រាជធានីភ្នំពេញ ៖ រថយន្តក្រុងក្រុមហ៊ុនភ្នំពេញសូរិយាលេខរៀង 168 បានរងការខូចខាតមុខ និងបែកចង្កៀងម្ខាង ក្រោយពីបានបើកបរក្នុងល្បឿនលឿនគួរសមជ្រុលទៅបុកមេគោ១ក្បាល ក្នុងចំណោមគោ១ហ្វូង ដែលកំពុងដើរឆ្លងផ្លូវ បណ្តាលឲ្យមេគោ១ក្បាលនោះងាប់ភ្លាមៗនៅនឹងកន្លែងតែម្ដង ។
ឧប្បត្តិហេតុនេះបានកើតឡើង កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៣ ត្រង់ចំណុចក្បែរខ្លោងទ្វារវត្តអង្គត្រគៀត ស្ថិតនៅក្នុងភូមិអង្គត្រគៀត សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តក្រុងខាងលើម៉ាកគា ពណ៍ក្រហមលាយស ពាក់ស្លាកលេខ ភ្នំពេញ 3E-9601 គឺរថយន្តក្រុងរបស់ក្រុមក្រុមហ៊ុន ភ្នំពេញ សូរិយា ដឹកជញ្ជូនអ្នកដំណើរមានលេខរៀង168 ។
នៅមុនពេលកើតហេតុរថយន្តនេះដឹកអ្នកដំណើរបើកបរធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង លុះពេលទៅដល់ចំណុចកើតហេតុ ស្រាប់តែមានសត្វគោ១ហ្វូងជាង១០ក្បាល បានដើរឆ្លងផ្លូវពីកើតទៅលិច ។ ខណៈនោះដោយសារតែរថយន្តបើកក្នុងល្បឿនលឿនគួរសមដែរនោះ ទើបវាក់ហើយគេចចេញមិនទាន់ជាន់ហ្វ្រាំងក៏មិនទាន់ក៏ជ្រុលទៅបុកមេគោ១ក្បាលបណ្ដាលឲ្យងាប់ភ្លាមៗនៅនឹងកន្លែង ហើយរថយន្តបានរងការខូចខាតខ្ទេចមុខ និងបែកចង្កៀងម្ខាងផងដែរ ។
ប្រភពដដែលបានបន្តទៀតថា ក្រោយពេលកើតហេតុអ្នកបើកបររថយន្តបានចុះស្វែងរកម្ចាស់គោដែលចិញ្ចឹមហើយលែងឲ្យដើរប្រសេចប្រសាចបង្កគ្រោះថ្នាក់នៅតាមដងផ្លូវ ដើម្បីឲ្យមកទទួលខុសត្រូវលើការខូចខាតរថយន្តដែលខ្លួនបើកដែរ ប៉ុន្តែរកមិនឃើញឡើយ ។
បន្ទាប់មកកម្លាំងនគរបាលចរាចរណ៍ខណ្ឌកំបូលបានចុះទៅពិនត្យជាក់ស្ដែង និងនាំយកខ្មោចមេគោទៅរក្សាទុករង់ចាំការស្វែងរកម្ចាស់ឲ្យចូលខ្លួនដោះស្រាយជាមួយតំណាងក្រុមហ៊ុនរថយន្តក្រុងដែលរងការខូចខាត ៕
ចែករំលែកព័តមាននេះ