ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ហូប​ពិសេស​ប្រចាំ​ត្រកូល «​ឆា​ដើម​ក្រវ៉ាញ​​ជាមួយ​សាច់​» ​បាន​ភ្លក់​រស​ជាតិ​ឫ​​នៅ?

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បើ​ភ្ញៀវ​ទេសចរ​ដែល​ធ្វើ​ដំណើរ​មក​ពី​តាម​ណ្តា​ខេត្ត​នានា ដូច​ជា ខេត្តបាត់ដំបង បន្ទាយ​មាន​ជ័យ ខេត្តពោធិ៍សាត់ សៀមរាប កំពង់ធំ កំពង់ចាម…

ខេត្ត​ប៉ៃលិន ៖ បើ​ភ្ញៀវ​ទេសចរ​ដែល​ធ្វើ​ដំណើរ​មក​ពី​តាម​ណ្តា​ខេត្ត​នានា ដូច​ជា ខេត្តបាត់ដំបង បន្ទាយ​មាន​ជ័យ ខេត្តពោធិ៍សាត់ សៀមរាប កំពង់ធំ កំពង់ចាម ព្រមទាំង​ខេត្ត​ផ្សេង​ៗ ជា​ពិសេស​ភ្ញៀវ​ទេសចរ​ដែល​មក​ពី​រាជធានី​ភ្នំពេញ ដែល​ចូល​មក​លេង​ក្នុង​ខេត្ត​ប៉ៃលិន សូមកុំ​ភ្លេច​កុម្ម​ង់​ទិញ​ម្ហូប​ប្រចាំ​ត្រកូល ព្រោះ​ម្ហូប​ទាំង​អស់នេះ ពិតជា​មាន​រសជាតិ​ឈ្ងុយ​ឆ្ងាញ់ និង​ប្លែក​មាត់​ថែម​ទៀត​ផង ។

បើ​តាម​ការ​រៀបរាប់​ពី​ស្ត្រី​ម្នាក់​ឈ្មោះ ទិ​ត្យ ផល្លា ហៅ​មួ​ច អាយុ​៥០​ឆ្នាំ ជា​ម្ចាស់​រមណីយដ្ឋាន​ចំការ​ខ្នុរ និង​ឈ្មោះ សត្យា ភេទ​ប្រុស ជា​មេការ​ប្រចាំ​រមណីយដ្ឋាន​ទឹកធ្លាក់​ភ្នំ​ខៀវ និង ម្ចាស់​ខ្យុ​ស​ចៅ​ចិត្ត​១ និង​ចៅ​ចិត្រ​២ រស់នៅ​ក្នុង​ក្រុងប៉ៃលិន បាន​រៀបរាប់​ឱ្យ​ដឹង​ដូច​ៗ​គ្នា​ថា នៅ​ក្នុង​កន្លែង​របស់​ពួក​គាត់​មាន​ធ្វើ​ម្ហូប​ជា​ច្រើន​មុខ ដូច​ជា ឆា​គ្រឿង​សាច់​ជ្រូក ឆា​សាច់​មាន់ សាច់​ទា ស្ល​តុង​យ៉ាំ សម្លម្ជូរ​ដើម​ចេក​ព្រៃ លាយ​ជាមួយ​សាច់​ជ្រូក សាច់​ត្រី និង​ឆា​ក្តៅ​ជាដើម ។

ប្រភព​បន្ត​ទៀត​ថា តែ​ម្ហូប​ដែល​ល្បី​ប្រចាំ​រមណីយដ្ឋាន ដែល​ចាត់​ទុក​ថា ជា​ម្ហូប​ប្រចាំ​ត្រកូល​របស់​អ្នក​រស់នៅ​ក្នុង​ខេត្ត​ប៉ៃលិន គឺ​ឆា​ដើម​ក្រ​វ៉ា​ញ​សាច់​មាន់ សាច់​ទា សាច់​ជ្រូក និង​សាច់​គោ ជាដើម ។ មុខម្ហូប​មួយ​នេះ មាន​រសជាតិ​ខុស​ប្លែក​ពី​ម្ហូប​ដទៃ​ទៀត​នៅ​ក្នុង​ខេត្ត​ប៉ៃលិន ដោយសារ​តែ​គេ​យក​ដើម​ក្រ​វ៉ា​ញ​ដែល​មាន​ក្លិន​ឈ្ងុយ​ដូច​ជា​ក្លិន​រំដេង តែ​មិន​ហាង​នោះ​ឡើយ ងាយស្រួល​ទទួល​ទាន ទោះជា​ឆៅ ឬ​ឆ្អិន ក៏​គេ​អាច​ហូប​ជាមួយ​បន្លែ​១​មុខ​នេះ​បាន ពោល​គឺ​ហូប​ទៅ​មាន​រស​ឆ្ងាញ់​តែ​ម្តង ។

គាត់​បញ្ជាក់​ទៀត​ថា នៅ​មាន​ម្ហូប​មួយ​មុខ​ទៀត ដែល​ឆ្ងាញ់ ហើយ​ភ្ញៀវ​ទេសចរ​ក៏​ធ្លាប់​កុម្ម​ង់​ទិញ​ហូប​ជួបជុំ​ក្រុម​គ្រួសារ​ផង​ដែ​ឬ គឺ​ម្ហូប​សម្លម្ជូរ​ដើម​ចេក​ព្រៃ ជាមួយ​ត្រី​ស្រែ ឬ​សាច់​ជ្រូក សាច់​មាន់ សាច់​ទា​ក៏​បាន​ដែរ ។

ចំណែកឯ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ខេត្ត​ប៉ៃលិន ក៏​ដូច​ជា​ភ្ញៀវ​ទេសចរ​ដែល​ធ្វើ​ដំណើរ​ទៅ​លេង​កំសាន្ត​នៅ​តាម​រមណីយដ្ឋាន ក៏​តែង​ពោល​សរសើរ​ម្ហូប​ដើម​ក្រ​វ៉ា​ញ និង​សម្លម្ជូរ​ដើម​ចេក​ព្រៃ​ថា ជា​មុខម្ហូប​មាន​រសជាតិ​ខុស​ប្លែក​ពី​ម្ហូប​ដទៃ​ទៀត ។ ពួក​គាត់​ម្នាក់​ៗ​មិន​ភ្លេច​កុម្ម​ង់​ទិញ​ម្ហូប​ទាំង​ពីរ​មុខ​នេះ​ឡើយ ទោះបីជា​នាំ​គ្នា​ទិញ​ម្ហូបអាហារ​ផ្សេង​ៗ​ទៀត ក៏​នៅ​តែ​ឆ្លៀត​ឱ្យ​គេ​ដាក់​ម្ហូប​ទាំង​ពីរ​មុខ​នេះ សម្រាប់​ជួបជុំ​គ្រួសារ ។

ដូច្នេះ បើសិនជា​ភ្ញៀវ​ដែល​មាន​ចំណាប់អារម្មណ៍​ចូល​មក​លេង​កម្សាន្ត​នៅ​ក្នុង​ខេត្ត​ប៉ៃលិន សូម​នឹកឃើញ​ពី​ម្ហូប​ទាំងអស់​ខាងលើ​នេះ នៅ​តាម​អាហារ​ដ្ឋា​ន​នីមួយ​ៗ ហើយ​កុម្ម​ង់​ទិញ​ទទួលទាន​ចុះ​មិន​ថ្លៃ​នោះ​ទេ ព្រោះ​ជា​ម្ហូប​បន្លែ​ធម្មជាតិ​សុទ្ធសាធ គ្មាន​សារធាតុ​គីមី​នោះ​ឡើយ ព្រោះ​ប្រជា​ពលរដ្ឋ​កាត់​ចុះ​ពី​តាម​ព្រៃ​ភ្នំ​ខៀវ ក្នុង​ខេត្ត​ប៉ៃលិន​តែ​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ