ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំងឺគ្រុនឈីកកើតលើស្ត្រីជាង៥៥ ភាគរយនៃអ្នកជំងឺពេញវ័យ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ចាត់ទុកជាដំណឹងមួយដែលបងប្អូនគួរបង្កើនការប្រុងប្រយ័ត្នការពារខ្លួនពីការកើតជំងឺគ្រុនឈីក ព្រោះតាមរយៈការរកឃើញរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា ក្នុងចំណោមអ្នកជំងឺពេញវ័យ គឺមានតួលេខស្ត្រីកើតជំងឺគ្រុនឈីកមានដល់ជាង ៥៥% ។ ក្រសួងសុខាភិបាល បានឱ្យដឹងពីស្ថានភាពនៃជំងឺគ្រុនឈីក…

រាជធានីភ្នំពេញ ៖ ចាត់ទុកជាដំណឹងមួយដែលបងប្អូនគួរបង្កើនការប្រុងប្រយ័ត្នការពារខ្លួនពីការកើតជំងឺគ្រុនឈីក ព្រោះតាមរយៈការរកឃើញរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា ក្នុងចំណោមអ្នកជំងឺពេញវ័យ គឺមានតួលេខស្ត្រីកើតជំងឺគ្រុនឈីកមានដល់ជាង ៥៥% ។

ក្រសួងសុខាភិបាល បានឱ្យដឹងពីស្ថានភាពនៃជំងឺគ្រុនឈីក ដែលគិតត្រឹម ថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០២០ ថាយោងតាមប្រព័ន្ធអង្កេតតាមដានជំងឺគ្រុនឈាមថ្នាក់ជាតិបានបញ្ញាក់ថា ជំងឺគ្រុនឈីក មានករណីសង្ស័យជំងឺគ្រុនឈីក សរុបចំនួន ៥៩៩៨នាក់។

ក្រសួងបានបន្តថា ករណីសង្ស័យជំងឺគ្រុនឈីកទាំងនោះ ត្រូវបានរាយការណ៍តាមរយៈប្រព័ន្ធឃ្លាំមើលជំងឺគ្រុនឈាមពីបណ្តារាជធានី ខេត្តចំនួន ២១ខេត្ត ដែលក្នុងនោះជាង ៨០ភាគរយ (ខ្សែបន្ទាត់ក្រហមនៃរូបក្រាហ្វិកខាងក្រោម) នៃករណីឈឺទាំងនេះ មកពីខេត្តសៀមរាប ខេត្តតាកែវ និងព្រះវិហារ។

ការចម្លងជំងឺគ្រុនឈីកនេះ មានសមាមាត្រខុសគ្នា តាមក្រុមអាយុ ហើយបើយោងតាមរបាយការណ៍តាមប្រព័ន្ធនេះដែរ ក៏បានបញ្ជាក់ថា ៥៤ ភាគរយ (ស្មើនឹង ៣២៥៤ នាក់) នៃករណីទាំងនោះ ជាមនុស្សពេញវ័យ ៣១ ភាគរយ (១៨៧០នាក់) ជាកុមារអាយុ ៥ឆ្នាំឡើង និង ១៥ភាគរយ (៨៧៤នាក់) ជាកុមារអាយុក្រោម៥ឆ្នាំ។

ប្រភពដដែលបានបញ្ជាក់ថា អ្វីដែលគួរឲ្យសំគាល់ផងដែរថា ក្នុងចំណោមមនុស្សធំ អ្នកជំងឺជាស្ត្រីមានចំនួន ៥៥ភាគរយ (៣២៩៤នាក់) និងអ្នកជំងឺជាបុរសមានចំនួន ៤៥ ភាគរយ (២៧០៤នាក់)។ អ្នកជំងឺប្រមាណជា ៩៦ភាគរយ ក្នុងចំណោមអ្នកជំងឺសរុបទាំងអស់ បានជាសះស្បើយហើយ នៅសល់ប្រមាណជា ៤ភាគរយ (២៤០នាក់) ទៀតប៉ុណ្ណោះ ដែលកំពុងបន្តការព្យាបាលនៅមន្ទីរពេទ្យរដ្ឋ។

សូមគោរពជម្រាបជូនសារធារណជន និងអាផ្ញាធរគ្រប់លំដាប់ថ្នាក់ នៅទូទាំងប្រទេស អំពីស្ថានភាពជំងឺគ្រុនឈីក (ឈីកគន់ហ្គន់យ៉ា) និងវិធានការការពារជំងឺនេះ ដែលមានដូចខាងក្រោម ៖

១- រោគសញ្ញា៖ វាកើតមានឡើងក្នុងរង្វង់ ២ទៅ៣ ថ្ងៃ ក្រោយពីមូសខ្លាញីខាំបុគ្គលណាមួយ ដោយមានអាការៈ ក្តៅខ្លួនលើសពី ៣៨អង្សារសេ ឈឺក្បាល ឈឺខ្លួនប្រាណ សន្លាក់ដៃជើង និងមានចេញកន្ទួលក្រហមនៅលើដងខ្លូន ជាពិសេសនៅតាមចំហៀងខ្លួន។ អាការៈបែបនេះ អាចនឹងមានការស្រដៀងគ្នាទៅនឹងរោគសញ្ញាគ្រុនឈាមដែរ ហើយប្រសិនបើមានរោគសញ្ញាបែបនេះ ត្រូវប្រញាប់ទៅព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋ ហើយជៀសវាងការប្រើប្រាស់ថ្នាំដោយខ្លួនឯង ដែលអាចបណ្តាលឱ្យជំងឺមានស្ថានភាពកាន់តែធ្ងន់ធ្ងរជាងនេះ។

២- វិធានការការពារជំងឺគ្រុនឈីក ៖ ដើម្បីការពារជំងឺនេះ ប្រជាជនទាំងអស់ត្រូវចូលរួមកម្ចាត់ដង្កូវទឹកនៅតាមទីកន្លែងដែលមានទឹកដក់ ដែលទុកចោលមិនប្រើប្រាស់ ដូចជាសំបក កង់ឡាន ម៉ូតូ សំបកដប កំប៉ុង ត្រឡោកដូង ចានបាយសម្លជ័រ កំប៉ុងកាហ្វេជ័រ ត្រូវកប់ ឬដុតកំទេចចោល ឬទុកដាក់ឱ្យមានរបៀប ដើម្បីកុំឱ្យមានទឹកដក់។
ត្រូវប្រកាន់ខ្ជាប់នូវទំលាប់រស់នៅស្អាត ធ្វើអនាម័យផ្ទះសម្បែង ផ្ទះមានពន្លឺចេញចូល ទុកដាក់របស់របរ សំលៀកបំពាក់ក្នុងក្រៅផ្ទះឱ្យមានសណ្តាប់ធ្នាប់ លុបបំបាត់ព្រៃស៊ុបទ្រុបជុំវិញផ្ទះ ដើម្បីកាត់បន្ថយជម្រកសត្វមូសមកតោងជ្រកទុំជិតខ្លួនយើង ហើយដែលអាចងាយនឹងខាំយើង។ អំឡុងពេលថ្ងៃ គឺចាំបាច់ត្រូវស្លៀកពាក់ មានដៃវែងជើងវែង សម្រាន្តក្នុងមុងជាប្រចាំ ទាំងថ្ងៃទាំងយប់ និងមិនត្រូវអង្គុយលេងនៅជិតទីកន្លែងងងឹតៗនោះទេ និងអាចប្រើថ្នាំលាបការពារមូសខាំ បានដែរ៕

អត្ថបទសរសេរ ដោយ