ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ចំណាកស្រុក​មក​រកស៊ី​លក់​បង្អែម​ចល័ត​នៅ​ភ្នំពេញកំពុង​ហូរ​ទឹកភ្នែកបណ្តើរៗ​ដោយសារ​កូ​វី​ដ ១៩

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ «​ដោយសារ​តែ​កូ​វី​ដ​១៩ មីង​លក់​សល់​ស្ទើរ​រាល់ថ្ងៃ ជួនកាល​យក​ចែក​គេ​ក៏​មាន​ដែរ សឹងតែ​ដាច់ខ្យល់​ហើយ​ក្មួយ​អើយ​» ។ នេះ​ជា​ការ​លើក​ឡើង​របស់​ស្ត្រី​វ័យ​កណ្តាល​មួយ​រូប ដែល​មាន​អាយុ​៤៨ ឆ្នាំ…

រាជធានី​ភ្នំពេញ ៖ «​ដោយសារ​តែ​កូ​វី​ដ​១៩ មីង​លក់​សល់​ស្ទើរ​រាល់ថ្ងៃ ជួនកាល​យក​ចែក​គេ​ក៏​មាន​ដែរ សឹងតែ​ដាច់ខ្យល់​ហើយ​ក្មួយ​អើយ​» ។ នេះ​ជា​ការ​លើក​ឡើង​របស់​ស្ត្រី​វ័យ​កណ្តាល​មួយ​រូប ដែល​មាន​អាយុ​៤៨ ឆ្នាំ ជា​អ្នកលក់​បង្អែម​ចល័ត មាន​ដូច​ជា ពោត​ចំហុយ ពោត​កំបោរ នំ​ស៊យ និង​តា​ប៉ែ​ខ្មៅ​ជាដើម ។

អ្នកស្រី នេ​ត សា​វង្ស ពាក់អាវ​ផ្កា​ដៃ​វែង និង​ពាក់មួក​គ្រប​មុខ ការពារ​ពី​កំ​ដៅ​ថ្ងៃ ដែល​ដៃ​ម្ខាង​កំពុង​ដូ​ស​សរសៃ​ដូង​ដាក់​លើ​តា​ប៉ែ​ដំណើ​ម​ខ្មៅ​ឲ្យ​ភ្ញៀវ បាន​រៀបរាប់​ទាំង​ទឹកមុខ​ស្រពោន​ថា មុខរបរ​លក់​បង្អែម​ចល័ត​នេះ​មានការ​ជួប​បញ្ហា​លំបាក​ខ្លះ​ដែរ គឺ​គាត់​ត្រូវ​ធាក់​កង់​ទៅ​លក់​នៅ​កន្លែង​ឆ្ងាយ​ៗ​ហាល​ក្តៅ ហាលភ្លៀង ហើយ​ចំណេញ​បាន​តិចតួច ។

អ្នកស្រី នេ​ត សា​វង្ស ដែល​មាន​សំបុរ​ស្រអែម និង​មាន​កម្ពស់​ប្រមាណ ១.៦០ ម៉ែត្រ បាន​និយាយ​បណ្តើរ​និង​ដួស​បង្អែម​ពោត​កំបោរ​ដាក់​ក្នុង​ថង់​បណ្តើរ​ឲ្យ​ភ្ញៀវ​ថា «​អ្វី​ដែល​កាន់តែ​វេទនា​នោះ គឺ​តាំងពី​មាន​ជំងឺ​កូ​វី​ដ ១៩ នេះ​មក គឺ​លក់​លែង​ដាច់​តែ​ម្តង អ៊ីចឹង​ថ្ងៃ​ខ្លះ​ក្មួយ​អើយ សល់​នំ លក់​មិន​អស់នោះ​ទេ ហើយ​បង្អែម​ដែល​មីង​លក់ គឺ​មិន​អាច​ទុក​បាន ដូច្នេះ​មីង​ក៏​ចែក​អ្នក​ជិតខាង​រស់នៅ​ក្បែរ​ផ្ទះ​ជួល​គ្រាន់​ហូប​» ។

អ្នកស្រី នេ​ត សា​វង្ស ដែល​មាន​តែ​កង់​កញ្ចាស់​មួយ​គ្រាន់​ដាក់​បង្អែម​លក់ បាន​ប្រាប់​អ្នក​សារព័ត៌មាន​កោះសន្តិភាព​ឲ្យ​ដឹង​ថា គាត់​មានស្រុក​កំណើត​នៅ ខេត្តស្វាយរៀង ហើយ​គាត់​បាន​ប្រកប​មុខរបរ​លក់​បង្អែម​ចល័ត​នេះ អស់​រយៈពេល​១៤​ឆ្នាំ​មក​ហើយ​នៅ​ភ្នំពេញ ។ ដំបូង​ឡើយ​គាត់​រៀន​ចេះ​ធ្វើ​បង្អែម​ដូច​ជា តា​ប៉ែ ពោត​កំបោរ ពោត​ចំហុយ និង​នំ​ស៊យ ពី​បងប្អូន​ខាង​ប្តី​នៅ​ឯ​ស្រុក​កំណើត បន្ទាប់​មក​គាត់​ក៏​បាន​ឡើង​មក​រាជធានី​ភ្នំពេញ​ជួល​បន្ទប់​គេ​ស្នាក់​នៅ រួច​ប្រកប​មុខរបរ​មួយ​នេះ ដោយ​ប្រើ​ដើមទុន​ចំនួន​៧​ម៉ឺន​រៀល បន្ទាប់​ពី​ទូទាត់​ថ្លៃ​គ្រឿងផ្សំ​រួច​ក្នុង​មួយ​ថ្ងៃ​គាត់​ចំណេញ​បាន​៣​ម៉ឺន​រៀល​តែ​ប៉ុណ្ណោះ ។

អ្នកស្រី​បាន​បន្ត​ថា គាត់​ត្រូវ​ក្រោក​រៀង​រាល់​ម៉ោង​៤​ទៀប​ភ្លឺ ដើម្បី​រៀបចំ​ធ្វើ​បង្អែម​ដូច​ជា តា​ប៉ែ ពោត​កំបោរ ពោត​ចំហុយ និង​នំ​ស៊យ រហូត​ដល់​ម៉ោង​១០​ព្រឹក​ទើប​រួចរាល់ និង​ដឹក​ដោយ​កង់​មួយ​គ្រឿង​ចេញដំណើរ​ទៅ​លក់ ព្រមទាំង​មាន​ចាក់​មីក្រូ​ពពា​យល​ក់តាម​ផ្លូវ​ផង​ដែរ ។ អ្នកស្រី​បាន​បន្ត​ថា តា​ប៉ែ ពោត​កំបោរ ពោត​ចំហុយ និង​នំ​ស៊យ ក្នុង​មួយ​កញ្ចប់​លក់​តម្លៃ​១​ពាន់​រៀល ហើយ​ក្នុង​មួយ​ថ្ងៃ ក្នុង​មួយ​មុខ​ៗ​លក់​បាន​ជិត​២០​កញ្ចប់ ។

ស្ត្រី​ដដែល​បាន​បន្ត​ថា ការ​ប្រកប​មុខរបរ​លក់​បង្អែម​ចល័ត​នេះ​មានការ​ជួប​បញ្ហា​លំបាក​ខ្លះ​ដែរ គឺ​គាត់​ត្រូវ​ធាក់​កង់​ទៅ​លក់​នៅ​កន្លែង​ឆ្ងាយ​ៗ ហើយ​ពេល​ទៅ​ដល់​កន្លែង​ខ្លះ មាន​បងប្អូន​ប្រជាពលរដ្ឋ​ហូប​អាហារ​ពេល​ព្រឹក​រួច គេ​មិនសូវ​ទិញ​បង្អែម​របស់​គាត់​នោះ​ទេ លុះ​ពេល​គាត់​ទៅ​លក់​នៅ​កន្លែង​ខ្លះ​ទៀត​មាន​គេ​លក់​នំចំណី​ជា​ច្រើន​មុខ ធ្វើ​ឱ្យ​គាត់​លក់​មិនសូវ​ដាច់​ផង​ដែរ ម្យ៉ាងទៀត​ដោយសារ​ផ្ទុះ​ជំងឺ​កូ​វី​ដ​១៩ ធ្វើ​ឱ្យ​គាត់​លក់​មិន​ដាច់ ហើយ​នៅ​សល់​ស្ទើរ​រាល់ថ្ងៃ ។

ទោះបីជា​មុខរបរ​លក់​បង្អែម​នេះ​ចំណាយ​ដើម​ច្រើន តែ​ចំណេញ​តិច និង​ជួប​ការ​លំបាក​ក៏​ពិតមែន ប៉ុន្តែ​អ្នកស្រី​នៅ​តែ​បន្ត​ប្រកប​មុខរបរ​នេះ​ដើម្បី​ដោះស្រាយ​ជីវភាព​ក្នុង​គ្រួសារ ។ អ្នកស្រី​បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​សុំ​ជួយ​ទិញ​បង្អែម​គាត់​ផង ដើម្បី​បាន​ប្រាក់​កម្រៃ​ខ្លះ​គ្រាន់​ដោះស្រាយ​ជីវភាព​ក្នុង​គ្រួសារ ៕