ខេត្តកំពង់ស្ពឺ ៖ សពបុរសម្នាក់ត្រូវបានគេប្រទះឃើញច្រកថង់ខ្មៅដាក់ក្នុងវ៉ាលីសពណ៌ខ្មៅ រួចដឹកយកមកទម្លាក់ចោលបង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះទៅធ្វើការត្រួតពិនិត្យ បន្ទាប់ពីត្រូវជនមិនស្គាល់មុខបានដឹកយកសពទៅទម្លាក់ចោលនៅជិតយាយម៉ៅពេជ្រនិល។ ក្រោយពីចុះទៅពិនិត្យសមត្ថកិច្ចក៏បានដឹកសពជនរងគ្រោះយកទៅរក្សាទុកនៅវត្តស្ទឹងមានជ័យ ដើម្បីរង់ចាំស្រាវជ្រាវធ្វើការស៊ើបអង្កេតបន្តតាមនីតិវិធី ព្រោះជនរងគ្រោះអាចជាជនបរទេស។
ការប្រទះឃើញសពជនរងគ្រោះខាងលើដែលត្រូវជនសង្ស័យមិនស្គាល់អត្តសញ្ញាណដឹកយកទៅទម្លាក់ចោលនៅជិតយាយម៉ៅពេជ្រនិលនេះ បានកើតឡើងកាលពីរសៀលថ្ងៃទី23 ខែកញ្ញា ឆ្នាំ2020 តាមបណ្ដោយផ្លូវជាតិលេខ4 គីឡូម៉ែត្រលេខ 104 .105 ស្ថិតក្នុងភូមិទី6 ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
បើតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីទទួលសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថា មានរថយន្តមិនស្គាល់ម៉ាកមួយគ្រឿងបានដឹកជនរងគ្រោះទៅទម្លាក់ចោលនៅចំណុចកើតហេតុខាងលើភ្លាម កម្លាំងសមត្ថកិច្ចក៏បានចុះទៅធ្វើការស្រាវជ្រាវស៊ើបអង្កេត និងពិនិត្យកន្លែងកើតហេតុ ក៏បានប្រទះឃើញសពបុរសម្នាក់ត្រូវគេសម្លាប់ រួចច្រកក្នុងថង់ខ្មៅ ដាក់ក្នុងវ៉ាលីសពណ៌ខ្មៅមួយ ហើយដឹកយកមកទម្លាក់ចោលនៅទីនេះ ក្នុងនោះសមត្ថកិច្ចក៏បានឃើញមានពណ៌ខ្មៅមួយនៅកន្លែងកើតហេតុ ដែលមានប្រឡាក់ទៅដោយឈាមយ៉ាងជោកជាំផងដែរ។
យោងតាមប្រភពពីមន្ត្រីនគរបាលបច្ចេកទេសខេត្ត បានបញ្ជាក់ប្រាប់ថា ជនរងគ្រោះអាចមិនមែនជាជនជាតិខ្មែរនោះទេ ទំនងជាជនជាតិចិន ហើយត្រូវបានសម្លាប់ពីទីកន្លែងផ្សេង រួចដឹកយកមកទម្លាក់ចោលនៅចំណុចកើតហេតុខាងលើ។
ក្រោយពីចុះធ្វើការត្រួតពិនិត្យចប់សព្វគ្រប់ សមត្ថកិច្ចក៏បានទំនាក់ទំនងហៅរថយន្តដឹកសពមកយកទៅរក្សាទុកនៅវត្តស្ទឹងមានជ័យ និងបានប្រគល់ភារៈកិច្ចបន្តទៅខាងនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីធ្វើការស្រាវជ្រាវរកមូលហេតុនៃការបាត់បង់ជីវិតរបស់ជនរងគ្រោះ។
ទាក់ទិនទៅនឹងករណីខាងលើនេះផងដែរ មានការលើកឡើងផ្សេងៗគ្នាថា ជនរងគ្រោះអាចទំនងជាត្រូវបានក្រុមជនជាតិចិនដូចគ្នាធ្វើការចាប់ជំរិត រួចសម្លាប់ចោលដើម្បីបំបិទមាត់តែម្ដង ។ ដោយឡែកអ្នកខ្លះទៀតលើកឡើងថា ទំនងជាជនរងគ្រោះមានបញ្ហារឿងភាគហ៊ុនរកស៊ីណាមួយជាមួយដៃគូ ទើបត្រូវសម្លាប់បំបិទមាត់ចោលបែបនេះ។
បើតាមមន្ត្រីជាន់ខ្ពស់នៃស្នងការដ្ឋាននគរបាលខេត្តបានបញ្ជាក់ថា សមត្ថកិច្ចទើបតែនឹងបញ្ចប់ការត្រួតពិនិត្យនាវេលាម៉ោង១០យប់ថ្ងៃដដែល ដោយសមត្ថកិច្ចបានបញ្ជាក់ថា ទោះជាយ៉ាងណាក្តី ក៏សមត្ថកិច្ចនឹងខំប្រឹងប្រែងធ្វើការស្រាវជ្រាវ ដើម្បីឈានទៅមុខជនដៃដល់ជាឃាតករយកមកផ្តន្ទាទោសទោសឲ្យខានតែបាន។ ហើយរឿងរ៉ាវខាងលើនេះនឹងត្រូវលាតត្រដាង បន្ទាប់ពីសមត្ថកិច្ចធ្វើការស្រាវជ្រាវវែកមុខជនដៃដល់បាននៅពេលណាមួយ៕
ចែករំលែកព័តមាននេះ