កម្រ​មាន​! ចោរលួច​ម៉ូតូ​២​នាក់​ជាជនបរទេស​


ខេត្ត​ព្រះ​សីហ​នុ ៖ កម្រ​នឹង​មាន​ណាស់​ ករណី​ជនជាតិ​រុ​ស្សី​ម្នាក់ និង​ម្នាក់ទៀត​ជា​ជនជាតិ​តួ​ប៊េ​គី​ស្ថាន បាន​ជាប់​សង្ស័យ​ជា​ចោរលួច​ម៉ូតូ​មួយគ្រឿង​ ត្រូវ​បាន​សមត្ថ​កិច្ច​នគរបាល​ព្រហ្ម ទណ្ឌ​ខេត្ត​ព្រះ​សីហ​នុ បើក​ការ​ស្រាវជ្រាវ នឹង​ឈាន​ដល់​ការ​ឃាត់ខ្លួន​ពាក់​ព័ន្ធ​ពី​បទ​លួច​​ម៉ូតូ​ ។

បើ​តាម​សមត្ថ​កិច្ច​​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០២០ កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ បាន​ទទួល​បណ្ដឹង​រាយការណ៍​ពី​ឈ្មោះ សំ រ​ដ្ឋា ភេទ​ស្រី អាយុ​៣​៨​ឆ្នាំ ជា​ជនជាតិ​ខ្មែរ មុខរបរ​បុគ្គលិក​ដេប៉ូ​គិត​ប៊ុ​ន ស្នាក់​នៅផ្ទះ​ជួល​ភូមិ​៥ សង្កាត់​៤ ក្រុង​ព្រះសីហនុ ​ខេត្ដ​ព្រះ​សីហ​នុ ជុំវិញ​ហេតុការណ៍​មួយ​បាន​កើតឡើង កាល ពី​វេលា​ម៉ោង​ប្រហែល​២​រំលង​អា​ធ្រា​ត្រ គាត់​បាន​បាត់​ម៉ូតូ​២​គ្រឿង ម៉ាក​អ៊ែ​រ​ប្លែ​ត ត្រូវ​ចោរ​ចូល​លួច​ក្នុង​របង​ផ្ទះ ។

ក្រោយ​ពី​ទទួល​បាន​បណ្ដឹង​ លោក​ឧត្តម សេនីយ៍​ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត បាន​ដាក់​បទបញ្ជា​ដល់​កម្លាំង​ជំនាញ​ការិយាល័យ​ព្រហ្ម ឲ្យ​ចុះ​ទៅ​ស្រាវជ្រាវ​ជា​បន្ទាន់ រហូត​ដល់​ម៉ោង​២ រសៀល​ថ្ងៃ​ដដែល​នោះ ទើប​សមត្ត​កិច្ច​ធើ្វ​ការ​បង្ក្រាប និង​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​២​នាក់ ដែល​មាន​ម្នាក់​ឈ្មោះ Izmeuskii Ilia ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជនជាតិ​រុ​ស្សី គ្មាន​លិខិតឆ្លងដែន​ជាប់​ខ្លួន ស្នាក់​នៅផ្ទះ​ជួល​ភូមិ​៥ សង្កាត់​៤ ក្រុង -​ខេត្ដ​ព្រះ​សីហ​នុ​(​ចារី​)​ធ្វើតេស្ត​ទឹកនោម​មាន​សារធាតុ​ញៀន និង​ម្នាក់​ឈ្មោះ Mamebov Ruslan ភេទ​ប្រុស អាយុ​៤២ ឆ្នាំ ជនជាតិ​តួ​ប៊េ​គី​ស្ថាន គ្មាន​លិខិតឆ្លងដែន​ជាប់​ខ្លួន ស្នាក់​នៅផ្ទះ​ជួល​បុរី​BS ភូមិ​៥ សង្កាត់​៤ ក្រុង​-​ខេត្ដ​ព្រះ​សីហ​នុ (​សមគំនិត​) ធ្វើតេស្ត​ទឹកនោម​មាន​សារធាតុ​ញៀន ។

នៅ​ចំពោះ​សមត្ថ​កិច្ច​ ជនសង្ស័យ​ឈ្មោះ Izmeuskii Ilia បាន​ឆ្លើយ​សារភាព​ថា ខ្លួន​បាន​មក​រស់នៅ​ខេត្ដ​ព្រះ​សីហ​នុ តាំងពី​ឆ្នាំ​២០១៦ រហូត​មក​ដល់​សព្វ​ថ្ងៃនេះ ។ នៅ​វេលា​ម៉ោង​១ និង​៤០​នាទី​យប់​រំលង​អា​ធ្រា​ត​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០២០ រូបគេ​បាន​ជិះ​ម៉ូតូ​ម្នាក់ឯង​ដើរ​លេង​ក្នុង​ក្រុងព្រះសីហនុ ក៏​ឃើញ​ផ្ទះ​មួយ​ទំនង​អាច​ចូល​លួច​យក​ម៉ូតូ​បាន ខ្លួន​ក៍​ឈប់​ម៉ូតូ​ចាក់សោរ​ទុក​ចោល​នៅ​ខាងក្រៅ​របង​ផ្ទះ​នោះ ហើយ​ដើរ​ចូល​ទៅ​លួច​យក​ម៉ូតូ​ម៉ាក​អ៊ែ​រ​ប្លែ​ត​១​គ្រឿង ដែល​ម្ចាស់​ទុក​នៅ​មុខ​បន្ទប់​ក្នុង​របង ហើយ​ជិះ​ម៉ូតូ​នោះ​ចេញ​យក​ទៅ​ទុក​នៅផ្ទះ​របស់​ខ្លួន នៅ​ក្នុង​បុរី​BS ភូមិ​៥ សង្កាត់​៤ រួច​រូបគេ​ក៏​ហៅ​ម៉ូតូ​កង់​បី​ជិះ​ត្រឡប់​មក​ផ្ទះ​នោះ​វិញ ក៏​ដើរ​ចូល​ទៅ​លួច​យក​ម៉ូតូ​១​គ្រឿង​ទៀត ហើយ​បាន​ជិះ​យក​ទៅ​ទុក​នៅ​បន្ទប់​ជួល​របស់​ឈ្មោះ Mamebov Ruslan ស្ថិត​នៅ​មុខ​សាលារៀន​អូរ​២ ស្ថិត​ក្នុងភូមិ​៥ សង្កាត់​៤ ។

បន្ទាប់​ពី​លួច​បាន​ម៉ូតូ​២​គ្រឿង​ហើយ គេ​ក៏​ត្រឡប់​មក​យក​ម៉ូតូ​របស់​ខ្លួនឯង​វិញ ដែល​ទុក​ចោល​នៅ​មុខ​ផ្ទះ​ជន​រង​គ្រោះ ដើម្បី​ជិះ​ទៅ​បន្ទប់​ស្នាក់​នៅ​ក្នុង​បុរី​BS ។ ជនសង្ស័យ​បន្ត​ថា បន្ទាប់​មក​ទៀត​គេ​បាន​យក​ម៉ូតូ​ដែល​លួច​នោះ ទៅ​បាញ់ថ្នាំ​ព៌​ណ​សពីលើ​ ដើម្បី​បន្លំ​កុំ​ឲ្យ​ម្ចាស់​ម៉ូតូ​ស្គាល់ និង​ត្រៀម​ទុក​លក់​ចេញ ស្រាប់តែ​ដល់​វេលា​រសៀល​ថ្ងៃ​ដដែល ក៍​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ឃាត់ខ្លួន ទាំង​ពីរ​នាក់​តែ​ម្ដង​ទៅ ។

ពេល​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង២នាក់​ខាងលើ​ សមត្ថ​កិច្ច​បាន​ធ្វើការ​ដកហូត​វត្ថុ​តាង​រួម​មាន ​ម៉ូតូ​អ៊ែ​រ​ប្លេ​ត​៦​គ្រឿង ក្នុង​នោះ​មាន​២​គ្រឿង​ជា​របស់​ជន​រង​គ្រោះ ហើយ​ត្រូវ​បាន​កម្លាំង​ជំនាញ​ប្រគល់​ឲ្យ​ទៅ​ជន​រង​គ្រោះ ដើម្បី​ប្រើប្រាស់​បណ្តោះអាសន្ន​វិញ​តាម​ការ​ស្នើ​សុំ
​ផ្លា​ក​លេខ​ម៉ូតូ​១​សន្លឹក (​ភ្នំពេញ​1X-6929) គ្រឿងបន្លាស់ សម្ភារ និង​ឧបករណ៍​ជួសជុល​មួយ​ចំនួន ​និង​​កញ្ឆា​ក្រៀម​២​ដុំ​តូច ។

ជនសង្ស័យ​ទាំង​ពីរ​នាក់ និង​វត្ថុ​តាង រួម​នឹង​ឧបករណ៍​ចាប់​យក​ជា​ច្រើន​ទៀត ត្រូវ​បាន​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ កំពុង​កសាង​សំ​ណុំ​រឿង ដើម្បី​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ដ​ព្រះ​សីហ​នុ តាម​នីតិវិធី ៕ (កែសម្រួលដោយ ៖ ធីតា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ