លក្ខណៈធម្មជាតិនៃសត្វពពែ
«ពពែ» គឺជាសត្វពាហនៈអម្បូរសត្វស្រុកដែលផ្ទុយពីពពែព្រៃ ស្ថិតក្នុងទ្វីបអាស៊ីប៉ែកនិរតី និងអឺរ៉ុបខាងកើត ។ ពពែគឺស្ថិតក្នុងអម្បូរ Bovidae ឈ្មោះក្នុងវិទ្យាសាស្ត្រគឺ «Capra aegagrus hircus» និងមានអម្បូរពពែចំនួន ៣០០ ប្រភេទ ផ្សេងៗគ្នា ។ ពពែគឺជាសត្វស្រុកចាស់ជាងគេបំផុតក្នុងចំណោមសត្វស្រុកដទៃផ្សេងទៀត និងត្រូវគេប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃដូចជា ទឹកដោះ សាច់ សក់ និងស្បែក ។
យោងតាមរបាយការណ៍ចេញផ្សាយដោយកម្មវិធីស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិឱ្យដឹងថា ក្នុងឆ្នាំ២០១១មានពពែចំនួនច្រើនជាង៩២៤លានក្បាលរស់នៅលើពិភពលោក ។
យោងតាមវីគីភីឌាឱ្យដឹងថា ពពែជាសត្វស្លូត តែឆ្លាត ពោលគឺវាអាចពុះពាររាល់ឧបសគ្គនានាបានដូចជាឡើងដើមឈើ និងរត់គេចពីសត្រូវ។ ជាទូទៅពពែមានស្នែង២ តែពេលខ្លះមានរហូតដល់ទៅ៨ឯណោះ នេះជាលក្ខណៈពិសេសស្ថិតត្រង់ច្បាប់តំណពូជ ឬហ្សែនរបស់វា ។
ជាទូទៅពពែមានទម្ងន់ពី៤៥គីឡូក្រាមទៅ៣០០គីឡូក្រាម ។ កម្ពស់ពី ៤០,៦ ទៅ ៥៨,៤ សង្ទីម៉ែត្រ ។ អាយុពពែចាប់ពី១៥ឆ្នាំទៅ១៨ឆ្នាំ។
យោងតាមសៀវភៅ «ការណែនាំពីការចិញ្ចឹមពពែជាលក្ខណៈគ្រួសារនៅកម្ពុជា» លើកឡើងថា ពពែជាសត្វដែលមានប្រយោជន៍ច្រើនយ៉ាងដូចជា ផ្តល់សាច់ដ៏មានឱជារស និងថាមពលច្រើន ផ្តល់ទឹកដោះដែលអាចកែច្នៃជាផលិតផលសម្រាប់បរិភោគ ។ ស្បែកសម្រាប់យកទៅកែច្នៃធ្វើជាសម្ភារប្រើប្រាស់ ផ្សេងៗ ។ លាមកសម្រាប់ធ្វើជីដាក់ដំណាំ ។
ទម្លាប់របស់ពពែគឺរើសអើងរសជាតិចំណី គឺវាត្រូវការចំណីស្អាត ជាសត្វខ្ជះខ្ជាយ ហើយមិនចូលចិត្តស៊ីចំណីដែលធ្លាក់នៅខាងក្រោម ។
ពពែចូលចិត្តអាហាររលាយបញ្ចូលគ្នាដូចជា ៖
-ស្លឹកឈើ ស្លឹករុក្ខជាតិពពួកកួរ និងស្មៅ ។
-កាកសំណល់ផ្ទះបាយបានមកពីធញ្ញជាតិ ផ្លែឈើ និងបន្លែ ។
-អនុផលកសិកម្ម ផ្សេងៗ ។
អត្រាចំនួនសត្វពពែនៅប្រទេសមួយចំនួនលើពិភពលោក
-អាហ្វ្រិក ចំនួន២៩៤,៥លានក្បាល ។
-ប្រទេសនីហ្សេរីយា៉ ចំនួន៥៣,៨លានក្បាល
-ប្រទេសស៊ូដង់ ចំនួន៤៣,១លានក្បាល ។
-អាស៊ី ចំនួន៥១១,៣លានក្បាល ។
-ប្រទេសអាហ្វហ្គានីស្ថាន ចំនួន៦,៣៨លានក្បាល ។
-ប្រទេសបា៉គីស្ថាន ចំនួន៦០លានក្បាល ។
-ប្រទេសឥណ្ឌា ចំនួន១២៥,៧លានក្បាល ។
-ប្រទេសបង់ក្លាដេស ចំនួន៥៦,៤លានក្បាល ។
-ប្រទេសចិន ចំនួន១៤៩,៣៧លានក្បាល ។
-ប្រទេសអារ៉ាប់រួម ចំនួន២,២លានក្បាល ។
-អាមេរិក ចំនួន៣៧,៣លានក្បាល ។
-ប្រទេសម៉ិចស៊ិក ចំនួន៨,៨លានក្បាល ។
-សហរដ្ឋអាមេរិក ចំនួន៣,១លានក្បាល ។
-អឺរ៉ុប ចំនួន១៧,៨៦លានក្បាល ។
-ចក្រភពអង់គ្លេស ចំនួន០,០៩លានក្បាល។
-ប្រទេសបារាំង ចំនួន១,២លានក្បាល ។
-អូសេអានី ចំនួន៣,៤២លានក្បាល ។
ឆ្នាំមមែតាមក្បួនតម្រាបុរាណខ្មែរ
លោកអ្នកកើតឆ្នាំមមែ ពង្សទេវតាស្រី នាមជាសត្វពពែ ធាតុមាស អង្សាកំណើតនៅថ្ងៃអាទិត្យ សិរីធ្លាក់មកពីដៃឆ្វេងរបស់ព្រះព្រហ្ម មូលព្រលឹងនៅនឹងដើមបារិកជាតិ និងដើម ឫស្សី ។ លោកអ្នកដែលកើតឆ្នាំនេះ គួរស្រោចទឹក ជ្រួយដីគល់នៃដើមបារិកជាតិ និងដើមឫស្សី ទើបនាំឱ្យកើតមានសិរីសួស្តីដល់ខ្លួន និងក្រុមគ្រួសារ ។
មនុស្សកើតឆ្នាំមមែ ជាមនុស្សមានវាសនាខ្ពស់ ជាទីត្រូវចិត្តនៃមនុស្សទូទៅ ពេលជួបទុក្ខអាសន្ន មានអ្នកធំជួយគាំពារ ។ ឫកពាសុភាពរាបសា សម្តីទន់ផ្អែមពីរោះ មានមិត្តភក្តិច្រើនមិនថានៅទីណា ប៉ុន្តែមិត្តច្រើននាំទុក្ខដល់ខ្លួន ធ្វើគុណមិនបានផល មិនចេះចងគំនុំនឹងអ្នកណាឡើយ។ ចិត្តឆេវឆាវ ឆាប់ខឹង តែឆាប់បាត់ មានតណ្ហាខ្លាំងស្រើបស្រាលនឹងរសកាមារម្មណ៍ ប្រៀបដូចភ្លើងចំបើង មានស្នេហ៍ក្នុងខ្លួនជាទីគាប់ភ្នែកនៃមនុស្សភេទផ្ទុយ ។
ជាមនុស្សនិយាយតិច តែគិតច្រើន មុននឹងលូកដៃទៅចាប់កាន់ការងារអ្វីមួយ ប្រើគំនិតគិតហ្មត់ចត់ល្អិតល្អន់ ។
មុខរបរដែលស័ក្តិសមជាងគេសម្រាប់មនុស្សកើតឆ្នាំមមែ គឺការលក់ដូចធ្វើជំនួញ ជួញប្រែ នឹងបានក្លាយជាអ្នកមានស្តុកស្តម្ភ ពីព្រោះជាមនុស្សមានការពិចារណាល្អិតល្អន់ ។
បើធ្វើការងាររដ្ឋល្អជាមធ្យម ។ នឹងក្លាយខ្លួនទៅជាអ្នកមានបាន នៅពេលឈានដល់វ័យចំណាស់ ៕
ចែករំលែកព័តមាននេះ