រាជធានីភ្នំពេញ ៖ បុរសជាជនជាតិអូស្ត្រាលីមានវ័យជាង40ឆ្នាំម្នាក់ ជិះម៉ូតូ Zoomer-X មួយគ្រឿង បានដឹកយកនារីរកស៊ីផ្លូវភេទទៅរួមមេត្រីនៅផ្ទះសំណាក់រួចហើយក៏ត្រឡប់មកវិញ ក៏ស្រាប់តែត្រូវជនសង្ស័យដែលសង្ស័យថា ជាប្រុសស្នេហ៍របស់នាងបានវាយប្លន់យកម៉ូតូបានសម្រេច ហើយរត់គេចខ្លួនបាត់ស្រមោលតែម្តង បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង10យប់ ថ្ងៃទី22 ខែកញ្ញា ឆ្នាំ2020 តាមបណ្តោយផ្លូវ86 នៅចំណុចបឹងកក់វិហារចាម ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
តាមប្រភពពីសមត្ថកិច្ចប៉ុស្តិ៍ស្រះចក បានឱ្យដឹងថា មុនពេលកើតហេតុ គឺជនរងគ្រោះមិនស្គាល់អត្តសញ្ញាណនោះទេ មានវ័យជាង40ឆ្នាំ ជាជនជាតិអូស្ត្រាលី បានជិះម៉ូតូមួយគ្រឿងម៉ាក Zoomer-X ពណ៌ក្រហមលាយ.ស ក្នុងគោលបំណងទៅយកស្រីរកស៊ីផ្លូវភេទនៅវត្តភ្នំ ដើម្បីទៅរួមមេត្រីជាមួយគ្នា។
សមត្ថកិច្ចបន្តថា ពេលរកនារីរកស៊ីបានហើយក៏ធ្វើដំណើរតាមបណ្តោយផ្លូវ86 ក្នុងទិសដៅពីកើតទៅលិច លុះពេលមកដល់ផ្ទះសំណាក់នៅបឹងកក់ ជនរងគ្រោះក៏បានចូលទៅរួមមេត្រីជាមួយនឹងស្រីរកស៊ីផ្លូវភេទរួចរាល់ហើយ ក៏បានជិះម៉ូតូចេញទៅវិញ ក៏ស្រាប់តែមានជនសង្ស័យម្នាក់មិនស្គាល់អត្តសញ្ញាណនោះទេ ដែលត្រូវបានគេសង្ស័យថា អាចជាសង្សាររបស់នារីរកស៊ីផ្លូវភេទរូបនោះ ដោយជនសង្ស័យរូបនោះបានឈរនៅមុខផ្ទះសំណាក់ រួចហើយក៏ធ្វើការវាយប្លន់យកម៉ូតូរបស់ជនរងគ្រោះបានសម្រេច ហើយក៏ជិះគេចខ្លួនបាត់ស្រមោលតែម្តង ។
សមត្ថកិច្ចបន្តទៀតថា ភ្លាមៗនោះផងដែរ ជនរងគ្រោះក៏បានរត់ទៅប្តឹងសមត្ថកិច្ចប៉ុស្តិ៍ស្រះចក ដើម្បីឱ្យជួយអន្តរាគមន៍ លុះពេលកម្លាំងសមត្ថកិច្ចបានចុះមកដល់ផ្ទះសំណាក់ និងធ្វើការឆែករកមើលកាមេរ៉ាសុវត្ថិភាពរួច ហើយក៏ឃើញជនសង្ស័យបានប្រព្រឹត្តបទល្មើស និងធ្វើសកម្មភាពវាយប្លន់ពិតមែន ទៅលើជនរងគ្រោះ ។
ក្រោយពេលកើតហេតុខាងលើនេះ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលស្រះចក ដើម្បីឱ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវតាមចាប់ជនសង្ស័យមកផ្តន្ទាទោសទៅផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ