ជិវីតនាងក្រមុំទាំង៣​នាក់​ជួយ​សង្គ្រោះ​​​​អត់​​ទាន់​​ទេ​ !


ខេត្ត​ត្បូងឃ្មុំ​ ៖ ពិត​ជា​គួរ​ឱ្យរន្ធត់​ណាស់​ដោយ​យុវតី​ចំនួន​៣​នាក់​បាន​នាំ​គ្នា​ងូតទឹក​ក្រោម​ស្ពានបេតុង​មួយ​កន្លែង​ ជា​ហេតុ​បណ្ដាល​ឲ្យ​លង់​​​បាត់បង់ជីវិត​ទាំង​បីនាក់​​តែម្តង។​ ហេតុ​ការ​ណ៍​នេះ​បាន​កើតឡើង នៅ​វេលា​ម៉ោង​ប្រហែល​៣រសៀល​ថ្ងៃ​ទី​២៥ ​កញ្ញា ​នៅ​ចំណុច​ក្រោម​ស្ពាន​ការដ្ឋាន​ចិន​ព្រែកជីក​ទី​១ នៅ​ខាងលិច​ភូមិ​មេលោង ឃុំ​មៀន ស្រុក​អូរ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ ហើយបាន​បន្សល់​ទុក​ស្បែកជើង ​និង​ម៉ូតូ​ម៉ាក​សេ​125 ស៊េរី 2011 នៅ​លើ​គោក បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​នាំ​គ្នា​ចុះ​រាវរក​ ។

បើតាម​នគរបាល​មូលដ្ឋាន​បាន​ប្រាប់​ឲ្យ​ដឹង​ថា ដើមហេតុ​ដំបូង​យុវតី​ទាំង​៣​នាក់​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​ម៉ាក​សេ​125 ស៊េរី 2011 ចេញពីផ្ទះ​របស់​ខ្លួន​ទៅ​លេង​ផ្ទះ​បងប្អូន​នៅ​ជី​ហែ​ ស្រុក​​កោះសូទិន ខេត្តកំពង់ចាម លុះ​ពេល​រសៀល ក៏​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​ត្រឡប់​មក​វិញ និង​បាន​ឈៀង​ចូល​លេង​ទឹក​នៅ​ត្រង់​ទ្វារ​ទឹក​មួយ​កន្លែង​រាង​ស្ងាត់​តាម​ផ្លូវ​ ។ ហើយ​ត្រូវ​បាន​អ្នក​ឃ្វាលគោ​ប្រាប់​ ក៏​នាំ​គ្នា​ជិះ​ម៉ូតូ​បន្តដំណើរ មក​មុខ​ទៀត​រួច​ក៏​ឈាន​ចូល​ងូតទឹក​លេង​នៅ​ក្រោម​ស្ពានបេតុង​ដែល​ជា​កន្លែង​ចុង​ក្រោយ​។

នគរបាល​មូលដ្ឋាន​បាន​ប្រាប់​បន្ត​ថា ក្នុង​ពេល​នោះ​ក្រុម​ក្មេង​ទាំង​បី​នាក់​បងប្អូន បាន​ចុះ​លេង​ទឹក​ដោយ​ម៉ូតូ​ដាក់​នៅ​លើគោក រួម​នឹង​ទូរ​សព្ទ​ហើយ​ស្បែកជើង​ដាក់​នៅ​មាត់ច្រាំង​។​ ចៃដន្យ​គ្រោះ​អកុសល​ជា​ហេតុ​បណ្ដាល​ឲ្យ​លង់ទឹក​ទាំង​បីនាក់ ដោយ​មិន​មាន​អ្នក​ណា​ឃើញ​ភ្លាម​ៗ​នោះ​ទេ​។​ បន្ទាប់​មក​ ក៏​មាន​ប្រជាពលរដ្ឋ​បានឃើញ​ស្បែកជើង​ចំនួន​បី​គូ​នៅ​មាត់ច្រាំង ដោយ​មានការ​សង្ស័យ​មាន​មនុស្ស​លង់ទឹក ​ក៏​រាយការណ៍​មក​សមត្ថកិច្ច​។ ​ក្នុង​គ្រានោះ​កម្លាំង​នគរបាល​ប៉ុស្តិ៍​មៀន បាន​ចុះ​ទៅ​ដល់​សហការ​ជាមួយ​ប្រជាពលរដ្ឋ យក​ទូរ​សព្ទ​តេ​ប្រាប់​ក្រុម​សាច់ញាតិ​ឲ្យ​បានដឹង​។​

បន្ទាប់​មក​ ក៏​បាន​នាំ​គ្នា​ចុះ​រាវរក​ក្នុង​ទឹក​ដែល​មាន​ជម្រៅ​ជាង​៣​ម៉ែត្រ ដំបូង​បាន​រក​សព​ឈ្មោះ​ស្រី​នាដ ​ឃើញ​មុនគេ ហើយពីរ​នាក់​ទៀត​បាន​រក​ឃើញ​បន្តបន្ទាប់​។​ ក្នុង​ពេល​នោះ​ឪពុក​ម្ដាយ​របស់​យុវតី​ទាំង​៣​នាក់ ក៏​មាន​វត្ត​មាននៅ​ទីនោះ​ដែរ ក្នុង​ពេល​ដែល​ឃើញ​កូនស្រី​របស់​ខ្លួន​ស្លាប់​គួរ​ឲ្យ​អាណោច​អាធ័ម​បែប​នេះបាន​យំទួញសោក​អា​ណោះ​អាល័យ ដល់​កូន​របស់​ខ្លួន​ ។

កម្លាំង​ជំនាញ​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​មៀន លោក​មេ​ភូមិ​ស្វាយ​ពក មេ​ភូមិ​មេលោង តំណាង​លោក​មេឃុំ និង​លោកគ្រូ​ពេទ្យ​មណ្ឌល​សុខភាព​ឃុំ ចុះ​ដល់​កន្លែង​កើតហេតុ ធ្វើការ​ពិនិត្យ​សាកសព​មាន​ចំនួន​០៣ នាក់ៈ​១-​ឈ្មោះ គាន សុខ​ឃាង ភេទ​ស្រី អាយុ​១៩​ឆ្នាំ ២-​ឈ្មោះ​ឈិ​ន សុខ​នី ភេទ​ស្រី អាយុ​១៨​ឆ្នាំ ៣-​ឈ្មោះ ឈិ​ន ស្រី​នាថ ភេទ​ស្រី អាយុ​១៦​ឆ្នាំ ទាំង​០៣​នាក់ ស្រី នៅ​ភូមិ​ស្វាយ​ពក ឃុំ​មៀន ស្រុក​អូ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ សូម​បញ្ជាក់​ថា​ស្រី​នាថ និង​ឈ្មោះ​សុខ​នី​ត្រូវជា​បងប្អូន​បង្កើត និង​ជា​បងប្អូន​ជីដូនមួយ​និង​ឈ្មោះ​សុខ​ឃាង ។ តាម​រយៈ​ការ​ពិនិត្យ​របស់​គ្រូពេទ្យ​មណ្ឌល សាកសព​គ្មាន​ស្លាកស្នាម គឺ​ពិតជា​ស្លាប់​ដោយសារ​លង់ទឹក​ស្លាប់​ពិតមែន​។

សាកសព​ក្រោយ​ពេល​ពិនិត្យ​រួច​បាន​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ពិតជា​គួរ​ឲ្យ​អាណិតអាសូរ​។នគរបាល​មូលដ្ឋាន​បាន​បញ្ជាក់​ថា ទឹក​ដែល​ហូប​កាត់​តាម​ក្រោម​ស្ពានបេតុង កន្លែង​ដែល​ក្មេង​ស្រី​ទាំង​៣​នាក់​លង់​ស្លាប់​នេះ​គឺ​មាន​ប្រភព​ហូរ​ចេញពី​ទន្លេមេគង្គ​កាត់​តាម​ស្រុក​កោះសូទិន​បន្ត​ធ្លាក់​តាម​ទន្លេតូច​កាត់​តាម​ខេត្តព្រៃវែង​និង​មាន​ប្រឡាយ បន្ត​ធ្លាក់​រហូត​ដល់​ខេត្តស្វាយរៀង ដែល​គេ​ធ្វើ​ឡើង​សម្រាប់​​ស្រោចស្រព​ដំណាំ​ស្រូវ​៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ