ចប់​ហើយ​!​លួច​ប៉ះ​ចំ​ឡាន​ទំនើប​របស់​មន្ត្រី​យោធា


រាជធានី​ភ្នំពេញ ៖ រថយន្ត​ម៉ាក​ឡិច​ស៊ិ​ស RX.៣៥០​មួយ​គ្រឿង ត្រូវ​ចោរលួច​យក​ទៅ​បាត់ អស់​រយៈពេល ប្រមាណ​ជាង​១​ខែ​មក​ហើយ នៅ​ខេត្តសៀមរាប ត្រូវ​បាន​ម្ចាស់​ប្រទះ​ឃើញ​កន្លែង​លាង​រថយន្ត​មួយ​កន្លែង នៅ​រាជធានី​ភ្នំពេញ ជនសង្ស័យ​ដឹងខ្លួន​ទាន់​ហើយ​រត់​ជួប​គ្រោះថ្នាក់​ចរាចរណ៍ បង្ក​ចិត្ត​ចុះ​រត់គេច​បាត់​ស្រមោល ។

ហេតុការណ៍​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​ប្រមាណ​៣​និង​៤០​នាទី​រសៀល ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០២០ ស្ថិត​តាម​បណ្តោយ​ផ្លូវ​១០៥ ខាងជើង​ភោជនីយដ្ឋាន​បុ​ប្ជា រាជធានី​ក្នុង​សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ។

រថយន្ត​នោះ​ពាក់​ស្លាក​លេខ ខេមរៈភូមិន្ទ​៨៧៥២ ដែល​មាន​ម្ចាស់​ជា​មន្ត្រី​យោធា ហើយ​ត្រូវ​ជនសង្ស័យ ដោះ​ស្លាក​លេខ​បាត់ ។ តាម​ឈ្មោះ ឆ​ន ដា​រា អាយុប្រមាណ​២៤​ឆ្នាំ ស្នាក់​នៅ​សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក ដែល​ជា​កូន​ម្ចាស់​កម្មសិទ្ធិ​រថយន្ត​បានអោយ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០២០ ខ្លួន​បាន​ជិះ​រថយន្ត​ខាងលើ​ជា​របស់​ឪពុក​ទៅ​ប្រកួត​បាល់​នៅ​ខេត្តសៀមរាប ដោយ​ស្នាក់​នៅ​ក្នុង​សណ្ឋាគា​មួយ​ហើយ​ត្រូវ​បាន​ជនសង្ស័យ​លួច​យក​ទៅ​បាត់ ។

តាម​កូន​ម្ចាស់​រថយន្ត​រូប​នោះ​បានអោយ​ដឹង​ទៀត​ថា នៅ​វេលា​រសៀល​ថ្ងៃ​ទី​២៥ ខែកញ្ញា​នេះ ស្រាប់តែ មាន​អ្នក​ស្គាល់គ្នា​ប្រទះ​ឃើញ​រថយន្ត​នោះ​មានការ​សង្ស័យ​ក៏​បាន​ទូរស័ព្ទ​ប្រាប់​ខ្លួន​មក​មើល​ទើប​ដឹង​ថា រថយន្ត​របស់​ខ្លួន​បាត់​ក៏​បាន​ទៅ​សួរនាំ​មើល ជនសង្ស័យ​ដឹងខ្លួន​ទាន់​ក៏​បាន​បើករថយន្ត​រត់​តែ​រត់​មិន​រួច ជិះ​ចេញ​បាន​បន្តិច​ក៏​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​បុក​ជាមួយ​រថយន្ត​មួយ​គ្រឿង​ទៀត ។

ភ្លាម​ៗ នោះ ជនសង្ស័យ ភ័យ​ស្លន់ស្លោ ចុះ​រត់គេច​ខ្លួន ចោល​រថយន្ត​តែ​ម្តង ។ រថយន្ត​នោះ​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ចុះ​ទៅ​នាំ​យក​រថយន្ត​ទៅ​រក្សា​ទុក​នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌ​ឬ​ស្សី​កែវ ដើម្បី​អោយ​ម្ចាស់​យក​ឯកសារ​មក​បង្ហាញ​រួច​ប្រគល់​អោយ​ម្ចាស់​វិញ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ