ចំពោះការផ្លាស់ប្ដូរហ្វ្រាំងរថយន្តគឺគេអនុវត្តឡើងដោយផ្អែកទៅតាមបំរែបម្រួលទីតាំងនិងរបៀបបើកបរដែលវារត់ដំណាលគ្នាជាមួយនឹងអាយុកាលរបស់ទ្រនាប់ ឬស្បែកហ្វ្រាំងជាគ្រឿងកកិតនិងត្រដុសខាំជាប់ជាមួយតួនៃថាសហ្វ្រាំងដើម្បីបញ្ឈប់ចលនារបស់រថយន្ត ។
ដោយសំអាងលើហេតុផលនេះប្រសិនបើអ្នកបើកត្រឹមតែ១២.៨០០គីឡូម៉ែត្រក្នុងមួយឆ្នាំ និងច្រើនតែអនុវត្តលើផ្លូវក្នុងក្រុងនោះវានឹងតម្រូវឱ្យផ្លាស់ប្ដូរស្បែកហ្វ្រាំងឱ្យបានញឹកញាប់ជាជាងអ្នកបើក៤៥.០០០គីឡូម៉ែត្រក្នុងមួយឆ្នាំតាមទីរាបស្មើឬផ្លូវជាតិធំៗ ។ ដូច្នេះករណីនេះពុំមានការកំណត់កាលបរិច្ឆេទច្បាស់លាស់ណាមួយឡើយថាតើពេលណាដល់វេលាប្ដូរហ្វ្រាំងរថយន្តចេញដូចនេះគឺលោកអ្នកចាំបាច់ពឹងផ្អែកទៅលើការស្ដាប់សំឡេងខុសប្រក្រតីរបស់ហ្វ្រាំងដោយផ្ទាល់ត្រចៀកហើយគួបផ្សំជាមួយនឹងការផ្ដល់សេចក្ដីណែនាំពីជាងបច្ចេកទេសដែលមានបទពិសោធថែមទៀតទើបប្រសើរ ។រថយន្តភាគច្រើនគួរតែបង្វិលថ្លឹងកង់យ៉ាងហោចជារៀងរាល់៦ខែម្ដង នៅគ្រានោះវាគឺជាឱកាសល្អក្នុងការពិនិត្យមើលទៅលើហ្វ្រាំងដែរ ។ ជាងជួសជុលគឺអាចពិនិត្យឃើញពីភាពសឹកស្ដើងនៃស្បែកហ្វ្រាំងនិងស្ថានភាពនៃគ្រឿងផ្សំរបស់វាដើម្បីកត់សម្គាល់ពីកម្រិតនិងទំហំនៃការខូចខាតបាន ។ ម្យ៉ាងទៀតរថយន្តភាគច្រើនគឺមានបំពាក់ឧបករណ៍ផ្ដល់ព័ត៌មានពីភាពសឹករិចរិលនៃដំណើរការកកិតនិងថាសហ្វ្រាំងនៅពេលណាស្បែកខាងក្នុងរបស់វាត្រូវការផ្លាស់ចេញនោះ ។ ហើយអ្នកបើកបរក៏នឹងឮស្នូរសំឡេងងឺតៗខណៈពេលជាន់ហ្វ្រាំង ។
មួយវិញទៀតឧបករណ៍ផ្ដល់ព័ត៌មាននោះគឺមិនសុទ្ធតែមានបំពាក់លើគ្រប់រថយន្តឡើយដូច្នេះអ្នកបើកបរគួរតែស្ដាប់សូរសំឡេង
ងឺតៗនិងសំឡេងកកិតក៏ដូចជាសំឡេងផ្សេងទៀតដែលចង្អុលបង្ហាញពីភាពសឹកខូចរបស់ស្បែកហ្វ្រាំងដោយខ្លួនឯង ។ រីឯសំឡេងដែលបន្លឺតិចៗមួយចំនួនអាចនឹងត្រូវធ្វើឱ្យលែងឮវិញតាមរយៈការសម្អាតហ្វ្រាំង ប៉ុន្តែសំឡេងដែលបន្លឺឡើងជាប់ជានិច្ចទាំងកម្រោលនោះបញ្ជាក់ថា ស្បែកហ្វ្រាំងសឹកខូចខ្លាំងជាមិនខាន ។
ចំណុចមួយទៀតនោះគឺគ្រប់់រថយន្តទាំងអស់មានបំពាក់នូវប្រព័ន្ធភ្លើងក្រហមព្រមានពីអាការៈនៃបញ្ហារបស់ហ្វ្រាំងនៅលើផ្ទាំងតាប់ឡូដែលរចនាឡើងជាអក្សរBrake គឺវានឹងលោតភ្លើងភ្លាមៗក្នុងអំឡុងពេលប៉ុន្មាននាទីរៀងរាល់ពេលអ្នកចាប់ផ្ដើមដេបញ្ឆេះរថយន្ត ។ ប៉ុន្តែប្រសិនបើវាឱ្យពន្លឺនៅពេលលោកអ្នកកំពុងបើកបរវិញនោះអាចមានន័យថា ប្រព័ន្ធហ្វ្រាំងរថយន្តប្រាកដជាមានបញ្ហាគឺអាចមកពីកម្រិតប្រេងហ្វ្រាំងតិច ឬក៏ខ្វះតែម្ដង ហើយពេលខ្លះវាអាចបណ្ដាលមកពីបញ្ហាដែលកើតឡើងចំពោះសីុឡាំងមេរបស់ហ្វ្រាំងក៏ថាបាន ។
ចូរកត់សម្គាល់ថា ត្រង់ចំណុចនេះពុំមានភ្លើងព្រមានដូចគ្នាឡើយដែលលោតឡើងពេលអ្នកដាក់ហ្វ្រាំងដៃឬជើងក្នុងប្រតិបត្តិការចូលចត ៕
ចែករំលែកព័តមាននេះ