អាត្មាអញ​មិនមែន​បួស​ព្រោះតែ​លាភសក្ការៈ​ទេ


ជីវិត​អ្នកបួស​មិន​បាន​ជាប់ជំពាក់​ដោយ​កិច្ច​ទាំងឡាយ​ដែល​ជា​ការងារ​របស់​គ្រ​ហស្ត​ទេ គឺ​រលាស់​ខ្លួន​ស្អាត តាំងចិត្ត​តែ​មួយ​គត់​គឺ​បួស​ដើម្បី​ចេញ​ចាក​ភព ចេញ​ចាក​កាម ធ្វើ​ឱ្យ​ជាក់ច្បាស់​នូវ​ព្រះ​និព្វាន មិនមែន​បួស​ព្រោះតែ​ដើម្បី​លាភសក្ការៈ​នោះ​ទេ ។

អ្នកបួស​ទោះជា​រស់នៅ​ក្នុង​ទីណា​ក្តី​គួរ​ពិចារណា​ឱ្យ​ឃើញច្បាស់​យ៉ាងនេះ​ថា​អាត្មាអញ​កា​លដែល​ចេញ​ចាក​ផ្ទះ​មក​បួស​ជា​ព្រះសង្ឃ​សាវក​នេះ មិនមែន​បួស​ព្រោះហេតុតែ​ចង់បាន​លា​ភសក្ការៈ​ដែល​គេ​ឱ្យ​ដោយ​សទ្ធា​ទេ មិនមែន​បួស​ដើម្បី​ត្រៃចីវរ មិនមែន​បួស​ព្រោះហេតុតែ​ចង់បាន​បិណ្ឌបាត​គឺ​អាហារ​ភោជន​ផ្សេង​ៗ​ទេ មិនមែន​បួស​ព្រោះហេតុតែ​ចង់បាន​ទី​សេ​នាសនៈ​មាន​កុដិ សាលា ព្រះ​វិហា​ជាដើម​ទេ មិនមែន​បួស​ព្រោះហេតុតែ​យកមុខយកមាត់​ប្រឡូក​ក្នុង​កិច្ចការ​គ្រហស្ថ​មាន ការ​ធ្វើ​នយោបាយ ការ​តវ៉ា​តាម​ចិញ្ចើមថ្នល់​ជាដើម​ដែល​មិនមែន​ជា​កិច្ច​របស់​អ្នកបួស​នោះ​ទេ មិនមែន​បួស​ព្រោះហេតុតែ​ចង់បាន​ឋានៈ​គឺ​យសស័ក្តិ​ជា​នេះ​ជា​នោះ​ទេ ។

អាត្មាអញ​ដែល​ចេញ​ចាក​ផ្ទះ​មក​បួស​ក្នុង​ព្រះពុទ្ធ​សាសនា​នេះ​ពីព្រោះ​តែ​ឃើញ​សេចក្តី​ទុក្ខ​ច្រើន​ប្រការ​ណាស់​នៅ​ក្នុង​សង្គម​នេះ ឃើញ​តែ​ការ​បៀតបៀន ច្រណែន ឈ្នានីស​គ្នា​ដើម្បី​អំណាច ដើម្បី​ទ្រព្យ ដូច្នេះ​មាន​តែ​បព្វជិត​ទេ ជា​ភេទ​បរិសុទ្ធ រក​សេចក្តី​ស្ងប់​កាយ ស្ងប់​ចិត្តបាន ។

បព្វជិត​លុះ​ពិចារណា​ឃើញ​ដូច្នេះ​ហើយ ក៏​តាំងចិត្ត​ថា អាត្មាអញ​នឹង​ប្រារព្ធ​សេចក្តី​ព្យាយាម​ឱ្យ​ម៉ឺងម៉ាត់ មិន​បន្ធូរបន្ថយ​ក្នុង​ការ​សិក្សា និង​សេចក្តី​ប្រតិបត្តិ​ធម៌​វិន័យ​របស់​ខ្លួន កាន់​ត្រៃសិក្ខា សីល សមាធិ បញ្ញា​ឱ្យ​បាន​ខ្ជាប់ខ្ជួន​ឆ្ពោះទៅ​រក​សេចក្តី​ថ្លៃថ្នូរ ចំណេះដឹង និង​រវាំង​ប្រុងស្មារតី​ក្នុង​សេចក្តី​ល្អជា​និច្ច ។ សាន សារិន

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ