រាជធានីភ្នំពេញ ៖ ការបែងចែកប្រាក់ចំណូលនិងទ្រព្យសម្បត្តិ សម្រាប់មនុស្សរស់នៅក្នុងសង្គមនាពេលបច្ចុប្បន្នមានការកំណត់ផ្សេងគ្នា ហើយលទ្ធផលក៏មានភាពខុសគ្នាដែរ តាមរយៈធនធាន និងចំណេះដឹង ។ តួយ៉ាងអ្នកជំនាញខាងហិរញ្ញវត្ថុមួយរូបបានបង្ហាញពីវិធី ឬរូបមន្តនៃការបែងចែកប្រាក់ចំណូល និងទ្រព្យសម្បត្តិ (៤០/៦០ និង ៦០/៤០) ដើម្បីឱ្យគ្រួសារឆាប់មានជីវភាពធូរធា ។
លោក ង៉ែតជូ ជំនាញខាងហិរញ្ញវត្ថុបានបង្ហាញការយល់ឃើញ ឬបទពិសោធន៍របស់ខ្លួនថា តាមការយល់ឃើញ និងបទពិសោធន៍ផ្ទាល់ខ្លួនខ្ញុំយល់ថា ខាងក្រោមនេះជាការចាត់ចែងចំណូល និងទ្រព្យសម្បត្តិដែលមានប្រសិទ្ធិភាព ។ ១-គោលការណ៍ចំណូល ៤០/៦០ ៖ សំរាប់អ្នកធ្វើការ ចំណូលប្រចាំខែត្រូវចាត់ទុកជាគ្រាប់ពូជ និងគ្រាប់បាយ យ៉ាងតិច៤០% នៃចំណូលប្រចាំខែសំរាប់គ្រួសារទាំងមូល គួរចាត់ចែងជាគ្រាប់ពូជ ដើម្បីបង្កើតប្រាក់ ឬទ្រព្យបន្ថែមដូចជា ការសន្សំ ឬសងកម្ចីធនាគារ ដើម្បីយកទៅវិនិយោគលើអាជីវកម្មនានា អចលនទ្រព្យ ឬផ្សារហ៊ុន ដែលមានផលចំណេញយ៉ាងតិច១៥%ក្នុង១ឆ្នាំ ហើយច្រើនបំផុត៦០%នៃចំណូលប្រចាំខែអាចចាត់ទុកជាគ្រាប់បាយ សំរាប់ការចំណាយចាំបាច់ក្នុងគ្រួសារ ដូចជាចំណាយលើម្ហូបអាហារ សម្លៀកបំពាក់ ការធ្វើដំណើរ ការចំណាយលើសុខភាព ការអប់រំរបស់កូនៗ និងសងកម្ចីបង់រំលស់ផ្ទះជាដើម ។ ប៉ុន្តែមិនគួរមានចំណាយលើការបង់រំលស់សម្ភារដូចជា រថយន្ត ឬគ្រឿងអេឡិកត្រូនិកនោះទេ ។
លោកគូសបញ្ជាក់ថា « ឧទាហរណ៍ បើគ្រួសាររបស់អ្នកមានចំណូល១.៥០០ដុល្លាអាមេរិក អ្នកគួរចាត់ចែងប្រាក់យ៉ាងតិច៦០០ដុល្លាអាមេរិកសំរាប់ជាគ្រាប់ពូជយកទៅបង្កើនទ្រព្យឬចំណូល។ រីឯប្រាក់នៅសល់៩០០ដុល្លាអាមេរិកទៀតអាចចាត់ចែងជាចំណាយចាំបាច់ (ឬហៅថាជាគ្រាប់បាយ) សម្រាប់គ្រួសារ» ។ ២- គោលការណ៍ទ្រព្យសម្បត្តិ ៦០/៤០៖ក្រៅពីការខិតខំធ្វើការរកចំណូល និងការចាត់ចែងចំណូលឱ្យមានប្រសិទ្ធិភាព គ្រួសារនីមួយៗគួរមានគោលការណ៍ល្អក្នុងការចាត់ចែងទ្រព្យសម្បត្តិផង។ គោលការណ៍ល្អនោះគឺគួរចាត់ចែងអោយមានទ្រព្យសម្បត្តិដែលនាំមកនូវភាពរីកចំរើន (ផលចំណេញតាមរយៈការកើនតម្លៃយ៉ាងតិច១៥%ក្នុង១ឆ្នាំ) យ៉ាងតិច៦០%នៃចំនួនទ្រព្យសម្បត្តិសរុបរបស់គ្រួសារ។
រីឯទ្រព្យសម្បត្តិដទៃទៀតដែលមិនមានការកើនតម្លៃ ដូចជាគ្រឿងអលង្កា ផ្ទះ រថយន្ត និងសម្ភារដទៃទៀតគួរមានតម្លៃសរុបច្រើនបំផុតត្រឹម៤០%នៃទ្រព្យសរុបរបស់គ្រួសារបានហើយ ។
តាមអ្នកជំនាញខាងផ្នែកហិរញ្ញវត្ថុរូបនេះ« បើគ្រួសារមួយមានទ្រព្យសម្បត្តិសរុប១៥ម៉ឺនដុល្លា គ្រួសារនោះគួរមានទ្រព្យសម្បត្តិដែលរីកចំរើនដូចជាអចលនទ្រព្យ និងភាគហ៊ុនអាជីវកម្មយ៉ាងតិច៩ម៉ឺនដុល្លា ហើយមានជាទ្រព្យសម្បត្តិដែលមិនកើនតម្លៃដូចជាផ្ទះ គ្រឿងអលង្កា និងរថយន្តត្រឹមតម្លៃសរុបមិនលើសពី៦ម៉ឺនដុល្លានោះទេ។ យ៉ាងណាផ្ទះដែលគ្រួសារខ្ញុំនៅ និងរថយន្តដែលគ្រួសារខ្ញុំប្រើមានតម្លៃសរុបមិនដល់៥%នៃទ្រព្យសម្បត្តិសរុបនោះទេ»៕
ចែករំលែកព័តមាននេះ