន​ពីរ​គឺ វត្ត​ម្រុំ​ជើង និង​វត្ត​ម្រុំ​ត្បូង ។

ពេល​នោះ​បារាំង​ចាប់ផ្តើម​កំណត់​ព្រំប្រទល់​របស់​ខេត្តកំពង់ស្ពឺ​ម្តងទៀត គឺ​ខាងកើត​ត្រឹម​ថ្នល់​ទទឹង ខាងលិច​ត្រឹម​ស្ពាន​អូរ​គគីរ ខាងជើង​ត្រឹម​ស្ទឹង​ក្រាំង​ពន្លៃ ខាងត្បូង​ត្រឹម​ផ្លូវជាតិ​លេខ​៣​ត្រឹម​ស្ទឹង​ស្លា​គូ ជាប់​ស្រុក​ត្រាំកក់ ខេត្តតាកែវ ។

លក្ខណៈ ពិសេស​ៗ​មួយ​ចំនួន​របស់​ខេត្តកំពង់ស្ពឺ​រួម​មាន រូបសំណាក​យាយ​ម៉ៅ​ពេជ្រនិល រូប​សំណាក​តា​រែក​ទឹកត្នោត រូបសំណាក​យាយ​តី (​កោ​ដូនតី​) តេ​ទឹក​ពុះ កំពង់ចម្លង​កំពង់ស្ពឺ មាន​ដុះ​ដើម​ស្ពឺ ភ្នំ​ឱ​រ៉ា​ល់ (​ដែល​ខ្ពស់​ជាងគេ​នៅ​កំពង់ស្ពឺ​) ភ្នំ​គិរី​រម្យ (​ប្រភព​វា​រី​អគ្គិសនី​មាន​ចម្ការ​ស្រល់ និង​ជា​កន្លែង​ទេសចរណ៍​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ខេត្ត​) ទីតាំង​វាំង​ចាស់ (​ស្ថានីយ​ប្រវត្តិសាស្ត្រ​ស្រុក​ឧដុង្គ​) របាំ​ជនជាតិ​សួយ (​ជនជាតិភាគតិច​សួយ​មាន​តែ​មួយ​ក្នុង​ខេត្តកំពង់ស្ពឺ និង​មានការ​ស្រាវ​ជ្រាវ​បង្កើត​បាន​របាំ​ចំនួន​៧​ជា​អត្តសញ្ញាណ​របស់​ខេត្ត​) និង​ដើម​ត្នោត​និមិត្តរូប​ជាតិ​ដុះ​ច្រើន​ជាងគេ​នៅ​ខេត្តកំពង់ស្ពឺ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ