រាជធានីភ្នំពេញ ៖ សាកសពទារក អាយុប្រហែលជា៧ខែម្នាក់ដែលសង្ស័យថា ប្រហែលជាត្រូវបាត់បង់ជីវិតដោយសារតែរលូត ឬក៏ត្រូវបានម្តាយយកចេញនោះ ត្រូវបានស្ត្រីអ្នកអនាម័យម្នាក់ត្រទះឃើញគេខ្ចប់កូននឹងកន្សែងរួចដាក់ក្នុងប្រអប់មួយ និងខ្ចប់ថង់ខ្មៅយកមកបោះចោលនៅក្នុងធុងសំរាម ខណៈដែលរូបគាត់មករើសយកសំរាមក៏ប្រទះឃើញតែម្តង។
មុនពេលដែលស្ត្រីជាអ្នកអនាម័យរូបនោះប្រទះឃើញ ក៏មានគេឃើញមានស្ត្រីម្នាក់បានយួរថង់ខ្មៅមួយមកបោះចោលក្នុងធុងសំរាមក្បែរនាឡិកាវត្តភ្នំ រួចក៏ត្រឡប់ទៅវិញបាត់ម្តង ក្រោយក៏ត្រូវគេប្រទះឃើញបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចធុងសំរាមមួយក្បែរនាឡិកាវត្តភ្នំ ក្នុងរមណីយដ្ឋានវត្តភ្នំ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។
តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា មុនកើតហេតុ កាលពីម៉ោង៥ទៀបភ្លឺ ព្រឹកថ្ងៃទី២៣ ខែ កញ្ញា គេបានឃើញស្ត្រីម្នាក់បានយកសំរាមមួយថង់ខ្មៅមកបោះចោលក្នុងធុងសំរាមមួយក្បែរនាឡិកាវត្តភ្នំខាងលើ រួចហើយក៏ត្រឡប់ទៅវិញបាត់តែម្តង ដោយមិនមានអ្នកណាម្នាក់ចាប់អារម្មណ៍ឡើយ។
សមត្ថកិច្ចបន្តថា លុះដល់ម៉ោងប្រមាណជា៧និង៣០នាទីព្រឹកថ្ងៃដដែល ស្ត្រីជាអ្នកអនាម័យបានមកធ្វើការរើសសំរាមយកចេញពីក្នុងធុង ដើម្បីយកទៅបោះចោល ក៏ស្រាប់តែប្រទះឃើញថង់សំរាមពណ៌ខ្មៅធំមួយនៅក្នុងធុងសំរាម រួមជាមួយនឹងសំរាមជាច្រើនផងដែរ។
តាមប្រភពដដែលបន្តទៀតថា ដោយសារតែថង់សំរាមខ្មៅមួយនោះវារាងធ្ងន់ និងត្រូវបានគេវេចខ្ចប់ខុសពីថង់សំរាមផ្សេងៗនោះ ព្រោះតែមិនអស់ចិត្តរូបគាត់ក៏យកមកស្រាយលាមើល ក៏ឃើញមានប្រអប់ក្រដាស់មួយ រួចបើកមើលទៀត ក៏ស្រាប់តែប្រទះឃើញមាន សាកសពទារកម្នាក់ដែលគេរុំកូនកន្សែងនៅខាងក្នុងនោះទៀត ទើបបង្កការភ្ញាក់ផ្អើលទៅដល់កម្លាំងសន្តិសុខយាមនៅទីនោះ និងរាយការណ៍ទៅប្រាប់កម្លាំងមានសមត្ថកិច្ចមូលដ្ឋានតែម្តង។
បើយោងតាមប្រភពខាងក្រៅបញ្ជាក់ថា សាកសពទារកខាងលើនេះ មានអាយុប្រហែលជា ៧ខែ និងទំនងជាបាត់បង់ជីវិត ដោយសារតែវារលូត ឬក៏ត្រូវបានម្តាយយកចេញ ទើបបណ្តាលឱ្យបាត់បង់ជីវិតបែបនេះនោះ។
ក្រោយពីមានការភ្ញាក់ផ្អើលរឿងមានសាកសពរបស់ទារកម្នាក់ត្រូវបានគេរុំកូនកន្សែងដាក់ក្នុងប្រអប់ក្រដាស់ រួចចងថង់ខ្មៅយកមកបោះចោលក្នុងធុងសំរាមក្បែរនាឡិកាវត្តភ្នំខាងលើរួចហើយ កម្លាំងមានសមត្ថកិច្ចខណ្ឌដូនពេញ សហកាជាមួយនឹងកម្លាំងអង្គការ CPU ក៏បានចុះមកដល់ធ្វើការត្រួតពិនិត្យកន្លែងកើតហេតុ និងយកសាកសពទារកនោះទៅធ្វើកោសល្យវិច្ច័យ ដើម្បីរកមូលហេតុ និងបូជាផងដែរ។
ចែករំលែកព័តមាននេះ