ជំនាញដែលត្រូវបានបង្រៀននៅសាលារៀនមិនតែងតែអាចយកមកប្រើនៅកន្លែងការងារបានទេ ឬពេលខ្លះទៀត ជំនាញទាំងនោះមានភាពទូលំទូលាយពេកដែលមិនស្របទៅនឹងតម្រូវការក្នុងទីផ្សារជឫដើម។ លើសពីនេះទៅទៀត ទីផ្សារការងារកំពុងតែផ្លាស់ប្តូរផងដែរ ដូច្នេះប្រព័ន្ធអប់រំមិនតែងតែអាចតាមទាន់នឹងការផ្លាស់ប្តូរទាំងនេះឡើយ។
ខាងក្រោមគឺជាមេរៀនសំខាន់ៗទាក់ទងទៅនឹងទីផ្សារការងារដែលសាលារៀនរបស់អ្នកប្រហែលជាមិនបានបង្រៀនអ្នក៖
១. ផលប៉ះពាល់ពីកូវីដ ១៩
ទោះជាសិស្សានុសិស្សអាចមើលឃើញផលប៉ះពាល់ដែលកូវីដ ១៩ ទៅលើការរស់នៅប្រចាំថ្ងៃ ឬលើការសិក្សាររបស់ពួកគេមែនក្តី មានចំណុចសំខាន់ៗមួយចំនួនទៀតដែលពួកគេត្រូវដឹងខណៈដែលកំពុងត្រៀមខ្លួនសម្រាប់ទីផ្សារការងារនៅថ្ងៃអនាគត។
ការងារជាច្រើនដែលត្រូវបានគិតថាមិនមានភាពចាំបាច់ ដូចជាការដឹកជញ្ជូនអាហារ បច្ចុប្បន្នកាន់តែមានតម្លៃឡើងទៅព្រោះតែកូវីដ ១៩។ ដូច្នេះក្នុងនាមជាសិស្ស ឬនិស្សិត វាពិតជាចាំបាច់ណាស់ក្នុងការពិនិត្យ និងតាមដានមើលតម្រូវការក្នុងទីផ្សារសាជាថ្មីដើម្បីត្រៀមខ្លួនទុក។
២. ការផ្លាស់ប្តូរផ្នែកឌីជីថល
ការងារកាន់តែច្រើនអាចនឹងត្រូវបានជំនួសដោយកុំព្យូទ័រ និងប្រព័ន្ធឌីជីថលផ្សេងៗ ដូចជាហាងលក់សម្លៀកបំពាក់កាត់បន្ថយបុគ្គលិកក្នុងហាងព្រោះពួកគេលក់ផលិតផលឲ្យអតិថិជនតាមប្រព័ន្ធសង្គមបានច្រើនជាងជាដើម។ ក្នុងពេលនេះដែរ សិស្ស និងនិស្សិតមិនត្រូវរងចាំរហូតដល់ការងារដែលខ្លួនត្រៀមខ្លួនសម្រាប់បាត់បង់ឡើយ តែត្រូវរៀននូវជំនាញដែលមិនអាចត្រូវបានជំនួសបានដោយងាយពីបច្ចេកវិទ្យា។
៣. ភាពជាអ្នកដឹកនាំ
ជាក់ស្តែង យុវជនដែលអង្គុយរៀននៅថ្ងៃនេះជាអ្នកដឹកនាំនៅថ្ងៃមុខ។ មានន័យថាការអភិវឌ្ឍន៍និងរីកចម្រើននៅថ្ងៃអនាគតពឹងផ្អែកខ្លាំងលើយុវជន។ ដើម្បីបណ្តុះបណ្តាលបានអ្នកដឹកនាំដែលជោគជ័យ សិស្ស និងនិស្សិតត្រូវតែចេះឆ្លៀតឱកាសក្នុងការរៀនសូត្របន្ថែមពីការដឹកនាំក្រុម និងការគ្រប់គ្រងគម្រោងផ្សេងៗ។
សិស្ស និងនិស្សិតមិនត្រូវចាំរំពឹងប្រព័ន្ធអប់រំក្នុងការត្រៀមខ្លួនសម្រាប់ទីផ្សារការងារនៅថ្ងៃអនាគតទេ។ ផ្ទុយមកវិញ សិស្ស និងនិស្សិតមានឱកាសអភិវឌ្ឍន៍ខ្លួនជាច្រើនដែលពួកគេអាចចាប់យក និងរៀនសូត្រដោយខ្លួនឯងបាន ៕
ចែករំលែកព័តមាននេះ