ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ខឹងច្រៀងបទ​ «ទំនួញ​ផ្លូវលំ​​» មិនពីរោះ បែរជា​អុកឡុកផ្អើលហាង​

3 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ បុរស​វ័យ​៥០​ឆ្នាំ​ម្នាក់​ផឹកស្រវឹង​ជោកជាំ​ រួច​ផ្ទុះ​កំហឹង​បោក​កែវ​និង​ចានបែក​ខូចខាត​ពេញ​ហាង​ផឹកស៊ី​ ផ្អើល​ដល់​ភ្ញៀវ​ផ្សេងទៀត​រត់​ចេញពី​ក្នុង​ហាង​អស់ទាំង​មិន​ទាន់​គិតលុយ ដោយសារ​តែ​​ខឹង​ខ្លួនឯង​ច្រៀងបទ «ទំនួញ​ផ្លូវលំ​​» ​មិន​ពិ​រោះ​ ហើយ​បែរជា​ចោទ​ម្ចាស់ហាងថាបិទសំឡេងអេកូ មិនចង់​អោយ​គាត់ច្រៀង…

​រាជធានីភ្នំពេញ ៖ បុរស​វ័យ​៥០​ឆ្នាំ​ម្នាក់​ផឹកស្រវឹង​ជោកជាំ​ រួច​ផ្ទុះ​កំហឹង​បោក​កែវ​និង​ចានបែក​ខូចខាត​ពេញ​ហាង​ផឹកស៊ី​ ផ្អើល​ដល់​ភ្ញៀវ​ផ្សេងទៀត​រត់​ចេញពី​ក្នុង​ហាង​អស់ទាំង​មិន​ទាន់​គិតលុយ ដោយសារ​តែ​​ខឹង​ខ្លួនឯង​ច្រៀងបទ «ទំនួញ​ផ្លូវលំ​​» ​មិន​ពិ​រោះ​ ហើយ​បែរជា​ចោទ​ម្ចាស់ហាងថាបិទសំឡេងអេកូ មិនចង់​អោយ​គាត់ច្រៀង ។

ហេតុការណ៍​ខាងលើ​នេះ​បាន​បង្ក​ការ​ភ្ញាក់​ផ្អើល​​កើតឡើង​កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២០​ ត្រង់​ចំណុច​ហាង​ផឹកស៊ី​យីហោ ជំនោរ​លី​លី នៅ​តាមបណ្ដោយ​ផ្លូវ​២៧១ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន​ រាជធានីភ្នំពេញ ។

បុរសជាជនបង្កម្នាក់ខាងលើមិនស្គាល់អត្ត​សញ្ញាណនោះទេ មានអាយុ​​៥០​ឆ្នាំ ។

តាម​សម្តី​បុរស​ជា​រត់​តុ​នៅ​ក្នុង​ហាង​កើតហេតុ​ខាងលើ​បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ បុរស​​ជា​​ជន​បង្ក​ និង​គ្នីគ្នា​ប្រុស​ស្រី​​ចំនួន​២​នាក់​ទៀត បាន​ចូល​មក​អង្គុយ​ផឹកស៊ី​នៅ​ខាងក្នុង​ហាង​ខាងលើ​ ដោយ​មាន​ភ្ញៀវ​ផ្សេង​ទៀត​​ចូល​មក​អង្គុយ​ផឹកស៊ី​ប្រមាណ​២​ទៅ​៣​តុ​​ដែរ​ និង​បាន​នាំ​គ្នា​ច្រៀង​លេង​កំសាន្ត​ជា​ធម្មតា​។ ចំណែក​បុរស​ជា​ជន​បង្ក​ក៏​បាន​ច្រៀង​លេង​កំសាន្ត​ជា​បន្តបន្ទាប់​ចំនួន​៤​បទ និង​ផឹកស៊ី​យ៉ាង​សប្បាយ​រីករាយ​រហូត​ស្រវឹង​ជោកជាំ​។

​តាម​ប្រភពដដែល​បាន​បន្ត​ថា លុះ​មក​ដល់​វេលា​ម៉ោង​កើតហេតុ​ខាងលើ​ ជន​បង្ក​ក៏​បាន​សំណូមពរ​ចម្រៀង​មួយ​បទ​ទៀត ដែល​មាន​ចំណងជើង​ថា ទំនួញ​ផ្លូវលំ​ ។ រួច​អ្នក​រត់​តុ​ក៏​រៀបចំ​ចម្រៀង​តាម​ការ​សំណូមពរ​របស់​ជន​បង្ក ហើយ​ជន​បង្ក​ក៏​បាន​យក​មេក្រូ​មក​ច្រៀង​ដូច​បទ​មុនៗ​ជា​ធម្មតា​។

តាម​ប្រភពដដែលបានបន្ត​ទៀត​ថា ខណៈ​ពេល​​ជន​បង្ក​ច្រៀង​បាន​តែ​ពាក់កណ្ដាល​នៃ​បទ​ចម្រៀង ​ហាក់ដូចជា​ខឹង​នឹង​អ្វី​​រឿងអ្វីមួយ​ ស្រាប់តែ​ឈប់​ច្រៀង​រួច​បោះ​មេក្រូ​អោយទៅ​អ្នក​រត់​តុ​ ហើយ​បាន​ទាញ​ចាន​និង​កែវ​បោក​ទៅ​នឹង​ឥដ្ឋ​បែក​ខូចខាត​អស់​មួយ​ចំនួន ព្រមទាំង​បណ្ដាល​ឲ្យ​ខ្ទាត​អំបែង​ត្រូវ​ភ្ញៀវ​ដែល​អង្គុយ​នៅ​តុ​ផ្សេង​រង​របួសស្រាល​។ ​បន្ទាប់​មក​​​ជន​បង្កម្នាក់​​នោះ​ក៏​ចាប់ផ្តើម​ស្រែក​ឡូឡា ខឹងសម្បា​យ៉ាង​ខ្លាំង​ថា​ច្រៀង​មិន​ពិ​រោះ​សោះ​ ​ព្រមទាំង​​ចោទ​ថា​ ម្ចាស់​ហាង​បិទ​សំឡេង​អេកូ មិន​ចង់អោយ​គាត់​ច្រៀង​។

តាម​ប្រភពដដែលបានប​ន្តទៀត​ថា ភ្លាម​ៗ​នោះ​បង្ក​អោយ​​មានការ​ភ្ញាក់​ផ្អើល​ដល់​ភ្ញៀវ​ផ្សេង​ទៀត​ដែល​ចូល​មក​ផឹកស៊ី​ក្នុង​ហាង​ភ័យ​ខ្លាច​នាំ​គ្នារត់​​ចេញពី​ហាង​អស់ទាំង​មិន​ទាន់​បាន​គិតលុយ​ត្រឹមត្រូវ​​ផង រួម​ទាំង​គ្នីគ្នា​ដែល​មក​ជាមួយ​នឹង​ជន​បង្ក​ក៏​នាំ​គ្នា​គេច​ចេញ​ទៅ​អស់​ដែរ នៅ​​សល់​តែ​​ជន​បង្កម្នាក់​ប៉ុណ្ណោះ​​ដែល​កើត​ទុក្ខ​មិន​សុខចិត្ត ​។ បន្ទាប់មក​ម្ចាស់​ហាង​ក៏​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន​អោយ​ចុះ​មក​ធ្វើការ​អន្តរាគមន៍​តែ​ម្ដង​។

ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​មូលដ្ឋាន​ក៏​បាន​ចុះ​មក​ធ្វើការ​អន្តរាគមន៍ និង​បាន​នាំ​ជន​បង្ក​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ផ្សារ​ដើម​ថ្កូវ​ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​ជាមួយ​នឹង​ម្ចាស់​ហាង​ជា​បន្ត​ទៀត​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ