ជនសង្ស័យ​២​នាក់ រត់​ចេញពី​បន្ទប់​ឃុំឃាំង ជិត១សប្តាហ៍ ប៉ូលិស​ខណ្ឌដូនពេញ តាម​ចាប់​បាន​មក​វិញ


រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់ ដែល​បាន​រត់គេច​ខ្លួន បាន​៥​ថ្ងៃ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​តាម​ចាប់ខ្លួន បាន​មក​វិញ​ហើយ ដើម្បី​បន្ត​អនុវត្ត​តាម​នីតិវិធី​ច្បាប់ នេះ​បើ​យោង​តាម​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ករណី​លួច​ម៉ូតូ ទាំង​២​នាក់ បាន​លួច​អារ​ចម្រឹង​បង្អួច​បន្ទប់​ឃុំឃាំង រត់គេច​ខ្លួន កាលពី​យប់​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០២០ ។ បន្ទាប់​មក កម្លាំង​សមត្ថកិច្ច នៃ​អធិការ​នគរបាល​ខណ្ឌដូនពេញ តាម​រក​ចាប់ខ្លួន​បាន​ម្នាក់​មក​វិញ នៅ​ថ្ងៃ​ទី​២១ និង​ម្នាក់​ទៀត ចាប់​បាន​នៅ​ថ្ងៃ​ទី​២៣ កញ្ញា ២០២០​នេះ ។

សមត្ថកិច្ច នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ នឹង​បញ្ជូន​ជន​ទាំង​២​នេះ ទៅ​តុលាការ ដើម្បី​អនុវត្ត​បន្ត​តាម​នីតិវិធី​ច្បាប់ ។

សូមជម្រាបដែរថា ជនសង្ស័យ​ទី​១ មានឈ្មោះ សេង វុ​ទ្ធី ហៅធី អាយុ៣៦ឆ្នាំ និង​ទី​២ មានឈ្មោះ ផុន ម៉ៅ ហៅយ៉ា អាយុ២៩ឆ្នាំ ត្រូវ​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​ពួក​គេ​ទាំង​២ បន្ទាប់ពី​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​របស់​ពលរដ្ឋ ម៉ាក​ឌ្រី​ម​សង់​ស៊េរី ២០២០ ពាក់​ស្លាក​លេខ​ភ្នំពេញ 1IB-9753 កាលពី​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០២០ នេះ​ចំណុច​ផ្ទះ​លេខ ២២ អា​ភូមិ​៧ សង្កាត់​ស្រះ​ចក​ ខណ្ឌដូនពេញ ។

ជនសង្ស័យ​ទាំង​២ ត្រូវ​ឃុំខ្លួន​បណ្ដោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ មិនដឹង​បាន​រណារ ពី​ណា បាន​លួច​ចម្រឹង​បង្អួច​បន្ទប់​ឃុំឃាំង រត់​ចេញ​បាត់​មិនដឹង​ទៅ​ណា នៅ​សល់​តែ​វត្ថុ​តាង ។ ទើប​កម្លាំង​សមត្ថកិច្ច នៃ​អធិការ​នគរបាល​ខណ្ឌដូនពេញ តាម​ចាប់ខ្លួន​បាន​មក​វិញ​ជា​បន្តបន្ទាប់​ទាំង​២​នាក់ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ