ស្រី​ស្រស់ ស៊ឹ​ម ស្រី​មុំ ត្រូវ​ទស្សនិកជន​ជះ​កំហឹង​ទាំង​ខឹងសម្បា​តាម​សាច់​រឿង


រាជធានី​ភ្នំពេញ ៖ តួឯក​នៅ​ក្នុង​រឿង «​អ្នក​ទី​៣» នាង ស៊ឹ​ម ស្រី​មុំ ត្រូវ​បាន​ទស្សនិកជន​ជះ​កំហឹង ខឹងសម្បា​មក​លើ​រូប​នាង​តាម​រយៈ​សាច់​រឿង​ដែល​នាង​បាន​សម្តែង​ក្នុង​ពេល​ដែល​តារា​សម្តែង​រូប​នេះ​បាន​សម្តែង​ជា​តួអង្គ​ដែល​ចូល​ចិត្ត​ដណ្តើម​ស្វាមី​របស់​គេ​។

ទើបតែ​បង្ហាញ​វត្តមាន​សម្តែង​ជា​តួឯក​ជា​លើក​ដំបូង​នៅ​ក្នុង​ខ្សែភាពយន្ត​ភាគ​រឿង «​អ្នក​ទី​៣» ដែល​ទើបតែ​ចាក់​បញ្ចប់​នៅ​ស្ថានីយទូរទស្សន៍​នៅ​ក្នុងស្រុក​មួយ​នេះ​កាលពី​ពេល​ថ្មី​នេះ​តារា​សម្តែង​ដែល​មាន​ដើម​កំណើត​ពី​ខេត្តកំពង់ស្ពឺ នាង ស៊ឹ​ម ស្រី​មុំ ត្រូវ​បាន​ទស្ស​និក​ជា​ច្រើន​មានការ​ចាប់អារម្មណ៍​ពី​ទេព​កោ​លស​ល្យ​សម្តែង​របស់​នាង​យ៉ាង​ខ្លាំង បើ​ទោះបីជា​តារា​ស្រី​រូប​នេះ ទើប​ទទួល​តំណែង​តួឯក​ជា​លើក​ដំបូង​ក៏​ដោយ​។

យ៉ាងណា ទន្ទឹម​នឹង​ការ​ចាប់អារម្មណ៍ និង​កោតសរសើរ​ពី​ការ​សម្តែង​នា​ពេល​នេះ​ក៏​ដោយ ប៉ុន្តែ​សម្រាប់​តារា​សម្តែង​ស្រី​រូប​នេះ​ក៏​ត្រូវ​បាន​ទ​សុ្ស​និក​ជន​មួយ​ចំនួន បែរជា​ជះ​កំហឹង​យ៉ាង​ខ្លាំង​មក​លើ​រូប​នាង​ទៅ​វិញ ក្នុង​ពេល​ដែល​នាង​សម្តែង​ជា​តួអង្គ​ដណ្តើម​ប្តី​គេ​។

ទោះ​បែប​ណា តារា​ស្រី​ដែល​ចូល​ប្រឡូក​សិល្បៈ​តាម​រយៈ​ការ​ប្រឡង​កញ្ញាឯក​ប្រ៊ី​ដ​ស្តុ​នរូ​ប​នេះ បាន​ស្នើ​សុំ​ការ​យោគយល់ និង​អាស្រ័យ​ចំពោះ​ទស្សនិកជន​ទាំងអស់ ព្រោះ​អ្វី​ៗ​ទាំង​អស់នេះ គឺ​នាង​សម្តែង​ទៅ​តាម​សាច់​រឿង​តែ​ប៉ុណ្ណោះ ខណៈ​ពេល​នៅ​ខាងក្រៅ​នាង​មិន​មាន​អត្ត​ចរិត​បែប​នេះ​ឡើយ​។

ស៊ឹ​ម ស្រី​មុំ បាន​អះអាង​ប្រាប់​កោះសន្តិភាព​ថា បន្ទាប់​ពី​នាង​បាន​សម្តែង​នៅ​ក្នុង​រឿង «​អ្នក​ទី​៣» នេះ​រួច​មក នាង​ហាក់​កត់សម្គាល់​ឃើញ​មាន​ទស្សនិកជន​ជា​ច្រើន​បាន​ស្គាល់​រូប​នាង នៅ​ពេល​ដែល​នាង​ចេញ​ទៅ​ក្រៅ​ម្តង​ៗ​។

នាង​បញ្ជាក់​ថា ទន្ទឹម​នឹង​នេះ​ដែរ នាង​ក៏​ទទួល​បាន​នូវ​ការ​ស្តីបន្ទោស និង​ការ​ស្អប់ខ្ពើម​ពី​សំណាក់​ទស្សនិកជន​មួយ​ចំនួន​ផង​ដែរ នៅ​ពេល​ដែល​ពួក​គេ​បាន​ទស្សនា​រឿង «​អ្នក​ទី​៣» តាម​បណ្តាញ​អ៊ី​ន​ធើ​រ​ណេ​ត ដោយ​ពួក​គាត់​បាន​ចូល​ទៅ​ខំ​មិន​ដោយ​ពាក្យ​ខឹងសម្បា​។

នាង​ថា ខ្ញុំ​ឃើញ​ពុក​ម៉ែ បងប្អូន គាត់​ស៊ែរ​នឹង​ចូល​ខ​មិន​លេង​ក្នុង​ផេ​ក​របស់​ទូរទស្សន៍​ថា ស្អប់​តួរ​ឯក​ស្រី និង​មើល​ជេរ​តួរ​ស្រី សាហាវ​ៗ​ខ្លាំង នៅ​ពេល​ដែល​ឃើញ​តួ​ខ្ញុំ គឺជា​តួអង្គ​ដំ​ណ្តើ​ម​ប្តី​គេ រហូត​ធ្វើ​ឲ្យ​គ្រួសារ​គេ​ឈាន​ដល់​ការ​បាក់បែក​។

ទោះជា​យ៉ាងណា បើ​តាម​នាង ស៊ឹ​ម ស្រី​មុំ នាង​សុំ​ការ​អភ័យទោស​ពី​សំណាក់​ទស្សនិកជន​ទាំងអស់ ព្រោះ​ទាំង​អស់នេះ​គ្រាន់​ជា​ការ​សម្តែង​ប៉ុណ្ណោះ ក្នុង​ពេល​ដែល​អត្ត​ចរិត​របស់​នាង​នៅ​ខាងក្រៅ​មិន​ដូច​សាច់​រឿង​ឡើយ​។

នាង​បញ្ជាក់​ថា នៅ​ក្នុង​រឿង​ទស្សនិកជន​គាត់​ស្អប់ តែ​នៅ​តែ​ពេល​ជួប​នាង​នៅ​ក្រៅ ពួក​គាត់​បែរជា​សម្ដែង​ការ​ចូល​ចិត្ត និង​ស្រលាញ់ ហើយ​សរសើរ​នាង​ច្រើន​ថា នាង​នៅ​ខាងក្រៅ​រួសរាយ មិន​ដូច​ក្នុង​ទូរទស្សន៍​។ នាង​ថា ពួក​គាត់​ជួប​ប្អូន​គាត់​មាន​តែ​ចូល​ចិត្ត និង​ស្រលាញ់​ប្អូន ព្រមទាំង​សរសើរ​ថា ប្អូន​ពូកែ​សម្ដែង​ដើរតួរ​សម មិន​មាន​អ្នក​ស្អប់​ដូច​តាម​រយៈ​ប្អូន​ឃើញ ខ​មិន​ទេ​បង​។

ស៊ឹ​ម ស្រី​មុំ បាន​ឲ្យ​ដឹង​ទៀត​ថា ក្នុង​ពេល​ដែល​នាង​បាន​ទទួល​ការ​ចាប់អារម្មណ៍​ច្រើន​ពី​ការ​សម្តែង​នៅ​ក្នុង​រឿង «​អ្នក​ទី​៣» នេះ​ក៏​ដោយ ប៉ុន្តែ​នា​ពេល​បច្ចុប្បន្ន​នេះ​នាង​នៅ​មិន​ទាន់​ទទួលយក​ការ​ថត​ភាពយន្ត​ភាគ ឬ​ខ្នាត​ធំ​បន្ត​ទៀត​ឡើយ ដោយសារ​តែ​នាង​ចង់​យក​ឱកាស​រៀបចំ​មុខរបរ​រកស៊ី​ផ្ទាល់ខ្លួន​ជា​មុន​សិន​។

នាង​បញ្ជាក់​ថា បច្ចុប្បន្ន នាង​កំពុង​រៀបចំ​ការងារ​បើក​សម្អាងការ និង​ការ​លក់​ខោអាវ ហើយ​នៅ​ពេល​ដែល​មុខរប​រកស៊ី​នាង​បាន​ដំណើរការ​រលូន​ទៅ​មុខ​នោះ នាង​នឹង​ទទួលយក​ការ​សម្តែង​ឡើង​វិញ​។

យ៉ាងណា រហូត​មក​ទល់​ពេល​នេះ នាង​បាន​ទទួល​ការ​ហៅ​ឲ្យ​ចូលរួម​សម្តែង​ជា​បន្តបន្ទាប់ តែ​នាង​ទទួលយក​តែ​ការ​ថត​ភាពយន្ត​ខ្នាត​ខ្លី និង​ស្ព​ត​ពា​ណិ​ក​កម្ម​ប៉ុណ្ណោះ ព្រោះ​នាង​ចង់​ចំណាយពេល​រកស៊ី ហើយ​បញ្ហា​នេះ​ម្ចាស់​ផលិតកម្ម​មួយ​ចំនួន​ក៏​មានការ​យោគយល់​ដល់​រូប​នាង​ផង​ដែរ​។

ដោយឡែក​ពាក់ព័ន្ធ​ទៅ​បញ្ហា​សេ្ន​ហា​វិញ តារា​ស្រី​ដែល​មាន​វ័យ​២៥​ឆ្នាំ នាង ស៊ឹ​ម ស្រី​មុំ បាន​លើក​​ឡើង​ថា មក​ទល់​ពេល​នេះ នាង​នៅ​មិន​ទាន់​មាន​គូ​កំណាន់ចិត្ត​នៅឡើយ​ទេ ក្នុង​ពេល​ដែល​នាង​ចង់​ចំណាយពេល ដើម្បី​ឲ្យ​ការងារ​រកស៊ី និង​សិល្បៈ​របស់​នាង​ឲ្យ​កាន់តែ​រឹង​មាំ​ជាង​នេះ​សិន៕

Facebook Google Twitter Email

Live

Sponsored News

១១:២៩ | ក្នុងស្រុក

ក្រុមហ៊ុន KB Kookmin Card និង ធនាគារឯកទេស ខេប៊ី ដេហាន ម.ក ឧបត្ថម្ភថវិកាចំនួន ១០ម៉ឺនដុល្លារ ដើម្បីផ្ដល់អាហារូបករណ៍ និងគាំទ្រគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តកំពង់ធំ

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ